Samsung មានគោលបំណងដណ្ដើមយកទីផ្សារស្មាតហ្វូនរបស់ Apple នៅសហរដ្ឋអាមេរិក ប៉ុន្តែប៉ុន្មានឆ្នាំមកហើយ នៅតែមិនអាចប្រជែងឈ្នះនោះទេ ដោយឡែកនៅពេលនេះ ក្រុមអ្នកវិភាគបានលើកឡើងថា Samsung មិនត្រឹមតែបរាជ័យនៅសហរដ្ឋអាមេរិកនោះទេ ពោលគឺថែមទាំងបានបាត់បង់ទីផ្សារសំខាន់របស់ខ្លួនថែមទៀតផង នោះគឺទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិន។
ក្រោមកិច្ច ព្រមព្រៀងលក់ iPhone រវាង Apple និង China Mobile ក្រុមហ៊ុន Apple បានរំពឹងថានឹងទទួលបានប្រាក់ចំណូល ៥ភាគរយបន្ថែមទៀតពីប្រទេសចិននៅឆ្នាំ ២០១៤។ នេះមានន័យថា ចិននឹងក្លាយជាទីផ្សារស្មាតហ្វូនធំលំដាប់ទី២ ដូចសំដី Tim Cook នាយកប្រតិបត្តិ Apple តែងតែនិយាយថា លោកតែងតែចាត់ទុកថា ចិនជាទីផ្សារស្មាតហ្វូនធំលំដាប់ទី២របស់ខ្លួន។
ក្រុមអ្នកវិភាគបានលើកឡើងថា Samsung ប្រហែលជានឹងបាត់បង់ទីផ្សារនៅតាមបណ្ដាលប្រទេសមួយចំនួនផ្សេងទៀត ដូចជានៅជប៉ុន ព្រោះថាសារព័ត៌មានជប៉ុនបានរាយការណ៍ថា iPhone បានលក់ដាច់ជាង Galaxy S4 របស់ Samsung ចំណែកនៅឥណ្ឌាវិញ ទីផ្សារស្មាតហ្វូនរបស់ Apple ក៏បានកើនឡើងខ្ពស់ជាង Samsung ដែរ៕
No comments:
Post a Comment