យ៉ាងណាដូចជារៀងរាល់ឆ្នាំ ក្នុងដំណើរកម្សាន្ត របស់ខ្លួន ក្រុមហ៊ុនRMA ដែលនាំចូលផ្តាច់មុខនូវរថយន្តម៉ាក Ford តែងតែបង្កើតកម្មវិធី មនុស្សធម៌ដោយ ចែកអំណោយជូនជនក្រីក្រជានិច្ច។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ បន្ទាប់ពីចាក់ចេញពីទីរួមខេត្តស្ទឹងត្រែង ឆ្លងផុតស្ពានសេកុង ប្រហែលជា ២-៣ គីឡូម៉ែត្រ ក្រុមហ៊ុន រួមនឹងអតិថិជនរបស់ខ្លួន ៦០រថយន្ត បានចែកអំណោយ ដល់ប្រជាជនក្រីក្រ ប្រមាណជាង ២០០គ្រួសារ ដែលមកពីឃុំសាមគ្គី និង ឃុំស្រះឫស្សី ស្ថិតក្នុងស្រុកស្លា ខេត្តស្ទឹងត្រែង ។
ពិធីចែកអំណោយនេះ មានការចូលរួមក្រោម អធិបតីភាព លោកអភិបាលខេត្តរងស្ទឹងត្រែង យ៉ូ ប៉ាសិដ្ឋ, លោក រ៉ាមី សារ៉ាហ្វ អគ្គនាយក គ្រប់គ្រងប្រចាំប្រទេស នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា និងលោកសេង វឹង នាយកគ្រប់គ្រង ក្រុមហ៊ុនរថយន្ត Ford ប្រចាំកម្ពុជា ។ អំណោយដែលក្រុមហ៊ុន RAM ចែកជួនពលរដ្ឋក្រីក្រ រួមមាន មុង ភួយ មី ទឹកត្រី អង្ករ ជាដើម។
ចៅសង្កាត់រងទី១ សង្កាត់សាមគ្គី លោក តឹក សុផល បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន RMA និងអតិថិជនរបស់រថយន្ត Ford ដែលបានផ្តល់អំណោយ ដល់ពលរដ្ឋ២០០គ្រួសារ នៅពេលនេះ ហើយថាពលរដ្ឋទាំងនេះ ស្ថិតនៅតំបន់ដាច់ស្រយាល មានជីវភាពខ្វះខាត ប៉ុន្តែមិនអត្តខាត់ ណាស់ណាទេ។ លោកបន្ថែមថា ការពីរដូវទឹកជំនន់កន្លងទៅ ប្រជាជាពលរដ្ឋទាំងអស់នៅទីនេះក៏ទទួលរងគ្រោះទឹកជំនន់ផងដែរ។
លោក រ៉ាមី សារ៉ាហ្វ អគ្គនាយក គ្រប់គ្រងប្រចាំប្រទេស នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា អំណោយទាំងនេះវាតិចតួចមែន តែវាជាទឹកចិត្តរបស់ ក្រុមហ៊ុន RMA ចំពោះបងប្អូនប្រជាពលរដ្ឋនៅទីនេះ ហើយនេះមិនមែនជាលើកទី១ និងមិនមែនជាលើកចុងក្រោយនោះទេ សម្រាប់ក្រុមហ៊ុនដែលជួយដល់ ប្រជាពលរដ្ឋក្រីក្រនោះ ពោលនេះជាលើកទី៣ ហើយដែលប្រជាពលរដ្ឋនៅទីនេះ ទទួលបានអំណោយពីក្រុមហ៊ុន RMA ហើយនៅមានលើកក្រោយៗបន្តទៀត។
លោកបានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ចខេត្តស្ទឹងត្រែង ដែលបានផ្តល់លក្ខណៈ ងាយស្រួលដល់ ក្រុមហ៊ុនរបស់ខ្លួន ហើយថា ពេលលោកបានឆ្លងកាត់ ខេត្តស្ទឹងត្រែងប្រៀប បាននឹងឆ្លកកាត់ផ្ទះ របស់ខ្លួនឯងយ៉ាងដូច្នេះដែរ។
អភិបាលខេត្តរងស្ទឹងត្រែង លោក យ៉ូ ប៉ាសិដ្ឋ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន RMA ដែលជានិច្ចកាលតែងតែ ផ្តល់អំណោយចែកជូនដល់ ប្រជាពលរដ្ឋក្រីក្រខ្វះខាត ក្នុងជីវិភាពក្នុងខេត្តរបស់ខ្លួន ហើយថាការដែលក្រុមហ៊ុនមក បើកអាជីវកម្មរកស៊ីនៅកម្ពុជា នេះ ដោយសារក្រុមហ៊ុនទុកចិត្ត លើស្ថានភាពនយោបាយ របស់កម្ពុជា ដែលជាប្រទេសឯករាជ្យ មានសុខសន្តិភាពពេញលេញ រួមទាំងប្រទេសដែល ផ្តល់ការយកចិត្តទុកដាក់ ចំពោះអ្នកវិនិយោគផងដែរ។
សូមជម្រាបថា បន្ទាប់ពីបញ្ចប់ការ ចែកអំណោយរួចរាល់ ហើយក្បូនរថយន្ត Ford នឹងបន្តដំណើរឆ្ពោះទៅកាន់ខេត្តចំប៉ាសាក់ ទឹកដីប្រទេសឡាវ ដែលមានព្រំព្រទល់ជាប់ទល់ដែនខ្មែរ ដើម្បីឲ្យអតិថិជន Ford ទាំងអស់បានទស្សនាទេសភាព ដ៏ស្រស់ស្អាតក្នុងខេត្តចំប៉ាសាក់នោះ៕
No comments:
Post a Comment