Tuesday, September 3, 2013

១០​សំណួរ​​​មុន​​​ជ្រើស​នរណា​ម្នាក់​ជា​ដៃគូ​អាជីវកម្ម​

​ដូច​គ្នា​ ទៅ​នឹង​ការ​រៀបការ​ដែរ​ ​ការ​ស្វែង​រក​ដៃគូ​អាជីវកម្ម​​ផ្ដើម​ចេញ​ពី​ការ​ពេញ​ចិត្ត​ ​និង​ជឿជាក់​គ្នា​ ហើយ​បើ​មិន​មើល​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ទេ​នោះ​ អ្វីៗ​នឹង​បញ្ចប់​ដោយ​ការ​បែកបាក់ ​ឬ​ឈាន​ដល់​ផ្លូវ​តុលាការ​​មិន​ខាន។
​ដូច្នេះ​ វា​ជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវ​ស្វែងយល់​ឲ្យ​បាន​កាន់​តែ​ច្រើន​​តាម​ដែល​ អាច​ធ្វើ​បាន​​ពី​ដៃគូ​សក្ដានុពល​របស់​អ្នក​ មុន​នឹង​ចុះ​ហត្ថលេខា​ព្រមព្រៀង​ធ្វើ​ជា​ដៃគូ​អាជីវកម្ម​ណាមួយ​ជា​មួយ​គ្នា។
ដើម្បី​សម្រេច​ចិត្ត​បាន​ប្រសើរ​ អ្នក​អាច​សាកល្បង​សួរ​សំណួរ​ខ្លួន​ឯង​ នូវ​សំណួរ​ទាំង​ ១០ ​ខាងក្រោម៖
១. ​តើ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ​ពី​ដៃគូ​អាជីវកម្ម?
​អ្នក​ត្រូវ​សម្លឹង​រក​ដៃគូ​ជំនួញ​ណា​ ដែល​មាន​អ្វី​ថ្មី​មក​ពិភាក្សា​លើ​តុ​ជាមួយ​អ្នក។ ​ប្រសិន​បើ​អ្នក​ជា​មនុស្ស​ច្នៃ​ប្រឌិត​ ​អ្នក​ប្រហែល​ជា​ត្រូវ​ការ​មនុស្ស​ដែល​មាន​ភាព​លម្អិត​បន្ថែម​ទៀត។ ​​ប្រសិន​បើ​អ្នក​មាន​លុយ ​​អ្នក​ប្រហែល​ជា​ត្រូវ​ការ​​មនុស្ស​ដែល​មាន​ទីផ្សារ​ ឬ​ទំនាក់ទំនង​ល្អ​​ជាមួយ​សង្គម​ខាងក្រៅ។
​”ប្រសិន​​បើ​​​ដៃ​គូ​របស់​អ្នក​ជា​មនុស្ស ​ស្រដៀង​នឹង​អ្នក​ នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​កក់ក្ដៅ ​ប៉ុន្តែ​​មិន​ជា​អ្វី​ដែល​អ្នក​ត្រូវ​ការ​ពិតប្រាកដ​នោះ​ទេ”។ ​​នេះ​ការ​លើក​ឡើង​របស់​លោក William M. Moore ​ស្ថាបនិក​ Moore Firm ​ក្នុង​ទីក្រុង​ San Diego ​សហរដ្ឋ​​អាមេរិក។ ​អ្នក​ជំនាញ​ដដែល​បន្ត​ថា ​​ដៃគូ​អាជីវកម្ម​គួរ​ជា​មនុស្ស​ម្នាក់​ដែល​អាច​​​បំពេញ​បន្ថែម​ជំនាញ​ និង​បុគ្គលិក​លក្ខណៈ​​ដែល​អ្នក​នៅ​ខ្វះ​ចន្លោះ។
​​​​២. ​តើ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ដៃគូ​សក្ដានុពល​របស់​អ្នក​យ៉ាង​ណា?
​​ជា​រឿង​សំខាន់​ដែល​​អ្នក​ត្រូវ​ដឹង​ពី​ ស្ថានភាព​​ហិរញ្ញវត្ថុ​ ​និង​ការ​តាំង​ចិត្ត​របស់​ដៃគូ​របស់​អ្នក​មុន​នឹង​លោត​​ប្រឡូក​អាជីវកម្ម​ ណាមួយ​ជា​មួយ​គ្នា។ ​វា​​ដូចជា​លំបាក ​និង​មិន​សមរម្យ​ក្នុង​ការ​​សួរ​ពី​​ហិរញ្ញវត្ថុ​​ ​ឬ​ការ​ចំណាយ​របស់​នរណា​ម្នាក់ ​ប៉ុន្តែ​ស្ថានភាព​ហិរញ្ញវត្ថុ​មាន​ទំនាក់ទំនង​គ្នា​នៅ​ការ​សម្រេចចិត្ត​ ណាមួយ​នា​អនាគត។
៣. ​តើ​ដៃគូ​សក្ដានុពល​របស់​អ្នក​​ នឹង​ចែក​រំលែក​ពេល​វេលា​បែប​ណា​ទៅ​លើ​អាជីវកម្ម​របស់​អ្នក?
​ពាក្យ​ថា ​ដៃគូ​មិន​ប្រាកដ​ថា ​ត្រូវ​ចំណាយ​ពេល​ស្មើគ្នា​​ទៅ​លើ​អាជីវកម្ម​នោះ​ទេ ​ប៉ុន្តែ​​គួរ​ស្ថិត​ក្នុង​កម្រិត​សម​ល្មម​ណាមួយ​ដែល​អាច​ទទួល​យក​បាន។ តើ​ក្នុង​មួយ​ថ្ងៃ​ ដៃគូ​របស់​អ្នក​ចំណាយ​ពេល​ប៉ុន្មាន​ម៉ោង​ទៅ​លើ​អាជីវកម្ម​រួម​គ្នា​នោះ​ ហើយ​​​ថា​តើ​រយៈពេល​នោះ ​គ្រប់គ្រាន់​តាម​ការ​ចង់​បាន​របស់​អ្នក​ឬ​ទេ? ​ដៃ​គូ​ល្អ​ត្រូវ​ចេះ​ផ្ដល់​តម្លៃ​គ្នា​ទៅវិញ​ទៅ​មក​ ចំពោះ​ពេលវេលា​ដែល​ដៃគូ​លះបង់​ដើម្បី​អាជីវកម្ម។
៤.​​ តើ​ការ​តាំង​ចិត្ត​​របស់​ដៃគូ​ទៅ​លើ​អាជីវកម្ម​ថ្មី​ខ្លាំង​ដូច​អ្នក​ដែរ​ឬ​ទេ?
“ខ្ញុំ​មិន​សំដៅ​ថា ​អាជីវកម្ម​នោះ​ជា​ហាង​កាហ្វេ ​ជា​ក្រុមហ៊ុន​ឌីហ្សាញ​អី​ទេ ​ប៉ុន្តែ​ការ​តាំងចិត្ត​របស់​ដៃគូ​ជំនួញ​ត្រូវ​ខ្លាំង​ដូចគ្នា”។ ​នេះ​ជា​ការ​គូ​ស​បញ្ជាក់​របស់​លោក​ Bob Phibbs ​អ្នក​ប្រឹក្សា ​និង​ជា​អគ្គនាយក​គេហទំព័រ​​ The Retail Doctor ​ដែល​ជា​កន្លែង​ផ្ដល់​ព័ត៌មាន​ដល់​ជំនួញ​ខ្នាត​តូច ​និង​មធ្យម។ ​ភាព​ជា​ដៃគូ​ ពិសេស​រវាង​មិត្តភ័ក្ដិ​ អាច​ផ្ដើម​ឡើង​ដោយ​ភាព​រីករាយ ​និង​រំភើប​ ប៉ុន្តែ​ខ្លី​ប៉ុណ្ណោះ។ ​ប៉ុន្តែ​បើ​សិន​ដៃគូ​របស់​របស់​អ្នក​មិន​សូវ​តាំង​ចិត្ត​ខ្លាំង​ដូច​អ្នក ​ភាព​រីករាយ​ដែល​គេ​មាន​នឹង​បាត់បង់​បន្តិចម្ដងៗ​ ហើយ​អាច​ប៉ះពាល់​ដល់​ក្រុមហ៊ុន​បន្តិច​ម្ដង​ៗ​ដូចគ្នា​ដែរ។
​​​​​​៥. ​​តើ​ជីវិត​គ្រួសារ​របស់​ដៃគូ​អ្នក​អាច​ប៉ះពាល់​ដល់​អាជីវកម្ម​ឬ​ទេ?
ព្យាយាម​ស្វែង​យល់​​ពី​ជីវិត​ដៃ​គូ​របស់​ អ្នក។ ​តើ​គ្រួសារ​របស់​គេ​គាំទ្រ​ការ​ចាប់​ផ្ដើម​អាជីវកម្ម​ថ្មី​ដែរ​ឬ​ទេ? ​តើ​អាច​មាន​ការ​ជ្រៀតជ្រែក​ពី​គ្រួសារ​របស់​​គេ​មក​លើ​ការ​សម្រេច​ណាមួយ​ឬ​ អត់? ​បើ​មាន​បញ្ហា​ធំ​​ណាមួយ​ពាក់ព័ន្ធ​នឹង​​គ្រួសារ​ដៃ​គូ​អ្នក ​នោះ​អ្វីៗ​អាច​នឹង​រកាំរកូស​តាំង​ពី​ចាប់ផ្ដើម​តែ​ម្ដង។
 ៦. ​​តើ​នៅ​ដំណាក់កាល​លំបាក​ដៃគូ​របស់​អ្នក​​នឹង​មាន​ដំណោះស្រាយ​របៀប​ម៉េច?
​ការ​យល់​ដឹង​ពី​ការ​ដំណោះស្រាយ​ដែល​នៅ​ ស្ថានភាព​ពី​ដៃគូ​របស់​អ្នក​ក៏​ជា​រឿង​ដែល​ត្រូវ​យល់​ដឹង​ដែរ។ ​លោក​ Bob Phibbs​ ​បាន​បកស្រាយ​ថា ​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ស្វែង​យល់​ពី​វិធី​ដោះស្រាយ​ការងារ​ របស់​ដៃគូ​គឺ​អាច​ធ្វើ​តាម​រយៈ​ការ​សង្កេត​មើល​សកម្មភាព​ពី​មុន​ៗ​របស់​​គេ។ ​តើ​គេ​ជា​មនុស្ស​គោរព​ពេល​វេលា ​ធ្វើ​អ្វី​តាម​កាល​កំណត់​ឬ​ទេ?​ ស្វែង​យល់​កាន់​តែ​ច្រើន​ដោយ​ខ្លួន​ឯង ​ព្រោះ​ទង្វើ​របស់​គេ​ពី​មុន​ពាក់ព័ន្ធ​នឹង​អត្តចរិត​ដែល​ពិបាក​នឹង​ប្ដូរ។
៧. ​តើ​គេ​មាន​ចម្ងល់​អី​សួរ​មក​អ្នក​វិញ​ទេ?
​នៅ​ក្នុង​បទ​សម្ភាស​ជ្រើសរើស​បុគ្គលិក​ម្នាក់ ​បើ​សិន​គេ​មិន​​មាន​សំណួរ​​១ ​ឬ​ ២​ សួរ​ពី​ក្រុមហ៊ុន​អ្នក​ ក៏​ប្រហែល​ជា​មិន​ជ្រើសរើស​គេ​ឲ្យ​ចូល​ធ្វើ​ការ​ដែរ ​ព្រោះ​នោះ​បញ្ជាក់​ថា ​គេ​មិន​សូវ​ចាប់​អារម្មណ៍​លើ​ក្រុមហ៊ុន​អ្នក។ ​ដៃគូ​អាជីវកម្ម​ក៏​មិន​ខុស​គ្នា​ដែរ ​បើ​គេ​ពិតជាខ្វល់​ខ្វាយ  ​និង​យក​ចិត្ត​ទុកដាក់​ខ្លាំង​ គេ​ក៏​ប្រាកដ​ជា​ចង់​ដឹង​ពី​អ្នក​កាន់​តែ​ច្រើន​ ដូច​ដែល​អ្នក​ចង់​ដឹង​ពី​គេ​ដែរ។ ​សំណួរ​ដែល​គេ​សួរ​មក​កាន់​អ្នក​អាច​ពាក់ព័ន្ធ​នឹង​​អត្តចរិត​របស់​អ្នក ​​ភាព​អាច​ពឹង​ពាក់​បាន ​និង​ក្ដី​សង្ឃឹម​ដែល​គេ​មាន​មក​លើ​អ្នក​ជាដើម។
៨. ​តើ​ដៃគូ​របស់​អ្នក​មាន​មុខ​មាត់​កម្រិត​ណា​នៅ​ក្នុង​សហគមន៍?
​មនុស្ស​ជា​ច្រើន​មើល​ទៅ​ដូច​ជា​ជំនាញ​ខ្លាំង​ណាស់​នៅ​ពេល​ដំបូង ​ប៉ុន្តែ​នៅ​ពេល​ចូល​ទៅ​ដល់​សាច់​ការណ៍​បែរ​ជា​មិន​ដឹង​ចាត់ចែង​ដោយ​របៀប​ណា ​ទៅវិញ។​ សាកសួរ​មនុស្ស​ដែល​ធ្លាប់​ស្គាល់ ​និង​នៅ​ជុំវិញ​គេ​ ថា​ដៃគូ​របស់​អ្នក​ជា​មនុស្ស​បែប​ណា។ ​ដៃគូ​ជំនួញ​របស់​អ្នក​គួរ​ជា​មនុស្ស​ដែល​ហ៊ាន​និយាយ​ហ៊ាន​ធ្វើ ​មិន​មែន​និយាយ​ឲ្យ​តែ​រួចៗ​នោះ​ទេ។ ​ទំនាក់ទំនង​របស់​គេ​នៅ​ក្នុង​សហគមន៍​ក៏​ជះ​ឥទ្ធិពល​ខ្លាំង​ណាស់​ដែរ​ទៅ​លើ​ អាជីវកម្ម​របស់​អ្នក។
​៩. តើ​គេ​​បើក​​ចិត្ត​ឲ្យ​​​​​មាន​ការ​ព្រមព្រៀង​គ្នា​ជា​លាយលក្ខណ៍​អក្សរ​ដែរ​ឬទេ?
​ភាព​ជា​ដៃគូ​​​ច្រើន​ផ្ដើម​ចេញ​តាម​រយៈ​ការ​ចាប់​ដៃ​គ្នា​ ដោយ​មិន​មាន​ការ​ព្រមព្រៀង​ជា​លាយលក្ខណ៍​អក្សរ​​ពោល​គឺ​ មក​ពី​ទុកចិត្ត​គ្នាពេក។​​ ​​ពេល​ព្រមព្រៀង​គ្នា​ជា​លាយលក្ខណ៍​អក្សរ​​ត្រូវ​នឹក​រក​​សរសេរ​ពី​ផល​លំបាក ​ដែល​នឹក​ឃើញ​ទាំង​អស់​បញ្ចូល​ទៅ​ក្នុង​នោះ​ និង​ដំណោះស្រាយ​ចំពោះ​បញ្ហា​នីមួយៗ។ ​​បើ​ចេះ​តែ​ហៃអើៗ​ ដល់​ថ្ងៃ​ក្រោយ​មាន​បញ្ហា​មិន​ដឹង​ជា​ត្រូវ​បន្ទោស​អ្នក​ណា​នោះ​ទេ ​ព្រោះ​អ្វីៗ​មិន​បាន​ព្រមព្រៀង​ឲ្យ​ច្បាស់លាស់​ពី​ដំបូង។ ​ឧទាហរណ៍​ថា ​អ្នក​ចាប់​ដៃគូ​​ជាមួយ​គ្នា​ហើយ ​ដល់​ពេល​ចាប់​ផ្ដើម​ដំបូង​ ៦ ​ខែ​ ដៃគូ​របស់​អ្នក​មាន​បញ្ហា​គ្រួសារ ​ឬ​បញ្ហា​អ្វី​មួយ​ដែល​តម្រូវ​ឲ្យ​គេ​ចាកចេញ​រយៈ​ពេល​​យូរ​ណា​មួយ​ តើ​នឹង​មាន​អ្វី​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​អ្នក? ​ហើយ​បើ​ភាគី​ណាមួយ​ មិន​ថា ​អ្នក​ ឬ​ដៃគូ​របស់​អ្នក​មិន​បាន​អនុវត្ត​​តួនាទី​ខ្លួន​ឯង​ឲ្យ​បាន​ពេញ​លេញ​ក្នុង​ ដំណើរ​អាជីវកម្ម​ទេ​នោះ ​តើ​អាច​មាន​វិធានការ​អ្វី​ដោះស្រាយ​ដែរ​ឬ​ទេ? ​ដំណោះស្រាយ​អាច​ដូចជា​ការ​កាត់​ភាគ​លាភ ​​ឬ​ផ្ដល់​ឱកាស​មួយ​លើក ​ឬ​ពីរ​លើក​មុន​នឹង​​សម្រេច​ចិត្ត​បណ្ដេញ​ចេញ ​ប្រសិន​បើ​ស្ថិត​ក្នុង​ករណី​ចាំបាច់​ជា​ដើម។
​​១០. ​តើ​ខ្ញុំ​ពិតជា​ត្រូវ​ការ​ដៃគូ​ដែរ​ឬ​ទេ​ដើម្បី​ដំណើរការ​អាជីវកម្ម​ទៅ​បាន?
​​​វិភាគ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ជា​មុន​សិន​​ថា ​តើ​អ្នក​​ពិតជា​ត្រូវ​ការ​ដៃគូ​ដោយ​​អត់​មិន​បាន​មែន​ទេ​ ដើម្បី​ឲ្យ​អាជីវកម្ម​របស់​អ្នក​អាច​ដំណើរការ​បាន? ​បើ​ពិត​ជា​អត់​មិន​បាន​មែន​ ​ទើប​អ្នក​គួរ​ចាប់​ដៃគូ​ជាមួយ​នរណា​ម្នាក់។ ​​បើ​អ្នក​មាន​គំនិត​ ប៉ុន្តែ​​គ្មាន​ថវិកា​ ជៀស​មិន​រួច​អ្នក​ត្រូវ​ស្វែង​រក​ដៃគូ​ដែល​អាច​ឧបត្ថម្ភ​ជា​ថវិកា​ដល់​អ្នក​ ដោយ​ខាន​មិន​បាន។ ​ប៉ុន្តែ​បើ​អ្នក​មាន​លុយ​ ​មាន​គំនិត​ទៀត​នោះ ​គ្រាន់​​តែ​ជួល​បុគ្គលិក​ដែល​មាន​ជំនាញ​មក​អនុវត្ត​តាម​គម្រោង​របស់​អ្នក​ ជា​ការ​ស្រេច។ ​​លោក William M. Moore ​ថា ​​បើ​មាន​លុយ​ជួល​ឲ្យ​អ្នក​ដទៃ​ធ្វើការ​ឲ្យ​គួរ​ជ្រើស​រើស​យក​ជម្រើស​នេះ​ជា ​ជាង​ការ​ផ្ដល់​ចំណែក​ភាគហ៊ុន​ដល់​នរណា​ម្នាក់ ព្រោះ​បើ​អាជីវកម្ម​ដំណើរការ​ល្អ​ផល​ចំណេញ​ទាំង​ប៉ុន្មាន​នឹង​ធ្លាក់​មក​លើ​ អ្នក​ទាំង​មូល​តែ​ម្ដង៕​

No comments: