Wednesday, December 25, 2013

ជ្រុងមួយ នៃសង្គម ៖ ពុករលួួយ គ្រប់គ្រង មិនដិតដល់ ជាមូលហេតុ ធ្វើឱ្យផ្លូវ សាងសង់ហើយ ឆាប់ខូច!

http://www.dap-news.com/2011-06-14-02-39-55/78149-2013-12-25-08-06-58.html
ភ្នំពេញ ៖ “ព្រហ្មម៉ាញ ៖ ផ្លូវប្រទេសណាធ្វើជាប់ជាងគេ? ចម្លើយ ៖ ផ្លូវស្រុកខ្មែរធ្វើជាប់ជាងគេ ព្រោះ ធ្វើជាប់រហូត ធ្វើខាងមុខ ខូចខាងក្រោយ... ”។
ខាងលើនេះ គឺជាពំនោលរបស់អ្នកច្រៀងអាយ៉ៃ ដ៏មានប្រជាប្រិយភាពបំផុតនៅស្រុកខ្មែរ គឺស្មៀនម៉ាញ (ព្រហ្ម ម៉ាញ ) ដែល បានច្រៀង កាលពីប៉ុន្មានឆ្នាំមុន ធ្វើឱ្យមានការគាំទ្រយ៉ាងខ្លាំង នៅក្នុងចំណោម មជ្ឈដ្ឋានមហាជន។
ថីី្វដ្បិតតែគេស្ដាប់ពំនោល របស់ស្មៀនម៉ាញ មួយភ្លែត គ្រាន់តែជាការច្រៀងផ្ដោះផ្ដង ល្បងប្រាជ្ញាជាមួយដៃគូស្រី របស់ខ្លួន ក៏ដោយ តែបើគេពិចារណាឱ្យបានស៊ីជម្រៅ ពាក្យពេចន៍របស់ស្មៀន ម៉ាញ គឺមានអត្ថន័យរិះគន់សង្គមមួយ ពាក់ព័ន្ធទៅនឹងការ កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់នៅស្រុក ខ្មែរតែម្ដង ព្រោះការកសាងផ្លូវថ្នល់នៅស្រុកខ្មែរ មិនថាផ្លូវជាតិ ផ្លូវលំនោះទេ ត្រូវ បានគេមើលឃើញថា ភាគច្រើនគ្មានគុណភាព ធ្វើខាងមុខ ខូចខាងក្រោយ ពេលខ្លះផ្លូវធ្វើហើយមិនទាន់សម្ពោធ ដាក់ឱ្យ ប្រើប្រាស់ផង ក៏ខូចទៅវិញ។ ក្នុងនោះគេបន្ទោសថា អំពើពុករលួយ ជាដើមចមដែលធ្វើឱ្យផ្លូវ កសាងហើយឆាប់ខូចទៅវិញ ព្រោះតែការសាងសង់មិនត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស។ ធ្វើខាង មុខ ខូចខាងក្រោយ... ធ្វើជាប់រហូត...ផ្លូវស្រុកខ្មែរ។
ការដឹកលើសទម្ងន់ គ្រោះធម្មជាតិ ទឹកជំនន់ ត្រូវបានមន្ដ្រី និងក្រុមហ៊ុនសាងសង់តែងតែលើកយកមកធ្វើ ជាមូលហេតុ ដែល នាំឱ្យផ្លូវឆាប់ខូច។ ប៉ុន្ដែអំពើពុករលួយ លួចកេងស៊ីបច្ចេកទេស សាងសង់ផ្លូវមិន ត្រឹមត្រូវ ដើម្បីកេងលុយទុកចែកគ្នា ត្រូវបាន មហាជនអ្នកធ្វើដំណើរភាគច្រើនចោទថា ជាមូលហេតុ ពិតប្រាកដ ដែលផ្លូវកសាងហើយឆាប់ខូចទៅវិញ ហើយក្នុងនោះមន្ដ្រី ទទួលបន្ទុក និងក្រុមហ៊ុនសាងសង់ គឺជាមុខ សញ្ញា ដែលមហាជនចោទប្រកាន់ថា ជាអ្នកធ្វើឱ្យផ្លូវកសាងហើយឆាប់ខូចទៅ វិញ ខ្លាំងជាងគេ។
តាមការស្រាវជ្រាវក្រៅផ្លូវការ ក៏ដូចជាការបកស្រាយនានាពីមន្ដ្រី ពីក្រុមហ៊ុន ក៏ដូចពីកម្មករធ្វើថ្នល់ជា ដើម បានធ្វើឱ្យ នាយខ្វែកសន្និដ្ឋានថា បញ្ហាសង្គមបច្ចុប្បន្ន ដែលរួមមានអំពើពុករលួយ ការសាងសង់មិន ត្រឹមត្រូវតាមបច្ចេកទេស ការដឹក លើសទម្ងន់ ក៏ដូចជាគ្រោះធម្មជាតិទឹកជំនន់ជាដើម គឺសុទ្ធតែជា មូលហេតុ ធ្វើឱ្យផ្លូវថ្នល់សាងសង់ហើយឆាប់ខូច ទៅវិញ ទាំងអស់។
អំពើពុករលួយរបស់មន្ដ្រី ត្រូវបានគេអះអាងថា រាល់ការដេញថ្លៃ រាល់ការផ្ដល់គម្រោងសាងសង់ ក៏ដូចពេលចុះត្រួតពិនិត្យ ដើម្បីទទួលយកសមិទ្ធផលជាដើម ភាគច្រើនសុទ្ធតែមានលុយភាគរយ លុយទឹកតែ សម្រាប់មន្ដ្រីដែលមានភារកិច្ចខាង ដេញថ្លៃ ខាងផ្ដល់គម្រោង ក៏ដូចជាខាងចុះត្រួតពិនិត្យ ទាំងអស់ ទៅតាមឋានានុក្រមពីលើដល់ក្រោម ដែលគេហៅថា ធំស៊ីតាមធំ តូចស៊ីតាមតូច ។ ការដេញថ្លៃបានហើយ លក់គម្រោងបន្ដ ដើម្បីយកចំណេញ ក៏ជាដើមចមធ្វើឱ្យការចំណាយ កាន់តែតិច ផ្លូវកាន់តែគ្មានគុណភាព។
ការលួចស៊ីបច្ចេកទេស របស់មេការសាងសង់ ក៏ដូចជាកម្មករសាងសង់ជាដើម ក៏ជាមូលហេតុធ្វើឱ្យផ្លូវ ឆាប់ខូចផងដែរ។
ឧទាហរណ៍ ពេលសាងសង់ផ្លូវ ត្រង់ចំណុចដីស្អុយ តាមបច្ចេកទេសត្រូវបាដីស្អុយចេញឱ្យអស់ ហើយកិន បង្ហាប់ រួចចាក់ដី ក្រហមចូលកម្រាស ២តឹក កិនបង្ហាប់ម្ដងទៀត ទើបចាក់ថ្មម៉ិច អឹម៣០ កិនបង្ហាប់ដោយ ម៉ាស៊ីនរំញ័រ ដែលមានកម្លាំងសង្កត់ ទម្ងន់ពី ២៥ទៅ៣០តោន តាមរយៈពេលកំណត់ ទើបគ្រឹះផ្លូវរឹងមាំល្អ ហើយពេលអ៊ុតកៅស៊ូពីលើទៅ ផ្លូវនឹងមានគុណភាពល្អ។ ប៉ុន្ដែក្រុមហ៊ុនសាងសង់ផ្លូវភាគច្រើន គាត់អាង ត្រូវរ៉ូវជាមួយមន្ដ្រី ពេលខ្លះមានមន្ដ្រីដែលមានសិទ្ធិ សម្រេចឈរពីក្រោយខ្នង តាមរយៈមានភាគហ៊ុន ខ្យល់ ពេលមន្ដ្រីចុះត្រួតពិនិត្យ អាងថាចេញថ្លៃសាំង ប៉ាវបាយ ហើយមានស្រោមសំបុត្រជាទ្រនាប់ដៃ ទៀត គឺគាត់ខ្ជីខ្ជា មិនសូវចុះតាមដានជាប់នៅការដ្ឋាន បណ្ដោយឱ្យតែមេការស៊ីប្រាក់ខែ និងកម្មករធ្វើការ ប៉ុណ្ណោះ។ ចំណែក មេការនិងកម្មករ ដល់តែថៅកែមិនសូវចុះជាប់ការដ្ឋាន ពួកគាត់ក៏ឃុបឃិតគ្នា ពេល ធ្វើប៉ះដីស្អុយជម្រៅ១ម៉ែត្រ គាត់កើបចេញ តែកន្លះម៉ែត្រ ពេលកិនបង្ហាប់ត្រូវ១០០ជុំ គាត់កិនតែ៥០ជុំ ស្រោចកៅស៊ូ២ដង គាត់ស្រេចតែម្ដង ដើម្បីកេងប្រេងទុកលក់ យក លុយចែកគ្នាក្រៅ ហើយម៉ាស៊ីន គ្រឿងចក្រមិនសូវខូច កាត់បន្ថយការសឹករេចរឹលទៀតផង។ ដូច្នេះសរុបសេចក្ដីមក រឿងអី ផ្លូវមាន គុណភាពនោះ។
ដោយឡែកការដឹកលើសទម្ងន់ ក៏ជាដើមចមក្នុងការធ្វើឱ្យផ្លូវជាតិ ផ្លូវលំឆាប់រងនូវការខូចខាតផងដែរ តែគេអាចទប់ស្កាត់ និង លុបបំបាត់បាន កុំឱ្យតែមន្ដ្រីសមត្ថកិច្ចពុករលួយ វាលើកលែងតែករណី គ្រោះធម្មជាតិ គ្រោះទឹកជំនន់ប៉ុណ្ណោះ ដែលជាប្រធាន ស័ក្ដិពិបាកក្នុងការទប់ស្កាត់បាន។
ដូច្នេះសរុបសេចក្ដីមក បើគេមិនចង់ឱ្យរដ្ឋចំណាយថវិកា អត់ប្រយោជន៍ ក្នុងការកសាង និងជួសជុលផ្លូវទេ គេត្រូវរកវិធីលុប បំបាត់នូវភាពអសកម្មខាងលើនេះឱ្យបាន នោះផ្លូវនៅស្រុកខ្មែរនឹងលែងធ្វើជាប់រហូត ដូចស្មៀនម៉ាញច្រៀងហើយ គឺធ្វើម្ដង ជាប់បានយូរជាមិនខាន៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News

No comments: