នេះជាសំណួរដ៏ពិបាកមួយមែនទេ? មនុស្សគ្រប់គ្នា សុទ្ធតែមានក្ដីស្រមៃអនាគតរបស់ខ្លួន ហើយបើអ្នកចេះរៀបចំគម្រោងអនាគតរបស់អ្នក បានត្រឹមត្រូវ អ្នកអាចនឹងដើរទៅកាន់ឬខិតកាន់តែកៀក នឹងគោលដៅនោះ ជាងមនុស្សធម្មតា។ អីចឹង..ចាំមើលគន្លឹះរបស់ Sabay ទាំង៥ចំណុចមើលមើល៎ តើអាចជួយកែខៃជីវិតអ្នកបានដែរទេ?
១. កំណត់គោលដៅដែលអ្នកអាចធ្វើបាន
ចាប់ផ្ដើមពីគម្រោងខ្លីៗដំបូង។ សរសេរគម្រោងការ ដែលអ្នកអាចសម្រេចក្នុងរយៈពេល៦ខែ ក្រោយពេលសម្រេចហើយ ចាប់ផ្ដើមធ្វើគម្រោងផ្សេងទៀត ដែលអ្នកត្រូវធ្វើ។ អ្នកអាចសរសេរគម្រោងធំរយៈពេល១០ឆ្នាំរបស់អ្នកនិងចាប់ផ្ដើមធ្វើគម្រោងតូចៗពីឥឡូវ ដែលអាចជួយសម្រេចគម្រោងធំនៅពេលខាងមុខបាន។

២. រៀបគម្រោងហិរញ្ញវត្ថុអនាគត
សាកល្បងគិតរាល់ការចំណាយនិងចំណូលបច្ចុប្បន្នរបស់អ្នក គួរកាត់ចោលការចំណាយណាដែលឥតប្រយោជន៍និងខ្ជះខ្ជាយ។ ប្រសិន បើអ្នកកំពុងខ្ចីបុលពីធនាគារឬអ្នកចងការប្រាក់នានា ត្រូវព្យាយាម រិះរកវិធីដោះបុលទាំងនោះ ឲ្យបានឆាប់តាមអាចធ្វើបាន ព្រោះលុយទាំងនោះ ជាលុយដុះកន្ទុយដែលអាចរឹតកសម្លាប់អ្នកគ្រប់ពេល។
៣. ចាប់ផ្ដើមសន្សំពីឥលូវ ដើម្បីបង្ការហានិភ័យ ឬ គ្រោះចៃដន្យណាមួយ
ប្រសិនបើអ្នកមិនសន្សំ នោះទេ ប្រៀបដូចជាអ្នករស់ដើម្បីរស់អីចឹង។ ផ្ទុយទៅវិញ បើអ្នកមានគណនីច្បាស់លាស់សម្រាប់ខ្លួននោះ អ្នកនឹងមានអារម្មណ៍ថា មានសុវត្ថិភាព ក៏ដូចជាក្ដីសង្ឃឹមសម្រាប់ខ្លួនឯងដែរ។

៤. ស្វែងរកការងារពីពេលនេះ
ប្រសិនបើអ្នកកំពុងរកការងារធ្វើ ឬចង់ឡើងឋានៈ អ្នកត្រូវរៀបគម្រោងផែនការសកម្មភាពដែលអាចជួយអ្នកទៅដល់គោលដៅដូចជា ត្រូវរៀនបន្ថែមដើម្បីបានសញ្ញាប័ត្រសម្រាប់បំពេញការងារនោះ ឬព្យាយាមបង្ហាញពីសមត្ថភាពដល់ប្រធាន និងមិត្តរួមការងាររបស់អ្នក។
៥. គិតពីសុខភាព
សុខភាពជារឿងសំខាន់បំផុតសម្រាប់ជីវិត ប្រសិនបើអ្នកមានលុយ ប៉ុន្តែសុខភាពរបស់អ្នកទ្រុឌទ្រោមនោះ ជីវិតអ្នកក៏គ្មានក្ដីសុខដែរ។ ប្រសិនបើ អ្នកកំពុងធាត់ខ្លាំង ឬស្គមខ្លាំង ឬកំពុងប្រឈមនឹងបញ្ហាសុខភាពណាមួយ ត្រូវរៀបចំគម្រោងឬសកម្មភាពនានា ដែលអាចកែលម្អឡើងវិញ ដូចជាការធ្វើលំហាត់ប្រាណ និងញ៉ាំអាហារដែលមានតុល្យភាពជាដើម។

បើមិនទាន់មានគោលដៅច្បាស់លាស់សម្រាប់អនាគតអ្នកទេ ម៉េចមិនចាប់ផ្ដើមទៅ!
No comments:
Post a Comment