អតីតអ្នកបឹងកក់ តវ៉ាបិទផ្លូវខាងមុខសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធនេះ/រូបថតដោយតាំង វីដា
អភិបាល
សាលារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស លើកឡើងថា
ការតវ៉ាទាមទារដំណោះស្រាយរបស់អតីតអ្នកភូមិបឹងកក់
ដែលបានទទួលបានសំណងដីធ្លីរួចហើយនោះ គឺពាក់ព័ន្ធនឹងអ្នកនយោបាយ។
នៅថ្ងៃទី២៥ ខែធ្នូនេះ
ប្រជាសហគមន៍បឹងកក់ពីរក្រុម រួមមានអ្នកទទួលសំណងហើយ
និងអ្នកមិនទាន់ទទួលសំណង ប្រមាណ១០០ ប្រមូលផ្តុំគ្នានៅថ្ងៃទី៣
តវ៉ាបិទផ្លូវមហាវិថីព្រះមុនីវង្ស
ស្រែកទាមទាររកដំណោះស្រាយចំពោះជម្លោះដីធ្លី។
អភិបាលសាលារាជធានីភ្នំពេញ លោក ប៉ា
សុជាតិវង្ស ប្រាប់VODនៅថ្ងៃពុធនេះថា បញ្ហាជម្លោះរបស់ប្រជាពលរដ្ឋ
ក្នុងតំបន់បឹងកក់ គឺអាជ្ញាធរ បានកំពុងរៀបចំឯកសារ
ពិភាក្សារកដំណោះស្រាយ ដល់អ្នកសេសសល់តាមការសន្យារបស់ខ្លួន
ប៉ុន្តែចំពោះការតវ៉ាសើរើរឿងរបស់អតីតអ្នកភូមិបឹងកក់វិញ លោកយល់ថា
គឺកើតឡើងដោយសារការដុតកម្តៅពីអ្នកនយោបាយគណបក្សប្រឆាំង
ហើយជាការដាក់បន្ទុកកំហុសបន្ថែមលើសមត្ថកិច្ច
មិនមែនរកដំណោះស្រាយពិតប្រាកដទេ ៖ “នេះជាការសើរើមួយដែល
កើតឡើង ដោយសារតែអ្នកនយោបាយដុតកំដៅ
អញ្ជឹងវាមិនអាចនឹងមានដំណោះស្រាយ
ឬក៏ការឆ្លើយតបណាមួយឲ្យទាន់ពេលបានទេ
ត្រូវទុកពេលសម្រាប់ធ្វើការងារនេះ សិក្សាបន្ថែមអំពីដំណោះស្រាយ
ដែលមានកន្លងមក អ៊ីចឹងសំណើរនេះគឺលើសពីអ្វីដែលយើងអាចឆ្លើយតប
បានភ្លាមៗណាស់”។
តំណាងអតីតអ្នកភូមិបឹងកក់ អ្នកស្រី
អ៊ីម ស្រីទូច អះអាងថា បញ្ហារបស់ពួកគេ
គឺមិនមានពាក់ព័ន្ធនឹងអ្នកនយោបាយឡើយ ហើយការតវ៉ានេះ
គឺកើតឡើងយូរណាស់មកហើយ ដោយសារតែសំណងតិចតួចដែលទទួលបាននោះ
គឺបានដោយការបង្ខិតបង្ខំ និងគំរាមកំហែង។ អ្នកស្រីថា
ការលើកឡើងរបស់លោក ប៉ា សុជាតិវង្ស គឺគ្រាន់តែលេស
មិនចង់ដោះស្រាយបញ្ហាតែប៉ុណ្ណោះ ៖ “អត់មានពាក់ព័ន្ធរឿងនយោបាយ
រឿងគណបក្សទេ សំណងដែលខ្ញុំទទួល
គឺខ្ញុំមិនបានទទួលដោយស្ម័គ្រចិត្តទេ
គាត់ធ្វើអភិវឌ្ឍនៅតំបន់បឹងកក់ គាត់មានការគំរាមកំហែង ប្រជាពលរដ្ឋ
ចេញគោលការណ៍ ៨ពាន់លើ២លាននេះ គឺពួកខ្ញុំមិនស្ម័គ្រចិត្តយកទេ
ព្រោះតំលៃនេះ មិនសាកសមនឹងសិទ្ធិលំនៅឋាន ពួកខ្ញុំទេ
ពេលដែលពួកខ្ញុំមិនព្រមចេញ គាត់បែរជាប្រើខ្សាច់
បូមខ្សាច់ពន្លិច”។
ប្រធានផ្នែកស៊ើបអង្កេតអង្គការលីកាដូ
លោក អំ សំអាត ដែលកំពុងតាមដានហេតុការណ៍នេះ យល់ថា
នេះជារឿងពីរដាច់ដោយឡែកពីរគ្នា
ហើយការតវ៉ារបស់អតីតអ្នកភូមិបឹងកក់
គឺកើតឡើងមុនពេលបោះឆ្នោតទៅទៀត។ លោកស្នើឲ្យអ្នកនយោបាយ
ជៀសវាងលាបពណ៌គ្នា ខណៈនយោបាយកំពុងជាប់គាំងបែបនេះ ៖ “យើងលាប
ពណ៌ថាជារឿងនយោបាយ នោះបញ្ហាទាំងអស់ មិនអាចត្រូវបានដោះស្រាយទេ
វាអាចក្លាយជាបញ្ហារាំរ៉ៃ ហើយវាក៏ជាចំនុចកាន់តែក្តៅគគុកផងដែរ
ក្នុងបរិយាកាសនៃសភាពការណ៍នយោបាយកំពុងតែតានតឹង”។
អ្នកបឹងកក់ ព្រមានថា
ពួកគេនឹងបិទផ្លូវជារៀងរាល់ថ្ងៃ ដើម្បីជំរុញឲ្យមានដំណោះស្រាយ។
ពួកគេបានតវ៉ាចំនួន៣ថ្ងៃជាប់គ្នាមកហើយ
ដោយបិទផ្លូវជាបន្តបន្ទាប់។
ប្រជាពលរដ្ឋអះអាងថា ពួកគេជាង
៣០០០គ្រួសារ ត្រូវបានអាជ្ញាធរមូលដ្ឋាន បានបណ្តេញចេញ
ពីតំបន់បឹងកក់ឲ្យទៅនៅរាយប៉ាយក្នុងខណ្ឌទាំង៩ក្នុងរាជធានី
ចាប់តាំងពីឆ្នាំ២០០៨មក ដោយសាលារាជធានីភ្នំពេញ
យកដីនៅតំបន់នោះឲ្យទៅក្រុមហ៊ុនស៊ូកាគូអ៊ីន របស់លោក ឡៅ ម៉េងឃិន
សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា
ក្រោមគម្រោងអភិវឌ្ឍន៍៩៩ឆ្នាំ
ដែលធ្វើឲ្យប៉ះពាល់ពលរដ្ឋនៅតំបន់នោះជាង៤០០០គ្រួសារ៕
សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com
Tags: នយោបាយ - បឹងកក់ - សាលារាជធានីភ្នំពេញ
No comments:
Post a Comment