​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ​នេះ ជា​ថ្ងៃ​បើក​ឆាក​នៃ​សម័យ​ប្រឡង​បាក់ឌុប ឆ្នាំ​២០១៣​​ ។ បេក្ខជន​ប្រហែល​ជា​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​​មើល​ទៅ​​​​ដើម្បី​​ចូល​ រួម​ការ​ប្រឡង​នេះ​។ តែ​ទោះ​បី​យ៉ាង​ណា​ Sabay ក៏​សូម​រំឭក​​ពី​គោល​ការណ៍​១០​ចំណុច​​ដែល​បេក្ខជន​ត្រូវ​អនុវត្ត​​នា​ថ្ងៃ​​ ប្រឡង​​នោះ​៖
ទី​១ ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​សិស្ស។ ទី​២ ត្រូវ​ពាក់​​ស្លាក​​ឈ្មោះ ឬ​កាត​ប្រឡង​។ ទី​៣ ​គួរ​​ទៅ​ដល់​ក្នុង​បន្ទប់​ប្រឡង​​​​១៥​នាទីមុន​ការ​ប្រឡង​ចាប់​ផ្ដើម។ ទី​៤ ហាម​លាក់​ប្រ៊ុយយ៉ុង​ជាប់​ខ្លួន។​ ទី៥ ហាម​ប្រើ​ម៉ាស៊ីន​គិត​លេខ។ ទី៦ ហាម​ប្រើ​ទូរសព្ទ​ដៃ។ ទី៧ ​ហាម​លួច​ចម្លង​គ្នា។ ទី៨ កុំ​​ភ្លេច​សរសេរ​ឈ្មោះ​លើ​វិញ្ញាសា​។ ទី៩ ហាម​រៃ​លុយ​សូក​អនុរក្ស។ និង​ទី១០ ហាម​ប្រើ​​ទឹក​​លុប​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក ​ម៉ាក ឆរស្មី នាយក​វិទ្យាល័យ​សន្ធរម៉ុក
នាយក​វិទ្យាល័យ​រូប​នេះ​បាន​ឲ្យ​ដឹង​បន្ថែម​ថា​  ដើម្បី​ឲ្យ​បម្រាម​នេះ​មាន​ប្រសិទ្ធភាព​រៀងរាល់​ការ​ប្រឡង​ម្ដង​ៗ  មុន​ចូល​មណ្ឌល​ សិស្ស​ទាំង​អស់​ត្រូវ​បាន​​ត្រួត​ពិនិត្យ​ ឲ្យ​គោរព​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង។ ​លើស​ពី​នេះ​ទៅ​ទៀត​​ មុន​ចូល​បន្ទប់​ប្រឡង​ត្រូវ​ត្រួត​ពិនិត្យ​ម្ដង​ទៀត។
ចំណែក​ឯ​ក្នុង​បន្ទប់​ប្រឡង​មួយ​មាន​បេក្ខជន​២៥​នាក់ និង​​អនុរក្ស​២​នាក់ ជា​អ្នក​ត្រួត​ពិនិត្យ​ចាប់​យក​ប្រ៊ុយយ៉ុង​ និង​ហាម​មិន​ឲ្យ​មាន​​​ការ​ចម្លង​គ្នា។ ហើយ​ក្នុង​លក្ខខណ្ឌ​អនុរក្ស​ទទួល​សំណូក​ពី​បេក្ខជន​ប្រឡង ​ត្រូវ​​ទទួល​ពិន័យ​ពី​ក្រសួង​ ដូចជា​ការ​​ដក​បញ្ឈរ​ជើង​ជា​ដើម​។
ការ​​ប្រឡង​បាក់​ឌុបឆ្នាំ​នេះ មាន​បេក្ខជន​ចំនួន ១០៧ ៨៣៥​ នាក់​ បែង​ចែក​ជា​មណ្ឌល​ប្រឡង​ចំនួន​២៣៤​មណ្ឌល​ ក្នុង​នោះ​មាន​បន្ទប់​ប្រឡង​​ចំនួន​៤៣៩០​​​បន្ទប់ នៅ​ទូទាំង​ប្រទេស។