ភ្នំពេញៈ តាមប្រពៃណីទំនៀមទម្លាប់តពីដូនតា ការរៀបចំទុកដាក់កូនចៅឲ្យមានគូរស្រករក្នុងសង្គមខ្មែរ គឺតម្រូវទៅលើឪពុកម្ដាយ ជាពិសេសគឺឪពុកម្ដាយខាងកូនស្រី តែងមានតួរនាទីយ៉ាងសំខាន់ក្នុងការពិនិត្យ ក៏ដូចជាសង្កេតទៅលើកិរិយាមាយាទរបស់អនាគតកូនប្រសាររបស់ខ្លួន ដោយក្នុងនោះយើងឃើញមានរឿងឪពុកក្មេងរើសកូនប្រសារជាឧទាហរណ៍ស្រាប់ ។ ចំណែកឯកូនស្រី ត្រូវគោរពទៅតាមការសម្រេចរបស់ឪពុកម្ដាយរបស់ខ្លួន ចំពោះការបង្កើតចំណងអាពាហ៍ពិពាហ៍។
យ៉ាងណាមិញ មិនប្រាកដថាការផ្ទុកផ្ដាក់កូនចៅឲ្យមានគូរស្រករពីសំណាក់ឪពុក ម្ដាយ គឺសុទ្ធតែមានការយល់ព្រមពីកូនៗឡើយ ដោយយើងអាចសិក្សាលើរឿងប្រឡោមលោកដែលកើតមានក្នុងសម័យលង្វែកមក ធ្វើការពិចារណា នោះគឺរឿងទុំទាវ ដែលនាងទាវសុខចិត្តប្រឆាំងនឹងទស្សនៈនំមិនធំជាងនាឡ ដោយនាងសុខចិត្តរស់នៅជាមួយនាយទុំចោលការរៀបចំផ្ទុកផ្ដាក់ពីម្ដាយ ដែលបង្ខំឲ្យនាងរៀបអាពាហ៍ពិពាហ៍ជាមួយនឹងកូននាម្មឺនមន្ដ្រី។ ដូច្នេះយើងអាចសន្និដ្ឋានបានថា នាសម័យមុនៗក៏មានកូនៗមិនយល់ស្របតាមទស្សនៈរបស់ឪពុកម្ដាយខ្លួន ដែរ។
ក្រឡេកមកមើលសម័យបច្ចុប្បន្ន ទស្សនៈនំមិនធំជាងនាឡហាក់ដូចជាសាបរលាបបន្ដិច ដោយឪពុកម្ដាយមួយចំនួនបានឲ្យតម្លៃទៅលើការសម្រេចចិត្តរបស់កូនៗ ខ្លួន និងទុកសិទ្ធិឲ្យកូនៗជ្រើសរើសគូរស្រករដោយខ្លួនឯង។ ប៉ុន្ដែឪពុកម្ដាយមួយចំនូននៅប្រកាន់យកទស្សនៈខាងលើ ដោយពួកគាត់បានចងកាតព្វក្នុងការជ្រើសរើសគូរស្រករឲ្យកូនៗរបស់ ខ្លួន ដោយឈរលើគោលការណ៍ដាច់ខាត។ កត្ដានេះបានបង្ហាញនូវវិវាទផ្នែកទស្សនៈរវាងឪពុកម្ដាយ និងកូន ដោយសារតែសម័យកាលនេះ ការផ្សព្វផ្សាយអំពីសិទ្ធិមនុស្សនៅក្នុងសង្គមខ្មែរគឺមានភាព ទូលំទូលាយជាងមុន ហើយបញ្ហានេះ ក៏មានទស្សនៈ ស្រប និងផ្ទុយគ្នាជាច្រើនបានរំលេចឡើង។
លោក សឿង វ៉ាន់ បានផ្ដល់មតិថា «ចំពោះការរៀបអាពាហ៍ដែលរៀបចំដោយប៉ាម៉ាក់ប្រសិនបើនារីម្នាក់ ដែលប៉ាម៉ាក់យើងពេញចិត្ត មានបុគ្គលិកលក្ខណៈ និងចរិយាសម្បត្តិសមរម្យ ហើយយើងពេញចិត្តដែរ នោះយើងចាត់ទុកថាវាជាវត្ថុទិព្វដែលព្រះប្រទានពីឋានសួគ៍ សម្រាប់សុភមង្គលក្នុងគ្រួសារ ហើយកុំគិតថាវាជារឿងបុរាណ ឬហួសសម័យនោះ»។
ចំណែកឯលោក វឌ្ឍនា បានផ្ដល់មតិបែបបញ្ច្រាស់វិញថា «ខ្ញុំគិតថាវាមិនល្អណាស់ណានោះទេ ព្រោះពេលខ្លះលទ្ធផល វាអាចបានត្រឹមគ្រួសារប្ដីប្រពន្ធគ្មានសុភមង្គល ព្រោះជួនកាលកូនៗអត់ស្រឡាញ់គ្នាផង ប៉ាម៉ាក់គាត់គ្រាន់តែចង់បានដន្លង មិនមែនចង់បានកូនប្រសារ ដែលកូនស្រឡាញ់ទេ»។
កញ្ញា ង៉ូវ សាមៀន បានផ្ដល់មតិបែបឯករាជ្យថា «ចំពោះខ្ញុំផ្ទាល់ គឺខ្ញុំមិនធ្វើតាមការសម្រេចចិត្តពីប៉ាម៉ាក់របស់ខ្ញុំឡើយ។ ប៉ុន្ដែខ្ញុំនឹងសុំពួកក្នុងការជ្រើសរើសមនុស្សខ្ញុំស្រឡាញ់ ហើយពួកគាត់ក៏ចូលចិត្ត ដោយមិនអាចរៀបការជាមួយមនុស្សដែលមិនធ្លាប់ស្គាល់គ្នានោះទេ»។
ទោះជាយ៉ាងណាក៏ដោយ រាល់ការសម្រេចចិត្តរបស់ឪពុកម្ដាយចំពោះការរៀបចំកូនចៅឲ្យមានគូរ ស្រករ គឺមានតែគោលដៅចង់ឃើញកូនៗរបស់ពួកគាត់មានសុភមង្គល និងអនាគតល្អប៉ុណ្ណោះ ហើយពួកគាត់ក៏បានដឹងដែរថា ការរៀបអាពាហ៍ពិពាហ៍គឺមានអត្ថន័យខ្លាំងណាស់សម្រាប់ជីវិត ហើយក៏គ្មាននរណាម្នាក់ចង់រៀបអាពាហ៍ពិពាហ៍ម្ដងជាពីរដងក្នុងជីវិត ដែរ។
No comments:
Post a Comment