Tuesday, September 3, 2013

ស្រី​ៗ​អាច​នឹង​ត្រូវ​សង្សារ​ធ្វើ​អ្វី​ខ្លះ​ពេល​នាំ​ទៅ​កន្លែង​ស្ងាត់?

មុខ​ក្រាស់ ​ដៃ​រហ័ស ​ចិត្ត​ធ្ងន់​ គឺ​ជា​ទ្រឹស្ដី​របស់​បុរស​ខិលខូច​មួយ​ចំនួន ​ដែល​តែងតែ​អួត​ប្រាប់​គ្នា​ពី​រឿង​ទាក់ទង​ស្រី ​ហើយ​អូស​បន្លាយ​ទៅ​កន្លែង​ស្ងាត់​ទើប​ចាប់​ផ្ដើម​​លូកលាន់​ ​ឈាន​ទៅ​រក​ការ​រួម​ភេទ​ជាដើម ​ប៉ុន្តែ​ទ្រឹស្ដី​របស់​ពួកគេ​អាច​ប្រព្រឹត្ត​ទៅ​បាន​​តែ​នៅ​កន្លែង​ស្ងាត់​ ៗ​​ប៉ុណ្ណោះ។   ​តើ​​ដើម្បី​ការ​ពារ​ខ្លួន​ នារី​មិន​គួរ​ប្រថុយ​ទៅ​កន្លែង​ស្ងាត់​តាម​ការ​អូស​ទាញ​របស់​បុរស​នោះ​ទេ?
ខាង​ក្រោម​ជា​មតិ​របស់​យុវជន​ចំនួន​៤​នាក់​បាន​និយាយ​ថា នេះ​ជា​ធម្មជាតិ​របស់​បុរស ចំណែក​ឯ​នារី​វិញ​យល់ថា​​ បុរស​ខ្លះ​មាន​គំនិត​អាក្រក់​​តែ​ម្ដង ​។
​កញ្ញា សេក សៀកម៉ី និស្សិត​ឆ្នាំ​ទី​២ ជំនាញ​ធនាគារ និង​ហិរញ្ញវត្ថុ នៅ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា មនុស្ស​ស្រី​មិន​គួរ​ទៅ​កន្លែង​ស្ងាត់​ ព្រោះ​មនុស្ស​ប្រុស​​តែងតែ​ឆ្លៀត​ឱកាស​​គេង​ចំណេញ​ ហើយ​ប្រកែក​ល្មមៗ​ក៏​មិន​ចេញ​ដែរ ហើយ​បើ​បណ្ដោយ​នឹង​ធ្វើ​ឲ្យ​ខូច​​កិត្តិយស​មនុស្ស​ស្រី​ជាមិន​ខាន​។
សៀក​ម៉ី បាន​បន្ថែម​ថា៖ “មនុស្ស​ប្រុស៨០​ភាគរយ​គឺ​បែប​នេះ ​លូក​ប៉ះ​នេះ​​ប៉ះ​នោះ ប៉ុន្តែ​ជាមួយ​ខ្ញុំ​ គឺ​មិន​ហ៊ាន​ទេ បាន​ត្រឹម​កាន់​ដៃ​អី​បន្តិច​បន្តួច​ប៉ុណ្ណោះ ព្រោះ​ខ្ញុំ​មាន​ចរិតកាច​បន្តិច​ ស្រួល​មិន​ស្រួល​ត្រូវ​កំផ្លៀង​ខ្ញុំ​តែអីចឹង ដូច្នេះ​សង្សារ​ខ្ញុំ​មិន​សូវ​ហ៊ាន​ទេ”។
​កញ្ញា ទីទី អាណិកជន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​​ប្រហាក់ប្រហែល​កញ្ញា​ខាង​លើ​ដែរ​ថា ត្រឹម​ការ​ឱប​គ្នា​បង្ហាញ​ក្ដី​ស្រឡាញ់​នៅ​សហរដ្ឋ​អាមេរិក​ជា​រឿង​ធម្មតា​ ប៉ុណ្ណោះ ចំណែក​គូសង្សារ​ថើប​គ្នា​ជា​រឿង​ធម្មជាតិ ដែល​ជា​ចរិត​របស់​មនុស្ស​ប្រុស​៧០​ភាគរយ ដែល​តែងតែ​គិត​លូកនេះ​លូក​នោះ​។
ខ្មែរ​អាមេរិកកាំង​រូប​នេះ​បាន​​បន្ថែម​ថា៖ “ទោះ​នៅ​កាលៈទេសៈ​ណា​ក៏​ដោយ មនុស្ស​ស្រី​ជា​អ្នក​គ្រប់គ្រង​សភាពការណ៍​ ទោះ​គេ​មុខ​ក្រាស់​ប៉ុណ្ណា បើ​មនុស្ស​ស្រី​កុំ​បណ្ដោយ​ គេ​ក៏​មិន​ហ៊ាន​ធ្វើ​បន្ត​ទៀត​ដែរ ដូច្នេះ​កុំ​ទន់​ចិត្ត​ទៅ​ជា​ការ​ស្រេច​ គេ​មិន​ហ៊ាន​លូកលាន់​​យើង​ទេ”។
រីឯ​យុវជន គឹម តេប៉ង់ អាយុ​១៩​ឆ្នាំ សិស្ស​វិទ្យាល័យ​បឹងកេងកង បាន​ឲ្យ​ថា ជា​ធម្មជាតិ​របស់​​មនុស្ស​ប្រុស​ដែល​​ប៉ះពាល់​មនុស្ស​ស្រី ប៉ុន្តែ​ក៏​មាន​ប្រុស​ឆ្លៀត​ឱកាសគេង​ចំណេញ​​​អីចឹង​ដែរ។ យុវជន​រូប​នេះ​បាន​បន្ថែម​ថា៖ “ចំពោះ​ខ្ញុំ​វិញ ជាមួយ​សង្សារ​បាន​ត្រឹម​ប៉ះ​សាច់​គេ​បន្តិចបន្តួច​ ប៉ះ​ជ្រៅ​បន្តិច​បើ​គេ​ស្រែក​ត្រឹមណា ឈប់​ត្រឹម​នោះ ព្រោះ​មុខ​ខ្ញុំ​មិន​សូវ​ក្រាស់​ នឹង​ខ្លាច​គេ​ខឹង​”។
យុវជន បូរ៉ា អតីត​និស្សិត​នៅ​សាកលវិទ្យាល័យ​មួយ​​ បាន​ដឹង​ដែរ​ថា ជា​ធម្មតា​មនុស្ស​ស្រឡាញ់​គ្នា គឺ​យល់​ចិត្ត​គ្នា​រួម​សុខទុក្ខ​ជាមួយ​គ្នា​បាត់​គ្នា​មួយ​ថ្ងៃ​មិន​បាន​ឡើយ ​ ដូច្នេះ​មនុស្ស​ស្រី​មិន​មែន​មិន​ដឹង​នោះ​ទេ គេ​ហ៊ាន​​ទៅ​ជាមួយ​យើង​នៅ​កន្លែង​ស្ងាត់​មាន​ន័យ​ថា គេ​ក៏​ព្រម​ស្និទ្ធស្នាល​ជាមួយ​យើង​ ដូច្នេះ​បន្ទោស​តែ​ខាង​បុរស​ក៏​មិន​បាន​ដែរ។
ជាមួយ​គ្នា​ផង​ដែរ ​លោក​មេធាវី សុខ សំអឿន ក្រុម​អ្នក​ច្បាប់​កម្ពុជា បាន​ឲ្យ​ដឹង​ថា សកម្មភាព​ខាង​លើ​បើសិនជា​ ភាគី​ទាំងសងខាង​ព្រមព្រៀង​គ្នា មិន​ជា​បញ្ហា​ទេ ប៉ុន្តែ​ខាង​ស្រី​មិន​ព្រម​ហើយ​ ភាគី​ម្ខាង​ទៀត​នៅ​តែ​បង្ខំ យោង​តាម​ច្បាប់​ មាត្រា​២៤៦ នៃ​ក្រមព្រហ្មទណ្ឌ​ថ្មី ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ បទ​ប្រទូស​កេរខ្មាស ដែល​មាន​ទោស​ចាប់​ពី​១ ដល់​៣​ឆ្នាំ​ ហើយ​ពិន័យ​ជា​ប្រាក់​២​លាន​រៀល​​ទៅ​៦​លាន​រៀល។
ក្នុង​លក្ខខណ្ឌ​ ខាង​ស្រី​ជា​អនីតិជន មាន​អាយុ​ក្រោម​១៥​ឆ្នាំ​ ត្រូវ​ស្ថិត​ក្នុង​ច្បាប់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស មាត្រា​​៤៣ ពី​បទ​ប្រព្រឹត្ត​អំពើ​អាសលើ​អនីតិជន ដែល​មាន​ស្ថាន​ទម្ងន់​ទោស​ពី​២ ដល់​៥​ឆ្នាំ និង​ពិន័យ​​ជា​ប្រាក់​៤​ទៅ​១០​លាន​រៀល។

No comments: