Wednesday, December 25, 2013

ក្រសួង​រំលឹក​អតិថិជន​ឲ្យ​ប្រុង​ប្រយ័ត្ន​មុន​ទិញ​ផ្ទះ​នៅ​តាម​បុរី​ខ្លះ

 H120511VC_450aគម្រោង ​សាង​សង់​សរុប​​របស់​កម្ពុជា បាន​កើន​ឡើង​នៅ​​រយៈ​ពេល ១០​ខែ ក្នុង​ឆ្នាំ​២០១៣។ គម្រោង​ដែល​មាន​ការ​សាងសង់​ច្រើន​នៅ​ពេល​បច្ចុប្បន្ន គឺ​គម្រោង​​​បុរី​ផ្ទះ​ល្វែង។ ស្រប​ពេល​នេះ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួង​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ បាន​​​​​ក្រើន​រំលឹក​ដល់​អតិថិជន​ដែល​​ទិញ​ផ្ទះ​នៅ​តាម​បុរី​មួយ​ចំនួន​ឲ្យ​ ប្រុង​ប្រយ័ត្ន​ ពាក់ព័ន្ធ​​នឹង​ការ​សាងសង់​ខុស​ច្បាប់ និង​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ។

ការ​ជួញ​ដូរ​វិស័យ​អចលនទ្រព្យ ជា​ពិសេស​ការ​ទិញ​លក់​ដី​ភូមិ​គ្រឹះ​និង​ផ្ទះ​ល្វែង​ជា​អាជីវកម្ម​មួយ​ដែល​ រំពឹង​ថា​នឹង​ទទួល​ផល​ចំណេញ​ខ្ពស់។ ការ​ទិញ​លក់​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ភាគ​ច្រើន​តែង​តែ​ធ្វើ​ឡើង​ដោយ​សារ​​ការ​រំពឹង​ទុក​របស់​អ្នក​លក់​និង​អ្នក​ ទិញ។ ប៉ុន្តែ​​ការ​ជួញ​ដូរ​បែប​នេះ ក៏​អាច​ប៉ះពាល់​ដល់​​អតិថិជន​ដែល​ទិញ​វិស័យ​អចលនទ្រព្យ​នោះ​ដែរ។
ផល​ប៉ះពាល់​អាច​ជាប់​ទាក់​ទង​នឹង​ច្បាប់​សាងសង់។ ច្បាប់​សាងសង់​ភូមិគ្រឹះ​និង​ផ្ទះ​ល្វែង​នៅ​តាម​បុរី​​ គឺ​មាន​បី​ប្រភេទ។ ទី​មួយ​ចេញ​ច្បាប់​ឲ្យ​សាងសង់​ដោយ​សារ​​​ថវិកា​ផ្ទាល់​ខ្លួន​របស់​ម្ចាស់​ បុរី ទី​ពីរ សហការ​ជាមួយ​ធនាគារ និង​ទី​បី ការ​សហការ​ជាមួយ​អតិថិជន មាន​ន័យ​ការ​​ចាប់​ផ្ដើម​សាងសង់ ហើយ​ដាក់​ផ្លាក​លក់ ដើម្បី​ប្រមូល​លុយ​ពី​អតិថិជន​មក​សាងសង់។ ផល​ប៉ះពាល់​ចំពោះ​គម្រោង​ដែល​មិន​បាន​សុំ​ច្បាប់​អនុញ្ញាត គឺ​អាច​ប៉ះពាល់​ដល់​អ្នក​ទិញ​​ផ្ទះ​លើ​ការ​ទទួល​បាន​កម្មសិទ្ធិ​ជាន់​គ្នា​​ ​ជា​ដើម។
នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប (Bonna Realty Group) លោក នួន ឫទ្ធី មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ចំនួន​ជា​ក្រុមហ៊ុន​ដែល​ធ្វើ​នំ​អត់​ម្សៅ។ ក្រុមហ៊ុន​​​អចលនទ្រព្យ​ភាគ​ច្រើន​មិន​មាន​អាជ្ញាប័ណ្ណ​អាជីវកម្ម​ឡើយ។ ម៉្យាង​វិញ​ទៀត​ លោក​បញ្ជាក់​ថា ការ​ពុះ​ដី​លក់​ជា​ចំណែក​ដោយ​ម្ចាស់​ដី​ផ្ទាល់​ដោយ​គ្មាន​ការ​ចូល​រួម​ ក្រសួង​ពាក់ព័ន្ធ គឺ​ជា​រឿង​ខុស​ច្បាប់។
បន្ថែម​លើ​នេះ អាជីវកម្ម​ផ្នែក​អចលនទ្រព្យ​ត្រូវ​ធ្វើ​តាម​បី​ដំណាក់​កាល​បី​សំខាន់។ ទី​មួយ ត្រូវ​ចុះ​បញ្ជី​​ពាណិជ្ជកម្ម ទី​ពីរ​ ចុះ​បញ្ជី​នៅ​នាយកដ្ឋាន​អចលនវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ទី​បី បើ​អាជីវកម្ម​នោះ​ជា​​អាជីវកម្ម​បែប​វាយ​តម្លៃ​អចលនទ្រព្យ​ គឺ​ត្រូវ​ចុះ​បញ្ជី​ជា​សមាជិក​របស់​​សមាគម​ភ្នាក់ងារ​អ្នក​វាយ​តម្លៃ​ អចលនទ្រព្យ​កម្ពុជា។
អ្នក​វិភាគ​អចលនទ្រព្យ​​​បាន​សង្កេត​ឃើញ​ថា អ្នក​ធ្វើ​អាជីវកម្ម​លើ​វិស័យ​អចលនទ្រព្យ​ភាគ​ច្រើន​មិន​បាន​ឆ្លង​កាត់​តាម​ ដំណាក់​នេះ​ឡើយ។ បញ្ហា​នេះ អាច​ប៉ះពាល់​ការ​គ្រប់គ្រង​លំហូរ​​ទុន​​ទិញ​លក់​លើ​វិស័យ​អចលនទ្រព្យ​ និង​បាត់​បង់​ចំណូល​ពន្ធ។ ប្រតិបត្តិការ​បែប​នេះ ភាគ​ច្រើន​គឺ​ធ្វើ​ឡើង​តាម​រយៈ​ឈ្មួញ​កណ្ដាល​ដែល​​ធ្វើ​ប្រតិបត្តិការ​ទិញ​ លក់​វិស័យ​អចលនទ្រព្យ​រៀង​រាល់​ថ្ងៃ។
អ្នក​វិភាគ​ផ្នែក​អចលនទ្រព្យ​ លោក កឹក ណារិន មាន​ប្រសាសន៍​ថា អាជីវកម្ម​​អចលនទ្រព្យ​មួយ​ចំនួន​មិន​បាន​ឆ្លង​កាត់​​​ជា​ផ្លូវ​ការ​ឡើយ ដោយសារ​តែ​ម្ចាស់​វិនិយោគ​សំណង់​អចលនទ្រព្យ​មាន​លុយ​និង​ដី​​ផ្ទាល់​ខ្លួន។ ភាគ​ច្រើន​នៃ​អ្នក​វិនិយោគ​ទាំង​នោះ​ តែង​ធ្វើ​ឡើង​ដោយ​សុំ​ច្បាប់​ត្រឹម​អាជ្ញាធរ​មូលដ្ឋាន​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ទៀត​ថា ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​មិន​បាន​ចុះ​បញ្ជី​តាម​​ច្បាប់ អាច​ប៉ះពាល់​ដល់​អតិថិជន​ជា​អ្នក​ទិញ​អចលនទ្រព្យ។
លោក កឹក ណារិន មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា អាជីវកម្ម​អចលនទ្រព្យ​ភាគ​ច្រើន​មិន​បាន​ប្រកាស​ខ្លួន​ជា​បុរី ឬ​បុរី​មួយ​ចំនួន​​​ទៀត​មិន​មាន​ច្បាប់​អនុញ្ញាត​ឲ្យ​​​សាង​សង់​​និង​ធ្វើ​ អាជីវកម្ម​ឡើយ។
បញ្ហា​នេះ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួង​ដែនដី​នគរូបនីយកម្ម បាន​ចេញ​សេចក្ដី​ប្រកាស​របស់​ខ្លួន​កាល​​ខែ​វិច្ឆិកា ថា ក្រសួង​បាន​ប្រកាស​ឲ្យ​ក្រុមហ៊ុន​អាជីវកម្ម​​​អចលនទ្រព្យ​​ចុះ​បញ្ជី​​នៅ​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ ក្រសួង​បាន​លើក​យក​ក្រុម​ហ៊ុន​សាងសង់​ប្រមាណ​ជិត ២០​បុរី ឲ្យ​មក​ចុះ​បញ្ជី​នៅ​ក្រសួង​ពាក់​ពាន់​ជា​ចាំបាច់ ដើម្បី​ចូល​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា។
