Tuesday, September 3, 2013

ប្រាំយ៉ាងជួយយុវវ័យកសាងទំនុកចិត្ត!

យុវវ័យ ​មាន​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង​កម្រិត​ណា​ដែរ? នៅ​ក្នុង​ទំព័រ​នេះ​សប្បាយ​បាន​ស្រាវជ្រាវ​រក​គន្លឹះ​ខ្លីៗ​ដើម្បី​កសាង​ ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯក​មក​ចែក​រំលែក​ជា​មួយ​យុវវ័យ។ ជា​ការ​ពិត​ណាស់​គ្មាន​នរណា​ម្នាក់​កើត​មក​ជា​មួយ​នឹង​ទំនុក​ចិត្ត​ដ៏​រឹង​ មាំ​នោះ​ទេ។
ដើម្បី​ក៏​សាង​ទំនុក​ចិត្ត​គឺ​ត្រូវ​ទាមទារ​ និង​អភិវឌ្ឍ​ការ​សម្រេច​ចិត្ត​និង​ការអនុវត្ត​។ ទំនុក​ចិត្ត​កាន់​តែ​រឹង​មាំ​ខណៈ​ដែល​យុវវ័យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ជា​ មួយ​នឹង​សមត្ថភាព​ដោះស្រាយ​បញ្ហា​លំបាក និង​ការ​ប្រកួត​ប្រជែង​របស់​ជីវិត។ ៥​ចំណុច​ខាង​ក្រោម​នេះ​នឹង​ជួយ​យុវវ័យ​អោយ​កសាង​ទំនុក​ចិត្ត​បាន​យ៉ាង​ រឹងមាំ៖
១- ​កំណត់​គោលដៅ​ ទំនាក់ទំនង អាជីព និង ហិរញ្ញវត្ថុ នៅ​ក្នុង​ផ្នែក​សំខាន់​នៃ​ជីវិត​ខ្លួន​ឯង។ កុំ​កំណត់​ខ្លួន​ឯង​ជា​មួយ​នឹង​គោល​បំណង​ដ៏​តូច​មួយ​ដែល​ងាយ​នឹង​សម្រេច​ បាន។ យុវវ័យ​នឹង​មិន​អាច​បង្កើន​ទំនុក​ចិត្ត​ពិត​ប្រាកដ​បាន​ទេ​លុះ​ត្រា​តែ​ យុវវ័យ​ប្រកួត​ប្រជែង​ជាមួយ​នឹង​ខ្លួន​ឯង។ ត្រូវ​សរសេរ​ជំហាន​អនុវត្តន៍​អោយ​ច្បាស់​លាស់​ រួច​រៀបចំ​ពេល​សម្រាប់​គោល​បំណង​នីមួយៗ។
២-​ចាប់​ផ្ដើម​ពី​ជំហាន​តូច​។ ឧទាហរណ៍៖​ ប្រសិន​បើ​អាជីព​របស់​អ្នក​ទាក់​ទង​នឹង​ការ​ផ្សព្វផ្សាយ​ អ្នក​ត្រូវ​សម្រេច​ចិត្ត​រៀន​ធ្វើ​អោយ​ជំនាញ​នៃ​ការ​និយាយ​ស្ដី​របស់​ខ្លួន​ មាន​ភាព​ប្រសើរ​ឡើង។
៣-​ត្រូវ​ទុក​ចិត្ត​ខ្លួន​ឯង​ ហើយ​ចេញ​សកម្មភាព​ទោះ​បី​ជា​អ្នក​មាន​ភាព​ភ័យ​ខ្លាច​ក៏​ដោយ។ ប្រសិន​បើ​អ្នក​មិន​ផ្សងព្រេង​អោយ​លើស​ពី​ទម្លាប់​ធម្មតា​របស់​អ្នក​ទេ អ្នក​នឹង​មិន​អាច​ធ្វើ​អោយ​ញាណ​ពិត​នៃ​ទំនុក​ចិត្ត​មាន​ភាព​ប្រសើរ​ឡើង​ទេ។ ខណៈ​ដែល​ទំនុក​ចិត្ត​របស់​អ្នក​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ហើយ​អ្នក​នឹង​ មាន​អារម្មណ៍​ថា​អ្នក​អាច​ដោះស្រាយ​បញ្ហា​បាន​គ្រប់​យ៉ាង​ដែល​មាន​នៅ​ក្នុង​ ឆាក​ជីវិត​របស់​អ្នក។
៤-​ត្រូវ​ស្វែង​រក​អ្នក​ជោគជ័យ​នៅ​ក្នុង​គោល​បំណង​ដូច​អ្នក​ម្នាក់​ធ្វើ​ជា​ គំរូ។ បណ្ដុះ​ទំនាក់ទំនង​ជាមួយ​គេ​ហើយ​ស្នើ​សុំ​ការណែនាំ ឬ​មតិ។ នៅ​ពេល​អ្នក​សេពគប់​ជា​មួយ​មនុស្ស​ដែល​ជោគជ័យ អ្នក​នឹង​គិត​កាន់​តែ​វិជ្ជមាន និង​មាន​អារម្មណ៍​ថា​ត្រូវ​សម្រេច​គោល​បំណង​អោយ​បាន។ មិន​ត្រូវ​ព្យាយាម​ជួប​មនុស្ស​ដែល​មាន​ចំណុច​អវិជ្ជមាន​នោះ​ទេ។
៥-​ត្រូវ​រៀន​កត់សំគាល់​ និង​ដោះស្រាយ​អារម្មណ៍​អវិជ្ជមាន​អោយ​មាន​ប្រសិទ្ធភាព​។ នៅ​ពេល​អ្នក​មិន​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន ឬ​ស្មុគស្មាញ​ខ្លាំង ត្រូវ​ហៅ​មិត្ត​ដែល​អាច​ទុក​ចិត្ត​បាន​មក​ជួយ​លើក​ទឹក​ចិត្ត ឬ​ព្យាយាម​សម្រាក។ ត្រូវ​បន្ត​ជំហាន​ទៅ​មុខ​ ទោះ​បី​ជា​មាន​អារម្មណ៍​ថា​ស្មុគស្មាញ​​ក៏ដោយ៕

ចង់មានប្រជាប្រិយភាពនៅកន្លែងការងារទេ?

ទំនាក់ទំនង ​ល្អ​នៅ​កន្លែង​ការងារ​ជា​ផ្នែក​មួយ​ដ៏​​សំខាន់​ដែល​នាំ​ អោយ​យើង​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ​ ដូច្នេះ​​យើង​ចាប់​ផ្ដើម​ធ្វើ​ខ្លួន​ជា​មិត្ត​រួម​ការងារ​គួរ​ជា​ទី​រាប់អាន ​របស់​មនុស្ស​ជុំវិញ​ខ្លួន​គឺ​ជា​ជម្រើស​ត្រឹមត្រូវ​​​។ អ្នក​ខ្លះ​ខិតខំ​ធ្វើ​ការ​យ៉ាង​ខ្លាំង​​តែ​ដោយ​សារ​ខ្វះ​នូវ​ទំនាក់ទំនង​ល្អ ​មិន​អាច​ធ្វើ​អោយ​គេ​ជោគជ័យ​បាន​ទេ មនុស្ស​ជោគជ័យ​គឺ​មើល​ឃើញ​ឱកាស​ក្នុង​បញ្ហា​ មិន​មែន​ឃើញ​បញ្ហា​ក្នុង​ឱកាស​នោះ​ទេ​។ ដូច្នេះ Sabay សូម​ណែនាំ​នូវ​វិធី​សាស្ត្រ​ខ្លះៗ​ដែល​ជួយ​អោយ​អ្នក​ក្លាយ​ខ្លួន​ទៅ​ជា​ មនុស្ស​ដែល​មាន​ប្រជាប្រិយ​ភាព​នៅ​កន្លែង​ការងារ។
១. ជំហាន​ដំបូង ​អ្នក​ត្រូវ​បង្កើត​ចំណង​ទាក់ទង​ជាមួយ​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​ ដោយ​ប្រើ​វិធី​សាស្ត្រ​​គួរសម​បំផុត។ ត្រូវ​ចាំ​ថា​ ការ​ចងចាំ​ឈ្មោះ​ដៃ​គួរ​សន្ទនា​បាន​ច្បាស់​គឺ​ជា​រឿង​សំខាន់។
២. ត្រូវ​រក្សា​ទំនាក់​ទំនង​ជា​ប្រចាំ ជា​មួយ​អ្នក​ដែល​ធ្លាប់​ស្គាល់​​ទោះ​បី​ជា​គេ​ប្ដូរ​កន្លែង​ធ្វើ​ការ​ថ្មី​ ក៏​​ដោយ​។ ​​ត្រូវ​សួរ​សុខទុក្ខ​គេ ​ដោយ​ប្រើ​សំនួរ​ដែល​សុភាពរាបសារ​និង​​ពោរពេញ​ទៅ​ដោយ​​ខ្លឹមសារ​ ហើយ​បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ​ចម្លើយ​របស់​គេ​។ ក្នុង​លក្ខខណ្ឌ​ដែល​អ្នក​ពុំ​មាន​​​ពេល​ទំនេរ​ យ៉ាង​ហោច​ណា​ស់​​ក៏​ផ្ញើ​សារ”Hello”​ ដើម្បី​បង្ហាញ​ពី​ការ​នឹក​រលឹក​ដែរ។
៣. ក្នុង​ពេល​សម្រាក​​នៅ​កន្លែង​ការងារ​​ត្រូវ​ ប្រកាន់​ភ្ជាប់​នូវ​កិច្ច​សន្ទនា ដោយ​ចាប់​ផ្ដើម​និយាយ​ពី​ អាកាសធាតុ​ រឺ​​ ទាក់ទង​ទៅ​នឹង​អ្វី​ដែល​អ្នក​ទាំង​ពីរ​កំពុង​តែ​ធ្វើ​។
៤. ត្រូវ​ដឹង​ថា​អ្នក​គ្រប់​គ្នា​នឹង​មើល​រឺ​សម្លឹង​មក​អ្នក​ ដូច្នេះ​អ្នក​គួរ​តែ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ​ និងគួរ​អោយ​ចាប់​អារម្មណ៍​ ហើយ​ក៏​មិន​ចាំ​បាច់​ត្រូវ​ស្លៀក​សំលៀក​បំពាក់​ថ្លៃ​ៗ​រាល់​ថ្ងៃ​នោះ​ទេ​ គ្រាន់​តែ​ប្រាកដ​ថា​ ខោអាវ​របស់​អ្នក​ គ្មាន​ក្អែ​ គ្មាន​ក្លិន​អាក្រក់​ និង​មិន​រហែក​ មិន​សិចស៊ី​ពេក​និង​មិន​ស៊ីវិល័យ​ពេក​។
៥. ការ​និយាយ​​ធ្វើ​យ៉ាង​ណា​កុំ​អោយ​ច្រើន​ពេក​ កុំ​និយាយ​រឿង​មិន​ពិត​និង​រឿង​ដដែល​ៗ​ត្រូវ​ចេះ​ មើល​ពេល​វេលា​និង​កាលៈទេសៈ​ ជៀស​វាង​ពួកគេ​គិត​ថា​អ្នក​ជា​មនុស្ស​គួរ​អោយ​ធុញ។
៦. ត្រូវ​ធ្វើ​ជា​មនុស្ស​ដែល​មាន​ចិត្ត​ទូ​លាយ​ ស្ម័គ្រ​ចិត្ត​ដោយ​រីក​រាយ​ដើម្បី​ជួយ​អ្នក​ដទៃ​និង​ចង​ភ្ជាប់​ខ្លួន​ជាមួយ​ ផលប្រយោជន៍​ក្រុមហ៊ុន​។ អ្នក​ដទៃ​នឹង​គិត​ថា​អ្នក​ជា​មនុស្ស​ដែល​អាច​ពឹង​ពាក់​បាន​ ហើយ​អ្នក​នឹង​នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ​។
៧. ត្រូវ​ចេះ​ទទួល​យក​គំនិត​អ្នក​ដទៃ ទទួល​ស្គាល់​ពី​ចំណុច​អវិជ្ជមាន​របស់​ខ្លួន៕

No comments: