Thursday, December 26, 2013

ស្នាម​ប្រេះ​ឆា​នៃ​សង្គម​ខ្មែរ តើ​គួរ​វាយ​បំបែក ឬ​គួរ​នាំ​គ្នា​ផ្សារ​​ភ្ជិត​វិញ​?​ នឹងមកដល់​ក្នុងពេលឆាប់ៗ

 
ព្រះសង្ឃ និង សមត្ថកិច្ច​ប៉ះ​ទង្គិច​គ្នា​នៅ​ពេល​ដង្ហើរ​ញាត្តិ​ពី​កន្លែងលោក​​យាយ​​ពេញ​ ទៅ​សាលា​រាជធានី​ក្នុង​ពេល​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ដ្ឋាន​ពិភព​លោក ​១០ ​តុលា ​២០១៣​
ព្រះសង្ឃ និង សមត្ថកិច្ច​ប៉ះ​ទង្គិច​គ្នា​នៅ​ពេល​ដង្ហើរ​ញាត្តិ​ពី​កន្លែងលោក​​យាយ​​ពេញ​ ទៅ​សាលា​រាជធានី​ក្នុង​ពេល​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ដ្ឋាន​ពិភព​លោក ​១០ ​តុលា ​២០១៣​
RFI/Siv Channa
ដោយ ប៉ែន បូណា
ការ​ផ្ទុះ​បាតុកម្ម​ផ្ទួន​ៗ​គ្នា នៅ​ពេលនេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប្រេះឆា​យ៉ាង​ធ្ងន់ធ្ងរ​នៃ​សង្គម​ ខ្មែរ​ទាំង​ទិដ្ឋភាព​នយោបាយ​និង​ទិដ្ឋភាព​សង្គម។ សូម្បី​តែ​ក្នុង​ចំណោម​ព្រះសង្ឃ​ពុទ្ធ​សាសនា​ក៏​បង្ហាញ​ការ​បែកបាក់​ដែរ។ គណបក្ស​ប្រឆាំង​និង​សកម្មជន​គាំទ្រ​របស់​ខ្លួន​កំពុង​ទាមទារ​ឲ្យ​ ផ្លាស់ប្តូរ​មេដឹកនាំ និង​ប្រព័ន្ធ​ដឹកនាំ​ចាស់ ហើយ​ត្រូវ​ជំនួស​ដោយ​មេដឹកនាំ​ថ្មី​ដែល​មាន​ន័យ​ស្មើ​នឹង​ការ​ធ្វើ​ បដិវត្តន៍​វាយ​បំបែក​ប្រព័ន្ធ​ដឹកនាំ​សព្វថ្ងៃ​ចោល​តែ​ម្តង។ ប៉ុន្តែ មហាជន​ខ្មែរ​មួយ​ចំនួនទៀត​ដែល​ព្រួយ​បារម្ភ​ពី​អំពើ​ហិង្សា​នោះ​ចង់​ឲ្យ​ ផ្សះផ្សារ​ស្នាម​ប្រេះ​នេះ​ឡើងវិញ។ តើ​ពលរដ្ឋ​ខ្មែរ​គួរ​សម្រេចចិត្ត​យក​ជម្រើស​មួយ​ណា​?
បន្ទាប់ពី​បាន​ដើរ​លើ​របត់​ប្រជាធិបតេយ្យ​អស់​រយៈពេល​ពីរ​ទសវត្ស​ រ៍​មក ប្រទេស​កម្ពុជា​ពេលនេះ​បែរជា​ធ្លាក់​ចូលក្នុង​ភាព​ប្រេះឆា​យ៉ាងធ្ងន់ធ្ងរ​ ទៅវិញ។ ភាព​ប្រេះឆា​នេះ​បាន​ស្តែងឡើង​កាន់តែខ្លាំង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ក្រោយពី​ បក្ស​ជាប់ឆ្នោត​ទាំងពីរ​មិន​ចុះសម្រុង​គ្នា​ដែល​បង្ក​ឲ្យ​ផ្ទុះ​បាតុកម្ម​ជា ​បន្តបន្ទាប់។ តាមពិតទៅ​បាតុកម្ម​ជា​រឿង​ធម្មតា​មួយ​ប៉ុណ្ណោះ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​ព្រួយបារម្ភ​នៅពេលនេះ​គឺ ភាព​ស្រួចស្រាល់​នៃ​បញ្ហា​ហាក់​កំពុងតែ​រុញច្រាន​សង្គម​ឲ្យ​ដើរ​ផ្លាត​ចេញពី ​គន្លង​ប្រជាធិបតេយ្យ។

ជាការ​ពិតណាស់ បញ្ហា​ដែល​កំពុង​កើតឡើង​នៅពេលនេះ​គឺជា​លទ្ធផល​នៃ​ការគ្រប់គ្រង​និង​ដឹកនាំ​ មិនបាន​ល្អ​របស់​អាជ្ញាធរ​រដ្ឋាភិបាល។ រយៈពេល​ជាង ៣០ ឆ្នាំ​ក្រោយពី​ការដួលរលំ​នៃ​របប​ខ្មែរក្រហម រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេចបាន​សមិទ្ធផល​ ជាច្រើន​គួរ​ឲ្យ​កត់សម្គាល់។ ការដឹកនាំ​ប្រទេស​ចេញពី​គំនរ​ផេះផង់​ឲ្យ​ក្លាយជា​ប្រទេសមួយ​កំពុង​ស្គាល់​ ការអភិវឌ្ឍ​ដូច​សព្វ​ថ្ងៃជា​សមិទ្ធផល​ដែល​គ្មាន​អ្នកណា​អាច​ប្រកែក​បាន។

ប៉ុន្តែ ទន្ទឹមនឹង​សមិទ្ធផល​ជា​វិជ្ជមាន​ទាំងនេះ ការដឹកនាំ​និង​គ្រប់គ្រង​ប្រទេស​ក៏បាន​បន្សល់ទុក​បញ្ហា​ចាក់ស្រេះ​រាប់រយ​ ជំពូក​ដែល​គណបក្សកាន់អំណាច​មើលរំលង​ផងដែរ។ អំពើពុករលួយ គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ អយុត្តិធម៌​សង្គម ការរំលោភ​អំណាច​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទៅលើ​ពលរដ្ឋ បញ្ហាដីធ្លី រហូតដល់​បញ្ហា​ប្រាក់ខែ​និង​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​ជាដើម គឺជា​ជំងឺ​រ៉ាំរ៉ៃ​ដែល​រដ្ឋាភិបាល​មិនអាច​ដោះស្រាយបាន។

បញ្ហា​ទាំងនោះ​ពូតផ្តុំ​គ្នា​បង្កើតបានជារ​ងើ​ក​ភ្លើង​កាន់តែ​ក្តៅ​ឡើងជា​លំដាប់​សម្រាប់​រដ្ឋាភិបាល​ខ្លួនឯង។

ការ​បណ្តែត​បណ្តា​យ​មិន​ព្រម​ដោះស្រាយ​បញ្ហា​ប្រៀបបាន​នឹង​ការ​ហុច​ដង​ដាវ​ ឲ្យ​បក្សប្រឆាំង​វាយលុក​មកលើ​ខ្លួន​ដូច្នេះ​ដែរ។ នៅពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​បានទទួល​ការគាំទ្រ​កាន់តែខ្លាំង​ពី​មហាជន និង​នៅពេលដែល​គណបក្ស​នេះ​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​លទ្ធផល​នៃ​ ការបោះឆ្នោត​គឺជា​ពេលវេលា​សមស្រប​ដែល​បក្សប្រឆាំង​ប្រើប្រាស់​ចំណុចខ្សោយ​ របស់​រដ្ឋាភិបាល​ទាំង​អម្បាលម៉ាន​ដើម្បី​វាយបក​ទៅលើ​គណបក្សកាន់អំណាច​វិញ។

យ៉ាងណាក៏ដោយ នៅ​ចំពោះមុខ​ស្ថានការណ៍​បច្ចុប្បន្ន មាន​ទស្សនៈ​ផ្ទុយគ្នា​នៅក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ។ គណបក្ស​សង្គ្រោះ​ជាតិ​និង​សកម្មជន​របស់ខ្លួន​យល់ឃើញថា​ដល់ពេល​ហើយ​ដែល​ត្រូវ ​វាយ​បំបែក​ប្រព័ន្ធ​ដឹកនាំ​ចាស់​ដ៏​យូរលង់​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ជំនួស​វិញ​ទាំង​អ្នកដឹកនាំ​និង​ទាំង​ប្រព័ន្ធ​ដឹកនាំ​ថ្មី​ពីព្រោះ​ ប្រព័ន្ធ​ចាស់​នេះ​ជា​អ្វីដែល​ពួកគេ​មើលឃើញថា​មិនអាច​កែ​បាន។  និយាយ​តាមបែប​ផ្សេង វា​ជា​ស្ថា​ភាព​ទុំ​ជោរ​ប្រៀបបាន​នឹង​បូស​ដែល​ដល់ពេល​ត្រូវ​ធ្លាយ​យ៉ាង​ ដូច្នោះ​ដែរ។

ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា​និង​អ្នកគាំទ្រ​របស់ខ្លួន​នៅតែ​យល់ឃើញថា គណបក្ស​នេះ​នៅតែ​មិនអាច​ខ្វះ​បាន​សម្រាប់​ធានា​សន្តិភាព​និង​និរន្តរភាព​ សង្គម។ ចំណែក​ខ្មែរ​មួយក្រុម​ទៀត​ដែល​ព្រួយបារម្ភ​ពី​ភាព​ច្រំ​ដែល​នៃ​ ប្រវត្តិសាស្ត្រ​ក៏​មិន​ប្រាថ្នា​ចង់ឃើញ​ការផ្លាស់ប្តូរ​ណាមួយ​ដែល​នាំ​ឲ្យ​ សង្គម​ក្រឡាប់ចាក់​នោះដែរ​ព្រោះ​ពួកគេ​មិន​ចង់ឃើញ​ការបង្ហូ​ឈាម​ជាយថាហេតុ​ និង​មិន​ចង់ឃើញ​ប្រទេសជាតិ​វិលត្រឡប់​ទៅរក​ស្ថានភាព​ក្នុង​អតីតកាល​វិញ​ នោះឡើយ។

ប៉ុន្តែ ដើម្បី​ផ្សារ​ស្នាម​ប្រេះឆា​ដ៏​ធ្ងន់ធ្ងរ​ដែល​សង្គម​ខ្មែរ​កំពុង​ជួបប្រទះ​ នេះ​វា​ទាមទារ​ឲ្យ​ភាគី​នយោបាយ​ដែល​កំពុងមាន​ទំនាស់​ទាំង​ពីរ​បង្ហាញ​សុ​ ឆន្ទៈ​រក​ដំណោះស្រាយ​ជាមួយគ្នា​ធ្វើ​សម្បទាន​គ្នា​ទៅវិញទៅមក​ជា​ចាំបាច់។ ផ្ទុយទៅវិញ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​យល់ថា នេះ​ជា​ពេលវេលា​ល្អ​ដើម្បី​រុញច្រាន​របប​ដឹកនាំ​ហ៊ុន សែន​ឲ្យ​ចាក​ចេញពី​អំណាច​ដោយ​ដោយ​ប្រើ​កម្លាំង​ប្រជាជន និង​ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​សំអាង​ដាច់​ណាត់​មិន​ងាក​មក​ និយាយ​ពី​អ្វីដែល​បក្សប្រឆាំង​ទាមទារ​ជាដាច់ខាត​នោះ ស្នាម​ប្រេះឆា​នៅពេលនេះ​ប្រាកដជា​នឹងត្រូវ​ផ្ទុះ​បែក​ជាមិនខាន។

ដើម្បី​ជា​ជំនួយស្មារតី គណបក្ស​ទាំងពីរ​គួរប្រកាន់​ភាពចាស់ទុំ​ខាង​ប្រជាធិបតេយ្យ​ឲ្យ​បាន​ច្រើន​ បំផុត​តាម​ដែល​អាច​ធ្វើបាន។ ការ​វាយ​បំបែក​កែវ​មួយ​ដែល​ប្រេះស្រាំ​ចោល​រួចហើយ​ទិញ​កែវ​ថ្មី​មក​ជំនួស​ ជាការ​ងាយស្រួល​ទេ ប៉ុន្តែ ការធ្វើ​ឲ្យ​សង្គម​មួយ​ដែល​ទើប​ងើប​ចេញពី​ភាព​ខ្ទេចខ្ទាំ​ដូច​កម្ពុជា​ប្រេះ ​បែកសា​ជាថ្មី​គឺជា​រឿង​ដែល​គួរតែ​ចៀសវាង​ឲ្យ​បាន៕

No comments: