យុវជនកម្ពុជា
ស្របពេលដែលប្រទេសកំពុងអភិវឌ្ឍន៍
គេឃើញយុវជនកាន់តែច្រើនបានហក់ចូលក្នុងវិស័យជំនូញ។
នេះគឺជាចលនាថ្មីមួយដែលនឹងជួយពង្រឹងវិស័យជំនួញនៅកម្ពុជា។
ពីព្រោះថា ក្រុមសហគ្រិនវ័យក្មេងនេះហើយដែលនឹងនាំយករបៀបធ្វើជំនួញ
ដែលមិនមែនជាលក្ខណៈគ្រួសារ
ហើយនឹងបញ្ចញរបៀបធ្វើជំនួញដែលមានលក្ខណៈទំនើប និងស្តង់ដារនោះ។
ប៉ុន្តែអ្នកសេដ្ឋកិច្ចបានណែនាំអោយពួកគេធ្វើផែនការអោយបានច្បាស់លាស់
មុននឹងចាប់ផ្តើមជំនួញ។
អាហារដ្ឋាន ហាងកាហ្វេបែបទំនើប សាលារៀនឯកជន
ហាងលក់គ្រឿងអេឡិចត្រូនិក អាជីវកម្មទាំងអស់នេះ
ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា
សុទ្ធតែត្រូវបានបើកដោយក្រុមអ្នកជំនួញវ័យក្មេង។ និយាយបែបម្យ៉ាងទៀត
យុវជនកម្ពុជាបច្ចុប្បន្នបានចាប់អារម្មណ៍ខ្លាំងក្នុងការងារធ្វើ
ជំនួញ និងអាជីវកម្ម។ នេះគឺជានិន្នាការមួយថ្មីទៀតនៅកម្ពុជា។
ជានិន្នាការមួយថ្មី ពីព្រោះក្នុងពេលកន្លងមក យុវជនខ្មែរ
តាមរយៈឥទ្ធិពលរបស់ឪពុកម្តាយផង
ពួកគេមាននិន្នាការចូលបម្រើការងារជាមន្ត្រីរាជការ
បន្ទាប់មកគឺការធ្វើការងារក្នុងក្រុមហ៊ុនឯកជន និងបច្ចុប្បន្ននេះ
ពួកគេចង់ធ្វើជាម្ចាស់សហគ្រាស ឬក្រុមហ៊ុនខ្លួនឯង។ឥឡូវនេះ ជាមួយនឹងការវិវឌ្ឍន៍នៃសង្គម និងផ្នត់គំនិតនៃការគិតគូររបស់យុវជនទៅតាមបរិបទនៃសង្គមផង ជំនួញ ទោះជាក្នុងទ្រង់ទ្រាយធំក្តី តូចក្តី គឺជាចំណាប់អារម្មណ៍របស់យុវជន។ គេក៏មិនអាចមើលរំលងក្រុមយុវជនមួយចំនួន ដែលកំពុងនៅសិក្សាផង បានបង្កើតហាងលក់ទំនិញអនឡាញ ដោយពួកគេមិនត្រូវចំណាយដើមទុនអ្វីធំដុំសោះឡើយ។ នេះមិនត្រឹមតែជាជំនួញ តែនៅក្នុងក្របខណ្ឌនៃប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក្រុមយុវជន ទាំងប្រុសទាំងស្រីបានបង្កើតផ្សារអនឡាញនេះលក់សម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអលង្កា ដោយភ្ជាប់ទំនាក់ទំនងជាមួយអ្នកលក់ដុំនៅបរទេសទៀតផង ពិសេសប្រទេសចិន ហើយបន្តចែកចាយដល់អតិថិជននៅក្នុងប្រទេសកម្ពុជានេះ។
តើសន្ទុះថ្មីរបស់យុវជននៅក្នុងវិស័យជំនួញនៅកម្ពុជានេះ នឹងផ្តល់ផលប្រយោជន៍អ្វីខ្លះដល់សេដ្ឋកិច្ចទាំងមូលរបស់ប្រទេស?
ពិតជាមាន។ វត្តមានរបស់អ្នកជំនួញវ័យក្មេងនឹងធ្វើអោយមានការផ្លាស់ប្តូរ ទិដ្ឋភាពក្នុងវិស័យជំនួញនៅកម្ពុជា។ ទីមួយ គេមិនត្រូវភ្លេចទេថា ក្រុមយុវជនអ្នកជំនួញសម័យថ្មីភាគច្រើនសុទ្ធតែមានមូលដ្ឋានទ្រឹះស្តី នៃជំនួញដែលពួកគេបានរៀននៅសាកលវិទ្យាល័យ។ តាមរយៈទ្រឹស្តីទាំងនេះ ពួកគេនឹងលុបបំបាត់ចោលបន្តិចម្តងៗ ការគ្រប់គ្រងជំនួញតាមបែបគ្រួសារ។ បានន័យថា គំនិតថ្មីរបស់អ្នកជំនួញវ័យក្មេងគឺការរៀបចំជំនួញរបស់ពួកគេតាម ប្រព័ន្ធបច្ចេកវិទ្យា និងប្រព័ន្ធគណនេយ្យភាព។ បើទោះជាក្រុមហ៊ុនថ្មីក្តី ឬក្រុមហ៊ុនដែលជាកេមរតកពីក្រុមគ្រួសារក្តី។ ទី២ និយាយអំពីគំនិត ឬរបៀបនៃការធ្វើជំនួញរបស់យុវជនដដែល។
សហគ្រិនជំនាន់ថ្មីភាគច្រើន ពួកគេមាននិន្នាការដាក់ហ៊ុនចូលគ្នាដើម្បីធ្វើជំនួញ។ នេះហើយជានិន្នាការទូទៅនៃជំនួញនៅលើពិភពលោក។ ប្រយោជន៍នៃការដាក់ទុនរួមគ្នានេះ គឺនឹងធ្វើអោយជំនួញទាំងនោះមានទ្រង់ទ្រាយធំ ច្បាស់លាស់ និងមាននិរន្តរភាព ហើយនឹងអាចមានឱកាសរីកធំធាត់ច្រើនឡើងថែមទៀតផង។ ទី៣ ការបង្កើតអាជីវកម្មដោយខ្លួនឯងនេះ នឹងមានប្រយោជន៍ក្នុងបង្កើតការងារផង និងការពង្រឹងសេដ្ឋកិច្ចគ្រួសាររបស់អាជីវករវ័យក្មេងផង។ ទី៤ នៅពេលដែលប្រទេសមួយមានការបង្កើតជំនួញកាន់តែច្រើននោះ ក្នុងន័យសេដ្ឋកិច្ចដែលគេនិយាយថា មានការប្រកួតប្រជែងខ្លាំងនោះ ការនោះនឹងផ្តល់ផលល្អដល់អ្នកប្រើប្រាស់ទៅវិញទេ។ ការប្រកួតប្រជែងដែលនឹងធ្វើអោយតម្លៃទំនិញធ្លាក់ចុះ គុណភាពទំនិញកាន់តែល្អ និងសេវាកម្មកាន់តែរហ័សទាន់ចិត្តជាដើម។ និងទី៥ នៅពេលដែលកម្ពុជាមានអាជីវកម្មច្រើនប្រភេទយ៉ាងដូច្នេះហើយនោះ វាក៏បង្កើតឱកាសដល់វិនិយោគិនបរទេស ដើម្បីពួកគេអាចចាប់ដៃគូរធ្វើជំនួញជាមួយពាណិជ្ជករ និងអាជីវករខ្មែរដែរ។
វាមានផលចំណេញជាច្រើនទៅក្នុងវិស័យសេដ្ឋកិច្ចរបស់ប្រទេសនៅពេលណា ដែលមានសហគ្រិនវ័យក្មេងកាន់តែច្រើន។ សហគ្រិនសម័យថ្មីដែលមានចំណេះដឹងច្រើនផ្នែកបច្ចេកទេសជំនាញផង និងភាសាបរទេសផង ដែលអាចជាយាននាំពួកគេទៅរកភាពជោគជ័យកាន់តែខ្លាំង។
ទាំងអស់នេះសុទ្ធសឹងតែជាចំនុចវិជ្ជមានដែលអាចកើតចេញពីវត្តមាននៃ ក្រុមសហគ្រិនវ័យក្មេង។ ប៉ុន្តែអ្នកសេដ្ឋកិច្ចនៅតែជំរុញអោយអ្នកជំនួញវ័យក្មេង ដែលមានថាមពលទាំងកំលាំងកាយ និងកំលាំងចិត្តខ្លាំងនេះ យកចិត្តទុកដាក់បំផុត ទៅលើការធ្វើផែនការជំនួញអោយបានច្បាស់លាស់ មុននឹងចាប់ផ្តើមអាជីវកម្មរបស់ពួកគេ។ ចំពោះអ្នកសេដ្ឋកិច្ច នៅពេលមានអាជីវកម្មថ្មីច្រើនត្រូវបិទទៅវិញជាបន្តបន្ទាប់គ្នា បន្ទាប់ពីការដាក់សម្ពោធអោយដំណើរការនោះ វានឹងជះឥទ្ធិពលអាក្រក់ ឬថាជាសញ្ញាមិនល្អសំរាប់បរិយាកាសវិនិយោគនៅកម្ពុជាទៅវិញ៕
No comments:
Post a Comment