ដោយ​មាន​បទពិសោធន៍​ជាច្រើន​ក្នុង​វិស័យ​ សិក្សាធិការ លោក​បណ្ឌិត​ ឯក មនោសែន សកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ធនធាន​មនុស្ស​បាន​ចូលរួម​ចែករំលែក​ ជាមួយ​ Sabay ក្នុង​ប្រធានបទ ការ​ត្រៀម​ខ្លួន​ចូល​មហាវិទ្យាល័យ។
Sabay៖ ជម្រាប​ប្រសាសន៍ លោក​បណ្ឌិត ជា​ដំបូង​សូម​លោក​មេត្តា​និយាយ​ជា​រួម​ពី​ទិដ្ឋភាព​របស់​យុវវ័យ​ក្រោយ​ប្រឡង ​បាក់ឌុប​រួច តាម​ការ​សង្កេត​របស់​លោក​ផ្ទាល់ចា៎?
បណ្ឌិត៖
បាទ! ​ ទោះបី​ជា​មិន​សូវ​មាន​ពេល​ច្រើន​អង្កេត​ឲ្យ​បាន​ទូលំទូលាយ តែ​យើង​ឃើញ​ថា មាន​ពីរ​ជំពូក។ និស្សិត​ខ្លះ គាត់​បាន​សម្រេច​ចិត្ត​ ដាក់​ចិត្ត​ថា ​ជាប់​ឬ​មិន​ជាប់​គាត់​ត្រូវ​តែ​បន្ត​ថ្នាក់​មហាវិទ្យាល័យ ខ្ញុំ​មាន​ន័យ​ថា​ គាត់​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ​ព្រោះដូច​យើង​​ដឹង​ស្រាប់​ហើយ ទោះ​បីជា​ធ្លាក់​ក៏​អាច​រៀន​បរិញ្ញាបត្រ​រង​បាន​ដែរ ខណៈ​ដែល​និស្សិត​មួយ​ក្រុម​ទៀត​ បែរ​ជា​រង់ចាំ​កំណត់​វាសនា​ក្រោយ​ការ​ចេញ​លទ្ធផល ហើយ​មាន​អ្នក​ខ្លះ​មិន​ទាន់​ខ្វល់ខ្វាយ​អ្វី​ទាំង​អស់​គិត​តែ​ពី​ដើរ​ កម្សាន្ត​ ជប់លៀង​សប្បាយ​នៅ​ឡើយ​នោះ។
Sabay៖ ជា​ទូទៅ ​និស្សិត​ភាគច្រើន​តែង​មិន​ធ្វើ​អ្វី​ទាំង​អស់​ក្រោយ​ថ្ងៃ​បញ្ចប់​ការ​ប្រឡង ​ ដោយ​ចាំ​អ៊ុត​លទ្ធផល​សិន។ តើ​ចំណុច​នេះ លោក​បណ្ឌិត​យល់​បែប​ណា​ដែរ?
បណ្ឌិត៖
សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​យល់​ថា​ ការ​ចាំ​អ៊ុត​លទ្ធផល​ក៏​ជា​ការ​ចាំបាច់​មួយ​សម្រាប់​ពួក​គាត់​ដែរ។ ហេតុអ្វី​បាន​ថា​ល្អ? ព្រោះ​តាម​ខ្ញុំ​ដឹង​ឆ្នាំ​នេះ ក្រសួង​មាន​ផ្ដល់​អាហារូបករណ៍​​ច្រើន (ដូចជាជាង​៤០០០ កន្លែង) និង​នៅ​មាន​អាហារូបករណ៍​កន្លែង​ផ្សេងៗ​ទៀត។ អីចឹង​ហើយ ទើប​ពួក​គាត់​រង់ចាំ​អ៊ុត​ថា​តើ​គាត់​បាន​និទ្ទេស​អ្វី? កាល​ណា​គាត់​ដឹង​ពី​និទ្ទេស​របស់​ខ្លួន និង​ដឹង​លទ្ធផល​អាហារូបករណ៍​រដ្ឋ​​ហើយ ទើប​ពួកគាត់​មាន​ការ​សម្រេច​ចិត្ត​មួយ​បាន។ នេះ​ជា​រឿង​ត្រឹមត្រូវ​មួយ តែ​ទន្ទឹម​នឹង​នោះ ក៏​យើង​ឃើញ​ថា​មាន​និស្សិត​មួយ​ចំនួន​បែរ​បណ្ដែត​បណ្ដោយ​ខ្លួន មិន​ខ្វល់​ឬ​ក៏​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នាំ​ឲ្យ​មាន​ផល​មិន​ល្អ​សម្រាប់​ ខ្លួន​ទៅ​វិញ។
Sabay៖ លោកបណ្ឌិត​អាច​ចែករំលែក​បាន​ទេ​ថា តើ​យុវវ័យ​គួរ​ធ្វើ​អ្វី​ខ្លះ​ក្រោយ​ការ​ប្រឡង​នោះ​?
