Tuesday, September 3, 2013

នយោបាយ

នយោបាយ: គឺជាឧបាយក្នុងការដឹកនាំសង្គមមនុស្ស ឱ្យដើរឆ្ពោះទៅរកគោលដៅណាមួយ ។ អ្នក​នយោបាយ ដែលកាន់កាប់វាសនាប្រទេសជាតិនិមួយៗ មានកាតព្វកិច្ចត្រូវ រិះរកឧបាយយ៉ាងណា អោយ​ប្រទេសជាតិនោះ បានរីកចំរើន បានរួសរានមានជីវិត យូរអង្វែងទៅ ព្រមទាំងបានប្រកប ដោយ​សេចក្តីសុខចំរើន គ្រប់វិស័យទៀតផង ។ ជនជាតិមន និងជនជាតិចាម ដែល​បណ្តោយ​ឱ្យ​ធ្លាក់ខ្លួន ក្នុងឋានៈជាអ្នកឥតមានរដ្ឋ ឥតមានទឹកដីផ្ទាល់ខ្លួន ឥតមានអធិបតេយ្យភាព បានបង្ហាញ​ឱ្យឃើញថា ខ្វះការប៉ិនប្រសប់ ក្នុងរឿងនយោបាយ ឯជនជាតិខ្មែរយើង ក្នុងសម័យមុនៗ ដែលបាន​បណ្តោយ ឱ្យបែកបាក់សាមគ្គី ជាហេតុនាំឱ្យ បាត់បង់ទឹកដី ហើយវិសៗតែរលាយជាតិអស់ នៅ​សតវត្ស​ទី ១៨-១៩ ក៏ឃើញថា មានការធ្វេសប្រហែសច្រើន ក្នុងផ្នែកនយោបាយនេះហើយ ។ ឥឡូវ​នេះ ចង់មិនចង់ វាអាចធ្លាក់ចូលរឿងដើម បើអ្នកដឹកនាំខ្មែរយើង មិនព្រមកែទម្រង់​ក្នុងការដឹក​នាំ​នោះ​ទេ ។
ដោយហេតុតែ នយោបាយមានតួរនាទីសំខាន់ ក្នុងការដឹកនាំប្រទេសជាតិនេះហើយ ទើបវាមាន​ឥទ្ធិពល ខ្លាំង ទៅលើវិស័យនានា នៅក្នុងសង្គមមនុស្ស ។ ដូចជាវិស័យខាង នយោបាយ, សេដ្ឋកិច្ច, វប្បធម៌, សង្គមកិច្ច, និងសន្តិសុខ ។ ឧទាហរណ៍ៈ នយោបាយ-នយោបាយ, នយោ​បាយ​-សេដ្ឋ​កិច្ច, នយោបាយ-វប្បធម៌, នយោបាយ-សង្គមកិច្ច, និង នយោបាយ-សន្តិសុខ ។

No comments: