Wednesday, December 25, 2013

រថយន្ត​ដឹក​លួស​បន្លា ត្រូវបាន​ពង្រាយ​ជុំវិញ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី​


រថយន្ត ​ដឹក​លួស​បន្លា​ត្រូវបាន​ពង្រាយ​ជុំវិញ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី នៅ​រសៀលថ្ងៃពុធនេះ ខណៈកម្មករ កំពុងចូលរួមដង្ហែជាមួយគណបក្សសង្រ្គោះជាតិ ទាមទារការដំឡើងប្រាក់ឈ្នួល/ដោយ តាំង វីដា
​បរិវេណ​ជុំវិញ​ផ្ទះ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​ពុធ​នេះ ត្រូវបាន​ដាក់​ត្រៀម​រថយន្ត ដែល​ផ្ទុក​ដោយ​បន្លា​លួស ដើម្បី​ការពារ​សុវត្ថិភាព ខណៈ​កម្មករ​រោងចក្រ​រាប់​ម៉ឺន​​នាក់ បាន​កំពុង​ចូលរួម​ដង្ហែ​ក្បួន​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​។​
​រថយន្ត​ដឹក​លួស​បន្លា មាន​ប្រមាណ​ជា​៥​ទៅ​៦​គ្រឿង​នៅ​ក្បែរ​ផ្ទះ​នាយករដ្ឋមន្ត្រី និង​មាន​ការដាក់​កម្លាំង​សមត្ថកិច្ច​មួយចំនួន​។​
​បន្ទាប់​ពី​ក្រសួង​ការងារ បាន​ចេញ​សេចក្តីសម្រេច​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​រោងចក្រ​កាត់ដេរ ក្នុង​រយៈ​១​ឆ្នាំៗ ចាប់ពី​១៥​ដុល្លារ ដល់​១៧​ដុល្លារ ចាប់ពី​ឆ្នាំ​២០១៤​ ដល់ ​ឆ្នាំ​២០១៨ នៅ​ថ្ងៃ​ពុធ​នេះ កម្មករ​ប្រមាណ​ជិត ៥​ម៉ឺន​នាក់ បាន​ធ្វើ​ពហិការ​ធ្វើការ ខ្លះ​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខ​រោងចក្រ និង​ខ្លះទៀត ប្រមូលផ្តុំ​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​ចូលរួម​ក្បួន​មហា​បាតុ​កម្ម​​របស់​ គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ជំរុញ​រដ្ឋាភិបាល​ក្នុងការ​ដំឡើង​ប្រាក់​ឈ្នួល​។​
​សារព័ត៌មាន​វៀតណាម​(vietnamnews.vn)​ដក​ស្រង់​សម្តី​របស់​ រដ្ឋមន្ត្រីការបរទេស​វៀតណាម ឲ្យដឹងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀត​ណា​ម​នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​នេះ តាម​ការអញ្ជើញ​របស់​នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Tan Dung៕​
សូមសរសេរមកកាន់ លោក តាំង វី​ដា​ តាមរយៈ vida@vodhotnews.com

No comments: