អំឡុងពេលសិក្សានៅថ្នាក់មហាវិទ្យាល័យ
ការធ្វើការងារក្រៅម៉ោងអាចជាការបន្ថែមបន្ទុកទៅលើការសិក្សារបស់អ្នក។
ប៉ុន្តែបើសិក្សាស្វែងយល់ពីអត្ថប្រយោជន៍ឲ្យបានច្បាស់ នោះអ្នកនឹងភ្លឺភ្នែកថា
ការងារក្រៅម៉ោង មានគុណប្រយោជន៍យ៉ាងណា។ និស្សិតជ្រើសរើស
ធ្វើការងារក្រៅម៉ោងដោយហេតុផលផ្សេងៗគ្នា
អ្នកខ្លះធ្វើការដើម្បីទទួលបានធនធានចំណេះដឹង ចំណេះធ្វើ
អ្នកខ្លះធ្វើការក្រៅម៉ោងដោយសារជីវភាពមានការខ្វះខាត
និងមានកត្តាផ្សេងៗទៀតជាច្រើន។
ចង់ដឹងថាការងារក្រៅម៉ោងផ្ដល់អត្ថប្រយោជន៍យ៉ាងណា Sabay
នឹងបរិយាយប្រាប់ប្រិយមិត្តដូចខាងក្រោមនេះ។
១. បានចំណូលបន្ថែម
ការធ្វើការក្រៅម៉ោង
អាចជួយដល់អ្នកទទួលបានប្រាក់ចំណូលបន្ថែមលើប្រាក់ចំណូលបច្ចុប្បន្នរបស់អ្នក។
អ្នកអាចជួយសម្រាលបន្ទុកគ្រួសារមួយចំណែក
នៅពេលដែលអ្នកទទួលបានកម្រៃខ្លះពីការធ្វើការងាររបស់អ្នក។
ត្រូវចាំថាការងារក្រៅម៉ោង មិនមែនសុទ្ធតែផ្ដល់កម្រៃទាបទាំងអស់នោះទេ
គឺអាស្រ័យលើទំហំការងារ និងតួនាទីរបស់អ្នក។ បើអ្នកមានតំណែងខ្ពស់
ប្រាក់កម្រៃដែលអ្នកទទួលក៏ក្រាស់ក្រែលតាមហ្នឹងដែរ។
២. ទទួលបានជំនាញថ្មី
មានក្រុមហ៊ុន
ជាច្រើនដែលផ្ដល់វគ្គបណ្ដុះបណ្ដាលដល់បុគ្គលិកក្នុងពេលវេលាជាក់លាក់មួយ
មុនពេលចាប់ផ្ដើមការងារ ដើម្បីឲ្យបុគ្គលិកថ្មីបានស្គាល់ច្បាស់ពីមុខងារ
និងតួនាទីដែលខ្លួនត្រូវបំពេញ។
ជំនាញដែលអ្នកទទួលបានពីវគ្គបណ្ដុះបណ្ដាលអាចខុសប្លែកពីអ្វីដែលអ្នកបានរៀននៅក្នុងថ្នាក់។
លើសពីនេះទៅទៀត អ្នកអាចទទួលបានជំនាញផ្សេងៗ បន្ថែមពីលើជំនាញដែលអ្នកមាន
និងអាចជួយសម្រួលដល់ការងារអ្នកឲ្យដើររលូនជាងមុន។
៣. យល់ពីតម្លៃនៃទឹកប្រាក់
នៅពេលដែលបានចូលធ្វើការដោយខ្លួនឯង អ្នកនឹងយល់កាន់តែច្បាស់ពីតម្លៃទឹកប្រាក់។
ពេលនេះអ្នកនឹងដឹងថា តើឪពុកម្ដាយដែលខំរកប្រាក់មកទំនុកបម្រុង
អ្នកពីមុនមកមានការលំបាកយ៉ាងណា។ មិនតែប៉ុណ្ណោះ
អ្នកក៏ប្រហែលជាមិនចំណាយខ្ជះខ្ជាយដូចមុនទៀតដែរ
ដោយបែងចែកការចំណាយលើអ្វីដែលខ្លួនយល់ថាសំខាន់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃតែប៉ុណ្ណោះ។
៤. ចេះបែងចែកពេលវេលា
ការសិក្សានៅមហាវិទ្យាល័យការគ្រប់គ្រប់ពេលវេលាជាជំនាញដ៏សំខាន់សម្រាប់ឲ្យនិស្សិតទទួលបានជោគជ័យ។
ដូច្នេះការធ្វើការងារក្រៅម៉ោង
ជួយឲ្យនិស្សិតឈប់គិតពីការពន្យារពេលធ្វើការងារសាលាផ្សេងៗ
ព្រោះវគ្គនេះបើគេមិនធ្វើវាភ្លាមៗ គេនឹងគ្មានពេលធ្វើទាន់ពេលកំណត់នោះទេ។
អ្នកនឹងចាត់ចែងពេលវេលាគ្រប់សកម្មភាពរបស់អ្នកបានប្រសើរមិនថាជាការដើរហើរ
ការមើលទូរទស្សន៍ និងការងារផ្សេងៗនោះឡើយ។ ផ្ទុយទៅវិញ បើអ្នកគ្មានការងារធ្វើ
នោះអ្នកប្រហែលជាចំណាយពេលវេលាខ្ជះខ្ជាយឥតប្រយោជន៍
គ្មានការបែងចែកច្បាស់លាស់ឡើយ ដូចពាក្យដែលគេនិយាយថា
“បើចង់សម្រេចការងារទាន់ពេល សុំឲ្យអ្នករវល់មកជួយ”
នេះមានន័យថាអ្នករវល់តែងឆ្លៀតពេលវេលាមួយចំណែកនៃការងារដែលគេមាន
មកបំពេញការងាររបស់គេ។
ម៉េចដែរមិត្តទាំងអស់គ្នា នៅគិតថាការងារក្រៅម៉ោងគ្មានតម្លៃទៀតទេ? តោះ ទៅស្វែងរកការងារធ្វើទាំងអស់គ្នាឥលូវនេះ!
No comments:
Post a Comment