នេះ​ជា​រដូវ​កាល​មួយ​ ដែល​យុវវ័យ​កំពុង​ត្រៀម​ខ្លួន​ចូល​មហាវិទ្យាល័យ​ដើម្បី​បន្ត​ក្ដី​ស្រម៉ៃ​ ក្លាយ​ជា​បញ្ញវន្ត​ និង​ជា​ធនធាន​មនុស្ស​សម្រាប់​ប្រទេស​ជាតិ។ ក្នុង​នោះ ប្រធានបទ​ដែល​យុវវ័យ​កំពុង​តែ​ជជែក​ ពិភាក្សា​​ពី​មាត់​មួយ​ទៅ​មាត់​មួយ​នោះ​គឺ​ថា ​តើ​ពួក​គេ​គួរ​រៀន​ជំនាញ​អ្វី។ ដោយសារ​តែ​ការ​ជ្រើសរើស​ជំនាញ​​ ​គឺ​ជា​កត្តា​សំខាន់​បំផុត​ក្នុង​កំណត់​អនាគត​របស់​​យុវវ័យ លោក សុង សុខសាន្ត អនុប្រធាន​ការិយាល័យ​​ចុះ​ឈ្មោះ​ចូលរៀន​នៃ​នាយកដ្ឋាន​ឧត្ដម​សិក្សា ក៏​បាន​ចូលរួម​ចែករំលែក​បទ​ពិសោធន៍​មួយ​ចំនួន​ទុក​ជា​ទុន​ថ្លឹងថ្លែង​ក្នុង​ ការ​ចាប់​យក​ជំនាញ​ដ៏​ត្រឹមត្រូវ​មួយ។
Sabay៖ តើ​លោក ​សង្កេត​ឃើញ​ថា និស្សិត​មាន​ការ​ប្រុងប្រយ័ត្ន​កម្រិត​ណា​ ក្នុង​ការ​ជ្រើសរើស​មុខជំនាញ​សិក្សា​ថ្នាក់​ឧត្ដម​សិក្សា​នេះ​ចា៎?
លោក សុង សុខសាន្ត៖
បាទ! បើ​តាម​ខ្ញុំ​សង្កេត​នោះ ​ភាគ​ច្រើន​ពួក​គាត់​អត់​ទាន់ច្បាស់​ខ្លួន​ឯង ​គឺ​អត់​ទាន់​បាន​កំណត់​គោលដៅ​សម្រាប់​ខ្លួន​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ។ ភាគ​ច្រើន ​ពួក​គាត់​ច្រើន​តែ​ សម្លឹង​មើល​ទីផ្សារ​ការងារ​បច្ចុប្បន្ន  ហើយ​ច្រើន​បំផុត​គឺ​ជ្រើសរើស​សាលានិង​ជំនាញ​តាម​គ្នា​តែ​ម្ដង។
Sabay៖ តើ​មាន​រូបភាព​អ្វី​ខ្លះ​ទៀត ក្រៅ​ពី​ការ​ជ្រើសរើស​តាម​គ្នា​ហ្នឹង​ទៅ​ចា៎?
លោក សុង សុខសាន្ត៖មាន​អ្នក​ខ្លះ ​ជ្រើសរើស​ជំនាញ​តាម​មិត្តភ័ក្ដិ​របស់​ខ្លួន មាន​អ្នក​ខ្លះ​ជ្រើសរើស​ជំនាញ​មិន​ចំ​អ្វី​ដែល​ជា​ចំណង់ចំណូលចិត្ត​របស់​ ខ្លួន និង​ជ្រើសរើស​មិន​ចំ​សមត្ថភាព ​ដែល​ខ្ញុំ​សំដៅ​លើ​ចំណេះដឹង​ជា​មូលដ្ឋាន​របស់​​ពួក​គាត់។
Sabay៖ លោក​អាច​បញ្ជាក់​ ពី​ផល​ប៉ះពាល់​នៃ​ការ​ជ្រើសរើស​ជំនាញ​ខុស​នេះ​ ថា​តើ​ ប៉ះពាល់​យ៉ាង​ដូច​ម្ដេច​ខ្លះ​ចំពោះ​ពួក​គាត់​ទៅ​ចា៎?
លោក សុង សុខសាន្ត៖យើង​ដឹង​ហើយ​ កាល​ណា​គាត់​ជ្រើសរើស​ជំនាញ​ខុស វា​អាច​ឲ្យ​គាត់​ធ្វើ​ការ​ ឬ​ជ្រើសរើស​មុខរបរ​ក៏​ខុស​ទៅ​តាម​នោះ​ដែរ។ យើង​អាច​វិភាគ​បែប​នេះ ប្រសិន​បើ​គាត់​រៀន​មុខ​ជំនាញ​ ដែល​មិន​ត្រូវ​ចំណង់ចំណូល​​​ចិត្ត​ ដល់​ពេល​ទៅ​ធ្វើ​ការ ​ក៏​មិន​ត្រូវ​នឹង​ចំណូល​ចិត្ត ហើយ​មាន​និស្សិត​ខ្លះ​ពេល​បញ្ចប់​មុខ​ជំនាញ “ក” តែ​ដល់​ពេល​គាត់​ស្វែងរក​ការងារ​បែរ​ជា​ទៅ​ធ្វើ​ក្នុង​ផ្នែក​ជំនាញ “ខ” ទៅ​វិញ ដែល​នេះ ​បណ្ដាល​មក​ពី​ចំណង់ចំណូលចិត្ត​គាត់​គឺ​ជំនាញ​ “​ខ” ឬ​ក៏​ដោយសារ​ជំនាញ​ “ក” នោះ​មិន​មាន​ទី​ផ្សារ​ការងារ។ ទាក់ទង​នឹង​ការ​ជ្រើសរើស​ជំនាញ ប្រសិន​បើ និស្សិត​ជ្រើសរើស​ជំនាញ​តាម​គ្នា ដោយ​មិន​បាន​គិត​ហ្មត់ចត់​ពី​សមត្ថភាព​របស់​ខ្លួន នោះ​ក៏​គាត់​មិន​អាច​ចាប់​យក​ជំនាញ​នោះ​បាន​១០០%​ដែរ។ ខ្ញុំ​ឧទាហរណ៍ បើ​គាត់​ពូកែ​ខាង​ផ្នែក​សង្គម ប្រវត្តិសាស្ត្រ​ជាដើម ហើយ​គាត់​ទៅ​រៀន​ពេទ្យ​ ជាមួយ​មិត្តភ័ក្ដិ ឬ​ក៏​ចង់​ក្លាយ​ជា​វេជ្ជបណ្ឌិត អា​ហ្នឹង ក៏​អាច​ឲ្យ​គាត់​មិន​ជោគជ័យ​ក្នុង​ការ​សិក្សា​ដែរ​ ដែល​កត្តា​នេះ មាន​និស្សិត​ខ្លះ បោះបង់​ចោល​ការ​សិក្សា ឬ​មាន​និស្សិត​ខ្លះ​រៀន​ចប់ ក៏​មិន​មាន​សមត្ថភាព​ស្វែងរក​ការងារ​ធ្វើ។ ខ្ញុំ​ចង់​បញ្ជាក់​ផង​ដែរ​ថា ការ​ជ្រើសរើស​ជំនាញ​តាម​គ្នា​ មិន​ច្បាស់លាស់​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​និស្សិត​ពិបាក​រក​ការងារ​ធ្វើ យើង​មើល​មាន​ជំនាញ​មួយ​ចំនួន ចេញ​មក​គរ និស្សិត​ប្រជែង​គ្នា​ក្នុង​ទីផ្សារ​ការងារ។
Sabay៖ ចា៎ ឃើញ​ថា​ការ​លើកឡើង​ពាក់ព័ន្ធ​នឹង​ផល​វិបាក​ក្នុង​ការ​ជ្រើស​ជំនាញ​ខុស​នេះ​ ជា​រឿង​គួរ​បារម្ភ​សម្រាប់​និស្សិត ហើយ​ខ្ញុំ​ជឿ​ថា​ មាន​និស្សិត​មិន​តិច​ទេ​ដែល​ចង់​ដឹង​ថា​ ដើម្បី​ជ្រើស​ជំនាញ​មួយ​ឲ្យ​បាន​ត្រឹមត្រូវ ត្រូវ​ពិចារណា​ចំណុច​គោល​អ្វី​ខ្លះ​នោះ។ សូម​លោក គូស​បញ្ជាក់ផង?
លោក សុង សុខសាន្ត៖បាទ! ខ្ញុំ​ចង់​ចែករំលែក​ផង​ដែរ ត្រង់​ចំណុច​នេះ។ ពាក្យ​ថា “​ជំនាញ​ត្រឹម​ត្រូវ” មានន័យ​ថា​សម​ស្រប​មួយ ជា​ជំនាញ​ដែល​អ្នក​ចូលចិត្ត (ត្រូវ​នឹង​និស្ស័យ​របស់​ខ្លួន) ព្រោះ​មនុស្ស​ម្នាក់​មាន​ចំណង់ចំណូលចិត្ត​មិន​ដូច​គ្នា​ទាំង​អស់​ទេ ហើយ​ជំនាញ​ត្រូវ​ជា​ជំនាញ​ដែល​ត្រូវ​នឹង​សមត្ថភាព ដែល​យើង​ហៅ​ថា​ចំណេះដឹង​មូលដ្ឋាន ព្រោះ​កាល​ណា​ យើង​មាន​ចំណេះ​ដឹង​ក្នុង​ផ្នែក​នោះ​ច្រើន ធ្វើ​ឲ្យ​ងាយ​ស្រួល​ក្នុង​ការ​ចាប់​យក​បន្ថែម ​ដែល​អាច​ធ្វើ​ឲ្យ​ការ​សិក្សា​របស់​គាត់​ល្អ​ប្រសើរ។ ដូច​នេះ ​មុន​ពេល​គាត់​ជ្រើស​យក​ជំនាញ​មួយ ជា​​ដំបូង​ខ្ញុំ​ចង់​ឲ្យ​និស្សិត​សិក្សា​ពី​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់ ថា ខ្លួន​មាន​លទ្ធភាព​ទេ? ខ្លួន​មាន​អ្វី​ជា​មូលដ្ឋាន? ខ្លួន​ពូកែ​ខាង​អ្វី? ខ្លួន​ចង់​បាន​អ្វី​? ហើយ​បន្ទាប់​មក​ និស្សិត​ត្រូវ​សិក្សា​វិភាគ​ទៅ​លើ​កត្តា​មួយ​ចំនួន​ទៀត​ ដូច​ជា ការ​រំពឹង​ទៅ​លើ​ទីផ្សារ​ការងារ​នៃ​មុខ​ជំនាញ​នោះ តើ​ពេល​រៀន​ចប់​អាច​មាន​ទីផ្សារ​ល្អ​ទេ? តើ​ស្ថាប័ន​ណា​ខ្លះ​ដែល​ត្រូវការ​មុខ​ជំនាញ​នេះ? តើ​យើង​ចេះ​អ្វី​ខ្លះ? អាច​ធ្វើ​អ្វី​បាន​ខ្លះ​បន្ទាប់​ពី​រៀន​ចប់? តើ​គ្រឹះស្ថាន​សិក្សា​ណា​មួយ​ដែល​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ជំនាញ​នេះ​ល្អ?
Sabay ៖ នៅ​តែ​មាន​និស្សិត​ខ្លះ មិន​ទាន់​ច្បាស់​ ថាតើ​ចំណេះដឹង​មូលដ្ឋាន​គាត់​អាច​ត្រូវ​នឹង​ជំនាញ​អ្វី​ខ្លះ។ តើ​លោក​អាច​ពន្យល់​ និង​លើក​ជា​ឧទាហរណ៍​មក​បញ្ជាក់​ផង​ចា៎?
លោក សុង សុខសាន្ត៖ជា​ការ​ពិត​ណាស់ ខ្ញុំ​ទទួល​ស្គាល់​ត្រង់​ចំណុច​នេះ។ កន្លង​មក​ខាង​នាយកដ្ឋាន​ឧត្ដម​សិក្សា ក៏​ដូច​ជា​ក្រសួង​បាន​យក​ចិត្ត​ទុក​ដាក់​ត្រង់​ចំណុច​នេះ​ណាស់ ដោយ​បាន​ណែនាំ និង​ផ្សព្វផ្សាយ​ទៅ​តាម​មន្ទីរ​អប់រំ សាលារៀន តាម​បណ្ដាញ​ផ្សព្វផ្សាយ ធ្វើ​យ៉ាង​ណា​ឲ្យ​ផ្ទេរ​ព័ត៌មាន​ និង​ណែនាំ​ឲ្យ​បាន​ទូលំទូលាយ​ដល់​យុវជន ក្នុង​ការ​ជ្រើសរើស​ជំនាញ​នៅ​ពេល​ពួកគាត់​បំពេញ​ពាក្យ​សុំ​អាហារូបករណ៍។ លើស​ពី​នោះ យើង​មាន​សៀវភៅ​មគ្គទេសក៍ មួយ​ ដែល​ចេញ​ពី​នាយកដ្ឋាន​​ឧត្តមសិក្សា ណែនាំ​ពី​ការ​ជ្រើសរើស​គ្រឹះស្ថាន​សិក្សា និង​ជំនាញ​។ និស្សិត​ក៏​អាច​ស្វែងរក​ការ​ប្រឹក្សា​​បញ្ហា​នេះ ពី​មិត្តភ័ក្ដិ បងប្អូន សិស្ស​ច្បង គ្រួសារ សាស្ត្រាចារ្យ ឬ​នៅ​តាម​គ្រឹះស្ថាន​សិក្សា​នានា​ក៏​បាន។ ជាទូទៅ​ ចំណេះដឹង​ដែល​យើង​មាន​អាច​ត្រូវ​ច្រើន​ជំនាញ ដែល​នាំ​ឲ្យ​គាត់​ពិបាក​ជ្រើសរើស​ក៏​មាន តែ​ទោះជា​យ៉ាង​ណា​ ដូច​ខ្ញុំ​បាន​បញ្ជាក់​ខាង​ដើម​អីចឹង គឺ​ច្បាស់​ថា​ខ្លួន​មាន​គោលដៅ​អ្វី? ចង់​ធ្វើ​អ្វី? នោះ​យើង​អាច​សម្រេច​ជ្រើសរើស​បាន។ ខ្ញុំ​សូម​លើក​ឧទាហរណ៍​ជាក់​ស្ដែង បើ​សិន​ជា​ គាត់​ពូកែ​គណិតវិទ្យា និង​រូបវិទ្យា គាត់​អាច​ចូល​រៀន​ផ្នែក​រូបវិទ្យា ឬ​គណិតវិទ្យា ឬ​ក៏​ទៅ​រៀន​ផ្នែក​សំណង់ស៊ិវិល​ជា​ដើម ហើយ​ប្រសិន​បើ​គាត់​គ្មាន​ចំណេះដឹង​ខាង​គីមីវិទ្យា និង​ជីវវិទ្យា គាត់​មិន​អាច​ទៅ​រៀន​ផ្នែក​វេជ្ជសាស្ត្រ ឬ​ពេទ្យ​បាន​ទេ។ បាទ​! អ្វី​ដែល​ខ្ញុំ​បាន​លើកឡើង​ទាំង​អស់​មាន​នៅ​ក្នុង​សៀវភៅ​ដែល​ខ្ញុំ​និយាយ​ ពីខាង​ដើម គឺ​សៀវភៅ មគ្គុទេសក៍​សម្រាប់​ជ្រើសរើស​គ្រឹះស្ថាន​សិក្សា និង​មុខ​ជំនាញ
Sabay៖ ម្យ៉ាង​នៅ​ឆ្នាំ​នេះ ក្រសួង​បាន​បែងចែក​មុខវិជ្ជា​ពីរ​សម្រាប់​សិស្ស គឺ​ផ្នែក​ពិត និង​សង្គម តើ​មាន​ផល​ប៉ះពាល់​ឬ​ផ្ដល់​ភាព​ងាយ​ស្រួល​បែប​ណា​ខ្លះ​សម្រាប់​យុវជន​ ក្នុង​ការ​ជ្រើសរើស​ជំនាញ​សិក្សា​ថ្នាក់​ឧត្ដម​សិក្សា​នេះ?
លោក សុង សុខសាន្ត៖ការ​ពិត ​នេះ​ជា​គោលដៅ​របស់​ក្រសួង ​ដែល​ចង់​សម្រួច​យុវជន​ទៅ​តាម​ចំណង់​ចំណូលចិត្ត និង​ទេពកោសល្យ​របស់​ពួក​គាត់ តែ​កត្តា​នេះ ​វា​អាច​ធ្វើ​ឲ្យ​និស្សិត​មាន​ផល​លំបាក​ខ្លះ​ដែរ​ក្នុង​ការ​ជ្រើស​ជំនាញ ជាក់ស្ដែង​ដូច​ជា​ក្នុង​ករណី​ជ្រើស​ជំនាញ​អាហារូបករណ៍​ជាដើម ដែល​និស្សិត​ខ្លះ​អាច​មាន​ប្រៀប​ជាង​និស្សិត​ខ្លះ ព្រោះ​ជួនកាល​និស្សិត​ផ្នែក​សង្គម​ក៏​ចង់​ជ្រើស​ជំនាញ​​ណា​មួយ​ដែល​ត្រូវ​ ការ​មុខវិជ្ជា​ពិត​ នោះ​គេ​អាច​ចាញ់​ប្រៀប​ពិន្ទុ​និស្សិត​ដែល​​ជ្រើស​មុខវិជ្ជា​ពិត។ ម្យ៉ាង ដូច​យើង​ដឹង​ស្រាប់​ហើយ ​ថាមុខវិជ្ជា​ពិត ក៏​កំពុង​ពេញ​និយម ​និង​ត្រូវ​បាន​ទទួល​ស្គាល់​ថា​មាន​ទីផ្សារ​ការងារ​ច្រើន​ជាង
Sabay៖ អរគុណ​លោក​ច្រើន! តើ​លោក​មាន​អ្វី​បន្ថែម​ ឬ​ក៏​មាន​អ្វី​និយាយ​ទៅ​កាន់​យុវជន​ដែល​កំពុង​ជ្រើសរើស​ជំនាញ​សិក្សា​ថ្នាក់ ​ឧត្ដម​សិក្សា​នេះ​ចា៎?
លោក សុង សុខសាន្ត៖បាទ! គ្មាន​អ្វី​ក្រៅ​ពី​បញ្ជាក់​ដដែលៗ​ថា ជ្រើសរើស​ជំនាញ​ដែល​ត្រូវ​នឹង​ខ្លួន​អ្នក​ កុំ​ជ្រើសរើស​ជំនាញ​តាម​គ្នាកុំ​លឺ​គេ​ថា​ល្អ​ក៏​ល្អ​តាម​គេ សំខាន់​ត្រូវ​ដឹង​ច្បាស់​ថា អ្នក​អាច​រៀន​មុខ​ជំនាញ​នេះ​បាន​ទេ? តើ​ជំនាញ​នេះ​ចេញ​ទៅ​វិញ​ធ្វើ​អ្វី? ហើយ​ជំនាញ​នេះ​អាច​រក​ការងារ​ធ្វើ​បាន​ទេ? ត្រូវ​ចាំ​ថា ទីផ្សារ​ការងារ​គឺ​អាច​ផ្លាស់ប្ដូរ​ជា​រៀងរាល់​ថ្ងៃ។ ចំពោះ​ប្អូន​និស្សិត ​ដែល​មិន​សូវ​មាន​លទ្ធភាព គួរ​តែ​ចេះ​ចាប់​ឱកាស​ការងារ​សម្រាប់​ទ្រទ្រង់​ការ​សិក្សា​ឲ្យ​បាន​ចប់​ចុង​ ចប់​ដើម និស្សិត​មិន​ត្រូវ​ចំណាយ​ពេលវេលា​សិក្សា​ទៅ​ធ្វើ​អ្វី​គ្មាន​ប្រយោជន៍ ហើយ​យុវវ័យ​ត្រូវ​ជឿជាក់ មាន​ឆន្ទៈ និង​ក្ដី​សង្ឃឹម ព្យាយាម​ជានិច្ច​ទើប​អ្នក​អាច​ទទួល​ជោគជ័យ​ក្នុង​ការ​សិក្សា​ក៏​ដូច​ជា​ អនាគត​របស់​អ្នក។ បាទ សូម​អរគុណ!