
លោក បានថ្លែងថា៖ «ក្នុងសម័យនោះ ខ្ញុំគិតថាចង់ស្លាប់ ដោយសារការស្លាប់នៅពេលនោះ គឺជាសេរីភាព។ ខ្ញុំដឹងថា បើខ្ញុំមិនស្លាប់ ខ្ញុំត្រូវរស់នៅឲ្យបានប្រសើរជាងនេះ។ នេះគឺជាប្រភពនៃក្តីសង្ឃឹម។ អ្នកនៅតែរង់ចាំថ្ងៃមួយ ដែលសេរីភាពនឹងមកដល់។ ជីវិតគឺដូចគ្នា។ តើអ្នកមានថ្ងៃស៊យដែរទេ? ថ្ងៃស្អែកប្រាកដជាល្អប្រសើរមិនខាន។ ការកេងលក់ស្រួលពេញមួយយប់ នឹងផ្លាស់ប្តូរបញ្ហាជាច្រើន»។បច្ចុប្បន្ន បន្ទាប់ពីបានទទួលសញ្ញាបត្រផ្នែកច្បាប់ពីអាមេរិក និងអូស្រ្តាលី គាត់បើកក្រុមហ៊ុនច្បាប់មួយនៅកម្ពុជា និងមានតួនាទីជាទីប្រឹក្សារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមិនទទួលបានប្រាក់បៀវត្សរ៍។ បច្ចុប្បន្ន គាត់នៅទីក្រុងញូវយ៉ក ដើម្បីបញ្ចុះបញ្ចូលឲ្យកម្ពុជា បានក្លាយជាសមាជិកមិនអចិន្រៃ្តយ៍ក្នុងក្រុមប្រឹក្សាសន្តិសុខ សហប្រជាជាតិ។
លោកមានប្រសាសន៍ថា៖ «ការក្លាយជាសមាជិករបស់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ បើទោះជាត្រូវប្តូរវេនរៀងរាល់ពីរឆ្នាំម្តងក្តី វាបង្ហាញថា ប្រទេសរបស់អ្នក មានភាពចាស់ទុំ និងប្រទេសរបស់អ្នក ក៏ដូចជាប្រទេសផ្សេងទៀតដែរ ដោយអ្នកមានសំឡេង តួនាទី ជំហរ និងទស្សនៈមួយ»។
លោក សុក ស៊ីផាន់ណា បានឲ្យដឹងថា ប្រទេសកម្ពុជាកំពុងស្ទុះងើបឡើងទៅមុខ ក្រោយពីវិបត្តិរយៈពេល២០ឆ្នាំ។
លោក បានបន្តថា៖«យើងចង់ឲ្យមនុស្សដឹងថា យើងមានសមត្ថភាពចូលរួមចំណែកដល់សន្តិភាពដល់មនុស្សជាតិ និងពិភពលោក។ យើងអាចចូលរួមចំណែកបានច្រើន។ បច្ចុប្បន្ន យើងបានបញ្ជូនកងកម្លាំងរដ្ឋកម្ពុជាឲ្យចូលរួមជាមួយកងកម្លាំង រក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិនៅជុំវិញពិភពលោក»។
នៅ ខែ តុលាខាងមុខនេះ មហាសន្និបាតអង្គការសហប្រជាជាតិ នឹងធ្វើការបោះឆ្នោតដោយសម្ងាត់ថា តើកម្ពុជា ប៊ូតង់ ឬកូរ៉េខាងត្បូង នឹងមានអាសនៈមួយនៅក្នុងក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ។ លោក សុក ស៊ីផាន់ណា កំពុងនៅទីក្រុងញូវយ៉ក បញ្ចុះបញ្ចូលមន្ត្រីការទូតរបស់បណ្តាប្រទេសនានា ឲ្យបោះឆ្នោតឲ្យកម្ពុជា។ ដំណើរការនេះ បានធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង យោងទៅតាមអនុតំបន់។
លោកបាន បន្តថា៖ «បច្ចុប្បន្ន កម្ពុជាកំពុងស្ថិតក្នុងស្ថានភាពមួយដែលអាចឈរជាបេក្ខភាពដូច ប្រទេសផ្សេងទៀតដែរ។ ពិភពលោកត្រូវដឹងថា យើងមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដូចប្រទេសផ្សេងទៀតដែរ»។នេះគឺជាករណី ដែលលោកកំពុងបំពេញការងារតំណាងឲ្យកម្ពុជា។
លោក មានប្រសាសន៍បន្តថា៖ «សូមក្រឡេកមើលតំបន់នេះ កម្ពុជាមានបទពិសោធច្រើនក្នុងការផ្សះផ្សា និងកសាងជាតិ។ បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ា ក៏ដូចជា ប្រទេសកម្ពុជាកាលពី ១៥ឆ្នាំមុនដែរ។ មីយ៉ាន់ម៉ា អាចអនុវត្តតាមកម្ពុជាបាន ដោយសារប្រទេសទាំងពីរមានទិសដៅក្នុងការអភិវឌ្ឍក្រោយវិបត្តិស្រដៀង គ្នា។ មីយ៉ាន់ម៉ា អាចស្វែងយល់កាន់តែងាយស្រួលពីយើងទាំងអស់គ្នានៅកម្ពុជា ជាជាងស្វែងយល់ពីតំបន់អឺរ៉ុប ឬអាមេរិក»។
លោក សុក ស៊ីផាន់ណា បានឲ្យដឹងថា បើកម្ពុជាទទួលបានអាសនៈនេះ កម្ពុជានឹងទទួលបាននូវការគោរព និងមានសមត្ថភាពចូលរួមចំណែកក្នុងគោលនយោបាយពិភពលោក។
លោកបាន បន្តថា៖ «យើងនឹងមានលទ្ធភាពចូលរួមចំណែកដល់សន្តិភាពពិភពលោក និងចូលរួមក្នុងការពិភាក្សាជាសកល ព្រមទាំងធ្វើឲ្យប្រទេសដ៏តូចរបស់យើងក្លាយជាតំណាងមួយក្នុងការ ពិភាក្សាស្តីពីបម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព សន្តិសុខ បញ្ហានុយក្លេអ៊ែរ ហើយយ៉ាងហោចណាស់ យើងអាចបង្ហាញឲ្យពិភពលោក បានឮសំឡេងរបស់យើង»។
លោក សុក ស៊ីផាន់ណា កើតនៅឆ្នាំ១៩៦០ គឺជាកូនប្រុសរបស់វរសេនីយ៍ទោមួយរូបនៃកងយោធពលខេមរភូមិន្ទ។ លោកបានទៅសិក្សានៅប្រទេសបារាំង កាលពីនៅក្មេង ហើយលោកគឺជាកូនទីបីក្នុងចំណោមបងប្អូន ៦នាក់។ លោកមានប្រសាសន៍ថា ភាពជោគជ័យ មានលក្ខណៈស្រពេចស្រពិល ដូចជាដុំពពកអ៊ីចឹង។
«យើង ឃើញពពកមានរូបរាងខុសៗគ្នា ខ្ញុំអាចយល់ឃើញខុសពីអ្វីដែលអ្នកដទៃទៀតយល់។ ខ្ញុំយល់ថា ភាពជោគជ័យពាក់ព័ន្ធនឹងអ្វីដែលអ្នកយល់ឃើញក្នុងជីវិត។ បើអ្នកផ្តល់តម្លៃដល់របស់អ្វីមួយ នៅពេលនោះ អ្នកនឹងកំណត់ជោគជ័យរបស់អ្នកទៅលើបញ្ហានោះ។ បើអ្នកយល់ថា ការមានរថយន្តល្អមួយ នឹងធ្វើឲ្យអ្នកសប្បាយចិត្តនោះ នៅពេលនោះអ្វីដែលធ្វើឲ្យអ្នកសប្បាយរីករាយនោះ គឺការមានរថយន្តល្អជិះ»។«នៅពេលមនុស្សកំណត់និយមន័យនៃពាក្យ ជោគជ័យ ពួកគេនឹងក្លាយជាអ្នកទោសនៃក្តីស្រមៃរបស់ខ្លួន។ នៅពេលអ្នកក្លាយជាអ្នកទោសនៃសម្ភារនិយម នោះអ្នកនឹងបរាជ័យ ដោយសារអ្នកនឹងមិនមានលទ្ធភាពសម្រេចក្តីស្រមៃនោះបាន។ ជោគជ័យគឺជាដំណើរការមួយ ដើម្បីស្វែងយល់ពីអត្ថន័យនៃភាពជោគជ័យ មនុស្សម្នាក់ត្រូវក្រឡេកមើលសភាពខាងក្នុង ជាជាងការក្រឡេកមើលសភាពខាងក្រៅ»។
លោកបានថ្លែងថា បើទោះជាលោកមិនអាចដឹងពីការសម្ងាត់នៃភាពជោគជ័យក្តី តែលោកបានដល់ពីការសម្ងាត់នៃភាពបរាជ័យ។
លោក ថ្លែងថា៖ «ការសម្ងាត់នៃបរាជ័យគឺការព្យាយាមធ្វើឲ្យមនុស្សរាល់គ្នារីករាយ។ ចូលប្រកាន់គោលការណ៍របស់អ្នក។ កុំព្យាយាមធ្វើឲ្យអ្នករាល់គ្នារីករាយ។ ត្រូវស្មោះចំពោះខ្លួនឯង។ នៅពេលអ្នកព្យាយាមធ្វើឲ្យអ្នកដទៃរីករាយ អ្នកនឹងរងទុក្ខ»។
លោក បន្តថា៖ «សន្តិសុខគឺជាគន្លឹះនៃភាពជោគជ័យ។ វាគឺជាគំនិត វាគឺជាអារម្មណ៍នៅពេលទៅផ្ទះបន្ទាប់ពីបានទស្សនាភាពយន្ត អ្នកចូលគេងក្នុងរយៈពេល ៥នាទី ដោយគ្មានស្រេ្ដស។ នៅពេលលោកអ្នកធ្វើរឿងដែលត្រឹមត្រូវ ចូរកុំបារម្ភ។ អ្នកបារម្ភតែរឿងណាដែលអ្នកបានធ្វើហួសពីគោលការណ៍របស់អ្នកបាន ហើយ។ ប៉ុន្តែច្បាស់លាស់ចំពោះខ្លួនអ្នក គោរពអ្នកដទៃ»៕
(អត្ថបទដកស្រង់ពីកាសែតភ្នំពេញ ប៉ុស្តិ៍)
No comments:
Post a Comment