Thursday, December 26, 2013

រាជធានី​ភ្នំពេញ​បង្កើត​ខណ្ឌ​ថ្មី​បី​បន្ថែម​ទៀត

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សម្រេច​ឲ្យ​បង្កើត​ខណ្ឌ​បី​ក្នុង​រាជធានី​ភ្នំពេញ ដែល​មន្ត្រី​ធ្លាប់​ឲ្យ​ដឹង​ថា ជា​ការ​ងាយ​ស្រួល​គ្រប់​គ្រង​ប្រជា​ពលរដ្ឋ​ក្នុង​រាជធានី​ដែល​ចេះ​តែ​កើន​ ឡើង​ជា​លំដាប់​និង​ផ្តល់​សេវា​សាធារណៈ​ឲ្យ​ពលរដ្ឋ​ឲ្យ​កាន់​តែ​មាន​ ប្រសិទ្ធភាព។
អនុក្រឹត្យ​ចំនួន​បី ដែល​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី ២៥ ធ្នូ ដោយ​លោក ហ៊ុន សែន បាន​សម្រេច​បង្កើត​ខណ្ឌ​ថ្មី​បី មាន​ខណ្ឌ ច្បារ​អំពៅ ខណ្ឌ ព្រែក​ព្នៅ និង​ខណ្ឌ ជ្រោយ​ចង្វារ បែង​ចែក​មក​ពី​ខណ្ឌ​មួយ​ចំនួន​ក្នុង​ចំណោម​ខណ្ឌ​ទាំង ៩ ដែល​មាន​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មាន​ប្រជាជន​ប្រមាណ ២ លាន​នាក់។
តាម​អនុក្រឹត្យ​ថ្មី​នេះ ខណ្ឌ ច្បារ​អំពៅ នឹង​កាត់​យក​សង្កាត់ ៨ ពី​ខណ្ឌ មាន​ជ័យ នៃ​រាជធានី​ភ្នំពេញ គឺ​សង្កាត់ ច្បារ​អំពៅ ទី១ សង្កាត់ ច្បារ​អំពៅ ទី២ សង្កាត់ និរោធ សង្កាត់ ព្រែក​ប្រា សង្កាត់ វាលស្បូវ សង្កាត់ ព្រែក​ឯង សង្កាត់ ក្បាល​កោះ និង​សង្កាត់ ព្រែក​ថ្មី។ ទីតាំង​សាលា​ខណ្ឌ មាន​ជ័យ ឲ្យ​នឹង​ផ្ទេរ​ឲ្យ​ទៅ​សាលា​ខណ្ឌ ច្បារ​អំពៅ ហើយ​សាលា​ខណ្ឌ មាន​ជ័យ មាន​ទីតាំង​ថ្មី​ក្នុង​សង្កាត់ ចាក់​អង្រែ​លើ។
ខណ្ឌ ព្រែក​ព្នៅ ត្រូវ​មាន ៥ សង្កាត់ គឺ​កាត់​យក​សង្កាត់​ចំនួន ៣ ពី​ខណ្ឌ សែន​សុខ គឺ​សង្កាត់ ព្រែក​ព្នៅ សង្កាត់ ពញាពន់ និង សង្កាត់ សំរោង និង​កាត់​យក​សង្កាត់​ចំនួន ២ ពី​ខណ្ឌ ពោធិ៍​សែន​ជ័យ គឺ​សង្កាត់ គោក​រកា និង​សង្កាត់ ពន្សាំង។ ទីតាំង​សាលា​ខណ្ឌ​ស្ថិត​នៅ​សង្កាត់ គោក​រកា។
រីឯ ខណ្ឌ ជ្រោយ​ចង្វារ នឹង​កាត់​យក​សង្កាត់​ចំនួន ៥ ពី​ខណ្ឌ ឫស្សីកែវ គឺ​សង្កាត់ ជ្រោយ​ចង្វារ សង្កាត់ ព្រែក​លៀប សង្កាត់ ព្រែក​តាសេក សង្កាត់ កោះ​ដាច់​និង​សង្កាត់ បាក់ខែង។ ទីតាំង​សាលា​ខណ្ឌ​ស្ថិត​ក្នុង​សង្កាត់ ព្រែក​លៀប។
អនុក្រឹត្យ សរសេរ​ថា៖ «ការ​រៀបចំ​រចនា​សម្ព័ន្ធ​និង​ការ​គ្រប់​គ្រង​រដ្ឋបាល​ខណ្ឌ ត្រូវ​អនុលោម​ទៅ​តាម​ច្បាប់​ស្តីពី​ការ​បង្កើត​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ»។
អនុក្រឹត្យ​ទាំង​នេះ​តម្រូវ​ឲ្យ​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ ​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង មហាផ្ទៃ រដ្ឋ​មន្ត្រី​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋ​មន្ត្រី​គ្រប់​ក្រសួង និង​ប្រធាន​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្រុម​ប្រឹក្សា​ខណ្ឌ ឫស្សីកែវ អភិបាល​ខណ្ឌ​និង​ក្រុម​ប្រឹក្សា​សង្កាត់​ពាក់​ព័ន្ធ​ត្រូវ​ទទួល​បន្ទុក អនុវត្ត​អនុក្រឹត្យ​នេះ​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​តទៅ។
អង្គការ​សង្គម​ស៊ីវិល​ធ្លាប់​លើក​ឡើង​ថា ការ​បង្កើត​ខណ្ឌ​ថ្មី រើស​មន្ត្រី​បន្ថែម ជា​ការ​ខ្ជះខ្ជាយ​ថវិកា​រដ្ឋ តែ​គួរ​រដ្ឋាភិបាល​ពង្រឹង​សមត្ថភាព​មន្ត្រី​សាធារណៈ៕

No comments: