ក្នុងក្របខណ្ឌច្បាប់អន្តរជាតិ សិទ្ធិអ្នកបោះឆ្នោត
ត្រូវបានធានាដោយ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស
បន្ថែមពីនេះទៀត ច្បាប់ជាតិ ការពារសិទ្ធិអ្នកបោះឆ្នោតដោយ
រដ្ឋធម្មនុញ្ញ
ហើយបានលើកស្ទួយស្គាល់ភាពជាម្ចាស់នៃវាសនាប្រទេសជាតិ
ទៅឱ្យប្រជាម្ចាស់ឆ្នោត
ដែលតម្រូវឱ្យប្រើប្រាស់អំណាចរបស់ខ្លួនតាមរយៈរដ្ឋសភា ព្រឹទ្ធសភា
រាជរដ្ឋាភិបាល និងសាលាជម្រះក្តី។ ដោយព្រះរាជាណាចក្រកម្ពុជា
អនុវត្តនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស រាល់ការតាក់តែងគោលនយោបាយ
និងប្បញ្ញត្តិនានា ដែលនឹងយកមកអនុវត្ត នៅទូទាំងប្រទេស
ត្រូវមានការយល់ស្របពីឆន្ទៈ របស់រាស្រ្តភាគច្រើន ដោយមានមតិចម្រុះ
និងការបញ្ចេញមតិដោយសេរី។ ក្នុងន័យនេះ អ្នកបោះឆ្នោតមានសិទ្ធិយ៉ាងពេញលេញ
ក្នុងការត្រួសត្រាយមាគ៌ាប្រទេសជាតិរបស់ខ្លួន។
មាត្រា ២១ នៃសេចក្តីប្រកាសជាសកល ស្តីពី សិទ្ធិមនុស្ស
(អនុម័ត និងប្រកាសដោយសេចក្តីសម្រេចនៃមហាសន្និបាត
អង្គការសហប្រជាជាតិ លេខ ២១៧ A (III) នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ១៩៤៨) ៖
-
មនុស្សគ្រប់រូប មានសិទ្ធិចូលរួមក្នុងការដឹកនាំកិច្ចការសាធារណៈនៃប្រទេសរបស់ខ្លួន ដោយផ្ទាល់ ឬតាមរយៈតំណាងដែលបានជ្រើសរើសដោយសេរី។
-
មនុស្សគ្រប់រូប មានសិទ្ធិចូលបម្រើមុខងារសាធារណៈនៃប្រទេសរបស់ខ្លួន ក្នុងលក្ខខណ្ឌសមភាព។
-
ឆន្ទះរបស់ប្រជាពលរដ្ឋ ជាមូលដ្ឋានអំណាចនៃការដឹកនាំកិច្ចការសាធារណៈ។
ឆន្ទះនេះ ត្រូវសម្តែងចេញតាមរយៈការបោះឆ្នោត យ៉ាងទៀងទាត់ តាមពេលកំណត់
និងពិតប្រាកដ មានលក្ខណៈសកល ស្មើភាព និងបោះឆ្នោតដោយសម្ងាត់
ឬតាមនីតិវិធីសមមូល ដែលធានាសេរីភាពនៃការបោះឆ្នោត។
មាត្រា ៥១ ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ៖
-
ព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស។
-
ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។
-
អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។
-
ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួន តាមរយៈ រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងសាលាជម្រះក្តី។
-
អំណាចបែងចែកដាច់ពីគ្នា រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។
សិទ្ធិអ្នកឈរឈ្មោះបោះឆ្នោត និងអ្នកជាប់ឆ្នោត |
|
|
រដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣
បានចារឹកណែនាំឱ្យប្រជាពលរដ្ឋខ្មែរទាំងពីរភេទ
អាចឈរឈ្មោះឱ្យគេបោះឆ្នោតដរាបណាបានបង្រ្ពប់លក្ខខណ្ឌមួយចំនួន
តាមប្រភេទនៃការបោះឆ្នោត។
- លក្ខខណ្ឌអាយុ ៖
»អាយុ ២៥ ឆ្នាំ ពលរដ្ឋខ្មែរទាំងពីរភេទ
អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្រ្ត
ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
និងជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
»អាយុ ៤០ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា។
»មានសញ្ជាតិខ្មែរពីកំណើត (ទូទៅ)
»មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា (តំណាងរាស្រ្ត)
»ចេះអាននិងសរសេរអក្សរខ្មែរ (ឃុំ សង្កាត់)
»មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត។
»មានការតែងតាំងពីគណបក្សនយោបាយ
អ្នកជាប់ឆ្នោតទាំងដោយសារការបោះឆ្នោតសកល និងអសកល
អាចនឹងបាត់បង់តំណែងជា មន្រ្តីជាប់ឆ្នោត
ដោយសារមូលហេតុមិនបានបំពេញកាតព្វកិច្ចដែលបានចែងក្នុងច្បាប់មួយ
ចំនួន។
»ត្រូវតុលាការផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬមជ្ឈឹមណាមួយ
»ត្រូវបានបណ្តេញចេញពីតំណែងអាណត្តិ
»សាមីខ្លូនសុំលាលែងជាលាយលក្ខណ៍អក្សរ
»ទទួលមរណភាព
»ករណី មន្រ្តីជាប់ឆ្នោត
បាត់បង់សមាជិកភាពពីគណបក្សរបស់សាមីខ្លួន មន្ត្រីជាប់ឆ្នោត នោះ
ក៏ត្រូវអស់សុពលភាពបន្តអាណត្តិក្នុងតំណែងជាអ្នកតំណាងរបស់ខ្លួន
ផងដែរ។
យោង ៖
- មាត្រា ១២០ថ្មី ថ្មីនៃច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ១៩៩៧។
- មាត្រា ៣១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឆ្នាំ២០០៦។
- មាត្រា ១៦ នៃច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ឆ្នាំ២០០១។
- មាត្រា ២២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០០៨។
អត្ថប្រយោជន៍ជាតំណាងរាស្រ្ត |
តាមច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត ឆ្នាំ២០០៦
តំណាងរាស្រ្តដែលត្រូវបានជ្រើសតាំងដោយការបោះឆ្នោតជាសកល
ក្រោយពីបាន ប្រកាសសុពលភាព និងស្បថចូលកាន់តំណែងរួចហើយ មានអាណត្តិ ៥
ឆ្នាំ ហើយផុតកំណត់នៅពេលតំណាងរាស្រ្តថ្មីចូលកាន់តំណែង។
ក្រោយពេលបញ្ចប់អាណត្តិរបស់ខ្លួនហើយ នៅតែមាន ងារជា ឯកឧត្តមអតីតតំណាងរាស្រ្ត ឬលោកជំទាវអតីតតំណាងរាស្រ្ត ព្រមទាំងប្រាក់សោធននិវត្តន៍ប្រចាំខែរហូតដល់ទទួលមរណភាព។
អត្ថប្រយោជន៍ជាតំណាងរាស្រ្តរួមមាន ៖
»ឋានៈ ៖
តំណាងរាស្រ្តមានឋានៈ និងបុព្វសិទ្ធិ
ស្មើនឹងឧត្តមមន្រ្តីផុតលេខនៃព្រះរាជាណាចក្រកម្ពុជា។
តំណាងរាស្រ្តក្នុងតំណែងត្រូវបានទទួលងារជា ឯកឧត្តម ឬលោកជំទាវ។
ក្រោយពេលបញ្ចប់អាណត្តិរបស់ខ្លួនហើយ ត្រូវបានរក្សា ងារជា
ឯកឧត្តមអតីតតំណាងរាស្រ្ត ឬលោកជំទាវអតីតតំណាងរាស្រ្ត។
តំណាងរាស្រ្តក្នុងតំណែងត្រូវទទួលបាន ៖
-
ប័ណ្ណសម្គាល់អភ័យឯកសិទ្ធិ
-
រូបសញ្ញារដ្ឋសភាសម្រាប់ពាក់លើអាវ
-
រូបសញ្ញាបារមីរបស់រដ្ឋសភា
-
ផ្លាករថយន្តរដ្ឋសភា
-
លិខិតឆ្លងដែនការទូតផ្ទាល់ខ្លូន សហព័ទ្ធ និងកូនអាយុក្រោម ១៨ឆ្នាំ
-
ឯកសណ្ឋានរដ្ឋសភា
-
គ្រឿងឥស្សិយយសពីរដង
-
ក្នុងមួយអាណត្តិ
-
ការធានារ៉ាប់រងជម្ងឺ នៅក្នុងមន្ទីរពេទ្យរដ្ឋក្នុងប្រទេស។
»ប្រាក់បំណាច់ ៖
តំណាងរាស្រ្តទទួលបានរបបប្រាក់បំណាច់ របបធានារ៉ាប់រ៉ងសង្គម របបធានាជម្ងឺ
របបបេសកកម្ម របបសោធននិវត្តន៍ និងលក្ខខណ្ឌធ្វើការងារ
ក្នុងអាណត្តិរបស់ខ្លួន។ ករណី តំណាងរាស្រ្តទទួលមរណភាពក្នុងអាណត្តិ
នឹងទទួលបានការរៀបចំពិធីបុណ្យសព និងផ្តល់ប្រាក់បំណាច់
ព្រមទាំងប្រាក់ឧបត្ថម្ភផ្សេងៗគ្រប់យ៉ាងដល់គ្រួសារសពរយៈពេល
មួយឆ្នាំទៀត។
អតីតតំណាងរាស្រ្តទទួលប្រាក់សោធននិវត្តន៍ប្រចាំខែរហូតដល់ទទួល
មរណភាព (ផ្អែកតាមរយៈពេលបំពេញការងារ ចាប់ពី ១ឆ្នាំ ឡើងទៅ)។
»អភ័យឯកសិទ្ធិសភា ៖
ដែលធានាការបញ្ចេញមតិយោបល់ ធានាមិនឱ្យមានការចោទប្រកាន់ ការចាប់ខ្លួន
ការឃាត់ខ្លួន ឬការឃុំខ្លួន (អាចចោទប្រកាន់ ចាប់ខ្លួន ឬឃាត់ខ្លួនបាន
លុះត្រាតែ មានការលើកអភ័យឯកសិទ្ធិជាមុនសិន)។
(ការលើកអភ័យឯកសិទ្ធិតំណាងរាស្រ្ត ៖ ត្រូវមានមតិ ២/៣
នៃសមាជិករដ្ឋសភាទាំងមូល)។
»បុព្វសិទ្ធិតំណាងរាស្រ្ត
៖ ទោះបី តំណាងរាស្រ្តណាម្នាក់ ត្រូវបានលើកអភ័យឯកសិទ្ធិ
ហើយស្ថិតក្នុងការចោទប្រកាន់របស់តុលាការ
តំណាងរាស្រ្តនោះនៅតែមានបុព្វសិទ្ធិដូចតំណាងរាស្រ្តទូទៅ។
តំណាងរាស្រ្តនៅតែមានសិទ្ធិទទួលបាន ប្រាក់បំណាច់ប្រចាំខែ
ប្រមាណ ៨ លានរៀល លើកលែងតែប្រាក់បំណាច់ប្រជុំ ប្រាក់បេសកម្ម
ប្រាក់ប្រេងឥន្ធនៈ។ ទោះបីជាមានការចាប់ខ្លួន ការឃាត់ខ្លួន
ឬការចោទប្រកាន់តំណាងរាស្រ្តណាមួយ
ក្នុងករណីតំណាងរាស្រ្តបានប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌជា
ក់ស្តែង ប្រសិនបើតំណាងរាស្រ្ត ៣/៤ នៃសមាជិករដ្ឋសភាទាំងមូល
បញ្ចេញមតិឱ្យផ្អាក ត្រូវផ្អាកជាបន្ទាន់។ ទោះបីជា
តំណាងរាស្រ្តដែលមានសាលក្រមស្ថាពរ ឬសាលដីកាស្ថាពរសម្រេចជា
ទណ្ឌិតជាប់ពន្ធនាគារ ប្រសិនបើ
ត្រូវបានព្រះមហាក្សត្រលើកលែងទោស នឹងបានទទួលសុពលភាព
អភ័យឯកសិទ្ធិ និងបុព្វសិទ្ធិតំណាងរាស្រ្តឡើងវិញ។
ការបោះឆ្នោត
កាលបរិច្ឆេទសំខាន់ៗនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥ ឆ្នាំ២០១៣
- ៣១ ធ្នូ ២០១២ - ការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១២ ដោយ គ.ជ.ប
- ២៩ មេសា ដល់ ១០ ឧសភា ឆ្នាំ២០១៣ - ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន
- ០១ ដល់ ២៥ មិថុនា ២០១៣ - ការផ្តល់បណ្ណព័ត៌មានអ្នកបោះឆ្នោត
- ២៦ មិថុនា ២០១៣ - ការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះតាមមណ្ឌលរាជធានី ខេត្ត
- ២៧ មិថុនា ដល់ ២៦ កក្កដា ២០១៣ - ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៣
- ២៧ កក្កដា ២០១៣ - ការបិទផ្សាយបញ្ជីបោះឆ្នោត និងបញ្ជីទីតាំងនៅ ការិយាល័យបោះឆ្នោត
- ២៨ កក្កដា ២០១៣ - ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបិទផ្សាយលទ្ធផលបឋមនៅការិយាល័យបោះឆ្នោត
- ១៤ សីហា ដល់ ០៨ កញ្ញា ២០១៣ - ការប្រកាសលទ្ធផលផ្លូវការ ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត
ព័ត៌មានខ្លះពី ការបោះឆ្នោតនៅកម្ពុជា
តាម
រយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នា ថ្ងៃទី ២៣ខែតុលា
ឆ្នាំ ១៩៩១ បានតម្រូវឱ្យកម្ពុជា រៀបចំ ការបោះឆ្នោត ជាសកល
ដោយ សេរី និងយុត្តិធម៌ ដើម្បីបញ្ចប់ជម្លោះ បង្កើត
ស្ថាប័នគ្រប់គ្រងប្រទេស និង កសាងនីតិរដ្ឋ។ ក្រោមកិច្ចរៀបចំ
របស់ អាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ អ៊ុនតាក់ (UNTAC)
ការបោះឆ្នោតជាសកលលើកដំបូង បានប្រព្រឹត្តិឡើងកាលពី
ថ្ងៃទី ២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ហើយ សភាធម្មនុញ្ញមួយ
បាននិមិត្តឡើង នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ១៩៩៣ ដើម្បី
តាក់តែងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋធម្មនុញ្ញមួយ ដែលត្រូវបាន សភា អនុម័ត នៅថ្ងៃទី ២១
ខែកញ្ញា ឆ្នាំ១៩៩៣ បានផ្តួចផ្តើម ឱ្យមានការបោះឆ្នោត ៤ប្រភេទ ៖
១.ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត
|
ព័ត៌មានទូទៅ ៖
ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នឹងប្រារព្វឡើងនៅថ្ងៃអាទិត្យ រៀងរាល់ ៥
ឆ្នាំម្តង (កាលបរិច្ឆេទផ្លូវការនឹងផ្សព្វផ្សាយ ១ ឆ្នាំ មុនថ្ងៃបោះឆ្នោត)។
តាមប្បញ្ញត្តិណែនាំ ការបោះឆ្នោតនេះនឹងប្រព្រឹត្តិទៅតាមបែបសកល សម្ងាត់
សេរី ពហុបក្ស។
ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនឹងត្រូវរៀបចំនៅថ្ងៃអាទិត្យ
ចាប់ពីម៉ោង ៧.០០ ព្រឹក រហូតដល់ម៉ោង ១៥.០០ល្ងាច។
អ្នកបោះឆ្នោតដែលស្ថិតក្នុងការិយាល័យបោះឆ្នោត ឬក្នុងបរិវេណខាងក្នុង
អាចបោះឆ្នោតបានទោះបីជាហួសម៉ោង ១៥.០០ ។ ចំនួនអាសនៈ ១២៣ នឹងត្រូវធ្វើការបែងចែកទៅតាមប្រព័ន្ធ
សមាមាត្រ ដោយយករាជធានី និងខេត្តជាមណ្ឌល
ហើយត្រូវបែងចែកអាសនៈតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដែលផ្អែកតាមចំនួនអាសនៈ
និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌល។
ការយុទ្ធនាការឃោសនាបោះឆ្នោត ៖
មានរយៈពេល សាមសិប (៣០) ថ្ងៃ
ហើយគ្រប់សកម្មភាពនៃការឃោសនាបោះឆ្នោតត្រូវបញ្ចប់ ២៤ ម៉ោង
មុនថ្ងៃបោះឆ្នោត។
គណបក្សនយោបាយមិនបានតម្រូវឱ្យប្រកាសហិរញ្ញវត្ថុពេលឃោ
សនាបោះឆ្នោតជាសាធារណៈទេ។
បេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោត ៖
អាចឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោតបាន បេក្ខជនត្រូវមាន
»សញ្ជាតិខែ្មរពីកំណើត
»អាយុចាប់ពី ២៥ ឆ្នាំឡើងគិតដល់ថ្ងៃបោះឆ្នោត
»មានសិទ្ធិបោះឆ្នោត និងឈ្មោះក្នុងបញ្ជីបោះឆ្នោត
»មានទីលំនៅក្នុងប្រទេសកម្ពុជា
»មានការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីបោះឆ្នោត។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត បានប្រព្រឹត្តទៅ ៤ អាណត្តិ រួចហើយ
»»អាណត្តិទី ១ បោះឆ្នោតនៅថ្ងៃទី ២៣ ឧសភា ១៩៩៣
»»អាណត្តិទី ២ បោះឆ្នោតនៅថ្ងៃទី ២៦ កក្កដា ១៩៩៨
»»អាណត្តិទី ៣ បោះឆ្នោតនៅថ្ងៃទី ២៧ កក្កដា ២០០៣
»»អាណត្តិទី ៤ បោះឆ្នោតនៅថ្ងៃទី ២៧ កក្កដា ២០០៨
»»អាណត្តិទី ៥ គ្រោងបោះឆ្នោតនៅថ្ងៃទី ២៨ កក្កដា ២០១៣ |
២.ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
ព័ត៌មានទូទៅ ៖
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
នឹងរៀបចំឡើងនៅថ្ងៃអាទិត្យ រាល់ ៥ ឆ្នាំម្តង (កាលបរិច្ឆេទផ្លូវការ
ត្រូវកំណត់ដោយនាយករដ្ឋមន្ត្រី តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ហើយត្រូវប្រកាសយ៉ាងតិច ៩ ខែ មុនថ្ងៃបោះឆ្នោត )។ ការបោះឆ្នោត
ប្រកាន់យកយន្តការសកល សម្ងាត់ ហើយបែងចែកអាសនៈតាមប្រព័ន្ធ សមាមាត្រ
ដោយត្រូវបែងចែកអាសនៈតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដែលផ្អែកតាមចំនួនអាសនៈ
និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌល (មណ្ឌលបែងចែកអាសនៈមាន ១.៦២១ មណ្ឌល ឬឃុំ សង្កាត់) ។ ចំនួនអាសនៈនៃក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងមណ្ឌលនីមួយៗមានចាប់ពី៥ ទៅ ១១
អាសនៈ ផ្អែកតាមចំនួនប្រជារាស្ត្រ និងភូមិសាស្រ្តរបស់ខ្លួន។
សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានជាប់ឆ្នោតក្នុងមុខតំណែង
ដោយការបោះឆ្នោតឆ្នាំ ២០០៩ មានសរុបចំនួន ១១.៣៥៣ រូប។ ការិយាល័យបោះឆ្នោតត្រូវបើកនៅម៉ោង ៧.០០ នាទី រហូតដល់ ម៉ោង ១៥.០០ នាទី។
ការយុទ្ធនាការឃោសនាបោះឆ្នោត ៖
មានរយៈពេល ១៥ ថ្ងៃ ហើយគ្រប់សកម្មភាពឃោសនាត្រូវបញ្ឈប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។
បេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោត ៖
»សញ្ជាតិខែ្មរពីកំណើត
»អាយុចាប់ពី ២៥ ឆ្នាំ ឡើងគិតដល់ថ្ងៃបោះឆ្នោត
»ចេះអាន និងសរសេរអក្សរខ្មែរ
»មានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងសង្កាត់ដែលខ្លួនមានបំណងឈរឈ្មោះ
»បេក្ខជនត្រូវបញ្ចូលឈ្មោះរបស់ខ្លួនទៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយ
»ដាក់ពាក្យសុំទៅគណៈកម្មការ ឃុំ សង្កាត់រៀបចំការបោះឆ្នោត យ៉ាងតិច ៩០ ថ្ងៃ
មុនថ្ងៃបោះឆ្នោត។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់បានប្រព្រឹត្តទៅ ២ អាណត្តិរួចហើយ
»»អាណត្តិទី១ បោះឆ្នោតនៅថ្ងៃទី ០៣ កុម្ភៈ ២០០២
»»អាណត្តិទី២ បោះឆ្នោតនៅថ្ងៃទី ០១ មេសា ២០០៧
»»អាណត្តិទី ៣ គ្រោងបោះឆ្នោតនៅថ្ងៃទី ០៣ មិថុនា ២០១២
៣.ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
ព័ត៌មានទូទៅ ៖
ខុសពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត
និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ដែលប្រកាន់យកលក្ខណៈសកល
បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាមួយនេះធ្វើឡើងដោយការបោះឆ្នោតអសកល
សម្ងាត់ និងមិនចំពោះ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា
ធ្វើឡើងនៅថ្ងៃអាទិត្យ រាល់ ៥ឆ្នាំ ម្តង (កាលបរិច្ឆេទជាក់ស្តែង
កំណត់ដោយនាយករដ្ឋមន្រ្តី តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ)។
ការបែងចែកអាសនៈតម្រូវតាមប្រព័ន្ធសមាមាត្រ
ដោយត្រូវបែងចែកអាសនៈតាមរូបមន្តមធ្យមភាគខ្ពស់បំផុត
ដែលផ្អែកតាមចំនួនអាសនៈ និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌល។
អាសនៈនៃក្រុមប្រឹក្សាមានចាប់ពី ៧ ដល់ ២១ អាសនៈ
(ចំនួនជាក់ស្តែងនៃសមាជិកក្រុមប្រឹក្សានីមួយៗ កំណត់ដោយអនុក្រឹត្យ
ដែលនឹងផ្សព្វផ្សាយយ៉ាងតិច ១២០ ថ្ងៃ
មុនពេលផុតអាណត្តិរបស់ក្រុមប្រឹក្សា ដូចជា »ក្រុមប្រឹក្សារាជធានីភ្នំពេញ
កំណត់មិនលើសពី ២១ រូប »ក្រុមប្រឹក្សាខេត្ត មានចំនួន ពី ៩ រូប ដល់ ២១ រូប
»ក្រុមប្រឹក្សាក្រុង មានចំនួន ៧ រូប ទៅ ១៥ រូប »ក្រុមប្រឹក្សាស្រុក
និងខណ្ឌ មានចំនួន ៧ ទៅ ១៩ រូប)។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា
ចាប់ផ្តើមពីម៉ោង ៧.០០ នាទីព្រឹក រហូតដល់ម៉ោង ១៥.០០ រសៀល។
ការឃោសនាបោះឆ្នោត ៖
សកម្មភាពឃោសនាបោះឆ្នោតអនុញ្ញាតត្រឹម ១៥ ថ្ងៃ ហើយត្រូវបញ្ចប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។
បេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោត ៖
»មានសញ្ជាតិខែ្មរពីកំណើត
»មានអាយុយ៉ាងតិច ២៥ ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត
»មានសិទ្ធិបោះឆ្នោត
និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌដែលបានកំណត់ដោយ
ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ ខេត្ត ក្រុង
ស្រុក ខណ្ឌ
»ត្រូវបញ្ចូលឈ្មោះរបស់ខ្លួនទៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយ
ដែលគណបក្សនយោបាយនោះបានចុះបញ្ជីត្រឹមត្រូវតាមលក្ខខណ្ឌដូចមានចែង
ក្នុងច្បាប់ស្តីពីគណបក្សនយោបាយ និងបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតនៅ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
អ្នកដែលមានសិទ្ធិទៅបោះឆ្នោត ៖
គឺជាសមាជិកប្រឹក្សាសង្កាត់ទាំងអស់ក្នុងតំណែង និងដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
ការបោះឆ្នោតក្រុមប្រឹក្សាបានប្រព្រឹត្តទៅ ១ អាណត្តិ រូចហើយ ៖
»»អាណត្តិទី១ នៅថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០០៩ |
៤.ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា
ព័ត៌មានទូទៅ ៖
ដូចជាការបោះឆ្នោតជ្រើសរើសក្រុ
មប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែរ
ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ត្រូវបោះឆ្នោតតាមបែបអសកល
មិនចំពោះ សម្ងាត់ (បោះឆ្នោតនៅថ្ងៃអាទិត្យ សប្តាហ៍ទី ៨ មុនចប់នីតិកាល លើកលែងករណីសង្រ្គាម ឬកាលៈទេសៈពិសេស ដែលមិនអាចបោះឆ្នោតបាន)។ ព្រឹទ្ធសភាមានអាណត្តិ ៦ ឆ្នាំ (ចប់នីតិកាលនៅពេលព្រឹទ្ធសភាថ្មីចូលកាន់តំណែង)។
អាសនៈត្រូវបែងចែកតាមប្រព័ន្ធសមាមាត្រយករូបមន្តមធ្យមភាគខ្ពស់
បំផុតដែលផ្អែកតាមចំនួនអាសនៈ
និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌលបោះឆ្នោត (ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា មណ្ឌលបោះឆ្នោតត្រូវរៀបចំជា ភូមិភាគ ៖ »ភូមិភាគទី ១ ក្រុងភ្នំពេញ មាន ៦ អាសនៈ »ភូមិភាគទី ២ ខេត្តកំពង់ចាម មាន ៨ អាសនៈ »ភូមិភាគទី ៣ ខេត្តកណ្តាល មាន ៥ អាសនៈ »ភូមិភាគទី ៤ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន ១០ អាសនៈ »ភូមិភាគទី ៥ ខេត្តតាកែវ កំពត និងកែប មាន ៧ អាសនៈ »ភូមិភាគទី ៦ ខេត្តព្រៃវែង និងស្វាយរៀង មាន ៧ អាសនៈ »ភូមិភាគទី ៧ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ កោះកុង និងព្រះសីហនុ មាន ៨ អាសនៈ »ភូមិភាគទី ៨ ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី មាន ៦ អាសនៈ)។ ចំនួនសមាជិកព្រឹទ្ធសភាមានយ៉ាងច្រើន ស្មើពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល (ក្នុងនោះសមាជិក ២ រូប តែងតាំងដោយព្រះមហាក្សត្រ សមាជិក ២ រូប ត្រូវរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើន សមាជិកព្រឹទ្ធ សភាឯទៀតត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល)។ ការបោះឆ្នោតប្រព្រឹត្តិទៅចាប់ពីម៉ោង ៧.០០ នាទី រហូតដល់ម៉ោង ១៥.០០ នាទី (អ្នក
មានសិទ្ធិបោះឆ្នោតដែលស្ថិតក្នុងការិយាល័យបោះឆ្នោត
ឬក្នុងបរិវេណខាងក្នុង អាចអនុញ្ញាតឱ្យបោះឆ្នោត ក្រោយម៉ោង ១៥.០០
នាទីបាន) ផ្ទុយទៅវិញ
ប្រសិនបើអ្នកបោះឆ្នោតទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត
បានបោះឆ្នោតគ្រប់គ្នាហើយ
គណៈកម្មការការិយាល័យបោះឆ្នោតអាចប្រកាសបញ្ចប់ការបោះឆ្នោតមុនម៉ោង
១៥.០០នាទី បាន។
ការឃោសនាបោះឆ្នោត ៖
សកម្មភាពឃោសនាបោះឆ្នោតមានរយៈពេល ២១ ថ្ងៃ ហើយគ្រប់សកម្មភាពត្រូវបញ្ចប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។
បេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោត ៖
»សញ្ជាតិខែ្មរពីកំណើត
»អាយុចាប់ពី ៤០ ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោត
»មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត
»មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា
»មានការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត នៅគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។
ការបោះឆ្នោតជ្រើសរើសមាជិកព្រឹទ្ធសភា
»»អាណត្តិទី២ នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០០៦ (បោះឆ្នោតជ្រើសតាំងអាសនៈចំនួន ៥៧ )
»»សុពលភាពព្រឹទ្ធសភា នីតិកាលទី១ បានបើកសម័យប្រជុំលើកទី១ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩
»»អាណត្តិទី ៣ គ្រោងបោះឆ្នោតនៅថ្ងៃទី ២៩ មករា ២០១២
ការបោះឆ្នោតទាំងនេះ ធ្លាប់បានរៀបចំឡើងជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន ដោយត្រូវបានរៀបចំតាមបែបសកល និងអសកល
។ ការបោះឆ្នោតទាំងអស់ សុទ្ធតែអនុញ្ញាតឱ្យ គណបក្សនយោបាយ
អង្គការជាតិ និងអន្តរជាតិចូលរួមសង្កេតការណ៍។ ទោះបីជាយ៉ាងណា
តាមច្បាប់ដែលមានស្រាប់បច្ចុប្បន្ន
គ្រប់មន្រ្តីជាប់ឆ្នោតទាំងអស់នឹងបាត់បង់មុខតំណែង
ប្រសិនបើសាមីខ្លួនបាត់បង់សមាជិកភាពពីគណបក្សនយោបាយរបស់
ខ្លួន។
១. ការបោះឆ្នោតបែបសកល ៖ សម្រាប់
ការបោះឆ្នោតជាសកល អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់
សំដៅដល់ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុចាប់ពី
១៨ឆ្នាំ ឡើង និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
តាមការអនុវត្តនៅកម្ពុជា មានត្រឹមតែ ការបោះឆ្នោតពីរ
ប៉ុណ្ណោះដែលប្រកាន់យកការបោះឆ្នោតបែបសកល។
២. ការបោះឆ្នោតបែបអសកល ៖ ការបោះឆ្នោតអសកល
អ្នកមានសិទ្ធិបោះឆ្នោត គឺជាតំណាងរាស្រ្តក្នុងតំណែង
និងជាសមាជិកក្រុមបឹ្រក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង។
កន្លងមកមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា
និងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។ |
No comments:
Post a Comment