ភ្នំពេញ៖ ដោយសារតែការងារមួយចំនួនធំនៅក្នុងប្រទេសកម្ពុជាពុំមានកិច្ចសន្យាច្បាស់លាស់ កម្មករនិយោជិតមួយចំនួនធំតែងតែធ្វើការផ្លាស់ប្តូរការងារជារឿយៗ ជាពិសេស នៅក្រោយពិធីបុណ្យប្រពៃណីខ្មែរម្តង។ តើការផ្លាស់ប្តូរការងារញឹកញាប់របស់បុគ្គលិក កម្មករ ដោយសារតែការងារគ្មានកិច្ចសន្យាច្បាស់លាស់ បង្កការលំបាកអ្វីខ្លះដល់ខ្លួនឯង និងថៅកែ? តើការងារមានកិច្ចសន្យា និងគ្មានកិច្ចសន្យា មួយណាប្រសើជាង សម្រាប់ថៅកែ និងបុគ្គលិក?
នៅក្នុងប្រទេសជឿនលឿនដែលមានក្របខណ្ឌគតិយុត្តិត្រឹមត្រូវនិង គ្រប់គ្រាន់ គ្រប់ពាណិជ្ជកម្មតូចធំ គ្រប់ការងារទាំងអស់ត្រូវតែមានច្បាប់ និងមានកិច្ចសន្យាត្រឹមត្រូវ។ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាវិញ អាជីវកម្មមួយចំនួននៅមិនទាន់បានចុះបញ្ជីត្រឹមត្រូវ រីឯការងារមួយចំនួនធំនៅមិនទាន់មានកិច្ចសន្យានៅឡើយទេ។
ហេតុផលមិនមានកិច្ចសន្យាការងារច្បាស់លាស់ ពេលខ្លះអាចបណ្តាលមកពីចេតនារបស់ម្ចាស់អាជីវកម្មពីព្រោះថា ពួកគេមិនចង់អោយមានចំណងផ្លូវច្បាប់។ ប៉ុន្តែពេលខ្លះទៀត គឺកើតចេញពីចេតនារបស់កម្មករនិយោជិតទៅវិញទេ ពីព្រោះ ពួកគេចង់មានសេរីភាពក្នុងការផ្លាស់ប្តូរការងារនៅពេលណាដែលពួកគេ ចង់។
តើការងារដែលមានកិច្ចសន្យាត្រឹមត្រូវនិងគ្មានកិច្ចសន្យាត្រឹមត្រូវមានគុណសម្បត្តិនិងគុណវិបត្តិយ៉ាងណាខ្លះ?
សម្រាប់អ្នកវិភាគសង្គមសេដ្ឋកិច្ច វាមានទាំងគុណសម្បត្តិនិងគុណវិបត្តិ។ សម្រាប់ការងារដែលមានកិច្ចសន្យាត្រឹមត្រូវ គុណសម្បត្តិរបស់វានៅត្រង់ថា កម្មករនិយោជិតទទួលបានការធានាការងារក្នុងរយៈពេលកំណត់ណាមួយពី ម្ចាស់អាជីវកម្ម។ រីឯចំពោះម្ចាស់អាជីវកម្មវិញ ពួកគេមានភាពងាយស្រួលក្នុងការពង្រីកគម្រោងអាជីកម្ម ឬប្រតិបត្តិការកិច្ចការអាជីវកម្មរបស់ខ្លួន ពោលគឺ ពួកគេមិនមានការព្រួយបារម្ភថា នៅថ្ងៃស្អែក សប្តាហ៍ក្រោយ ឬខែក្រោយបុគ្គលិកនេះ ឬបុគ្គលិកនោះ សុំឈប់ពីការងារ។ ទាំងអស់នេះគឺជាគុណសម្បត្តិនៃការងារដែលមានកិច្ចសន្យា។
ប៉ុន្តែការងារដែលមានកិច្ចសន្យាត្រឹមត្រូវក៏បង្កប់នូវគុណវិបត្តិ របស់វាដែរ។ គុណវិបត្តិសម្រាប់កម្មករនិយោជិតគឺនៅត្រង់ថា ពួកគេមិនអាចផ្លាស់ប្តូរការងារបានតាមទំនើងចិត្ត។ រីឯគុណវិបត្តិសម្រាប់ម្ចាស់អាជីវកម្មវិញ ពួកគេមានកាត្វកិច្ចផ្លូវច្បាប់ មានន័យថា ពួកគេត្រូវគោរពម៉ោងធ្វើការងាររបស់កម្មករ ពួកគេត្រូវដំឡើងប្រាក់ខែជូនកម្មករទៅតាមគោលការណ៍កំណត់ ឬពួកគេមិនអាចដេញបុគ្គលិកចេញតាមអំណាចផ្លូវចិត្ត។ល។
ងាកមកឆ្លើយទៅនឹងសំណួរដែលសួរថា តើការងារគ្មានកិច្ចសន្យាត្រឹមត្រូវផ្តល់គុណសម្បត្តិនិងគុណវិបត្តិយ៉ាងណានោះ?
អ្នកវិភាគសង្គមសេដ្ឋកិច្ចដដែលបានអត្ថាធិប្បាយថា បញ្ហានេះផ្តល់ទាំងគុណសម្បត្តិនិងគុណវិបត្តិដល់កម្មករនិយោជិតនិង ម្ចាស់អាជីវកម្ម។ ការងារគ្មានកិច្ចសន្យាត្រឹមត្រូវមានគុណសម្បត្តិសម្រាប់កម្មករនិយោជិត នៅត្រង់ថា ពួកគេអាចផ្លាស់ប្តូរការងារបានយ៉ាងស្រួលដោយមិនមានចំណងអ្វីទាំងអស់។ ចំពោះថៅកែអាជីវកម្មវិញ ពួកគេគ្មានចំណងផ្លូវច្បាប់។ ប៉ុន្តែចំពោះគុណវិបត្តិវិញ កម្មករនិយោជិតប្រឈមនឹងការងារមិនទៀងទាត់ ប្រឈមនឹងការបណ្តេញចេញដោយគ្មានហេតុផល។
សរុបសេចក្តីមក បើទោះបីជាការងារគ្មានកិច្ចសន្យាផ្តល់អត្ថប្រយោជន៍ខ្លះដល់ថៅកែមែនក៏ដោយក្តី ក៏ការងារប្រភេទនេះធ្វើអោយថៅកែឈឺក្បាលមិនតិចឡើយ។ ឈឺក្បាល ពីព្រោះថា ការផ្លាស់ប្តូរបុគ្គលិកញឹកញាប់រំខានដល់ចង្វាក់ផលិតកម្មឬគម្រោង ពង្រីកអាជីវកម្ម។
នៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ននេះ ពេលវេលាដែលថៅកែឈឺក្បាលខ្លាំងរឿងកម្លាំងពលកម្មនោះគឺនៅពេលដែលមាន ពិធីបុណ្យប្រពៃណីធំៗរបស់ខ្មែរម្តងៗ ដូចជា រដូវបុណ្យចូលឆ្នាំខ្មែរ រដូវបុណ្យអំទូកនិងពិធីបុណ្យភ្ជុំបិណ្ឌជាដើម។ នៅក្នុងឱកាសបុណ្យធំៗទាំងនេះ កម្មករនិយោជិតភាគច្រើនដែលធ្វើការគ្មានកិច្ចសន្យាត្រឹមត្រូវ ត្រូវផ្លាស់ប្តូរការងារ។
ជាការកត់សម្គាល់ ការផ្លាស់ប្តូរការងាររបស់ពួកគេអាចបណ្តាលមកពីប្រាក់ខែតិច អាចបណ្តាលមកពីបរិយាកាសការងារមិនល្អ អាចបណ្តាលមកពីការគ្រប់គ្រងមិនល្អឬ អាចបណ្តាលមកពីការចង់ផ្លាស់ប្តូរការងារដើម្បីទទួលបានបទពិសោធថ្មី។ ប៉ុន្តែបើទោះជាក្នុងហេតុផលណាក៏ដោយ ក៏ថៅកែឈឺក្បាលដែរ។ ហើយនេះគឺជាបច្ច័យនៃការងារដែលគ្មានកិច្ចសន្យាច្បាស់លាស់៕
No comments:
Post a Comment