គោល​បំណង​របស់​​សេចក្ដី​ប្រកាស​នោះ រួម​មាន​ទី​មួយ​ ការ​ពារ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ ទី​ពីរ​ការ​អភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ​ និង​បង្កើត​ឲ្យ​មាន​មូលដ្ឋាន​រឹងមាំ ទប់​ស្កាត់​នឹង​វិបត្តិ​ហិរញ្ញវត្ថុ ផ្សារភ្ជាប់​នឹង​វិស័យ​នេះ ទី​បី បង្កើត​ឲ្យ​មាន​យន្តការ​ទិញ​លក់​អចលនទ្រព្យ​ច្បាស់លាស់ និង​មាន​ការ​ទទួល​ខុល​ត្រូវ​រវាង​អ្នក​ទិញ​ និង​អ្នក​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ។ គោល​បំណង​សំខាន់​ទី​បួន គឺ​ការ​ពារ និង​ទប់​ស្កាត់​ហានិភ័យ​នៅ​ពេល​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​នោះ​ ក្ស័យ​ធន។
អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​​សំណង់​នៃ​​ក្រសួង​ដែន​ដី​នគរូបនីយកម្ម​និង​ សំណង់ លោក ហ៊ុន ណារ៉ា បាន​អះអាង​ថា​ ក្រុមហ៊ុន​អចលនទ្រព្យ​នានា​ ដែល​សាងសង់​ដោយ​គ្មាន​ការ​អនុញ្ញាត គឺ​ត្រូវ​ទទួល​​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។
របាយការណ៍​របស់​ក្រសួង​ដែន​ដី​នគរូបនីយកម្ម​និង​សំណង់ បាន​បង្ហាញ​ថា ការ​ផ្ដល់​លិខិត​សាងសង់​​​មាន​ចំនួន ១.២០០​គម្រោង ដែល​ត្រូវ​នឹង​ទឹក​ប្រាក់​ជាង ២.២០០​លាន​ដុល្លារ​អាមេរិក​ នៅ​​រយៈ​ពេល ៩​ខែ ក្នុង​ឆ្នាំ​២០១៣​ ដែល​កើន​ឡើង​ប្រមាណ ២០% ធៀប​នឹង​រយៈ​​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។
ស្រប​ពេល​ដែល​ការ​ផ្ដល់​​លិខិត​​អនុញ្ញាត​សាងសង់​កើន​ឡើង​នេះ ក្រសួង​ពាក់​ព័ន្ធ​និង​​អ្នក​​វិភាគ​អចលនទ្រព្យ ស្នើ​ឲ្យ​អតិថិជន​ពិនិត្យ​ចំណុច​សំខាន់​មួយ​​ចំនួន​មុន​នឹង​ទិញ​ពី​ ក្រុមហ៊ុន​អចលនទ្រព្យ​ណា​មួយ។ ចំណុច​ដែល​ត្រូវ​ត្រួត​ពិនិត្យ​រួម​​មាន បុគ្គល​អភិវឌ្ឍ​​អចលនវត្ថុ​​​នៅ​កម្ពុជា​នោះ​ត្រូវ​មាន​​ពាក្យ​ស្នើ​សុំ​ អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ រួម​ទាំង​មាន​​លិខិត​អនុញ្ញាត​សាងសង់ និង​មាន​លិខិត​បើក​ការដ្ឋាន​​សាងសង់​ដែល​ចេញ​ដោយ​ក្រសួង​​ដែន​ដី​ នគរូបនីយកម្ម​និង​សំណង់។
ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សំណង់​ដែល​ចុះ​បញ្ជី​នៅ​កម្ពុជា​បច្ចុប្បន្ន មាន​ចំនួន ១.៣០០​ក្រុមហ៊ុន។ ប៉ុន្តែ​មាន​ក្រុមហ៊ុន​ប្រមាណ​​តែ​ ៦០០​ប៉ុណ្ណោះ​ដែល​មាន​សុពលភាព៕
ប្រភពពី វិទ្យុអាស៊ីសេរី

Read more: http://www.cambodiapage.info/?p=7893#ixzz2oXu5gvuo

No comments: