Monday, September 23, 2013

ស្នេហ៍​ស្មោះ​​ ​ក្នុង​​វ័យ​សិក្សា​​​ ឬ​ពេល​មាន​ការងារ​ធ្វើ?

ការ​មាន​សង្សារ​របស់​យុវវ័យ​​មួយ​ចំនួន​​​គឺ​បាន​ចាប់ផ្ដើម​តាំងពី​វ័យ​ សិក្សា​មក​ម្ល៉េះ​​ តែ​ក៏​មាន​យុវវ័យ​ខ្លះ​រង់ចាំ​ដល់​ខ្លួន​មាន​ការងារ​ធ្វើ​ និង​មាន​ស្ថានភាព​រស់នៅ​គួរ​សម​ទើប​សម្រេចចិត្ត​​មាន​ស្នេហា​។
តើ​មានស្នេហ៍ ​ក្នុង​វ័យ​សិក្សា​ និង​ពេល​​មាន​ការងារ​ធ្វើ​ មួយ​ណាស្មោះជាង​​​​?
“ស្នេហា​​ ក្នុង​វ័យ​សិក្សា​មិន​មែន​​ជា​ស្នេហ៍​ស្មោះ​​ទេ​ តែ​ជា​ស្នេហ៍​គ្រាដំបូង​”។​ទាំង​នេះ​នេះ​គឺ​​ការ​លើក​ឡើង​របស់​កក្កដា​ និស្សិត​សាកលវិទ្យាល័យ​ ភូមិន្ទ​ភ្នំពេញ​។​កក្កដា​ និយាយ​ថា​ “កាល​រៀន​នៅ​វិទ្យាល័យ​​ខ្ញុំ​ក៏​ធ្លាប់​​ចាប់​ចិត្ត​​ស្រឡាញ់​នារី​ម្នាក់​ ដែរ​ ។ប៉ុន្តែ​អ្វី​ៗ​ត្រូវ​បាន​បញ្ចប់​ព្រោះ​​ម្ដាយ​នាង​បាន​បង្ខំ​ឲ្យ​យក​​ គ្រួសារ​ ដោយ​សារ​នាង​គឺ​ជា​កូន​ស្រី​ច្បង​​”។

កក្កដា​ បាន​បន្ថែម​ថា​ ចាប់​តាំង​ពី​ពេល​​នោះ​មក​ទំនាក់​ទំនង​ ត្រូវ​បាន​បញ្ចប់​ ព្រោះ​នាង​បាន​សម្រេច​តាម​ម្ដាយ​។ប៉ុន្តែ​ពេល​នេះ​​ រូប​នាង​នៅ​តែ​​ដក់​ជាប់​ ក្នុង​បេះដូង​។
ស្រដៀង ​គ្នា​ដែរ​ យុវជន​ហេង ភស្តាវិរៈ​ អាយុ​២៥​ឆ្នាំ​អតីត​បុគ្គលិក​​នៅ​​សមាគម​សុខភាព​គ្រួសារ​រ៉ាក់​​​រៀបរាប់​ ថា​ ការ​មាន​សង្សារ​ក្នុង​វ័យ​សិក្សា​ ​និង​ពេល​ធ្វើ​ការងារ​ ​មាន​លក្ខណៈ​ខុស​គ្នា​ខ្លះ​ត្រង់​ថា​ស្នេហា កាល​នៅ​រៀន​ជា​ស្នេហា​គ្រា​ដំបូង ពិបាក​បំភ្លេច​បាន​ណាស់ តែ​មិនសូវ​បាន​ខ្វល់ខ្វាយ​គិតគូរ​ពី​អនាគត រឺ​មាន​ផែនការ​អី​ច្បាស់លាស់​ទេ។លោក​ថា “ខ្ញុំ​មាន​សង្សារ​តាំង​ពីរ​រៀន​ថ្នាក់​ទី១០​ ដល់​ថ្នាក់​ទី១២​ត្រូវ​បែក​គ្នា​ដោយសារ​ប៉ាម៉ាក់​ គេ​ដូរ​​ឲ្យ​ទៅ​រៀន​​នៅ​ក្រៅ”។
“ស្នេហា​ ក្នុង​វ័យ​សិក្សា​ភាគ​ច្រើន​យើង​ធ្វើ​តាម​បេះ​ដូង​​យើង ​បើ​យើង​លួច​ស្រឡាញ់​គេ​ ​យើង​ចង់​តែ​សារ​ភាព​​ត្រង់ៗ​ ​តែ​ម្ដង​ឲ្យ​តែ​មាន​ឱកាស​។​ហើយ​ពេល​បាន​គេ​និយាយ​ជាមួយ​រឺ​ព្រម​​ឲ្យ​​ឌុប យើង​ចាត់​ទុក​ថា​គេ​ជា​សង្សារ​របស់​យើង​តែ​ម្ដង។​តែ​ពេល​ក្រោយ​មក​ គឺ​ពេល​យើង​ចេញ​ធ្វើ​ការ​ អាយុ​យើង​ច្រើន​ជាង​ ​មុន​យើង​មិន​ងាយ​ហ៊ាន​ញ៉ែ​ស្រី​​ផ្ដេសផ្ដាស​ទេ។​​មុន​ពេល​ស្រឡាញ់​អ្នកណា​ ម្នាក់ យើង​មិនមែន​គ្រាន់​តែ​ពិនិត្យ​លើ​រូប​សម្ផស្ស​គេ​នោះ​ទេ​ ​តែ​ខ្ញុំ​ចាប់​ផ្ដើម​ចេះ​គិត​​ត្រូវ​​ពី​ស្ថានភាព​គ្រួសារ​គេ​ ​បង​ប្អូន​គេ​​​ ​តើ​គេ​មាន​ទម្លាប់​រស់​នៅ​របៀបណា?​យើង​នឹង​គេ​អាច​ទៅ​រួច​អត់?​និយាយ​ពិត​ ទៅ​គឺ​គិត​ពី​អនាគត​តែ​ម្តង”។​ភស្តាវិរៈ​​ បន្ថែម។
“​ក្នុង​វ័យ​សិក្សា​ ក៏​អាច​មាន​​ស្នេហ៍​ស្មោះ​បាន​ដែរ​ សំខាន់​​​ការ​តាំង​ចិត្ត​របស់​អ្នក​ទាំង​ពីរ ដើម្បី​អនាគត​របស់​ខ្លួន​ឲ្យ​ល្អ​ប្រសើរ​​”។​ទាំង​នោះ​គឺ ​ជា​ការ​លើក​ឡើង​របស់​ យុវជន​ ភារម្យ​ និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង។​​ភារម្យ​ និយាយ​ថា​ ស្នេហ៍​ស្មោះ​រវាង​គ្នា​ គួរ​​ប្តូរ​មក​ជា​ការ​ខិត​ខំ​តស៊ូ​ ​ប្រឹង​ប្រែង​សិក្សា​ ដើម្បី​អនាគត​​នៅ​ពេល​ខាង​មុខ​ជា​ប្រការ​ល្អ​បំផុត​។​​ភារម្យ​ និយាយ​ថា​ “ខ្ញុំ​ធ្លាប់​ជួប​មិត្តភ័ក្ដិ​​ម្នាក់​ បាន​តស៊ូ​​ស្រឡាញ់​គ្នា​តាំង​ពី​រៀន​​នៅ​វិទ្យាល័យ​ម្ល៉េះ​ រហូត​រៀន​ចប់​មហាវិទ្យាល័យ​ ​​ទើប​អ្នក​ទាំង​ពីរ​បាន​សម្រេច​បំណង​ប្រាថ្នា​របស់​ខ្លួន​”។​

​ទោះ ​យ៉ាង​ណា ភារម្យ​ បាន​​ផ្តាំ​ផ្ញើ​ទៅ​យុវជន​ទាំង​អស់​ថា​ ​ការ​មាន​​ស្នេហា ក្នុង​វ័យ​​សិក្សា​គឺ​ជា​រឿង​ មួយ​ ដែល​យុវវ័យ​​ជៀស​មិន​ផុត​។ប៉ុន្តែ​សូម​យុវវ័យ​ទាំង​អស់​កុំ​ប្រឡូក​ជ្រៅ​ពេក ​ ក្នុង​រឿងរ៉ាវ​ទាំង​អស់​នេះ​ ត្រូវ​មាន​ការ​តាំង​ចិត្ត​ឲ្យ​បាន​ខ្ពស់​ លើ​ការ​សិក្សា​ និង​គួរ​​ជៀស​វាង​ពី​ការ​អូស​ទាញ​របស់​មិត្តភ័ក្ដិ ​ដើរ​ទៅរក​ផ្លូវ​មិន​ល្អ៕
តើ​យុវវ័យ​យល់​យ៉ាង​ណា​ដែរ?
ប្រភពពី សប្បាយ

No comments: