Wednesday, December 25, 2013

ជនជាតិ​ដើម​ភាគ​តិច​មក​ពី​៧​សហគមន៍​នៅ​រតនគិរី​សុំ​ឲ្យ​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​ដីធ្លី

image (8)ក្រុម ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ៧​ជនជាតិ រស់​នៅ​ខេត្ត​រតនគិរី បញ្ជូន​សារ​ទៅ​រាជ​រដ្ឋាភិបាល ស្ដីពី​ការ​រើស​អើង​សិទ្ធិ​សេដ្ឋកិច្ច និង​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ដីធ្លី ធនធាន​ធម្មជាតិ ដែល​កំពុង​កើត​មាន​ច្រើន​ឡើង​នៅ​ខេត្ត​ប៉ែក​ឦសាន​មួយ​នេះ។ សារ​នេះ គឺ​ជា​ការ​បង្ហាញ​អំពី​កង្វល់ បញ្ហា​ប្រឈម និង​ជាពិសេស ការ​មិន​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច។
ក្រុម​ជនជាតិ​ដើម ទំពូន គ្រឹង ព្រៅ កាវែត កាចក់ ចារ៉ាយ និង លន់ ជាង ៣០០​នាក់ មក​ពី​ភូមិ​ចំនួន​៩៥ ឃុំ​ចំនួន​១៨ ក្នុង​ខេត្ត​រតនគិរី ទាមទារ​សុំ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ជាពិសេស​រាជ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​បញ្ឈប់​សកម្មភាព​រំលោភ​សិទ្ធិ​ ជនជាតិ​ដើម​ភាគ​តិច ឲ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព។
ការ​ទាមទារ​នេះ ធ្វើ​ឡើង​ក្នុង​សមាជ​ចម្រុះ​ជនជាតិ​ដើម​ភាគ​តិច ប្រចាំ​ឆ្នាំ​២០១៣ រៀប​ចំ​ឡើង​ដោយ​សមាគម​ខ្មែរ​លើ នៅ​សាល​ប្រជុំ​សហគមន៍​ភូមិ​ប៉ាជន ឃុំ​ឯកភាព ស្រុក​អូរជុំ នៅ​ថ្ងៃ​ពុធ ទី​២៥ ខែ​ធ្នូ។
តំណាង​សហគមន៍ កញ្ញា រម៉ាស់ សារ៉ន បាន​ថ្លែង​ចែក​រំលែក​សារ​វិភាគ​ពី​ស្ថានភាព​របស់​ក្រុម​ជនជាតិ​ដើម និង​បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​ជា​រួម​ទៅ​លើ​កង្វះ​ខាត​ការ​អនុវត្ត​ ច្បាប់​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការ​បំពេញ​តម្រូវ​ការ​ជនជាតិ​ដើម ទៅ​តាម​ច្បាប់​ធម្មជាតិ និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​នានា។
សារ​កត់​សម្គាល់​ថា ធនធាន​ធម្មជាតិ និង​ដីធ្លី​ជនជាតិ​ដើម ត្រូវ​គេ​ទន្ទ្រាន និង​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​សាជីវកម្ម​នានា។ ចំណែក​សហគមន៍ បាន​ត្រឹម​តែ​ដឹង​នៅ​ពេល​គ្រឿងចក្រ​មក​ឈូស​ឆាយ​ដី​ស្រែ​ចម្ការ និង​ព្រៃ​ឈើ ដែល​អ្នក​ភូមិ​ថែ​រក្សា និង​អាស្រ័យ​ផល​ជា​លក្ខណៈ​ប្រពៃណី។ ជាង​នេះ​ទៅ​ទៀត ជនជាតិ​ដើម​មិន​ដែល​បាន​ចូល​រួម​ពិភាក្សា​ក្នុង​ដំណើរ​ការ​ទាំង​នោះ​ឡើយ។ ទាំងអស់​នេះ ដោយសារ​ភាព​ធូរ​រលុង​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន ​ប្រសិទ្ធភាព និង​យុត្តិធម៌ ជាពិសេស​ការ​អនុវត្ត​ច្បាប់​ស្ដីពី​សិទ្ធិ​ដីធ្លី​សមូហភាព​ជនជាតិ​ដើម ដោយ​ដំណើរ​ការ​ចុះ​បញ្ជី​ដីធ្លី​សមូហភាព​យឺតយ៉ាវ​បំផុត៖ «យើង​កំពុង​រង​ ទុក្ខ​ដោយសារ​ការ​អភិវឌ្ឍ​គ្មាន​សមាមាត្រ ព្រោះ​យើង គឺ​ជា​អ្នក​ប្រើប្រាស់​ដ៏​សំខាន់​ចំពោះ​ព្រៃ​ឈើ ជា​អ្នក​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ដីធ្លី​សម្រាប់​ធ្វើ​ស្រែ​ចម្ការ និង​សួន​ដំណាំ​របស់​យើង ដើម្បី​ការ​ចិញ្ចឹម​ជីវិត និង​សុខមាលភាព​របស់​គ្រួសារ​យើង»
សារ​ក៏​បាន​សង្កត់​ធ្ងន់​ទៅ​លើ​បទ​បញ្ជា​០១ របស់​រាជ​រដ្ឋាភិបាល​ថា​ជា​មូលហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ច្រឡំ​ជ្រើស​ រើស​យក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ឯកជន​ច្រើន​ជាង​សមូហភាព។ បន្ថែម​លើ​នេះ​ទៀត រាល់​ព័ត៌មាន​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សម្បទាន​ដី​សង្គមកិច្ច គម្រោង​ទំនប់​វារីអគ្គិសនី សម្បទាន​រ៉ែ ការ​ចុះ​បញ្ជី​ដីធ្លី ឬ​ព័ត៌មាន​ផ្សេង​ទៀត​មិន​បាន​ប្រើប្រាស់​ភាសា​ជនជាតិ​ដើម​ភាគ​តិច ដែល​អាច​ឲ្យ​សហគមន៍​យល់​ដឹង​បាន និង​មិន​បាន​ផ្តល់​នូវ​ដំណើរ​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​លក្ខណៈ​ប្រពៃណី​ របស់​ក្រុម​ជនជាតិ​ដើម។
មេ​ឃុំ​ឯកភាព លោក រត្ន ភឿន មាន​ប្រសាសន៍​ចាប់​អារម្មណ៍​ចំពោះ​សារ​សហគមន៍​ថា នេះ​គឺ​ជា​ការ​ពិត​កំពុង​កើត​មាន​នៅ​តំបន់​ជនជាតិ​ភាគ​តិច​នៅ​ខេត្ត​រតនគិរី ក៏ប៉ុន្តែ​បញ្ហា​ទាំងអស់​នេះ ក៏​កើត​ឡើង​បាន​ដោយសារ​កង្វះ​ការ​យល់​ដឹង​របស់​ពលរដ្ឋ​ជនជាតិ​ដើម​មួយ​ផ្នែក ​ផង​ដែរ។ លោក​បន្ត​ថា ការ​ជួប​ជុំ​ប្រារព្ធ​សមាជ​ជនជាតិ​ដើម​នេះ គឺ​ជា​ផ្នែក​មួយ​សំខាន់ ដើម្បី​ពង្រឹង​កិច្ចការ​រួម​គ្នា​រវាង​ពលរដ្ឋ និង​អាជ្ញាធរ ការពារ​ធនធាន​ធម្មជាតិ ដីធ្លី​សហគមន៍​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ៖ «ថ្ងៃ​នេះ​យើង​មាន​មោទនភាព យើង​ពិគ្រោះ​យោបល់ ពិភាក្សា​ចំណុច​កង្វះ​ខាត ឬ​ក៏​ចំណុច​ណា​ដែល​កង្វល់​សម្រាប់​យើង​ជា​ជនជាតិ​ដើម​ភាគ​តិច យើង​ពង្រឹង យើង​ទាំងអស់​គ្នា​ចូល​រួម​ការពារ»
ដូច​គ្នា​នេះ​ដែរ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​រតនគិរី លោក ប៊ូ ឡាំ ដែល​មាន​កំណើត​ជនជាតិ​ដើម​មួយ​រូប មាន​ប្រសាសន៍​គាំទ្រ​សារ​លើក​ឡើង​របស់​ក្រុម​សហគមន៍​ថា ជា​ករណី​រសើប​កំពុង​កើត​មាន​នៅ​ប្រទេស​កម្ពុជា។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ត្រូវ​ចូល​រួម​ជាមួយ​រាជ​រដ្ឋាភិបាល ដើម្បី​លុប​បំបាត់​បញ្ហា​នេះ៖ «រដ្ឋាភិបាល​កំពុង​ប្រឹងប្រែង ប៉ុន្តែ​យើង​ត្រូវ​ចូល​រួម​ប្រឹងប្រែង​ជាមួយ​រាជ​រដ្ឋាភិបាល​ដែរ​បាន​ទៅ​ រួច។ ខ្ញុំ​នឹង​ពាំនាំ​សន្និបាត​ថ្ងៃ​នេះ ដើម្បី​ធ្វើ​ការ​ជាមួយ​ក្រុង ដើម្បី​ធ្វើ​ការ​ជាមួយ​ស្រុក»
ទោះ​ជា​យ៉ាង​នេះ​ក្តី សារ​ប្រជា​សហគមន៍​សំណូមពរ​ជា​សំខាន់ សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​បញ្ចៀស​រាល់​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​ណា​ដែល​ បង្ក​ផល​ប៉ះពាល់​ការ​រស់​នៅ ប្រពៃណី វប្បធម៌ និង​ការ​ចិញ្ចឹម​ជីវិត​នៅ​តំបន់​ជនជាតិ​ដើម​ដោយ​គ្មាន​ការ​ប្រឹក្សា​យោបល់ និង​យល់​ព្រម​ពី​សំណាក់​សហគមន៍ ទទូច​សុំ​ឲ្យ​បញ្ឈប់​ការ​វាស់​វែង​ចុះ​បញ្ជី​ដី​ឯកជន​នៅ​តំបន់​ជនជាតិ​ដើម និង​ពន្លឿន​អនុវត្ត​អនុក្រឹត្យ​ចុះ​បញ្ជី​ដី​ជា​សមូហភាព​សហគមន៍ និង​សុំ​ឲ្យ​លុប​បំបាត់​ការ​រើស​អើង ការ​ប្រើ​សម្ដី​បង្អាប់ ឬ​ប្រដូច​ជនជាតិ​ដើម​ដែល​កំពុង​កើត​មាន​គួរ​ឲ្យ​ព្រួយ​បារម្ភ៕
ប្រភពពី វិទ្យុអាស៊ីសេរី

Read more: http://www.cambodiapage.info/?p=9745#ixzz2oYE5RkQ9

No comments: