ការទទួលមិត្តភក្តិ ( Accept as Friend)កាលពីអំឡុងឆ្នាំ ២០០៧ ខ្ញុំដឹងតែលេងៗៗ គ្រាន់តែជាការកម្សាន្តពេលទំនេរតែប៉ុណ្ណោះ។ Add Friend ថែមបន្តិចម្ដងៗ ទាំងមិនខ្វល់ថាជាអ្នកណាឡើយ និយាយរួមអោយតែស្រីស្អាតខ្ញុំ Accept ទាំង អស់ ហេហេហេ ក្បាលខូច៩។ តែបច្ចុប្បន្ននេះវិញខ្ញុំចាប់ផ្ដើមប្ដូរទម្លាប់របស់ខ្ញុំមួយ ចំនួនដូចជា ទទួលយកតែមិត្តភក្តិដែលសកម្មក្នុង Facebook ពិសេស បំផុតគឺអ្នកដែលមានចំណេះដឹងច្រើន ឬអ្នកខ្ពង់ខ្ពស់ជាងខ្ញុំ ដើម្បីអាចទទួលបទពិសោធន៍ពីពួកគេ ហើយជាជនជាតិខ្មែរ ដែលប្រើប្រាស់អក្សរខ្មែរ ទើបងាយស្រួលក្នុងបញ្ចេញមតិវោហារឆ្លើយឆ្លង។
ការសរសេរប្រធានបទ Wallpost ឬ ឆ្លើយឆ្លង Commentsចំណុចនេះហើយដែលជាហេតុធ្វើអោយយើងប្រើប្រាស់ Facebook ហើយវាជាចំណុចសំខាន់ដែរ! បច្ចុប្បន្ននេះខ្ញុំបានព្យាយាមស្វែងរកចំណេះដឹង ឬដំណោះស្រាយផ្សេងៗដែលខ្ញុំជួបប្រទះដោយតែង post ឬ Comment ឆ្លើយឆ្លងជាមួយមិត្តភក្តិដែលមានក្នុង Wallpost របស់ខ្ញុំ។ ពេលមានបញ្ហាឬចម្ងល់ផ្សេងៗ នោះខ្ញុំអាច post ដើម្បី ចែករំលែកដល់គេ ឬដើម្បីទទួលយកមតិពីពួកគេមកវិញ។ ខ្ញុំឃើញមានមនុស្សជាច្រើនពិសេសគឺយុវវ័យ ពួកគេពុំបានស្គាល់ច្បាស់អំពី អត្ថប្រយោជន៍របស់ Facebook ឡើយ ព្រោះគេច្រើនតែគិតថា Facebook ជាកន្លែង និយាយលេង ញែគ្នា ចែករូបថតគ្នាមើលប៉ុណ្ណោះ។ Friend របស់ខ្ញុំជាច្រើននាក់បាន post តែរឿងរ៉ាវស្នេហា អូនស្រលាញ់បង! បងស្រលាញ់អូន ប្លាប្លាប្លា ជាដើម។ល។ តាមធាតុពិត Facebook ក៏អាចអោយយើងចែករំលែកព័ត៌មានបានលឿននិងព្រឹត្តិការណ៍ផ្សេងៗគ្នាផងដែរ ដូចនេះបើសិនជាអ្នកមាន Friend ច្រើនក៏ល្អព្រោះថាអាចមើលឃើញពីគំនិតខ្លះ និងព័ត៌មានឬព្រឹត្តិការជាច្រើនដែលពួកគេបាន post ។
ចូលរួមក្នុងក្រុម (Facebook Group) អោយបានច្រើនការចូលក្រុមក៏ល្អណាស់ដែរ ទោះបីជាក្រុមនោះ អ្នកពេញចិត្តឬមិនពេញចិត្តក៏ដោយចុះ អោយតែជាក្រុមដែលនិយាយចំប្រធានបទត្រឹមត្រូវច្បាស់លាស់ដូចជា នយោបាយ សេដ្ឋកិច្ច កម្សាន្ត ក្រុមនិយាយកុំព្យូទ័រ ច្រើនៗទៀត! ហើយកុំទៅចូលរួមជាក្រុមឥតប្រយោជន៍ឧទាហរណ៍ឈ្មោះ ក្រុម ស្នេហពិត ក្រុម Supper man ក្រុម ខ្មោច ក្រុមព្រាយ ក្រុមប្រូ ក្រុមប្រែត អីជាដើម ហេហេហេ។ យើងត្រូវចូលរួមក្រុមណាមួយដែលយើងគិតថា អាចមើលការពិភាក្សាដែលមានប្រយោជន៍វិញល្អជាង ដើម្បីងាយស្រួលយកមកធ្វើជាបទពិសោធន៍ បង្កើនចំណេះដឹងផ្សេង។ ខ្ញុំសូមណែនាំអោយស្គាល់ក្រុមមួយចំនួនដែលគេតែងពិភាក្សាគ្នាឬ បង្ហាញព័ត៌មានគ្នា បានល្អៗមានដូចជា៖
- ក្រុមចែកគ្នានិយាយ I.T ដែលមានសមាជិកជិត ប្រហែលជា ៩០០នាក់ (គិតត្រឹមថ្ងៃ ០៧-០៧-២០១១) ពេលមានចម្ងល់ដែលទាក់ទងជាមួយ កុំព្យូទ័រនោះអាចចូលទៅសួរគេបាន ឬមើលលើប្រធានបទណាមួយដែលគេពិភាក្សាគ្នា។
- ក្រុមបណ្ដាញអ្នកចែករំលែក ដែលមានសមាជិកប្រហែលជា ១៤០០នាក់ (គិតត្រឹមថ្ងៃ ០៧-០៧-២០១១) ក្រុម នេះគេអាចនិយាយបានគ្រប់យ៉ាងមិនប្រកាន់បក្សពួក និន្នាការនយោបាយ ឬអាចសួរសំនួរ និងឆ្លើយឆ្លង ចែករំលែកបទពិសោធន៍ពីគ្នាផងដែរ។ ដូចនេះសាកគិតមើលបើយើងមានចម្ងល់យើងអាចសួរ តែ១សំនួរ នោះនឹងមានសមាជិកក្នុងក្រុមចំនួនជាង១ពាន់នាក់ នឹងចាំផ្ដល់ចម្លើយឬមតិផ្សេងអោយយើង ដូចនវតើវាល្អដែរទេ?
- Biggest Khmer Group, We need 1,000,000 ដែលជាក្រុមនិយាយអំពីនយោបាយ ខ្ញុំសង្កេតឃើញថាក្រុមនេះសំបូរអ្នកមានចំណេះដឹងខាងនយោបាយណាស់ ហើយក៏មានសកម្មជនបក្សនយោបាយច្រើនផងដែរ ដូចនេះយើងអាចតាមដានអានលើព្រឹត្តិការណ៍ផ្សេងៗដែលពួកគេ ពិភាក្សាគ្នា ដើម្បីអោយយើងបានយល់ដឹងបន្ថែម ប៉ុន្តែបើយើងមិនចូលចិត្តនិយាយរឿងនយោបាយទេ យើងអាចត្រឹមមើលគេនិយាយគ្នាបានហើយ តែមិនបាច់ឆ្លើយឆ្លងក៏បានដែរ។
ចាប់ផ្ដើមប្រើប្រាស់គណនី Facebook ជាភាសាខ្មែរ
បណ្ដាញ សង្គមទូទាំងពិភពលោកគឺមានរាប់រយឯណោះ ប៉ុន្តែសម្រាប់ប្រទេសខ្មែរវិញ មានមនុស្សប្រើប្រាស់តែបណ្ដាញល្បីៗមួយចំនួនប៉ុណ្ណោះ ដូចជា Myspace, Facebook, Hi5 ឬ Tagged ជាដើម។ក្នុងផងដែរខ្ញុំសង្កេតឃើញថា សម្រាប់យុវវ័យបច្ចុប្បន្នចាប់អារម្មណ៍ទៅលើ Facebook ជាងគេ រីឯបណ្ដាញសង្គម Hi5 វិញក៏មានច្រើនគួរសមដែរ ជាងនេះទៅទៀត កាលពីអំឡុងឆ្នាំ ២០០៨ និង ២០០៩ ខ្ញុំរួមទាំងសមាជិកជនជាតិខ្មែររាប់រយនាក់នាំគ្នាប្រឹងប្រែង ធ្វើការបកប្រែស្ម័គ្រចិត្តទំព័រ Hi5 ជាភាសាខ្មែរបាន ១០០។
លុះបច្ចុប្បន្ននេះយើងឃើញថា ទំព័រ Facebook ក៏កំពុងតែរីកលូតលាស់នូវភាសាខ្មែរផងដែរ។ ក្រុមអ្នកស្ម័គ្រចិត្តបកប្រែអក្សរខ្មែរក្នុងទំព័រ Facebook នេះត្រូវបានផ្ដល់សិទ្ធកាលពីប៉ុន្មានឆ្នាំមុនម្លេះ ខ្ញុំក៏ធ្លាប់បានចូលទៅជួយបកប្រែបានតិចតួច លុះក្រោយមកដោយសាររវល់ ក៏មិនបានជួយការងារនេះទៀតឡើយ ទោះជាបែបនេះក្ដី ខ្ញុំសង្កេតឃើញថា បងប្អូនខ្មែរ ទាំងក្នុង និងក្រៅស្រុក បានព្យាយាមរហូតទាល់តែអក្សរខ្មែរអាចប្រើប្រាស់បាន ៩៥% សម្រាប់គណនីទាំងមូល (Interface)។
ចាប់ពីពេលនេះតទៅខ្ញុំនឹងប្រើប្រាស់ភាសាខ្មែរសម្រាប់ផ្ទាំង Profile របស់ខ្ញុំហើយ។
ហើយបើសិនជាបងប្អូនគិតថាចង់ជួយបន្ថែម ដើម្បីការរីកលូតលាស់នៃអក្សរខ្មែរ ក៏ដូចជាជួយសម្រួលដល់ពាក្យពេជន៍មួយចំនួនទៀត នោះសូមចូលទៅកាន់ http://facebook.com/translations ។ យើងជាខ្មែរត្រូវរួបរួមគ្នាដើម្បីអក្សរខ្មែរ។
No comments:
Post a Comment