បណ្ឌិត៖
មាន​ទិដ្ឋភាព​ពីរ​កើត​ឡើង។ មាន​ប្អូន​ខ្លះ គាត់​បាន​សម្រេច​ចិត្ត​ទៅ​រៀន​ជំនាញ​ខ្លី​ណា​មួយ​ ដែល​ចំណាយ​ពេល​តិច ឬ​ថវិកា​តិច​ ដើម្បី​បង្កើត​អាជីព​ណា​មួយ​សម្រាប់​ជីវិត ព្រោះ​គាត់​គិត​ថា​គាត់​គ្មាន​លទ្ធភាព​​បន្ត​ការ​សិក្សា​ថ្នាក់​ មហាវិទ្យាល័យ ដោយឡែក​មាន​ប្អូន​ខ្លះ គាត់​បាន​សម្រេច​ចិត្ត​មក​បន្ត​យក​ជំនាញ​ពិត​ប្រាកដ​មួយ​នៅ​ថ្នាក់​ ឧត្ដមសិក្សា។ ចំពោះ​ខ្ញុំ ខ្ញុំ​យល់​ថា​ ពួកគាត់​ធ្វើ​អ្វី​ធ្វើ​ចុះ សុំ​តែ​កុំ​បង្ហិន​ប្រាក់ និង​ពេល​វេលា​ជាមួយ​អ្វី​ដែល​មិន​ច្បាស់​លាស់ ដែល​អាច​​នាំ​ទៅ​រក​សេចក្ដី​វិនាស​និង​ប៉ះពាល់​ដល់​អនាគត​របស់​ខ្លួន។
Sabay៖ លោកបណ្ឌិត​លើកឡើង​នេះ​គឺ​មានន័យ​សំដៅ​ច្រើន​ទៅ​អ្នក​ជាប់ ចុះ​ប្រសិន​បើ​ក្រោយ​ការ​ប្រឡង យុវជន​នោះ​មិន​មាន​សង្ឃឹម​ថា ខ្លួន​ជាប់​វិញ តើ​ពួកគេ​គួរ​ធ្វើ​អ្វី​ខ្លះ?
បណ្ឌិត៖
ខ្ញុំ​សូម​ជម្រាប​អីចេះ! អ្នក​ដែល​ប្រឡង​ធ្លាក់​បាក់​ឌុប​នេះ មាន​ន័យ​ថា​អ្នក​ដែល​ធ្លាក់​កម្រិត​ចំណេះដឹង​ទូទៅ ដូច​នេះ​គាត់​មាន​លក្ខខណ្ឌ​ពីរ ទី​១ អ្នក​ខ្លះ​គាត់​ត្រូវ​រៀន​ឡើង​វិញ រហូត​ប្រឡង​បាន​សញ្ញាប័ត្រ​បាក់ឌុប ទើប​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ ឯ​អ្នក​ខ្លះ​ក៏​អាច​មក​រៀន​ថ្នាក់​បរិញ្ញាបត្រ​រង​សិន ​​និង​អាច​បន្ត​ថ្នាក់​បរិញ្ញាបត្រ​បាន​ដូច​គ្នា គ្រាន់​តែ​តាម​យោបល់ខ្ញុំ ​ការ​មក​រៀន​ថ្នាក់​បរិញ្ញាបត្ររង វា​ចំណេញ​ពេល​សម្រាប់​គាត់ ហើយ​មិន​មែន​មាន​ន័យ​ថា​ គាត់​​អត់​​មាន​សញ្ញាប័ត្រ​បាក់ឌុប ហើយ​មក​រៀន​មិន​កើត​ទេ ជាក់ស្ដែង​តាម​បទពិសោធន៍​នៅ​សាលា​ខ្ញុំ​គឺ មាន​និស្សិត​ដែល​គាត់​ធ្លាក់​បាក់ឌុប តែ​គាត់​អាច​ចាប់​យក​ជំនាញ​បរិញ្ញាបត្រ​រង​ពូកែ និង​អាច​រក​ការងារ​ធ្វើ​បាន​ទៀត។ ខ្ញុំ​ចង់​បន្ថែម​មួយ​ទៀត​សម្រាប់​អ្នក ​ដែល​ធ្លាក់​និង​ទៅ​រៀន​សង​វិញ​ដើម្បី​ប្រឡង​ឲ្យ​ជាប់​នោះ តើ​ប្រាក​ដ​ឬ​អត់​ថា​ទៅ​រៀន​ដោយ​យក​ចិត្ត​ទុក​ដាក់​ មាន​អារម្មណ៍​និង​ប្រឹងប្រែង​រៀន​ឲ្យ​ជាប់​នោះ​ទេ? ដូច​នេះ ការ​បង្កើត​ថ្នាក់​បរិញ្ញាបត្រ​រង​នេះ ក៏​ល្អ​ប្រសើរ​ដែរ​សម្រាប់​អ្នក​ប្រឡង​ធ្លាក់ តែ​ក៏​មិន​មែន​ សម្រាប់​ឲ្យ​យុវជន​គិត​ថា មិន​បាច់​ប្រឹងប្រែង ក៏​អាច​រៀន​មហា​វិទ្យា​ល័យ​ដូច​គេ​បាន​នោះ​ទេ គឺ​នេះ​គ្រាន់​តែ​ជា​ការ​បង្ក​ឱកាស​ឲ្យ​និស្សិត​មាន​ជម្រើស​និង​អាច​សិក្សា​ បាន​តាម​លទ្ធភាព​ សមត្ថភាព​ប៉ុណ្ណោះ។
Sabay៖ មាន​អាណាព្យាបាល​មួយ​ចំនួន​ មិន​មាន​បំណង​ឲ្យ​កូន​ស្រី​មក​បន្ត​ការ​សិក្សា​នៅ​ឆ្ងាយ​ផ្ទះ ឬ​មាន​អាណាព្យាបាល ​ខ្លះ​នៅ​តែ​មាន​គំនិត​ថា​កូន​ស្រី​ជាប់​ត្រឹម​បាក់ឌុប គឺ​ជា​រឿង​ប្រសើរ​ហើយ មិន​បាច់​រៀន​ត​ទៀត​ក៏​បាន​ដែរ។ ត្រង់​នេះ​តើ​លោក​បណ្ឌិតមាន​អ្វី​ថ្លែង​ទៅ​កាន់​ពួក​គាត់?
បណ្ឌិត៖
ទាំង​នេះ​ជា​កត្តា​បរិបទ​សង្គម​ខ្មែរ​យើង តែ​យើង​ឃើញ​ថា ឥឡូវ​មាន​ការ​កែប្រែ​ល្អ​ច្រើន​ជាង​មុន មាន​ការ​ផ្លាស់ប្ដូរ​ប្លែក​ច្រើន តែ​ក៏​នៅ​តែ​មាន​គ្រួសារ​ខ្លះ​មិន​បាន​បង្ក​លក្ខណៈ​ឲ្យ​កូន​ស្រី​បាន​បន្ត​ ការ​សិក្សា ដោយ​គាត់​មាន​ហេតុផល​ខ្លាច​កូន​ ទៅ​រៀន​ឆ្ងាយ​ងាយ​ចាញ់​បោក​គេ​ជាដើម។ ប្រសិន​បើ​គាត់​គិត​បែប​នេះ​មាន​ន័យ​ថា​ គាត់​បាន​ផ្ដល់​ជម្រើស​ដល់​កូន​របស់​គាត់​ថា​អន់ គាត់​គិត​ថា​កូន​ស្រី​មិន​អាច​ប្រឈម​មុខ​បាន​ គាត់​គិត​ថា​កូន​គាត់​ចាញ់​បោក​គេ តែ​ហេតុ​អ្វី​បាន​ជា​គាត់​មិន​បាន​ជឿជាក់​លើ​កូន​របស់​គាត់ មិន​ព្រម​ផ្ដល់​ឱកាស​ធំ​ឲ្យ​កូន។ ខ្ញុំ​សូម​លើក​យក​ពាក្យ​ស្លោក​មួយ​មក​បញ្ជាក់​គឺ “បើ​ចង់​ឲ្យ​អនាគត​ប្រទេស​ជាតិ​មួយ​រីកចម្រើន​(ខ្លាំង) ត្រូវ​ឲ្យ​យុវជន​ខ្លាំង” ហើយ​ដើម្បី​ឲ្យ​យុវជន​ខ្លាំង ត្រូវ​ផ្ដល់​លក្ខខណ្ឌ​បី​ឲ្យ​យុវជន ទី ១ ចំណេះដឹង​ល្អ ទី ២ សុខភាព​ល្អ និង​ទី៣ ផ្ដល់​នូវ​សិល្បៈ​នៃ​ការ​រស់នៅ ការ​សេពគប់​ត្រូវ​ សម្រាប់​យុវជន។ ដូច​គ្នា​ដែរ​បើ​យើង​ប្រៀបធៀប​ទៅ​គ្រួសារ​មួយ​ដែល​ខ្លាំង​បាន លុះ​ត្រា​តែ​កូន​ខ្លាំង​ទាំង​បី​ចំណុច​នេះ​ដែរ ហើយ​តើ​កូន​នោះ​ខ្លាំង​បាន​លុះ​ត្រាតែ​យ៉ាង​ម៉េច? គឺ​លុះត្រាតែ​ ជ្រើសរើស​​ជំនាញ​​ត្រូវ ​សេពគប់​ត្រូវ និង​រៀន​ត្រូវ!។
Sabay ៖ សម្រាប់​ការ​ជ្រើសរើស​មុខវិជ្ជា​សិក្សា​ក៏​ជា​បញ្ហា​ប្រឈម​ខណៈ​ដែល​មាន​ និស្សិត​ជា​ច្រើន​បាន​សម្រេច​ចិត្ត​ជ្រើសរើស​​តាម​គ្នា ជ្រើសរើស​សាលា​ដែល​ជិត សាលា​ដែល​មាន​តម្លៃ​ថោក​ជាដើម។ល។ តើ​ក្នុង​នាម​លោក​បណ្ឌិត​​ជា​គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​មួយ​រូប និង​ជា​បុគ្គល​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ជុំវិញ​វិស័យ​អប់រំ​យល់​ថា ទាំងអស់​នេះ​មាន​ផល​ប៉ះពាល់​បែប​ណា​ខ្លះ​ដល់​យុវជន?
បណ្ឌិត៖
បាទ! ពិត​ប្រាកដ​ណាស់ យើង​ឃើញ​ហើយ​ថា សិស្ស​ឬ​ក៏​អាណាព្យាបាល​សិស្ស​មួយ​ចំនួន​គាត់​រង់ចាំ​ថា​តើ​ជាប់​ឬ​ធ្លាក់ ហើយ​បើ​គាត់​ជាប់ គាត់​នឹង​បន្ត​រង់ចាំ​លទ្ធផល​អាហារូបករណ៍​រដ្ឋ​ទៀត ។ បើ​ជាប់​គាត់​រៀន បើ​មិន​ជាប់​ទើប​គាត់​ដើរ​ប្រឡង​តាម​មហាវិទ្យាល័យ​ផ្សេងៗ​។ ការ​ប្រឡង​នេះ គឺ​បើ​ជាប់​មួយ​ណា​រៀន​មួយ​ហ្នឹង មានន័យ​ថា​គាត់​អត់​មាន​បាន​កំណត់​គោលដៅ​មួយ​នៅ​ឡើយ។ តែ​ត្រង់​ចំណុច​នេះ ក៏​អាច​មក​ពី​កត្តា​ជីវភាព​ដែរ។ តែ​គាត់​មិន​បាន​គិត​ថា ការ​ជ្រើសរើស​ជំនាញ​ គឺ​ជា​ការ​ជ្រើសរើស​អាជីព​ឬ​មុខរបរ​​ដែល​គាត់​ត្រូវ​រស់នៅ​ជាមួយ​អស់​​មួយ​ ជីវិត​ទេ។ ចំពោះ​ខ្ញុំ បើ​សិន​ជា​ជីវភាព​មិន​អំណោយ​ផល គាត់​គួរ​តែ​ផ្អាក​មួយ​រយៈ​ស្វែង​រក​ប្រាក់​ដើម្បី​បាន​រៀន​ជំនាញ​ដែល​ពេញ​ ចិត្ត​ រៀន​កន្លែង​ដែល​យើង​ចង់​ ​ទើប​ជា​ការ​ប្រសើរ ជៀសវាង​ការ​ធ្វើ​ការ​ខុស​ជំនាញ​ដែល​ជា​គ្រោះ​ថ្នាក់​សម្រាប់​ខ្លួន។
Sabay៖ តើ​យុវវ័យ​ធ្វើ​បែប​ណា​ទើប​ដឹង​ថា​គ្រឹះស្ថាន​ណា​ល្អ​ជាង​គ្រឹះស្ថាន​ណាចា៎?
បណ្ឌិត៖
ក្នុង​ការ​ជ្រើសរើស​គ្រឹះស្ថាន​ដែល​ល្អ គឺ​យើង​ត្រូវ​ពិចារណា​ស្វែងរក​ព័ត៌មាន​មួយ​ចំនួន​ជា​ចាំបាច់​ដូច​ជា ១. តើ​សាលា​នោះ គ្រឹះស្ថាន​នោះ​មាន​ច្បាប់​ទទួល​ស្គាល់ មាន​ចុះ​បញ្ជី​ត្រឹមត្រូវ​ដែរ​ឬ​ទេ? ២. តើ​គ្រឹះស្ថាន​នោះ​ដំណើរការ​ណ៍បាន​រយៈពេល​ប៉ុន្មាន​ហើយ ហើយ​ការ​ដំណើរការណ៍​កន្លង​មក​នេះ រីកចម្រើន​ឬ​យ៉ាង​ណា? តើ​គ្រឹះស្ថាន​នោះ​មាន​បាន​ឆ្លង​កាត់​ការ​ចុះ​ត្រួត​ពិនិត្យ​និង​ទទួល​ ស្គាល់​ពី​​គណៈកម្មការ​ទទួល​ស្គាល់​​គុណភាព​អប់រំ​នៅ​កម្ពុជា​ទេ? ជាប់​ចំណាត់​ថ្នាក់​យ៉ាង​ម៉េច​ដែរ? តើ​និស្សិត​ដែល​ធ្លាប់​សិក្សា​នៅ​ទី​នោះ​ចេញ​មក​វិញ​គេ​ទទួល​ស្គាល់​ទេ? មាន​ទី​ផ្សារ​ការងារ​ទេ? តើ​កម្មវិធី​សិក្សា​ត្រឹមត្រូវ​ទៅ​នឹង​មុខជំនាញ​ឬ​ទេ? តើ​បញ្ហា​គ្រូ​ដែល​បណ្ដុះបណ្ដាល​ហ្នឹង​របៀប​ម៉េច​ដែរ? ពិនិត្យ​ទៅ​លើ​ព័ត៌មាន​របស់​សាលា​នោះ តើ​ធ្លាប់​មាន​រឿង​អាស្រូវ​មិន​ល្អ​ទេ? អាច​ប៉ះពាល់​ដល់​សង្គម​ទេ? ហើយ​ដូច​ថ្មីៗ​នេះ​មាន​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ព័ត៌មាន ពី​ស្ថាប័ន​របស់​ខ្លួន ​សួរ​ថា​តើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​នេះ​មាន​ទិដ្ឋាការ​ពី​ក្រសួង​អប់រំ​ដែរ​ឬ ​ទេ? (កន្លង​មក​មាន​ករណី​បែប​នេះ) ប្រសិន​បើ​មិន​មាន​ទិដ្ឋាការ​ទេ គឺ​មាន​ន័យ​ថា​រាល់​ព័ត៌មាន​(មាន​ទំនាក់ទំនង​អន្តរជាតិ មាន​អាហារូបករណ៍…) នោះ​មិន​បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ ទាំង​រូបភាព សំឡេង…ហើយ​ព័ត៌មាន​នោះ​ក៏​មិន​អាច​ទុកចិត្ត​និង​ទទួល​យក​បាន​ដែរ។ ទាំងអស់​នោះ​ហើយ​ជា​កត្តា​និស្សិត​ត្រូវ​ពិចារណា​ មុន​សម្រេច​ចិត្ត​ចូល​មហាវិទ្យាល័យ​មួយ។ ខ្ញុំ​បញ្ជាក់​ថា ​ប្រសិន​បើ​គាត់​បាន​ជា​ជ្រុល​ជ្រើសរើស​ខុស​ទៅ​ហើយ​នោះ គាត់​គួរ​តែ​ផ្លាស់ប្ដូរ​ចេញ​ទៅ​ជា​ការ​ប្រសើរ​ឡើង​វិញ។
Sabay ៖ និយាយ​ដល់​ចំណុច​នេះ តើ​ក្នុង​ទស្សនៈ​លោកបណ្ឌិត​ផ្ទាល់​ លោក​យល់​យ៉ាង​ណា​ដែរ​ពី​គ្រឹះស្ថាន​សិក្សា​នៅ​តាម​ខេត្ត និង​នៅ​ភ្នំពេញ?
បណ្ឌិត៖
នេះ​ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ​ដោយ​មិន​មែន​ និយាយ​វាយ​ប្រហារ​ទៅ​លើ​គ្រឹះស្ថាន​ណា​មួយ​ឡើយ គឺ​បើ​យើង​និយាយ​ដល់​ចំណុច​នេះ​យើង​គួរ​ពិចារណា​ថា ការ​សិក្សា​មិន​មែន​មាន​តែ​ជំនាញ​មួយ​មុខ​ទេ គឺ​មាន​ន័យ​ថា​ទាំង​ជំនាញ​ដែល​យើង​ជ្រើសរើស និង​ជំនាញ​ជីវិត ដែល​សំដៅ​លើ​ការ​សម្រប​នឹង​សង្គម​ ការ​សេពគប់ ទំនាក់ទំនង​ជាដើម ហើយ​សួរ​ថា​បើ​គាត់​ទៅ​រៀន​នៅ​សាលា​ក្បែរ​ផ្ទះ តើ​គាត់​អាច​ទទួល​បាន​អ្វី​ខ្លះ​ក្រៅ​ពី​មុខ​ជំនាញ​នោះ? យើង​​ដឹង​ស្រាប់​ហើយ​ថា ប្រភព​ព័ត៌មាន​ ឱកាស​ការងារ ការ​ប្រជុំ​មនុស្ស(នាំ​មក​ជាមួយ​វប្បធម៌ សិល្បៈ​នៃ​ការ​រស់នៅ…) គឺ​មាន​តែ​នៅ​ទី​ក្រុង​ទេ។ មនុស្ស​២៤​ខេត្ត​ក្រុង​មក​ជួប​គ្នា ហើយ​បរិយាកាស​នៅ​ទីក្រុង​គឺ​ខុស​គ្នា​ណាស់​ជាមួយ​នៅ​ខេត្ត អ្នក​នៅ​ទីក្រុង​មាន​ឱកាស​ច្រើន អ្នក​រស់នៅ​ទីក្រុង​គឺ​អ្នក​រស់នៅ​ក្នុង​តំបន់​ដែល​ប្រកួត​ប្រជែង ជា​កន្លែង​បន្ស៊ាំ​ ជា​កន្លែង​ដែល​អ្នក​អាច​បង្កើត​ភាព​ខ្លាំង ពង្រឹង​សមត្ថភាព​ ដោយ​ការ​រស់នៅ​ក្នុង​តំបន់​សំបូរ​បែប ជា​ប្រជុំ​នៃ​ទីផ្សារ​ ក្រុមហ៊ុន ស្ថាប័ន​ដែល​នាំ​មក​ឱកាស​ការងារ​ទៀត​ផង។ ជា​រួម​យើង​មើល ទាំង​ចំណេះដឹង​សង្គម ពិបាក​រក​គ្រូ​ល្អ​ទៅ​ឧទ្ទេសនាម​នៅ​តាម​ខេត្ត​ណាស់ ហើយ​ពេល​ចប់​ទៀត​សោត តើ​ទៅ​ចុះ​កម្មសិក្សា​នៅ​ឯណា? ពិបាក​រក​ការងារ បើ​យើង​ប្រៀបធៀប​នៅ​ភ្នំពេញ។ ចំណុច​ទាំង​នេះ អាណាព្យាបាល​ និង​និស្សិត​អាច​​ពិចារណា​មើល ថ្លឹងថ្លែង​នឹង​ហេតុផល​ សេដ្ឋកិច្ច ហេតុផល​កូន​ស្រី​មិន​គួរ​ទៅ​ឆ្ងាយ​ផ្ទះ ឬ​ហេតុផល​ការ​សម្រេច​ចិត្ត​តាម​គ្នា​ជាដើម។ ខ្ញុំ​សូម​បញ្ជាក់​ថា ការ​លើក​ឡើង​ទាំង​នេះ គ្រាន់​ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ ដោយ​មិន​សំដៅ​និយាយ​វាយប្រហារ​ចំពោះ​គ្រឹះ​ស្ថាន​​ណា​មួយ​ឡើយ។
Sabay៖ តើ​យុវវ័យ​គួរ​ធ្វើ​បែប​ណា​ទើប​ដឹង​ថា​មុខជំនាញ​ណាមួយ​ត្រូវ​នឹង​ខ្លួន? សូមលោក​បណ្ឌិត​ជួយលើក​ជា​ឧទាហរណ៍​ដើម្បី​ឲ្យ​យុវវ័យ​បាន​យល់​ច្បាស់​ផង​ ចា៎‌!
បណ្ឌិត៖
ដូច​ខ្ញុំ​បាន​បញ្ជាក់​ខាង​លើ​ម្ដង​ហើយ​ថា ការ​រើស​ជំនាញ​គឺ​ជា​ការ​ជ្រើសរើស​មុខ​របរ​មួយ​សម្រាប់​ជីវិត មាន​ន័យ​ថា​ប្រសិន​ជា​អ្នក​ជ្រើសរើស​ខុស​ឬ​ជ្រើសរើស​ជំនាញ​ដែល​អ្នក​មិន​ពេញ ​ចិត្ត វា​ស្មើ​នឹង​អ្នក​ត្រូវ​ធ្វើ​ការ​នូវ​មុខ​របរ​ឬ​ការងារ​ដែល​អ្នក​មិន​ពេញ​ ចិត្ត​នេះ​អស់​មួយ​ជីវិត។ ក្នុង​ការ​ជ្រើសរើស​ជំនាញ​នេះ គឺ​ខ្ញុំ​សុំ​បញ្ជាក់​បន្តិច​ថា យើង​ត្រូវ​សិក្សា​ពី​មុខ​ជំនាញ​នេះ សម្រាប់​បួន​ឆ្នាំ​ទៅ​មុខ​ទៀត (មាន​ទីផ្សារ​ការងារ​ទេ​នៅ​ពេល​រៀន​ចប់) ហើយ​ជំនាញ​នេះ​ត្រូវ​ជាមួយ​​និស្ស័យ​របស់​អ្នក និង​ជា​ពិសេស គឺ​សិក្សា​ពី​លក្ខខណ្ឌ​សមត្ថភាព​របស់​ខ្លួន​យើង តែ​សម្រាប់​ចំណុច​នេះ មិន​មែន​ជា​បញ្ហា​ចោទ​ទេ​សម្រាប់​និស្សិត​ឆ្នាំ​២០១១​នេះ ​ព្រោះ​ដោយ​សារ​តែ​ក្រសួង​អប់រំ​បាន​និង​កំពុង​តែ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដែល​ ត្រឹមត្រូវ​មួយ ដោយ​បាន​បង្រួម​ផ្លូវ បង្ក​ភាព​ងាយ​ស្រួល​ដល់​និស្សិត​បែងចែក​មុខ​ជំនាញ​សិក្សា​តាំង​ពី​ថ្នាក់​ វិទ្យាល័យ​យ៉ាង​ច្បាស់លាស់​គឺ​មុខវិជ្ជា​ពិត និង​សង្គម។ កត្តា​នេះ​ក៏​ជា​ចំណុច​មួយ​តម្រង់​ផ្លូវ​និស្សិត​ក្នុង​ការ​ជ្រើសរើស​មុខ​ ជំនាញ​សិក្សា​បន្ត​ថ្នាក់​ឧត្ដម​សិក្សា។ “មិន​មែន​លឺ​តែ​គេ​ថា​ល្អ ក៏​រៀន​តាម​គេ​ទេ សំខាន់​ផ្ទៀងផ្ទាត់​នឹង​និស្ស័យ​ខ្លួន​យើង សមត្ថភាព​យើង…!
Sabay៖ តើ​យុវវ័យ​(ជា​ពិសេស​យុវវ័យ​មក​ពី​ជនបទ) អាច​ស្វែង​រក​ព័ត៌មាន​ពី​ការ​សិក្សា​នេះ​តាម​រយៈ​អ្វី​ខ្លះ ព្រោះ​ជា​ទូទៅ​ពួក​គេ​តែង​ជួប​បញ្ហា​ខ្វះ​ប្រភព​ព័ត៌មាន?
បណ្ឌិត៖
ខ្ញុំ​សោកស្ដាយ​ណាស់​ដែល​នៅ​សង្គម​ខ្មែរ និស្សិត​ឬ​ក៏​យុវវ័យ​ហាក់​នៅ​មាន​គម្លាត​ឆ្ងាយ​ពី​ប្រព័ន្ធ​អេឡិចត្រូនិក។ ជា​ទូទៅ បច្ចេកវិជ្ជា​អេឡិចត្រូនិក​តែងតែ​ផ្ដល់​គ្រប់​ព័ត៌មាន​ដល់​ពួក​គាត់ តែ​ក្នុង​ករណី​នេះ ក៏​តម្រូវ​ឲ្យ​គាត់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មិត្តភ័ក្ដិ​ឲ្យ​បាន​ច្រើន ជា​ពិសេស​​និស្សិត​ជំនាន់​មុន​ដែល​ធ្លាប់​រៀន​នៅ​គ្រឹះស្ថាន​នោះ ព្យាយាម​ស្គាល់​គ្រូ​បង្រៀន​តាម​សាកលវិទ្យាល័យ និង​មួយ​ទៀត​ត្រូវ​ចុះ​ស៊ើបសួរ​និង​ប្រៀបធៀប​គ្នា​រវាង​សាកលវិទ្យាល័យ​ទាំង​ នោះ​។
Sabay៖ ចុង​ក្រោយ​លោក​បណ្ឌិត​មាន​អ្វី​បន្ថែម​ទៀត​​ទៅ​កាន់​យុវវ័យ ក្រៅ​ពី​អ្វី​ដែល​បាន​លើក​ឡើង​ខាង​លើចា៎?
បណ្ឌិត៖
បាទ​ជា​ចុង​ក្រោយ​ខ្ញុំ​សូម​ក្រើន​រំលឹក​ដល់​ និស្សិត ប្អូនៗ​ដែល​កំពុង​ត្រៀម​ខ្លួន​បន្ត​អនាគត​ថ្នាក់​ឧត្ដមសិក្សា ​ត្រូវ​តែ​ប្រាក​ដ​ក្នុង​ចិត្ត​ថា​ខ្លួន​ឯង​ចង់​បាន​អ្វី? ហើយ​សូម​កុំ​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ​ដែល​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ គ្មាន​ការ​ពិចារណា​ឡើយ។ ខ្ញុំ​សូម​បញ្ជាក់​ថា “តម្លៃ​! ប្រាកដ​ជា​បញ្ជាក់​ពី​គុណភាព” ដូច​នេះ សូម​ជ្រើសរើស​កន្លែង​ដែល​ត្រឹមត្រូវ ទោះ​បី​ជា​សាលា​នោះ​មាន​តម្លៃ​ថ្លៃ​ ឬ​វិន័យ​តឹងតែង​ក៏​ដោយ និស្សិត​ត្រូវ​ទ្រាំ​នឹង​ការ​លំបាក​ក្នុង​រយៈ​ពេល​ខ្លី ប្រសើរ​ជាង​លំបាក​ក្នុង​រយៈពេល​វែង។ បាទ សូម​អរគុណ! សូម​ជម្រាប​លា!
Sabay៖ សូម​ថ្លែង​អំណរគុណ​ចំពោះ​លោក​បណ្ឌិត ដែល​បាន​ចំណាយ​ពេល​ និង​បាន​ចូលរួម​ចែករំលែក​នូវ​មតិ និង​បទ​ពិសោធន៍​ល្អ​ៗ​ជា​ច្រើន​ទៅ​ដល់​យុវជន ជា​ពិសេស​អ្នក​ដែល​កំពុង​ត្រៀម​ខ្លួន​ចូល​មហា​វិទ្យាល័យ។ សូម​ជូន​ពរ​លោកបណ្ឌិត​ជួបនឹង​សំណាង​ល្អ ទន្ទឹម​នឹង​នេះ Sabay សង្ឃឹម​ថា ការ​ចែករំលែក​ថ្ងៃ​នេះ នឹង​ក្លាយ​ជា​ព័ត៌មាន​សំខាន់ និង​មាន​ប្រយោជន៍​សម្រាប់​ការ​សម្រេច​ចិត្តក្នុង​ការ​សិក្សា​និងអភិវឌ្ឍ​​ ជីវិត​យុវវ័យ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ៕