ពាក្យពីរឃ្លាដែលធ្វើឲ្យកញ្ញាសម្បុរស អ៊ន ភារិន ឡើងក្ដៅស្លឹកត្រចៀកពេលឮចេញពីមាត់សង្សារនោះគឺ បើសិនជាពួកយើងបែកគ្នា និង ពេលដែលគេនិយាយពីសង្សារចាស់។
និស្សិតស្រីវ័យ២៣ឆ្នាំរូបនេះបានបញ្ជាក់ថា៖ “បើឮពាក្យទាំងនោះប្រាកដជាទប់អារម្មណ៍ខឹង និងប្រចណ្ឌមិនបានទេ។ សុខៗមកនិយាយបែបនោះ មិនស្រណុកចិត្តសោះ គេដូចជាមិនស្មោះនឹងខ្ញុំ។ បើមិនគេចង់បែកឆ្វេង ក៏គេដូចជាអស់ចិត្តនឹងយើងដែរ”។
រីឯកញ្ញា ភោគ ចាន់រទ្ធី បានប្រាប់ទាំងទឹកមុខមាំថា ប្រសិនបើគេឮពាក្យថា “ខ្ញុំមិនចូលចិត្តគ្រួសារអ្នកទេ” ចេញពីមាត់សង្សាររបស់គេ នោះ រទ្ធីមិនអាចទទួលយកបានទេ។ និស្សិតស្រីសិក្សាជំនាញអក្សរសាស្ត្រអង់គ្លេសរូបនេះបានបន្តទៀត ថា៖ “ខ្ញុំនឹងបែកគ្នាហ្មង បើសិនជាគេនិយាយពាក្យបែបនោះ។ គ្មានអីនៅអាល័យទៀតទេ ព្រោះគេមិនគោរពគ្រួសារខ្ញុំផង ទៅថ្ងៃមុខក៏មិនចុះសម្រុងនឹងគ្នាដដែល“។
“ហឺ! មួយកំផ្លៀងឥឡូវ! ចាប់ពីថ្ងៃនេះទៅ បងឯងឈប់និយាយពាក្យនេះទៀត។ អូន មិនចង់ឮ!” (រូបតំណាង)
ដោយឡែកកញ្ញា អាតី សិក្សាឆ្នាំទីមួយជំនាញគ្រប់គ្រង
បានប្រាប់ឲ្យដឹងថា អ្វីដែលគេមិនចង់ឮពីមាត់សង្សារនោះ
មិនមែនជាពាក្យអ្វីទាំងអស់ ប៉ុន្តែបើឮសង្សារនិយាយសម្ដីបែបចេកៗ
គេមិនពេញចិត្តសោះ។អាតីបន្ថែមទៀតថា៖ “តែនិយាយចេញមកសម្លេងចេកៗ ស្អប់ហ្មង! ទោះបីគេនិយាយលេងក៏ដោយ ខ្ញុំអត់ចូលចិត្តសោះ ស្ដាប់ទៅវាមិនចូលត្រចៀក ចេះតែយល់ថាមិនមែនជាបុរសពិត ចរិតទន់ជ្រាយ”។
និយាយទាំងសម្ដីម៉ាត់ៗ កញ្ញាធីតា អតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់ឲ្យដឹងថា ពាក្យដែលមិនចង់ឲ្យរបូតចេញពីមាត់សង្សារមកប៉ះនឹងត្រចៀករបស់គេ នោះគឺ “បងសុំទោស យើងធ្វើមិត្តភ័ក្ដិគ្នាវិញទៅ”។ ឃ្លាខាងលើនេះនឹងធ្វើឲ្យធីតាឈឺចាប់ ព្រោះវាបញ្ជាក់ថាទឹកចិត្តស្រឡាញ់របស់គេទាំងប៉ុន្មានគ្មានតម្លៃ មិនស្មើនឹងពាក្យសុំទោស ហើយគេពិបាកនឹងធ្វើចិត្តស្រឡាញ់ឲ្យក្លាយជាមិត្តភាពវិញណាស់។
ចុះមិត្តយុវវ័យផ្សេងទៀតយល់ថា មានពាក្យអ្វីទៀតដែលមិនចង់ឮចេញពីបបូរមាត់ដៃគូទេ?
No comments:
Post a Comment