Monday, September 2, 2013

មេដឹកនាំ ១០ រូបដែល​កាន់​អំណាច​យូរបំផុត

ប៉ុន្មាន​ថ្ងៃ​មុន​ បាន​អាន​អត្ថបទ​នៅ​ ប្លក់​រៀន​ដើម្បី​ខ្មែរ (ត្រូវ​បាន​គេ​បិទ​បាត់​ហើយ) អំពី​មេដឹកនាំ​ដែល​កាន់​អំណាច​យូរ​បំផុត ។ ម្ចាស់​ប្លក់​ គាត់​បាន​សរសេរ​លំអិត​តែ​មេ​ដឹក​នាំ​​តែម្នាក់​គត់ ដូច្នេះ​តាម៉ាប់ ​ក៏​សម្រេច​ចិត្ត​បក​ប្រែ​អំពី​មេ​ដឹកនាំ​ទាំង ១០​រូប​នេះ​តែ​ម្ដង ។
១. ហ៊ុន សែន (Hun Sen) ៖ រយៈពេល ២៦ ឆ្នាំ ​និង ១១ ខែ​ ។ នាយក​រដ្ឋ​មន្ត្រី​​នៃ​ រាជាណាចក្រ​កម្ពុជា​ នេះ ត្រូវ​បាន​បន្តុប​​ឲ្យ​កាន់​អំណាច​នៅ​ខែ​មក​រា ឆ្នាំ ១៩៨៥​ ដែល​នៅ​ពេល​នោះ​ មាន​ត្រឹម​តែ​អាយុ ៣៣ ឆ្នាំ ​គាត់​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​​ដ៏​ក្មេង​ជាង​គេ​បំផុត​​នៅ​លើ​ពិភព​លោក ។ អតីត​ខ្មែរ​ក្រហម​ម្នាក់​ដែល​ដំបូង​ជា​មេដឹកនាំ​រដ្ឋ​កុម្មុយនិស្ត រហូត​ក្លាយ​​ជា​មេដឹកនាំ​រដ្ឋ​ប្រជាធិបតេយ្យ​ ដោយ​មានការ​រៀប​ចំ​ផ្ទេរ​អំណាច​​ដោយ​​អង្គការ​សហប្រជាជាតិ​ ដើម្បី​បញ្ចប់​សង្គ្រាម​ស៊ីវិល​ដែល​មាន​រយៈ​ពេល​ជាង​ ២៥ ឆ្នាំ។ រដ្ឋបាល​របស់​លោក​ត្រូវ​បាន​គេ​វាយ​តម្លៃ​ជា​រដ្ឋបាល​ដ៏​មហា​ពុករលួយ​មួយ​ ក្នុង​ពិភពលោក ហើយ​ត្រូវ​បាន​ចោត​ប្រកាន់​ដោយ​ចំហ​ និង ទូលំ​ទូលាយ​ថា​បាន​លួច​ប្លន់​ធនធាន​ធម្មជាតិ​នៃ ​រាជាណាចក្រ​កម្ពុជា
២. ដេនីស សាសស៊ូ នហ្គេសសូ (Denis Sassou Nguesso) ៖ រយៈ​ពេល ២៧ ឆ្នាំ និង ៦​ ខែ ។ ឡើង​ជា​ប្រធានាធិបតី​នៃ ​សាធារណរដ្ឋ​កុងហ្គោ(Congo Republic) នៅ​ក្នុង​រដ្ឋប្រហារ​នៅ​ឆ្នាំ ១៩៧៩ ហើយ​បន្ត​កាន់​អំណាច​រហូត​ដល់​ចាញ់​ឆ្នោត​នៅ​ឆ្នាំ ១៩៩២ ។ ទោះ​ជា​យ៉ាង​ណា​ នហ្គេសសូ វិល​មក​កាន់​អំណាច​វិញ​នៅ​ឆ្នាំ ១៩៩៧ ដោយ​ឈ្នះ​សង្គ្រម​ស៊ីវិល ហើយ​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ ២០០២ និង ឆ្នាំ ២០០៩ ដែល​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​គ្មាន​តម្លាភាព ។
៣​. ប៉ូល ប៊ីយ៉ា (Paul Biya) ៖ រយៈ​ពេល ២៩ ឆ្នាំ និង ១​ ខែ ។ ប៊ីយ៉ា ​បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​ ប្រទេស​កាមេរូន​​​ (Cameroon) ពី​​ឆ្នាំ ១៩៨២ ។ សៀវភៅ​មួយ​ក្បាល​របស់​ ដេវីដ វ៉ាលឡិចឈីនស្គី (David Wallechinsky) ដែល​មាន​ចំណង​ជើង “មេដឹក​នាំ​ផ្ដាច់ការ​ ២០ រូប​ដែល​នៅ​មាន​ជីវិត​​នៅ​លើ​ពិភព​លោក” បាន​សរសេរ​អំពី ប៉ូល ប៊ីយ៉ា​ ថា «​ ប្រហែល​ ២-៣​ ឆ្នាំ​ម្តង ប៊ីយ៉ា​តែងតែ​រៀប​ចំ​ឆាក​បោះ​ឆ្នោត​ ដើម្បី​បង្ហាញ​ថា​ប្រជា​ជន​ពិត​ជា​គាំទ្រ​ឲ្យ​គាត់​កាន់​អំណាច​បន្ត ទោះ​បី​ជា​យ៉ាង​ណា​ក្ដី ការ​បោះ​ឆ្នោត​ទាំង​នេះ​គ្មាន​តម្លា​ភាព​នោះ​ទេ ។  ជា​ការ​ពិត ប៊ីយ៉ា​ ត្រូវ​បាន​ផ្ដល់​កិត្តិយស​ជា​អ្នក​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​ម្នាក់​ដែល​ បង្កើត​ការ​បោះឆ្នោត​របៀប​ឧបកិច្ច ។ នៅ​ឆ្នាំ ២០០៤ ដោយ​មិន​អាច​ទទួល​យក​ការ​រិះ​គន់​​​​ពី​ក្រុម​ត្រួត​ពិនិត្យ​ការ​ បោះ​ឆ្នោត​អន្តរជាតិ​បាន​ទៀត ប៊ីយ៉ា​ បាន​ចំណាយ​លុយ​ដើម្បី​បង្កើត​អ្នក​សង្កេត​ការ​អន្តរជាតិ​ដោយ​ផ្ទាល់​ខ្លួន ដែល​សុទ្ធ​សឹង​ជា​អតីត​សមាជិក​ព្រឹទ្ធ​សភា​អាមេរិច​ចំនួន​ ៦ គ្រឿង ដែល​បាន​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ពិត​ជា​សុក្រឹត និង យុត្តិធម៌»
៤. ហូស្នី មូបារ៉ាក់ (Hosni Mubarak) ៖ រយៈពេល ២៩ ឆ្នាំ និង ៤ ខែ ។ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា “ផារ៉ាអុង​ចុង​ក្រោយ” របស់ ​ប្រទេស​អេស្ស៊ីព មូបារ៉ាក់​ បាន​ក្លាយ​ជា​ប្រធានាធិបតី​នៃ​រដ្ឋ​អារ៉ាប​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​ នេះ​តាំង​ពី​ឆ្នាំ ១៩៨១ ។ ទោះ​ជា​យ៉ាង​ណា​ក្តី លោក​​ត្រូវ​បាន​ទម្លាក់​​ពី​អំណាច​នៅ​ខែ​កុម្ភៈ​ ឆ្នាំ ២០១១ ក្រោយ​ពី​មាន​បាតុកម្ម​រយៈ​ពេល ១៨​ ថ្ងៃ​រួច​មក ។
៥. រ៉ូប៊ត មូហ្គាបេ (Robert Mugabe) ៖ ៣១​ ឆ្នាំ និង ៧ ខែ ។ មូហ្គាបេ បាន​ក្លាយ​ជា​​នាយករដ្ឋមន្ត្រី​​នៃ ​ប្រទេស​​ហ្ស៊ីបបា​ប់វ៉េ (Zimbabwe) នៅ​​ឆ្នាំ ១៩៨០ ក្រោយ​ការ​ទទួល​ឯក​រាជ្យ​ពី​ រាជាណាចក្រ​អង់គ្លេស ។ មេទ័ព​ព្រៃ​ម៉ាក​ស៊ីស​មួយ​នេះ បាន​ក្លាយ​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ ១៩៨៧ ហើយ​បាន​កាន់​អំណាច​ជាប់​ក្នុង​ដៃ​យ៉ាង​ណែន​ បើ​ទោះ​ជា​មាន​បញ្ហា​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់​ធ្ងន់ធ្ងរ​ដែល​បណ្ដាល​ឲ្យ​ អតិផរណា​ឡើង​ហួស ១៦៤.៩០០,៣ ភាគរយ​យ៉ាង​ណា​ក្ដី ។ នៅ​ឆ្នាំ​ ២០០៩ មូហ្គាបេ បាន​ចាញ់​ឆ្នោត​​ តែ​​នៅ​រក្សា​អំណាច​ដដែល​ដោយ​បាន​បង្កើត​រដ្ឋាភិបាល​ចម្រុះ​​ជា​មួយ​ ម៉រហ្គាន​ តស្វានហ្គី​រ៉ៃ (Morgan Tsvangirai) ដែល​ជា​មេ​បក្ស​ប្រឆាំង ។
៦.ហូសេ អេឌូអារដូ ដូស៍ សេនតូស (Jose Eduardo Dos Santos) ៖ រយៈ​ពេល ៣២ ឆ្នាំ និង ៣ ខែ ។ ដូស៍ សេនតូស បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​នៃ ​ប្រទេស​អង់ហ្គោឡា (Angola) តាំង​ពី​ឆ្នាំ ១៩៧៩ ។ ចាប់​តាំង​ពី​ពេល​នោះ​មក ប្រជាជាតិ​មួយ​ដែល​សម្បូរ​ដោយ​ប្រេង និង ពេជ្រ​ នៅ​តែ​ជា​ប្រទេស​មួយ​ដែល​ក្រី​ក្រ​បំផុត ។ នៅ​ខែ​​មករា ឆ្នាំ ២០១០ សភា​បាន​អនុម័ត​​រដ្ឋ​ធម្មនុញ្ញ​ថ្មី​មួយ​ដែល​ថា​ ដូស៍ សេនតូស មិន​ចាំ​បាច់​ឈរ​ឈ្មោះ​ដើម្បី​ឲ្យ​​​ប្រជាជន​​​បោះ​ឆ្នោត​​ទៀត​ទេ ដោយ​​បញ្ជាក់​ថា មេ​បក្ស​ណា​ដែល​មាន​កៅអី​ច្រើន​ជាង​គេ​នៅ​ក្នុង​សភា ​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ដោយ​ស្វ័យប្រវត្តិ ។
៧. តេអូដូរ៉ូ អូប៉ាំង ណហ្គេម៉ា មបាសូហ្គូ (Teodoro Obiang Nguema Mbasogo) ៖ រយៈ​ពេល ៣២ ឆ្នាំ និង ៤​ ខែ ។ អូប៉ាំង បាន​ឡើង​កាន់​អំណាច​នៅ​​ប្រទេស​ហ្គីណេ​អេក្វាទ័រ (Equatorial Guinea) នៅ​ពេល​ដែល​គាត់​បាន​ធាក់​ទម្លាក់​ឪពុក​មា​របស់​ខ្លួន ហ្វ្រង់​ស៊ីស្កូ ម៉ាសៀស ណហ្គេម៉ា (Francisco Macías Nguema) ចេញ​ពី​អំណាច​នៅ​ខែ សីហា ឆ្នាំ ១៩៧៩ ។ គាត់​ត្រូវ​​ឈ្នះ​ឆ្នោត​នៅ​​ឆ្នាំ ១៩៩៦ និង ២០០២ ដែល​ជា​ការ​បោះ​ឆ្នោត​ពហុ​បក្ស​ដំបូង​បំផុត​របស់​ប្រទេស តែ​ទោះ​ជា​យ៉ាង​ណា​ ការ​បោះ​ឆ្នោត​ទាំង​ ២ ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​មិន​សុចរិត ។ នៅ​ឆ្នាំ ២០០៨ អត្ថបទ​មួ​យ​របស់​ទស្សនាវដ្ដី​តាម​បណ្តាញ​ ស្លេត (Slate) ដែល​មាន​ចំណង​ជើង​ថា “រណា​ជា​ជន​ផ្តាច់​ការ​អាក្រក់​បំផុត​នៅ​អាហ្វ្រ៊ិច ?” បាន​សរសេរ​អំពី​ អូប៉ាំង​ ថា «​​គាត់ ​ជា​ប្រទេស​ស្វ៊ីស​​នៃ​ភាព​ជា​ជន​ផ្តាច់ការ – មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​​ដើម្បី​ជម្រុញ​ឲ្យ​មាន​ការ​គោរព ​ដែល​ទស្សនីយភាព​នៃ​ការ​រំជើប​រំជួល​ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ច្បាស់» ។

៨.​ អាលី អាប់ឌូឡាហ៍ សាឡេហ៍ (Ali Abdullah Saleh) ៖ រយៈ​ពេល ៣៣ ឆ្នាំ និង ៥​ ខែ ។ សាឡេហ៍ បាន​គ្រប់​គ្រង​ ប្រទេស​យេម៉េនខាង​ជើង ជាង​ ១២ ឆ្នាំ ពី​ ខែ​កក្កដា​ ឆ្នាំ ១៩៧៨ រហួត​ដល់​ក្លាយ​ជា​ប្រធានាធិបតី​នៃ​ សាធារណរដ្ឋ​យេម៉េន​ (Republic of Yemen) ដែល​ត្រូវ​បាន​បង្កើត​ថ្មី​នៅ​ឆ្នាំ ១៩៩០ ។ បើ​ទោះ​ជា​នៅ​ឆ្នាំ ២០០២ គាត់​បាន​ប្រកាស​ថា​ខ្លួន​គាត់​នឹង​មិន​កាន់​អំណាច​នៅ​អាណត្ត​ក្រោយ​ទេ គាត់​​បាន​ប្ដូរ​ចិត្ត​ហើយ​កាន់​អំណាច​បន្ត​ទៀត ។ នៅ​ចុង​ឆ្នាំ ២០១០ បន្ត​មក​ដល់​ឆ្នាំ ២០១១ មាន​ការ​តវ៉ា​បាន​ផ្ទុះឡើង​ដើម្បី​ឲ្យ​គាត់​ចុះ​ចេញ​ពី​អំណាច ។ នៅ​ថ្ងៃ ២៣ ខែ​វិច្ឆិកា ឆ្នាំ ២០១១ បាន​យល់​ព្រម​ចុះ​ហត្ថលេខា​លើ​លិខិត​ផ្ទេរ​អំណាច​ ដែល​គាត់​នឹង​ចុះ​ចេញ​ពី​អំណាច​នៅ​ថ្ងៃ ២៣ ខែ​ធ្នូ​ ឆ្នាំ ២០១១ ខាង​មុខ​នេះ ។
៩. មូអាម់ម៉ារ កាដ៍ដាហ្វ៊ី (Muammar Qaddafi) ៖ រយៈ​ពេល ៤១ ឆ្នាំ និង ១១ ខែ ។ កាដ៍ដាហ្វ៊ី បាន​ដណ្ដើម​អំណាច​​ដោយ​រដ្ឋ​ប្រហារ​យោធា​មិន​បង្ហូរ​ឈាម​មួយ​នៅ​ឆ្នាំ ១៩៦៩ ។ ដោយ​សារ​ធនធាន​ធម្មជាតិ​ ប្រេងកាត​ដល់​សម្បូរ​​ហូរហៀរ​របស់​ ប្រទេសលីប៊ី (Libya) គាត់​ទម្លាប់​ទៅ​នឹង​ការ​ដំឡើង​​​សាច់​ដុំ​​ដាក់​សហគមន៍​អន្តរជាតិ ហើយ​តែង​តែ​ទទួល​បាន​នូវ​អ្វី​ដែល​គាត់​ចង់បាន ។ គាត់​បង្ហាញ​ខ្លួន​នៅ​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ ២០០៩ ដោយ​តាំង​ខ្លួន​ឯង​ជា “មេដឹកនាំ​បដិវត្តន៍, ប្រធាន​នៃ​សហព័ន្ធ​ទ្វីប​អាហ្វ្រិក, និង ជា​ស្ដេច​លើ​ស្ដេច​នៃ​ទ្វីប​អាហ្វ្រិក​ទាំង​មូល» ។ នៅ​ខែ​កុម្ភៈ​ ឆ្នាំ ២០១១ មាន​ការ​តវ៉ា​បាន​ផ្ទុះ​ឡើង​ពេញ​ផ្ទៃ​ប្រទេស ហើយ​បង្ក​ជា​សង្គ្រាម​ស៊ី​វិល ។ កង​ទ័ព​ឧទ្ទាម​ដែល​មាន​កងទ័ព​ណាតូ​នៅ​ពី​ក្រោយ​ខ្នង​ បាន​វាយ​យក​ រដ្ឋ​ធានីទ្រីប៉ូលី (Tripoli) នៅ​ថ្ងៃ ២៣ សីហា ២០១១ គាត់​បា​ន​រត់​គេ​ច​ខ្លួន​ រហូត​ដល់​ត្រូវ​គេ​ចាប់​បាន​ និង​ប្រហារ​ជីវិត​នៅ​ថ្ងៃទី ២០ ខែ​តុលា ឆ្នាំ ២០១១ ។
១០. បងប្អូន​ត្រកូល​​កាស្ត្រូ (The Castro Brothers) ៖ រយៈ​ពេល ៥២​ ឆ្នាំ និង ១០ ខែ ។ ពិត​ជា​អស្ចារ្យ​ណាស់​ នៅ​ពេល​ដែល​ ហ្វ្រ៊ី​ដេល (Fide) បាន​ឈប់​ដឹក​នាំ​ ប្រទេស​គុយបា (Cuba) ហើយ រ៉ាអ៊ូល(Raul) បាន​ឡើង​គ្រប់​គ្រង​បន្ត​​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០០៨ ។ កង​ទ័ព​របស់​ ហ្រ្វ៊ី​ដេល​ បាន​សម្រុកចូល​កាន់កាប់​ រដ្ឋ​ធានីហាវ៉ាណា (Havana) នៅ​ខែ​មករា ឆ្នាំ ១៩៥៩ ។ ចាប់​ពី​ពេល​នោះ​មក បងប្អូន​ត្រកូល​កាស្រ្តូ បាន​ឃើញ​ប្រធានាធិបតី​អាមេរិច ​​៩ នាក់ ស្បថ​ចូល​កាន់​អំណាច​បន្ត​បន្ទាប់​គ្នា, ទប់​ទល់​នឹង​ការ​លុក​លុយ​របស់​ទាហាន​គុយបា​ដែល​មាន​អាមេរិក​នៅ​ពី​ក្រោយ​ ខ្នង​នៅ​ ឆ្នេរ​ជ្រូ(Bay of Pigs) និង ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ច្រើន​ទសវត្ស ។
***
អត្ថបទ​នេះ​បក​ប្រែ​ទាំង​ស្រុង​ពី www.csmonitor.com និង​បាន​បន្ទាន់​សម័យ​ចំពោះ​បុគ្គល​ខ្លះ​តាម​រយៈ Wikipedia
តាម៉ាប់ និង យាយម៉ាប់ មិនទទួល​ខុស​ត្រូវ​ក្នុង​ការ​យក​អត្ថបទ​នេះ​ទៅ​ប្រើ​ក្នុង​ប្រការ​ណា​មួយ​ក៏​ដោយ ។

No comments: