Thursday, December 26, 2013

ក្រសួង មហាផ្ទៃ​កោះ​ហៅ​ពាណិជ្ជករ​ម្នាក់​ពី​បទ​ឆបោក​ជាង ៨០ ម៉ឺន​ដុល្លារ

ភ្នំពេញៈ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួង មហាផ្ទៃ បាន​ចេញ​លិខិត​កោះ​ហៅ លោក ហាក់ សុវណ្ណា អាយុ ៤៥ឆ្នាំ ដែល​ជា​ពាណិជ្ជករ​ម្នាក់​ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​ជុំវិញ​សំណុំ​រឿង​ឆបោក​ ប្រាក់ ជាង ៨០ ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។
លោក ឧត្តម​សេនីយ៍​ទោ អ៊ិន បូរ៉ា ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង មហាផ្ទៃ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា៖ «ខ្ញុំ​បាន​កោះ​ហៅ​គាត់​ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​នាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ​ក្រសួង មហាផ្ទៃ ជុំវិញ​ករណី​ឆបោក​ប្រាក់​ជាង ៨០ ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ពី​ជន​រងគ្រោះ​ម្នាក់»។
លោក​បាន​បន្ថែម​ថា៖ «គាត់​ត្រូវ​បាន​ប្តឹង​ដោយ​ដើម​បណ្តឹង ជាវ តុលា ពី​បទ​ឆបោក»។
ទោះ​យ៉ាង​ណា​ក្តី​លោក​ឧត្តម​សេនីយ៍​ទោ អ៊ិន បូរ៉ា ពុំ​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ករណី​ខាង​លើ​នេះ​ឡើយ។
មន្ត្រី​នគរបាល​ជាន់​ខ្ពស់​ម្នាក់​នៃ​ក្រសួង មហាផ្ទៃ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា យោង​តាម​បណ្តឹង​របស់​ជន​រងគ្រោះ​នា​ពេល​កន្លង​ទៅ​នេះ​ជន​រងគ្រោះ​បាន​ប្រគល់ ​ប្រាក់​ចំនួន ៨០ ម៉ឺន​ដុល្លារ​អាមេរិក​ឲ្យ​ទៅ​ឈ្មោះ ហាក់ សុវណ្ណា ដើម្បី​រត់​ការ​និង​សុំ​ទិញ​ដី​សម្បទាន​មួយ​កន្លែង​នៅ​ខេត្ត កំពត ក៏​ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ដី​សម្បទាន​នោះ​ក៏​មិន​បាន​ចំណែក​ឯ​ប្រាក់​ នោះ​ក៏​ខាត​បង់។
ដោយ​ឡែក​លោក ហាក់ សុវណ្ណា និង​មេធាវី​របស់​លោក​មិន​អាច​ទាក់​ទង​ដើម្បី​សុំ​ការ​បំភ្លឺ​ទាក់ទិន​នឹង​បញ្ហា​នេះ​បាន​ទេ​កាល​ពី​ម្សិលមិញ៕

No comments: