ចង់​ដឹង​ឬ​ អត់​ថា ​ម៉េច​បាន​ជា​នារី​មិន​ចាប់​អារម្មណ៍​អ្នក? បើ​ចង់​ដឹង​​​ ដំបូង​ត្រូវ​ស្វែង​យល់​ពី​អ្វី​​ដែល​​នារីៗ​ចង់​បាន​ពី​បុរស​ជា​មុន​សិន។ អីចឹង សូម​​អាន​​ចំណុច​ ១០ ​យ៉ាង​ដែល​នារី​​ចង់​បាន​ពី​បុរស​ខាងក្រោម។
១. ​បុរស​ដែល​គោរព​នាង
នេះ​អាច​ចាត់​ទុក​ជា​រឿង​ងាយ​ស្រួល​ធ្វើ ​ប៉ុន្តែ​អ្នក​ប្រាកដ​ទេ​ថា ​អាច​ធ្វើ​បាន? ​មនុស្ស​ប្រុស​មួយ​ចំនួន​តែង​គិត​ថា ​ខ្លួន​ឯង​ខ្លាំង​គ្រប់​យ៉ាង ​​ហើយ​មនុស្ស​ស្រី​គឺ​អន់​ជាង​ខ្លួន​ជានិច្ច។ ​​បើ​អ្នក​គិត​បែប​នេះ​ទៅ​ហើយ ​តើ​អ្នក​អាច​គោរព​នាង​ម៉េច​នឹង​កើត​ទៅ? ​ដើម្បី​ឲ្យ​ខ្លួន​អ្នក​អាច​គោរព​នាង​បាន ​លុះ​ត្រា​អ្នក​គិត​ថា ​នាង​មាន​អ្វី​ពិសេស​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង​ដែល​អ្នក​គ្មាន។ ​​បើ​អ្នក​ចេះ​គោរព​នាង​ ​នាង​នឹង​គោរព​ស្រឡាញ់​អ្នក​វិញ​កាន់​តែ​ច្រើន​ជាង​មុន​ដែរ។
២. ​បុរស​ដែល​ស្រឡាញ់​នាង​ពិត
​អ្នក​អាច​ទិញ​កាដូ​ថ្លៃៗ​ឲ្យ​នាង ​នាំ​នាង​ទៅ​ញ៉ាំ​អាហារ​នៅ​ភោជនីយដ្ឋាន​ប្រណីតៗ​ ​តែ​​សកម្មភាព​ទាំង​នោះ​មិន​មែន​មាន​ន័យ​ថា ​អ្នក​ស្រឡាញ់​នាង​ពិត​នោះ​ទេ។ ​​ក្ដី​ស្រឡាញ់​ពិត​គឺ ​​ការ​ចែក​រំលែក​ ​ការ​ឈឺឆ្អាល​  ការ​បង្ហាញ​នាង​តាម​រយៈ​​​សកម្មភាព​តូចៗ​ប្រចាំ​ថ្ងៃ​។​ ក្រោយ​​ត្រឡប់​ពី​ការងារ​វិញ ​តើ​អ្នក​មាន​ធ្លាប់​គិត​ទុក​មុន​ថា​ ត្រៀម​ពេល​សម្រាប់​និយាយ​ជាមួយ​នាង ​ឬ​ដើរ​លេង​ជាមួយ​នាង​ដែរ​ឬ​ទេ? ​បើ​អ្នក​ស្រឡាញ់​នាង​មែន ​មិន​ថា អ្នក​រវល់​យ៉ាង​ណា​ ក៏​អ្នក​អាច​រំលែក​ពេលវេលា​បាន​ជានិច្ច​ បើ​ទោះ​ជា​ពេល​វេលា​នោះ​រាង​ខ្លី​បន្តិច​ក៏​ដោយ។
៣. បុរស​ដែល​អាច​ការពារ​នាង
​នារី​គ្រប់​រូប​តែង​ចង់​ទទួល​បាន​អារម្មណ៍​ថា​​ ខ្លួន​កំពុង​ទទួល​បាន​ការ​ការពារ ​និង​យក​ចិត្ត​ទុកដាក់​ មិន​ចំពោះ​ថា ​នាង​ជា​នារី​ដែល​តែង​និយាយ​ថា ​ខ្លួន​ជា​មនុស្ស​រឹងប៉ឹង​យ៉ាង​ណា​នោះ​ទេ។ ​ដូច្នេះ​ ត្រូវ​ចំណាយ​ពេល​នៅ​ក្បែរ​នាង​ លួងលោម​នាង​ពេល​នាង​ជួប​បញ្ហា​ចាក់ស្រេះ​មិន​អាច​ដោះស្រាយ​បាន។
៤. បុរស​ដែល​គួរ​ឲ្យ​កោត​សរសើរ
​​​​​​​ជា​បុរស​ដែល​គួរ​ឲ្យ​កោត​សរសើរ​មិន​សំដៅ​ថា ​អ្នក​ត្រូវ​ធ្វើ​រឿង​ដ៏​អស្ចារ្យ​ដូចជា ​ធ្វើ​ជា​អ្នក​ជំនួញ​ល្បីល្បាញ​​​ ធ្វើ​ជា​តារា​ល្បី​ឈ្មោះ ​ឬ​ទាល់​តែ​ទទួល​ពាន់​រង្វាន់​អ្វី​នោះ​ទេ។ ​តែ​អ្នក​គ្រាន់​តែ​បង្ហាញ​ដល់​នាង​ថា ​អ្នក​ជា​មនុស្ស​ដែល​ចេះ​និយាយ​សន្ទនា​គួរ​ឲ្យ​ចង់​និយាយ​ជាមួយ​ ចេះ​ជំនាញ​មួយ​ច្បាស់លាស់​ខុស​ប្លែក​ពី​គេ​ដែល​មាន​អត្ថប្រយោជន៍​ក្នុង​ ជីវិត​គឺ​ គ្រប់គ្រាន់​ហើយ។ ​នៅ​ពេល​ដែល​នាង​កោត​សរសើរ​អ្នក​លើ​រឿង​អ្វី​មួយ​ នោះ​នាង​នឹង​មើល​អ្នក​កាន់​តែ​វិជ្ជមាន​ជាង​មុន។
៥. បុរស​ដែល​មាន​ចំណង់​ធ្វើអ្វី​មួយ​ដែល​មាន​អត្ថប្រយោជន៍
​​​ចំណង់​របស់​បុរស​ដូច​ជា​ ការងារ​ចម្លាក់ ​​គំនូរ ​ការ​និពន្ធ​​​ ឬ​ច្រៀង​ជាដើម​អាច​ជា​ចំណុច​អាថ៌កំបាំង​ដែល​អាច​ទាក់​ចិត្ត​នារី​បាន។
៦. បុរស​ដែល​អាច​ជឿ​ទុកចិត្ត ​និង​ពឹង​ផ្អែក​បាន
​​ចំណុច​មួយ​ដែល​នារី​សម្លឹង​ខ្លាំង​មក​លើ ​បុរស​គឺ ​ត្រង់​ថា ​បុរស​ដែល​នាង​ស្រឡាញ់​អាច​ជឿជាក់​បាន​ និង​ពឹង​ផ្អែក​បាន​ឬ​ទេ? ​បុរស​ដែល​ពឹង​ពាក់​បាន​មិន​សំដៅ​ទៅ​លើ​ផ្នែក​ហិរញ្ញវត្ថុ​តែ​ម៉្យាង​នោះ​​ ទេ ​តែ​គេ​ជា​មនុស្ស​ដែល​យល់​ទុក្ខ​ធុរៈ​មិត្ត​ស្រី​ ឬ​ភរិយា ​ចេះ​ផ្ដល់​មុខ​មាត់​ដល់​នាង​នៅ​ចំពោះ​មុខ​គេ​ឯង ​និង​ចេះ​ជួយ​ការងារ​ផ្ទះ​មួយ​ចំនួន​នៅ​ពេល​នាង​មិន​ស្រួល​ខ្លួន ​ឬ​រវល់​ខ្លាំង។ ​បុរស​ដែល​នាង​អាច​ពឹង​ផ្អែក​បាន​គឺ ​ជា​បុរស​ដែល​ចំណាយ​ពេល​ជាមួយ​នាង​ពេល​នាង​ត្រូវការ។
​៧. ​បុរស​ដែល​ចេះ​គួរ​សម
​បុរស​មួយ​ចំនួន​យល់​ថា ​មនុស្ស​ប្រុស​ដែល​ឱន​លំទោន​ច្រើន​ពេក​​​ប្រៀប​ដូច​ខ្ទើយ​អញ្ចឹង។ ​​ប៉ុន្តែ​គេ​មិន​បាន​គិត​ថា ​នារី​គិត​ថា ​បុរស​ដែល​ចេះ​គោរព​នារី​គឺ​ជា​មនុស្ស​ដ៏​គួរ​ឲ្យ​​ចង់​ប្រាស្រ័យ​ទាក់ទង​ និង​មាន​សីលធម៌​គួរ​ឲ្យ​គោរព។
៨. ​បុរស​ដែល​ចេះ​រៀបចំ​ខ្លួន
​គ្រប់​បុរស​តែង​ចង់​បាន​នារី​ដែល​ខ្លួន​ស្រឡាញ់​មាន​ចំណេះ​ដឹង​ខ្ពស់ ​អាកប្បកិរិយា​ល្អ ​ពិសេស​គឺ​រូបសម្បត្តិ​ស្រស់​សោភា​តែ​ម្ដង។ ​នារី​ក៏​ដូច​គ្នា​ដែរ ​ក៏​មិន​ចង់​ដើរ​ទៅ​ណា​មក​ណា​ឮ​គេ​និយាយ​ថា “​​​ស្អាត​ប៉ុណ្ណឹង​ដែរ​ សង្សារ​មុខ​ឡើង​យ៉ាប់!”។ ​ដូច្នេះ​អ្នក​ត្រូវ​ចេះ​រៀបចំ​ខ្លួន។ ​បើ​ធាត់​ខ្លាំង​​ខំ​ប្រឹង​ហាត់ប្រាណ​សម្រក​ទម្ងន់​ឲ្យ​បាន​សម​ល្មម។ ​​ជ្រើសរើស​សំលៀកបំពាក់​ដែល​សក្ដិសម​ និង​កែខៃ​រូបរាង​ខាង​ក្រៅ​ឲ្យ​ចូល​ចុះ​ចំណោម​គេ។
​​​​​៩. ​បុរស​ដែល​មាន​ក្ដី​ស្រមៃ
​ពេល​នៅ​ជាមួយ​គ្នា​ នារី​មួយ​ចំនួន​ចង់​ស្ដាប់​បុរស​និយាយ​ពី​ក្ដី​ស្រមៃ​ដ៏​លន្លង់លន្លោច​ រ៉ូមែនទិក​​ប្រាប់​ដល់​នាង។ ​បើ​ទោះ​ជា​ ការពិត​ហាក់​នៅ​ឆ្ងាយ​ពី​ខ្លួន​បន្តិច​ក្ដី តែ​ការ​រៀបរាប់​របស់​បុរស​ដែល​ខ្លួន​ស្រឡាញ់​អាច​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍ ​រីករាយ​បាន​មួយ​ពេល​ដែរ។
១០. ​បុរស​ដែល​មាន​មហិច្ឆតា
​បុរស​ដែល​ពោរពេញ​ដោយ​មហិច្ឆតា​នៅ​ត្រង់​នេះ​មិន​សំដៅ​លើ​បុរស​ដែល​ប្រាប់​ នារី​ពី​អ្វី​ដែល​ខ្លួន​ចង់​បាន​តែ​ម៉្យាង​​នោះ​ទេ ​តែ​ជា​បុរស​ដែល​ព្យាយាម​ធ្វើ​គ្រប់បែប​យ៉ាង​បង្ហាញ​នាង​ថា ​គេ​ពិត​ជា​ចង់​សម្រេច​មហិច្ឆតា​ទាំង​នោះ​មែន។
បើ​អីចឹង​ ចាំ​អង្កាល់​ទៀត! ​ព្យាយាម​ផ្លាស់ប្ដូរ​ខ្លួន​អ្នក​ឲ្យ​បាន​ប្រសើរ​ជា​ង​មុន​ពី​ថ្ងៃ​នេះ​ត​ទៅ៕