ភ្នំពេញៈ អង្គការសង្គមស៊ីវិលបង្ហាញថា
កម្ពុជាបរាជ័យក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា
ដែលជំរុញឲ្យស្ត្រីត្រូវមានតួនាទីក្នុងការសម្រេចចិត្តខ្ពស់យ៉ាង
តិច ២៥ ទៅ ៣០ ភាគរយ
ទោះបីមានភាពជឿនលឿនក្នុងការជំរុញស្ត្រីក្នុងតំណែងយ៉ាងតិចមួយ
នៅរដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការក៏ដោយ។
គណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយដែលជាបណ្តុំ
អង្គការចំនួន ១២ នៅ កម្ពុជា បានឲ្យដឹងថា គណបក្សជាប់ឆ្នោតនៅកម្ពុជា
គ្មានគោលនយោបាយស្ត្រីច្បាស់លាស់ដើម្បីជំរុញឲ្យពួកគេមានស្ថិតនៅ
ថ្នាក់កំពូលរបស់តំណែងនីមួយៗ។
លោកស្រី រស់ សុភាព អនុប្រធាន គ ស ន និងជានាយកប្រតិបត្តិអង្គការ
GADC ថ្លែងក្នុងសិក្ខាសាលាអំពីការលើកស្ទួយស្ត្រីថា
គណបក្សនយោបាយមុនបោះឆ្នោត
បានសន្យាថាគេនឹងជំរុញឲ្យមានតំណាងស្ត្រី
តែហេតុអ្វីក៏តំណាងស្ត្រី មិនបានឡើង និងបែរជាធ្លាក់ទៅវិញ?
ជាក់ស្តែងលទ្ធផលនៃការបោះឆ្នោតបង្ហាញថា ស្ត្រីជាប់តែ ២៥ កៅអីនៃ ១២៣
កៅអីនៃរដ្ឋសភា ដែលស្មើ ២០,៣៣ ភាគរយ គឺតិចជាង ១ ភាគរយនៃនីតិកាល ទី៤។
អ្នកស្រីនិយាយកាលពីម្សិលមិញថា៖
«យើងជជែកគ្នានៅពេលនេះដើម្បីរៀបចំជាផែនការតទៅទៀតថា
ធ្វើយ៉ាងម៉េច ឲ្យមានចំនួនស្ត្រីច្រើន និងថាហេតុអ្វី
បានជាសំឡេងស្ត្រីមិនត្រូវបានយកចិត្តទុកដាក់ និងពិចារណា។
យើងត្រូវជំរុញឲ្យស្ត្រីមានតួនាទីសម្រេចចិត្តធំៗ
បើយើងមិនទាមទារទេ គេមិនឲ្យងាយៗទេ។ យើងក៏មិនមែនចង់បានតែចំនួន
តែគ្មានសមត្ថភាពនោះឡើយ»។
របាយការណ៍អង្គការរៀបចំការបោះឆ្នោត ខុម ហ្វ្រែល សហការជាមួយ គ ស ន
ចែកជូនក្នុងអង្គសិក្ខាសាលាម្សិលមិញឲ្យដឹងថា
ការបន្ថែមចំនួនស្ត្រីថ្នាក់រដ្ឋលេខា
អនុរដ្ឋលេខាធិការនៅគ្រប់ក្រសួងរដ្ឋ គឺជា «ភាពជឿនលឿនមួយ»
ដែលមានស្ត្រីធ្វើការរហូតដល់ជាឧបនាយករដ្ឋមន្ត្រី។
របាយការណ៍បង្ហាញថា៖ «ផ្ទុយទៅវិញ
ពុំមានស្ត្រីណាម្នាក់តែងតាំងជាទេសរដ្ឋមន្ត្រី
ឬរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីឡើយ។
ដោយឡែកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
រដ្ឋាភិបាលពុំទាន់បង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការ
តែងតាំងស្ត្រីជាអភិបាលខេត្ត អភិបាលរាជធានីនៅឡើយ»។
អ្នកស្រី រស់ សុភាព ថ្លែងថា ស្ត្រីដែលមានតួនាទីត្រឹមថ្នាក់រង
គ្រប់ស្ថាប័នតាមថ្នាក់ឃុំ ចៅសង្កាត់ រាជធានី មន្ទីរ
ក្រសួងនឹងនៅតែមិនអាចធ្វើការសម្រេចចិត្តបានដដែល
ព្រោះពួកគេមានតួនាទីត្រឹមជាថ្នាក់រងដដែល។
ដូច្នេះក្រុមអង្គការសង្គមស៊ីវិលក៏ចង់ឲ្យមានការកែសម្រួលនូវ
ច្បាប់បោះឆ្នោតមួយចំនួន ដែលអាចកំណត់ចំនួនស្ត្រីឲ្យច្បាស់លាស់។
ទោះយ៉ាងណាលោកស្រី ឃឹម ចំរើន រដ្ឋលេខាធិការក្រសួង កិច្ចការនារី
ក្នុងសិក្ខាសាលាដោយឡែកមួយទៀត អំពីស្ត្រី
បានលើកពីការរីកចម្រើននៃការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ
និងការសម្រេចចិត្ត។ ជាក់ស្តែងរដ្ឋលេខាធិការមានរហូតដល់ ៣៦ រូប
ដែលកាលពីអាណត្តិ ទី៤ មានតែ ១៦ រូប។
លោកស្រីថ្លែងថា៖ «ពីមួយអាណត្តិទៅមួយអាណត្តិ
តែងតែមានការប្រែប្រួល
និងមានការរីកចម្រើនចំនួនស្ត្រីនៅគ្រប់កម្រិត។ ស្ត្រីមានចំនួន ៥២
ភាគរយនៃពលរដ្ឋទាំងមូលនៅកម្ពុជា»៕
http://www.postkhmer.com/index.php/national/1-national-news/108390-2013-12-26-02-39-27
No comments:
Post a Comment