Wednesday, December 25, 2013

កម្មកររោងចក្រ ជាង៨០ ទូទាំងប្រទេស ផ្ទុះការតវ៉ា ទាមទារដំឡើង ប្រាក់ខែ ខណៈក្រសួង អំពាវឲ្យ មានភាពស្ងប់ស្ងាត់

ភ្នំពេញ ៖ បន្ទាប់ពីកិច្ចប្រជុំ ដំឡើងប្រាក់ខែ របស់កម្មករ-កម្មការិនី មិនបានដូចការទាមទារ ១៦០ដុល្លារ ក្នុងមួយខែនោះ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ រោងចក្រចំនួន៨២ ស្ទើតែទូទាំង ប្រទេសបាននាំធ្វើ បាតុកម្ម និងកូដកម្ម ទាមទារ នូវប្រាក់ខែគោល ១៦០ ដុល្លារ ខណៈដែលក្រសួង ការងារ បានធ្វើការអំពាវនាវឲ្យកម្មករ-កម្មការិនី មានភាពស្ងប់ស្ងៀម កុំឲ្យជឿលើការញុះញង់ របស់សហជីពមួយចំនួន។
លោក ជា មុន្នី ប្រធានសហជីព សេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា នៅថ្ងៃនេះ (ទី២៥ ខែធ្នូ ឆ្នាំ២០១៣ ) រោងចក្រជាង៨០បាន បញ្ចេញសម្មភាពរបស់ខ្លួន ធ្វើការទាមទារ និងតវ៉ា ចំពោះការសម្រេច សេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល ឯកភាពដំឡើងប្រាក់ ខែតែ១៥ដុល្លារ ជំនួសប្រាក់ខែគោល ៨០ដុល្លារ ។
លោកបន្តថា " ចំពោះការតវ៉ា របស់កម្មករនេះ ជាសិទ្ធិរបស់ពួកគាត់ ហើយក៏គ្មានការប៉ះពាល់ លើបញ្ហាអ្វីផ្សេងៗ ទៀតដែរ"។ ជាមួយគ្នានេះ លោក ហូ វ៉ាន់ មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ បានថ្លែងឲ្យដឹងថា កម្មករ-កម្មការិនី ប្រមាណជិត១ម៉ឺននាក់ កំពុងជួបជុំនៅលើទីលាន ប្រជាធិបតេយ្យរហូតមក ដល់ម៉ោងជាង១រសៀលនេះ  ។
លោកបន្តថា " ក្រុមកម្មករ-កម្មការិនី ទាមទារឲ្យ រដ្ឋាភិបាលសម្រេចឲ្យ បានក្នុងការផ្ដល់ប្រាក់ខែ គោលឲ្យ បាន១៦០ដុល្លារ ក្នុងមួយខែ និងទាមទារឲ្យសម្ដេច ហ៊ុន សែន ចុះចេញពី តំណែងប្រសិន បើធ្វើកិច្ចនេះពុំ បានទេនោះ " ។ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធ សហជីព ចលនាកម្មករ បានថ្លែងថា ក្រុមកម្មករ ចំនួន៤៨ រោងចក្រ នៅក្នុង ខេត្ត-ក្រុង មួយចំនួន នៅកម្ពុជា បានផ្អាកការងារ របស់ខ្លួន ជាបណ្តោះអាសន្ន ដើម្បីចូលរួម ធ្វើកូដកម្មពីព្រោះពួកគេ មិនពេញចិត្ត ការដំឡើងប្រាក់ខែ ដែលមានចំនួន តិចត្រឹម ១៥ដុល្លារ នៅ ឆ្នាំ២០១៤។
លោកថា  " កម្មករទាំង៤៨រោងចក្រនោះ មាននៅ ខេត្តស្វាយរៀង កំពង់ស្ពឺ និងភ្នំពេញ ហើយចាប់ ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅ ខេត្តកំពង់ស្ពឺមាន ១៥រោងចក្រ ធ្វើកូដកម្ម នៅពីមុខរោងចក្រ តែម្តង។ លោក រ៉ុង ឈុន ប្រធានសហភាព សហជីពកម្ពុជា ថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន នៅព្រឹកនេះថា សហជីព របស់លោក មានគម្រោងធ្វើ មហាបាតុកម្ម នៅទូទាំង ប្រទេស មុនសេចក្ដី សម្រេចរបស់ ក្រុមប្រឹក្សាការងារ ជាមួយសហជីព មកម្ល៉េះ ប្រសិនបើប្រាក់ខែ កម្មករមិនបាន ១៦០ដុល្លារ ដូចការទាម ទារទេនោះ។
លោកបន្តថា  " ឥឡូវនេះ កូដកម្មបានផ្ទុះឡើង ជាបន្តបន្ទាប់ ហើយមិនថា សហជីពរបស់អ្នកណានោះ ទេគឺ ពួកគាត់បានធ្វើកូដកម្ម នៅថ្ងៃនេះជាបណ្ដើៗ ហើយដើម្បី ប្រយោជន៍រួម របស់ពួកគាត់ (ក្រុមកម្មករ)។
ជាមួយគ្នានេះ លោក អាត់ ធន់ ប្រធានសម្ព័ន្ធ សហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា ហៅកាត់ ថាស៊ីខៅឌូ មានប្រសាសន៍ដែរថា ជាការសង្កេតឃើញ គឺកូដកម្មមិនពេញចិត្ត នឹងការដំឡើងប្រាក់ខែ ត្រឹមតែ ១៥ដុល្លារ បានកើតមាន ជាបណ្ដើរៗហើយ នៅទូទាំងប្រទេស។ លោកបន្តថា " កូដកម្មនេះគឺជាសិទ្ធ របស់ពួកគាត់ (កម្មករ) សម្រាប់យើង ក៏មានបំណង ធ្វើបាតុកម្ម កូដកម្ម ទាមទារដែរតែ យើងរង់ចាំបន្តិចសិន ជូនដំណឹងទៅ ម្ចាស់ក្រុមហ៊ុន ឬរដ្ឋាភិបាលជាមុនសិនចាំ ឈានដល់បាតុកម្ម កូដកម្មនេះ"។
ដោយឡែក ក្រុមប្រឹក្សាសហជីពកម្ពុជារបស់ លោក ជួន មុំថុល បង្ហាញឆន្ទៈផ្ទុយមិនចូល រួមធ្វើបាតុកម្ម ឬកូដកម្មផងដែរ ដោយលោកបញ្ជាក់ថា សហជីពរបស់លោក ធ្វើការងារធម្មតា និងបានប្រកាស ថែមទៀត ថា ពេញចិត្តចំពោះការ ដំឡើងប្រាក់ខែ១៥ដុល្លារនេះ។ លោកបន្តថា " អ្នកទាមទារចេះតែទាមទារ ទៅសម្រាប់សហជីព ខ្ញុំពេញចិត្តហើយចំពោះការដំឡើង ប្រាក់ខែ ១៥ដុល្លារនេះ កន្លងមកគេដំឡើងតែ ៥ដុល្លារផង ម្ដេចមិនគិតទៅ"។
ជុំវិញបញ្ហានេះដែរ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានទំនាក់ទំនងសុំការបំភ្លឺពីសំណាក់ លោក អ៊ុំ មាន រដ្ឋលេខាធិការ ក្រសួងការងារ ត្រូវ បានលោកបដិសេពថា មិនដឹងពីចំនួន កម្មកតរតវ៉ានោះទេ។ តែរឿងរ៉ាវនេះត្រូវបាន លោក ជាតិ ខេមរា មន្ត្រីជាន់ខ្ពស់ សមាគមរោងចក្រ កាត់ដេរកម្ពុជា (GMAC) លើកឡើងថា ចំនួនកម្មករធ្វើការតវ៉ា នៅថ្ងៃនេះ មានភាគរយតិចតួចប៉ុណ្ណោះ មិនសូវជាមានច្រើនប៉ុន្មាន នោះទេ។
លោកបន្តថា " ប្រសិនបើកម្មករ នៅតែបន្តសកម្មភាព តវ៉ាហើយរោងចក្រ នៅតែមិនព្រមដោះស្រាយនោះ អ្នកដែលខាត ប្រយោជន៍គឺជាភាគីទាំង ប៉ុណ្ណោះខាតប្រយោជន៍ ហើយរោងចក្រគេអាច បង្វែការរកស៊ី របស់គេទៅ ប្រទេសផ្សេងទៀត "។
យោងទៅលើសេចក្ដី ជូនដំណឹងរបស់ ក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជា បានអំពាវនាវឲ្យ កម្មករនិយោជិក និយោជក អង្គការវិជ្ជាជីវៈ អង្គការជាតិ អន្តរជាតិ មានសហជីពមួយចំនួន ក្នុងនោះមានទាំង សហជីព ដែលជា សមាជិកគណៈកម្មការប្រឹក្សា ការងារផងបានធ្វើ សកម្មភាពញុះញង់ ប្រឆាំងជំទាស់ធ្វើឲ្យប៉ះពាល់ ស្ថេរភាពការងារ និងជីវភាពរបស់កម្មករ នៅតាមរោងចក្រមួយចំនួន និងបានបំភ្លៃទៅជាបញ្ហា នយោបាយបម្រើឲ្យ សកម្មភាពគណបក្ស នយោបាយ។
សេចក្ដីជូនដំណឹងពីរ ក្នុងថ្ងៃតែមួយរបស់ ក្រសួងការងារឲ្យដឹងថា សហភាពសហជីពកម្ពុជាដែល លោក រ៉ុង ឈុន អះអាងជាប្រធាននោះពុំមែន ជាសហជីពស្របច្បាប់ ដែលបានចុះបញ្ជីកា នៅក្រសួង ការងារ បណ្ដុះបណ្ដាល វិជ្ជាជីវៈនោះទេ ពីព្រោះថា សហភាពសហជីពនេះ ពុំមាននីតិសម្បទា គ្រប់គ្រាន់ដើម្បីទទួលស្គាល់ តាមផ្លូវច្បាប់ពីក្រសួងឡើយ ។
សូមបញ្ជាក់ថា កិច្ចប្រជុំបានសម្រេចដំឡើង ប្រាក់ឈ្នួល នៅឆ្នាំ ២០១៤ដំឡើង ១៥ដុល្លារ បូកប្រាក់ ខែចាស់ ៨០ដុល្លារ ស្មើនឹង ៩៥ដុលា្លរ (៨០+១៥) , ឆ្នាំ២០១៥ ដំឡើង១៥ដុល្លារ ស្មើនឹង១១០ដុល្លារ (៩៥+១៥), ឆ្នាំ២០១៦ដំឡើង ១៦ដុល្លារ ស្មើនឹង ១២៦ដុល្លារ (១១០+១៦), , ឆ្នាំ២០១៧ដំឡើង ១៧ដុល្លារ ស្មើនឹង ១៤៣ដុល្លារ (១២៦+១៧) , និងឆ្នាំ ២០១៨ ដំឡើង ១៧ដុល្លារ ស្មើនឹង១៦០ ដុល្លារ (១៤៣+១៧) ។ បញ្ហានេះបានធ្វើឲ្យកម្មករ ស្ទើរទូទាំងប្រទេសបានផ្ទុះការតវ៉ា នៅតាមបណ្ដា ខេត្តនានា និង នៅរាជធានីភ្នំពេញ៕

No comments: