Thursday, December 26, 2013

២០១៣ ជា​ឆ្នាំ​ធ្វើ​ឲ្យ​ព្រៃឈើ​កាន់​តែ​អន្តរាយ

131227_06
គំនរ​ឈើ​ហ៊ុប​ដែល​គេ​កាប់​នៅ​ព្រៃ​ឡង់​កាល​ពី​ខែ​មីនា​​​។ រូប សហ​ការី
រំឭក​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ
ភ្នំពេញៈ ទំហំ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា ត្រូវ​បាន​មជ្ឈដ្ឋាន​ជាច្រើន ផ្តោត​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​នៅ​ឆ្នាំ​នេះ​ជាមួយ​នឹង​ផែនទី​លម្អិត និង​ទិន្នន័យ​តាម​ផ្កាយ​រណប​ជាច្រើន​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​អង្គការ​ក្រៅ​ រដ្ឋាភិបាល​ដែល​បង្ហាញ​ពី​ការ​កាប់​បំផ្លាញ​យ៉ាង​គំហុក ធ្វើ​ឲ្យ​អន្តរាយ​ដ៏​ធំធេង​ចំពោះ​ព្រៃឈើ​នៅ​កម្ពុជា។ រូបភាព​ជាច្រើន​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ Open Development Cambodia (ODC) កាល​ពី​ដើម​ខែ ធ្នូ បាន​បង្ហាញ​ថា អត្រា​នៃ​តំបន់​គ្រប​ដណ្តប់​ដោយ​ព្រៃឈើ​បាន​ធ្លាក់​ពី​ប្រមាណ ៧២ ភាគរយ​មក​នៅ​ត្រឹម​តែ ៤៦ ភាគរយ​ប៉ុណ្ណោះ​នៅ​ឆ្នាំ ២០១៣។
ផែន​ទី​នេះ​បាន​បង្ហាញ​ថា​ចំណែក​ឯ​ព្រៃឈើ​ប្រមាណ ៤២ ភាគរយ​នៃ​ផ្ទៃ​ប្រទេស​ដែល​គ្រប​ដណ្តប់​ដោយ​ព្រៃ​ក្រាស់​កាល​ពី​ឆ្នាំ ១៩៧៣ គឺ​នៅ​សល់​ប្រមាណ​តែ ១១ ភាគរយ​ប៉ុណ្ណោះ មក​ទល់​នឹង​ពេល​នេះ។
លោក Marcus Hardtke អ្នក​សម្រប​សម្រួល​កម្មវិធី​ក្រុម​អភិរក្ស អាល្លឺម៉ង់ ARA បាន​និយាយ​ថា៖ «រឿង​ទាំង​អស់ គឺ ស្ថិត​នៅ​ក្រៅ​ច្បាប់ កម្ពុជា។ ទំហំ​នៃ​ការ​បំផ្លាញ គឺ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ វា​ជា​ព្រៃ​ដែល​ចាំ​បាច់​ត្រូវ​ការពារ។ អ្វី​ទាំង​អស់​ដែល​អ្នក​បាន​ឃើញ​គឺ​ដើម​កៅស៊ូ ដើម​កៅស៊ូ ដើម​កៅស៊ូ»។
កាល​ពី​ខែ វិច្ឆិកា ការ​សិក្សា​មួយ​របស់​សាកល​វិទ្យាល័យ Maryland បាន​ផ្តល់​ភ័ស្តុតាង​បន្ថែម​ទៀត​អំពី​ទំហំ​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ នៅ កម្ពុជា។ ការ​សិក្សា​នេះ បាន​រក​ឃើញ​ថា ព្រៃ​កម្ពុជា​ប្រមាណ ៧ ភាគរយ ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ក្នុង​រយៈ​ពេល ១២ ឆ្នាំ​ចុង​ក្រោយ​នេះ។
ការ​ស៊ើប​អង្កេត​មួយ​ទៀត​លើ​ការ​កាប់​ឈើ ត្រូវ​បាន​ធ្វើ​ដោយ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​ព្រៃ​សហគមន៍​ក្នុង​តំបន់​កាល​ពី​ ខែ វិច្ឆិកា បាន​បង្ហាញ​ថា កម្ពុជា បាន​បាត់បង់​ព្រៃឈើ ៤២ ម៉ឺន​ហិកតា​កាល​ពី​ឆ្នាំ​មុន​ស្មើ​នឹង​ប្រមាណ ៣,៨ ភាគរយ​នៃ​ព្រៃ​សរុប។ ទោះ​បី​មាន​ការ​ផ្អាក​ជា​បណ្តោះ​អាសន្ន​លើ​ការ​ធ្វើ​សម្បទាន​ដី​សេដ្ឋកិច្ច​ បាន​ហួស​កាល​ពី​ឆ្នាំ​មុន បន្ទាប់​ពី​ការ​ធ្វើ​ឃាត​សកម្មជន​ការពារ​ព្រៃឈើ​ដ៏​ឆ្នើម​គឺ​លោក ឈុត វុទ្ធី ក៏​ដោយ ក៏​ការ​កាប់​ឈើ​នៅ​ក្នុង និង​នៅ​ជុំវិញ​តំបន់​ដី​សម្បទាន និង​តំបន់​អភិរក្ស​នៅ​តែ​បន្ត​ដដែល​នៅ​ឆ្នាំ ២០១៣។
សម្ព័ន្ធ​សហគមន៍ កសិករ​កម្ពុជា (CCFC) និង​បណ្តាញ​យុវជន​កម្ពុជា បាន​និយាយ​កាល​ពី​ខែ សីហា ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ការ​ដឹក​ជញ្ជូន​ឈើ ភាគ​ច្រើន​ជា​ឈើ​គ្រញូង គេ​ឃើញ​មាន​ការ​កើន​ឡើង​ជា​គំហុក​ចាប់​តាំង​ពី​យុទ្ធនាការ​បោះឆ្នោត​បាន​ ចាប់​ផ្តើម។
អ្នក​សម្រប​សម្រួល CCFC លោក ថែង សាវឿន បាន​និយាយ​ថា៖ «រដ្ឋាភិបាល​ត្រូវ​តែ​ជំរុញ​មន្រ្តី​របស់​ខ្លួន​... កុំ​ឲ្យ​ឃុបឃិត​ជាមួយ​ឈ្មួញ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ពួក​គេ​ត្រូវ​ចាប់​ខ្លួន​ឈ្មួញ​ទាំង​នោះ ហើយ​ដាក់​គុក​ពួក​គេ»។
នៅ​ភាគ​ឦសាន​នៃ​ប្រទេស ព្រៃឈើ​បាន​រង​នូវ​ការ​កាប់​បំផ្លាញ​យ៉ាង​ខ្លាំង ដោយ​ក្រុម​សិទ្ធិ​មនុស្ស​ដាក់​ការ​ស្តី​បន្ទោស​លើ​ឧកញ៉ា ទ្រី ភាព ដែល​ទទួល​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការ​ប្រមូល​ទិញ​ឈើ​ប្រណីត ភាគ​ច្រើន​ជា​ឈើ​គ្រញូង​ពី​ក្រុមហ៊ុន​ដី​សម្បទាន​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ ចំនួន ១៥ ខេត្ត។ កាល​ពី​ខែ កុម្ភៈ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ឲ្យ​សិទ្ធិ​ផ្តាច់​មុខ​ដល់​លោក ទ្រី ភាព ដើម្បី​ប្រមូល​ទិញ​ឈើ​ពី ELC នៅ​ខេត្ត រតនគិរី។ ទ្រី ភាព ត្រូវ​បាន​គេ​គិត​ថា មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​ក្រុម​មន្រ្តី​រដ្ឋាភិបាល មក​ពី​ក្រសួង មហាផ្ទៃ និង​ក្រសួង កសិកម្ម យោធា មន្រ្តី​ព្រៃឈើ និង​ក្រុមហ៊ុន​សម្បទាន​ជាច្រើន​ផ្សេង​ទៀត។
អតីត​ដែន​ជម្រក​សត្វ​ព្រៃ​ការពារ​ដ៏​ធំ​ល្វឹង​ល្វើយ​ត្រូវ​បាន​គេ​បែង​ ចែក​ឡើង​វិញ ហើយ​មួយ​ផ្នែក​ត្រូវ​បាន​គេ​ចាត់​ជា​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​រយៈ ​ពេល ៣-៤ ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​បន្សល់​ទុក​តែ​តំបន់​តូចៗ​ប៉ុណ្ណោះ។ ប៉ុន្តែ​កាល​ពី​ខែ តុលា អង្គការ​អភិរក្ស​ធនធាន​ធម្មជាតិ និង​សត្វ​ព្រៃ​បាន​និយាយ​ថា ការ​ស៊ើប​អង្កេត​ដែល​ខ្លួន​បាន​ធ្វើ​បាន​រក​ឃើញ​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ គ្រប់​តំបន់​អភិរក្ស​ក្នុង​ប្រទេស កម្ពុជា។
មន្រ្តី​ព្រៃឈើ​ម្នាក់​បាន​ទទួល​ស្គាល់​ថា ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ប្រហែល ៩០ ភាគរយ រីឯ​ការ​ស៊ើប​អង្កេត​របស់​កាសែត ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ខែ មេសា បាន​រក​ឃើញ​ថា ប្រមាណ ៦០ ភាគរយ​នៃ​ព្រៃ​ជម្រក ៧៥ ពាន់​ហិកតា ត្រូវ​បាន​គេ​ឈូស​ឆាយ​ចាប់​តាំង​ពី​ឆ្នាំ ២០០៩។
របាយ​ការណ៍​មួយ​ដែល​គេ​ចេញ​កាល​ពី​ខែ សីហា បាន​ឲ្យ​ដឹង​ថា អង្គការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​និយាយ​ថា ខ្លួន​មាន​ភ័ស្តុតាង នៃ​ការ​កាប់​ព្រៃឈើ​ខុស​ច្បាប់​អនាធិបតេយ្យ​នៅ​ខេត្ត ព្រះ​វិហារ ដែល ត្រូវ​បាន​កាប់​ក្រោម​បញ្ជា​ពី​លោក​ឧកញ៉ា ទ្រី ភាព។
អង្គការ Global Witness ដែល​មាន​មូលដ្ឋាន​ធំ​នៅ​ក្រុង ឡុងដ៍ ប្រទេស អង់គ្លេស ត្រូវ​បាន បណ្តេញ​ចេញ​ពី​កម្ពុជា​ក្នុង​ឆ្នាំ ២០០៥ បាន​ចេញ​របាយ​ការណ៍​មួយ​កាល​ពី​ខែ ឧសភា ដោយ​ផ្តោត​ទៅ​លើ​ក្រុមហ៊ុន Vietnam Rubber Group (VRG) និង​ក្រុមហ៊ុន Hoang Anh Gia Lai (HAGL) ជា​កម្មសិទ្ធិ​ឯកជន​ដែល​របាយ​ការណ៍​នេះ​បាន​រក​ឃើញ​ថា បាន​ទទួល​សម្បទាន​ដី​សេដ្ឋកិច្ច​លើស​ចំនួន​ច្បាប់​កំណត់។
របាយ​ការណ៍​បន្ត​ថា ផល​ប៉ះពាល់​ពី​ការ​កាប់​ឈើ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុមហ៊ុន ទាំង​នោះ​រួម​មាន ការ​ធ្វើ​ឲ្យ​ខ្វះខាត​ស្បៀង​អាហារ ការ​ខ្វះ​ខាត​ទឹក​ការ​បាត់បង់​ជីវភាព ដោយ​គ្មាន​សំណង និង​ការ​បំផ្លាញ​ផ្នូរ​ជីដូន​ជីតា​របស់​ប្រជាជន និង​កន្លែង​អភិរក្ស​អ្នក​តា។ របាយ​ការណ៍​បាន​បន្ត​ទៀត​ថា ការ​បំភិត​បំភ័យ អំពើ​ហិង្សា និង​ការ​ចាប់​ខ្លួន​ប្រជាជន​ដែល​តវ៉ា​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់​គឺ កើត​មាន​ឡើង​យ៉ាង​ច្រើន។
អង្គការ Global Witness បន្ត​ថា បើ​ទោះ​បី​ជា​មាន​ការ​សន្យា​ថា នឹង​បោស​សម្អាត​អំពើ​ទាំង​នោះ​ក៏​ដោយ​ក៏​ក្រុមហ៊ុន HAGL បន្ត​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ដី​សម្បទាន​របស់​ខ្លួន​ ដដែល។
Megan MacInnes នៅ​អង្គការ Global Witness បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ក្រុមហ៊ុន​នេះ​មិន​ប្រាប់​យើង​អំពី​ការ​ពិចារណា​របស់​ខ្លួន​ក្នុង​ការ​ ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​ខ្លួន​ទេ ប៉ុន្តែ​ភ័ស្តុតាង​បង្ហាញ​ថា ការ​កាប់​ឈើ​នៅ​តែ​បន្ត​កើត​មាន​ហើយ​ប្រជាជន​ដែល​ផ្ទះ​របស់​ពួក​គេ​ត្រូវ​ បាន​បំផ្លាញ​ដោយ​អាប៊ុល​កំពុង​តស៊ូ​រស់​នៅ​យ៉ាង​លំបាក​សម្រាប់​ជីវភាព​របស់​ ពួក​គេ»។
លោក ទ្រី ភាព ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បាន​កាប់​ឈើ​ធ្នង់​និង​នាង​នួន​ពី​តំបន់​អភិរក្ស​សត្វ​ព្រៃ លំផាត់ ហើយ​តែង​រក្សា​ទុក​ឈើ​ទាំង​នោះ​នៅ​ក្នុង​តំបន់​សម្បទាន HAGL និង​នាំ​ចេញ​ទៅ​តាម​ទូក​នៅ​ទន្លេ ស្រែ​ពក។ បើ​ទោះ​បី​ជា​មាន​ការ​ចោទ​ប្រកាន់​ជាច្រើន​ប្តឹង​ប្រឆាំង​នឹង ពាណិជ្ជករ​រូប​នេះ​ក៏​ដោយ ក៏​ពាណិជ្ជករ​រូប​នេះ មិន​មាន​ការ​ភ័យ​ខ្លាច​នឹង​ការ​ចាប់​អារម្មណ៍​របស់​សាធារណជន ហើយ​ជា​ការ​ឆ្លើយ​តប គាត់​បាន​ដាក់​បណ្តឹង​បរិហារកេរ្តិ៍​ទៅ​លើ​ប្រជាជន​ពីរ​នាក់។ នេះ​បើ​តាម​ការ​លើក​ឡើង​នៅ​ក្នុង​របាយ​ការណ៍​នា​ខែ វិច្ឆិកា របស់​ក្រុម​ការងារ​សិទ្ធិ​លំនៅឋាន។ នៅ​ភាគ​ខាង​ត្បូង​ប្រទេស កម្ពុជា ព្រៃឈើ​ក្នុង​តំបន់​ការពារ​សត្វ​ព្រៃ ភ្នំ​ឱរ៉ាល់ រួម​ទាំង​ភ្នំ​ឱរ៉ាល់ និង​ក្នុង​ផ្នែក​ភាគ​ខាង​កើត​នៃ​ភ្នំ ក្រវាញ កំពុង​ត្រូវ​បាន «កាប់ បំផ្លាញ» ដោយ​ការ​កាប់​ព្រៃឈើ និង​គំរាម​កំហែង​ដល់​ពពួក​សត្វ ដំរី សត្វ ខ្លា។ នេះ​បើ​តាម​ប្រជាជន​ដែល​បាន​ថ្លែង​កាល​ពី​ដើម​ខែ​នេះ។
នៅ​ពី​ក្រោយ​នៃ​សកម្មភាព​កាប់​ឈើ​នេះ​គឺ ក្រុមហ៊ុន HLH Agriculture ដែល​គ្រប់​គ្រង​ដោយ​បង​ប្អូន​ស្រី​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន គឺ​លោក​ស្រី ហ៊ុន សេងនី ក្រុមហ៊ុន​ស្ករ​ស​ភ្នំពេញ និង​ក្រុមហ៊ុន​ស្ករ​ស កំពង់ស្ពឺ ដែល​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ជា​កម្មសិទ្ធិ​របស់​ព្រឹទ្ធ​សមាជិក​គណបក្ស​កាន់ ​អំណាច លោក លី យ៉ុងផាត់។ ក្រុមហ៊ុន​របស់​លោក ទ្រី ភាព ត្រូវ​បាន​សង្ស័យ​ថា មាន​កិច្ចសន្យា​ធ្វើ​ចម្ការ​ពោត​និង​ស្ករ​ស។
ទោះ​យ៉ាង​ណា​ក្តី សហគមន៍​ដែល​រងគ្រោះ ដោយ​ការ​កាប់​ព្រៃឈើ បាន​ដាក់​ពាក្យ​បណ្តឹង​ជាច្រើន​ទៅ​អាជ្ញាធរ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ក្នុង​នោះ​ក្រុម​សកម្មជន​មួយ​ក្រុម​បាន​ធ្វើ​ការ​ចុះ​ល្បាត​ចំនួន​ពីរ​ ដង ដើម្បី​ទៅ​ចាប់​ពួក​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​តំបន់​ព្រៃ ឡង់ ជា​ការ​ឆ្លើយ​តប​នឹង​អំពើ​កាប់​ឈើ​ខុស​ច្បាប់​ក្រោយ​ការ​បោះឆ្នោត។
នៅ​ក្នុង​ជោគជ័យ​តូច​មួយ​នៅ​ទំនប់​វារី​អគ្គិសនី សេសាន ក្រោម ២ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សម្បទាន​របស់​ឧកញ៉ា គិត ម៉េង ការ​កាប់​ឈើ​នៅ​តំបន់​អាង ត្រូវ​បាន​ព្យួរ​ជា​បណ្តោះ​អាសន្ន​ពី​ខែ តុលា។ គណៈកម្មការ​មួយ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ផង​ដែរ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Ang & Associates Lawyer Ltd ដែល​ជា​ក្រុមហ៊ុន​សាខា​មួយ របស់​ក្រុមហ៊ុន Royal Group របស់​លោក គិត ម៉េង ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ដដែលៗ​ថា​បាន​កាប់​ឈើ​នៅ​ក្រៅ​តំបន់​សម្បទាន​ របស់​ខ្លួន។
គណបក្ស​ប្រឆាំង​បាន​រិះគន់​ជា​បន្ត​បន្ទាប់​ចំពោះ​គោល​នយោបាយ​ព្រៃឈើ​ របស់​រដ្ឋាភិបាល និង​ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច ដែល​ក្នុង​នោះ​លោក សុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ការ​កាប់​ឈើ​ខុស​ច្បាប់​គឺ «ប្រហែល​ជា​បញ្ហា​សំខាន់​បំផុត​ក្នុង​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន»។
ដោយ​ប្រឆាំង​នឹង​ការ​ហាម​ឃាត់ មិន​ឲ្យ​ពាក់​ព័ន្ធ​សកម្មភាព​នយោបាយ ព្រះ​តេជគុណ ប៊ុត ប៊ុនទិញ បាន​ចូល​រួម​តវ៉ា​នៅ​ក្នុង​ជម្លោះ​រវាង​អ្នក​ភូមិ​ក្នុង​ខេត្ត កោះកុង ជាមួយ​ក្រុមហ៊ុន China Guodian Corporation ដែល​មាន​កិច្ចសន្យា​សាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​ក្នុង​តំបន់​នោះ។ ព្រះ​តេជគុណ ប៊ុនទិញ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពេល​នោះ​ថា៖ «ឥឡូវ​នេះ អាត្មា​កំពុង​អំពាវនាវ​ឲ្យ​ពិភពលោក​ទាំង​មូល​ចូល​រួម​ការពារ​ព្រៃ របស់​យើង ពីព្រោះ​អាត្មា​តែង​តែ​គិត​អំពី​ព្រៃឈើ»។
ទំហំ​នៃ​ការ​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​មាន​លក្ខណៈ​ខ្លាំង​ឡើងៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ អ្វី​ដែល​ត្រូវ​រង់​ចាំ​មើល​គឺ​ថា តើ​នឹង​មាន​សម្ពាធ​គ្រប់​គ្រាន់​ឬ​អត់​ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល ចាត់​វិធានការ ការពារ​សម្បត្តិ​ធម្មជាតិ៕ NR/PS

No comments: