ឥរិយាបថ
គឺបង្ហាញពីអត្ដចរិតល្អ និងអាក្រក់
លោកអ្នកគ្រប់រូបតែងចង់ឱ្យខ្លួនឯងក្លាយជាមនុស្សដែលមាន
ឥរិយាបថល្អ ស្គាល់ខ្លួនឯងច្បាស់ ចេះប្រើប្រាស់សមត្ថភាពរបស់ខ្លួន
និងអាចដោះស្រាយគ្រប់បញ្ហាបាន។
មនុស្សគ្រប់រូបក៏ប្រាថ្នាចង់បានអនាគត
មួយដែលពោរពេញទៅដោយភាពជោគជ័យក្នុងឆាកជីវិត។ ទន្ទឹមនឹងការចង់បាននេះ
ភាពជោគជ័យទាំងឡាយក៏កើតចេញពីការតស៊ូ ព្យាយាម និងភាពអំណត់ផងដែរ
ដែលតម្រូវឱ្យមនុស្សគ្រប់រូបចេះត្រិះរិះពិចារណា
និងដោះស្រាយគ្រប់បញ្ហាដែលកំពុងជួបប្រទះដោយវិធីមួយដែលល្អបំផុត
សម្រាប់ខ្លួនឯង និងអ្នកដទៃ។
លោក សាំង សុខជា នាយកប្រតិបត្ដិនៃមជ្ឈមណ្ឌលអប់រំឥរិយាបថ បកស្រាយពីការអប់រំឥរិយាបថតាមរយៈទស្សនាវដ្ដី សុខភាពយើង។ការអប់រំឥរិយាបថ
ការអប់រំឥរិយាបថគឺជាការឱ្យដឹង ស្គាល់ និងយល់ច្បាស់ពីខ្លួនឯងថាខ្លួនកំពុងធ្វើអ្វី នឹងត្រូវត្រៀមធ្វើអ្វីខ្លះចំពោះខ្លួននាពេល អនាគត។ ការអប់រំឥរិយាបថនឹងធ្វើឱ្យលោកអ្នកស្គាល់ពីអតីតកាល និងអាចដោះស្រាយរឿងរ៉ាវពីអតីតកាលឱ្យជ្រះស្រឡះពីក្នុងចិត្ដ ដើម្បីកសាងខ្លួនឱ្យបានល្អនាពេលបច្ចុប្បន្ន។
ហេតុអ្វីបានជាត្រូវការអប់រំកែប្រែឥរិយាបថ?
ការអប់រំឥរិយាបថជាកត្ដាជួយធ្វើឱ្យលោកអ្នកបានទទួលការអប់រំ កាន់តែច្រើន និងទទួលបានអត្ថប្រយោជន៍ពីការអប់រំ ឥរិយាបថ។ ជាចាំបាច់សម្រាប់មនុស្សគួរតែមានការអប់រំឥរិយាបថ ដើម្បីឱ្យខ្លួនឯងស្គាល់ខ្លួនឯងកាន់តែច្បាស់ថែមទៀត។ នៅពេលដែលមនុស្សម្នាក់់មិនទាន់យល់ច្បាស់ពីអ្វីដែលខ្លួនឯងត្រូវការ ថាខ្លួនឯងកំពុងធ្វើអ្វី បុគ្គលម្នាក់នោះមានបញ្ហាដ៏ស្មុគស្មាញដែលមិនអាចដោះស្រាយបាន ដោយសារតែមិនទាន់ស្គាល់ច្បាស់ពីខ្លួនឯង និងមិនដឹងពីដំណោះស្រាយដ៏ល្អ។ ការអប់រំឥរិយាបថនឹងធ្វើឱ្យបុគ្គល នោះបានដឹងពីអ្វីសំខាន់ដែលខ្លួនមាន ហើយដឹងពីអ្វីដែលខ្លួនមិនដឹង ដើម្បីឱ្យលោកអ្នកបានចេះ ហើយអាចទៅធ្វើការទំនាក់ទំនងជា មួយអ្នកដទៃបាន។
ខ្លួនឯងគិតថាធ្វើត្រូវរហូត
មានលោកអ្នកមួយចំនួនតែងយល់ថាខ្លួនឯងត្រូវរហូត រាល់កិច្ចការអ្វីដែលបានធ្វើ ដោយមិនបានមើលពីកំហុសខ្លួនឯង ដើម្បីធ្វើការស្ថាបនានោះទេ។ មនុស្សបែបនេះអាចទទួលភាពបរាជ័យបានគ្រប់ពេលវេលា ដោយសារតែខ្លួនមើលខ្លួនឯងមិនឱ្យគ្រប់ជ្រុងជ្រោយ។ មនុស្សដែលមិនព្រមទទួលយកការពិត និងប្រកែកពីកំហុសរបស់ខ្លួន គឺជាមនុស្សដែលមិនឱ្យតម្លៃទៅលើខ្លួនឯង។ ដូច នេះលោកអ្នកត្រូវយល់ថាការទទួលស្គាល់នូវកំហុសរបស់ខ្លួនមិនត្រឹមតែ ឱ្យអ្នកដទៃសរសើរពីទង្វើរបស់យើងនោះទេ គឺថែមទាំងធ្វើ ឱ្យលោកអ្នកក្លាយទៅជាមនុស្សដែលមានការទទួលខុសត្រូវខ្ពស់ និងជាមនុស្សដែលមានឥរិយាបថល្អថែមទៀតផង។ មួយវិញទៀត ការដែលមិនព្រមបញ្ចេញពីសមត្ថភាពរបស់ខ្លួននោះ គឺមិនមែនជារឿងល្អនោះទេ ផ្ទុយទៅវិញគេអាចវាយតម្លៃថា មនុស្សប្រភេទនេះ ប្រៀបដូចសត្វពង្រូល។ លោកអ្នកប្រាកដជាមិនចង់ឮនូវពាក្យទាំងនេះទេ លោកអ្នកត្រូវយល់ឱ្យច្បាស់ ត្រូវបង្ហាញសមត្ថភាពដែល ខ្លួនអាចធ្វើបាន បើទោះបីជាវាស្ថិតក្នុងកម្រិតណាក៏ដោយ ព្រោះសមត្ថភាពមនុស្សម្នាក់ៗមិនអាចមានដូចគ្នាទាំងអស់នោះទេ អ្វីដែល គេមានយើងមិនអាចមាន តែអ្វីដែលគេមិនមាន គឺយើងអាចមាន។
បញ្ហាដែលត្រូវប្រឈមមុខនៅពេលដែលមិនទាន់ស្គាល់ខ្លួនឯង
មិនមែនបានន័យថាលោកអ្នកត្រូវតែទទួលការអប់រំឥរិយាបថ ទើបបានស្គាល់ពីខ្លួនឯងនោះទេ គឺអ្នកនោះត្រូវរៀនសូត្រ ស្គាល់ពីរសជាតិជីវិត ហើយសំខាន់បំផុតនោះគឺបានស្គាល់ពីខ្លួនឯងយ៉ាងច្បាស់ ដើម្បីអ្នកទាំងនោះក៏ជាមនុស្សមួយរូបដែលទទួលភាព ជោគជ័យក្នុងឆាកជីវិតដែរ។ ការដែលមិនបានទទួលការអប់រំឥរិយាបថ មិនមែនមនុស្សគ្រប់គ្នាមិនអាចស្គាល់ខ្លួនឯងនោះទេ ប៉ុន្ដែអ្វីដែលជាចំណុចសំខាន់បំផុតពីការអប់រំឥរិយាបថនេះ គឺធ្វើឱ្យមនុស្សគ្រប់រូបកាន់តែជឿជាក់លើខ្លួនឯង មានទំនុកចិត្ដចំពោះខ្លួនឯងខ្ពស់ និងឱ្យតម្លៃចំពោះខ្លួនឯង។ ការអប់រំកែប្រែឥរិយាបថជាកត្ដាសំខាន់ដែលបង្ហាត់បង្ហាញឱ្យខ្លួនឯងស្គាល់ កាន់តែច្បាស់ពីអត្ដចរិតរបស់ខ្លួន មនុស្សដែលស្គាល់ខ្លួនឯងគឺងាយទទួលបានភាពជោគជ័យក្នុងឆាកជីវិត ច្រើនជាងអ្នកដែលមិនទាន់ស្គាល់ច្បាស់ពីខ្លួនឯង។ នៅពេលដែលមនុស្សមិនទាន់ស្គាល់ខ្លួនឯងច្បាស់ មានបញ្ហាជាច្រើនដែលកើតមានដូចជាការមិនហ៊ានបញ្ចេញ ពីសមត្ថភាពអ្វីដែលខ្លួនមាន ការប្រឈមមុខនឹងរឿងបរាជ័យ មិនអាចទទួលបានសុភមង្គលក្នុងជីវិត ការទទួលភាពជោគជ័យមានកម្រិតទាប អ្វីដែលសំខាន់នោះគឺ ខ្លួនឯងមិនអាចជួយខ្លួនឯងបានទេ។
សារៈប្រយោជន៍នៃការអប់រំឥរិយាបថ
ការដែលលោកអ្នកបានទទួលការអប់រំដ៏ល្អមួយ លោកអ្នកនឹងក្លាយជាមនុស្សដែលចេះប្រើប្រាស់សមត្ថភាពខ្លួនមាន យល់ច្បាស់ពីតម្លៃនៃជីវិត អាចដោះស្រាយរាល់បញ្ហា ទទួលបាននូវសុភមង្គលក្នុងជីវិត ចេះរៀបចំពីអនាគតខ្លួនឯង។ រាល់ទង្វើដែលបាន ប្រព្រឹត្ដសុទ្ធតែជាអំពើគប្បី ចេះបែងចែកអ្វីដែលល្អ និងអាក្រក់ ហើយអ្វីដែលសំខាន់បំផុតនោះគឺនឹងអាចទទួលបានភាពជោគជ័យក្នុង ឆាកជីវិត។ ដើម្បីទទួលបានការអប់រំឥរិយាបថមួយដ៏ល្អគឺអាចធ្វើឡើងពីចំណេះដឹងដែលខ្លួនមាន ដោយបុគ្គលនោះចេះបង្រៀនខ្លួនឯង បានរៀនមើលពីអ្វីៗដែលជាអំពើល្អនៅជុំវិញខ្លួន និងបានមកពីការបង្ហាត់បន្ថែមពីអ្នកដទៃសម្រាប់ខ្លួន។ មួយវិញទៀតការអប់រំឥរិយាបថ ក៏ជាប្រយោជន៍មួយសម្រាប់សុខភាពផ្លូវចិត្ដផងដែរ ព្រោះមនុស្សអាចបានស្គាល់ខ្លួនឯង តស៊ូលំបាកជាមួយបញ្ហាដែលកំពុងប្រឈមមុខ និងឱ្យតម្លៃជីវិត មិនគិតអ្វីដែលជាអំពើអគតិដូចជាការធ្វើអត្ដឃាតជាដើម។
No comments:
Post a Comment