Thursday, December 26, 2013

មន្ត្រី​GMAC ព្រមាន​ហានិភ័យ​នៃ​វិស័យ​កាត់ដេរ ដោយសារ​ការតវ៉ា​របស់​កម្មករ​​

មន្ត្រី​សមាគម​កាត់ដេរ​នៅ​កម្ពុជា ព្រមាន​ថា នឹង​អាច​មាន​ការដក​វិនិយោគ​លើ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ប្រសិន​បើ​ស្ថានភាព​នៃ​ការតវ៉ា​របស់​កម្មករ​ក្នុងការ​ទាមទារ​ដំឡើង​ប្រាក់ខែ កាន់តែ​អាក្រក់​ទៅៗ​ ។
​អគ្គលេខាធិការ​សមាគម​កាត់ដេរ​នៅ​កម្ពុជា (GMAC) លោក ខេន លូ មានប្រសាសន៍ថា ការដក​វិនិយោគទុន​ពី​កម្ពុជា ដោយសារ​កម្មករធ្វើ​កូដកម្ម និង​បាតុកម្ម​ច្រើនដង និង​ក្រុមហ៊ុន​មួយចំនួន មិន​មាន​លទ្ធភាព​ ក្នុង​ការ​ផ្តល់​ប្រាក់ខែ​គោល​១៦០​ដុល្លារក្នុង​១​ខែ​។ លោក​បន្តថា តម្លៃ​ជាវ​ទំនិញ​ពី​អ្នក​បញ្ជា​ទិញ គឺ​មិន​មាន​ការប្រែប្រួល ដែល​នាំ​ឲ្យ​និយោជក មិន​អាច​ទទួលបាន​ចំនូល​បន្ថែម ដើម្បី​បង្កើន​ប្រាក់​ឈ្នួល​ដល់​កម្មករ​ឡើយ​។​
​អគ្គលេខាធិការ​នៃ​គណៈកម្មការ​ដោះស្រាយ​វិវាទ​គ្រប់​មុខសញ្ញា​របស់​រាជ​ រដ្ឋាភិបាល លោក សឹង ម៉ុន មានប្រសាសន៍ថា ប្រសិនបើ​វិនិយោគិន​បរទេស​ដក​ទុន​ចេញ ប្រទេស​កម្ពុជា នឹង​ទទួល​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ចជាតិ  និង​អត្រា​អត់​ការងារ កើនឡើង​។ លោក​បន្តថា លោក​មិន​ទាន់​មាន​វិធានការ​ក្នុង​ការដោះស្រាយ​បញ្ហា​នេះ​នៅឡើយ​ទេ អាស្រ័យ​លើ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​។​
​គណៈកម្មការ​ប្រឹក្សា​ការងារ​កាលពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៣ បានសម្រេច​ដំឡើង​ប្រាក់​ឈ្នូល​អប្បបរមា ដែល​ត្រូវ​អនុវត្ត​តាម​គោលការណ៍​ដូចខាងក្រោម ៖ ពី​ឆ្នាំ​២០១៤ ដល់ ២០១៨ ដំឡើង​ពី​៨០​ដុល្លារ​ទៅ​១៦០​ដុល្លារ​ សម្រាប់​កម្មករ​ពេញសិទ្ធិ និង​ពី​៧៥​ដុល្លារ​ទៅ​១៥៥​ដុល្លារ​ សម្រាប់​កម្មករ​សាកល្បង​។ ឆ្នាំ​២០១៤ ប្រាក់​ឈ្នួល​ត្រូវបាន​ដំឡើង​ចំនួន​១៥​ដុល្លារ ឆ្នាំ​២០១៥ ត្រូវ​ដំឡើង​ចំនួន​១៥​ដុល្លារ ឆ្នាំ​២០១៦ ត្រូវ​ដំឡើង​ចំនួន​១៦​ដុល្លារ ឆ្នាំ​២០១៧ ត្រូវ​ដំឡើង​ចំនួន​១៧​ដុល្លារ និង​ឆ្នាំ​២០១៨ ត្រូវ​ដំឡើង​១៧​ដុល្លារ​៕​
សូមសរសេរមកកាន់លោក ឡាយ សា​មាន​ តាមរយៈ laysamean168@yahoo.com

​Tags: ប្រាក់បៀវត្សរ៍ - GMAC

No comments: