Thursday, December 26, 2013

សមត្ថកិច្ច​ត្រៀម​កំលាំង​រក្សា​សន្តិសុខ​ដោយ​ស្ងាត់​ស្ងៀម​

ការហ្វឹក​ហាត់​របស់កងកម្លាំងសមត្ថកិច្ច នៅ​ទីលាន​ប្រជាធិបតេយ្យ(រូបភាពឯកសារ)
ការហ្វឹក​ហាត់​របស់កងកម្លាំងសមត្ថកិច្ច នៅ​ទីលាន​ប្រជាធិបតេយ្យ(រូបភាពឯកសារ)
RFI/Kim Yuthana

ដោយ លាង ដឺលុច
សមត្ថកិច្ច​ចម្រុះ​បាន​ត្រៀម​គ្រប់លក្ខណៈ​ដើម្បី​ទប់​ទល់នឹង​ ស្ថាន​ការ​អ​សណ្តាប់ធ្នាប់ និង​អសន្តិសុខ​សង្គម នៅពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​កំពុង​បន្តធ្វើ​បាតុកម្ម​រាល់ថ្ងៃ។ ការត្រៀម​លក្ខណៈ​របស់​សមត្ថកិច្ច​ក៏មាន​នៅតាម​ខេត្ត​នៅជាប់​រាជធានី​ភ្នំពេញ ​ដែរ ដើម្បី​ទទួលបញ្ជា​អន្តរាគមន៍ ក្នុងករណី​ចាំបាច់។ នេះ​បើតាម​ការ​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។


ខុសពី​ទិដ្ឋភាព​ក្រោយ​ការបោះឆ្នោតភ្លាមៗ ដែល​សមត្ថកិច្ច​ចម្រុះ​បាន​បញ្ចេញ​វត្តមាន​កំលាំង​របស់ខ្លួន​យ៉ាង​ ព្រោងព្រាត ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​បាតុកម្ម និង​មាន​កើត​អំពើហិង្សា​ដោយ​អន្លើ​ផង​នោះ។ នៅពេលនេះ នៅពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​បន្ត​ដង្ហែ​ក្បួន​បាតុកម្ម​រាល់ថ្ងៃ គេ​បែរ​ពុំ​សូវ​ឃើញ​មានការ​បង្ហាញ​កំលាំង​សមត្ថកិច្ច​ចម្រុះ​ខ្លាំងក្លា​ ដូចពេលមុន​ឡើយ។

ផ្ទុយទៅវិញ បើតាម​ការអះអាង​រប​ស់លោក​ឧ​ត្ត​ម​សេនីយ​ត្រី ខេង ទី​តូ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ការត្រៀម​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​របស់​កំលាំង​កង​រាជ​អាវុធ​របស់លោក នៅតែមាន​ដដែល។ ការត្រៀម​លក្ខណៈ​ដែល​ក៏មានដែរ នៅតាម​ខេត្ត​ជុំវិញ​រាជធានី។ ហើយ​ថា ប្រសិនបើ​មាន​ស្ថានភាព​អសន្តិសុខ​កើតឡើង កំលាំង​អន្តរាគមន៍​នៃ​កងរាជអាវុធហត្ថ​អាច​ទប់ទល់​គ្រប់​ករណី។

ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ ខេង ទី​តូ សន្តិសុខ​ទូទៅ​នៅពេលនេះ មិនគួរ​ព្រួយបារម្ភ​ឡើយ ដោយសារតែ​បាតុករ​បាន​ដង្ហែ​ក្បួន​តែ​តាមតម្រាយ​ផ្លូវ​របស់ខ្លួន ហើយ​មិនបាន​បង្កបញ្ហា​អសន្តិសុខ​អ្វី ក្រៅពី​ការកកស្ទះ ដែល​លោក​ថា បាន​រំខាន​ដល់​អារម្មណ៍​អ្នកធ្វើដំណើរ​មួយចំនួន​នោះ។

មិនថាតែ​កងរាជអាវុធហត្ថ​ទេ កំលាំង​នគរបាល​ក៏​ទំនងជា​បាន​ត្រៀមលក្ខណៈ​ដូចគ្នា។ នៅ​ថ្ងៃ​អង្គារ​នេះ តាមរយៈ​ទំព័រ​ហ្វ៊េ​ស​ប៊ុ​ក​នៃ​នគរបាល​ខេត្តកណ្តាល អភិបាលខេត្ត​កណ្តាល លោក ផៃ ប៊ុន​ឈឿន​បាន​ជួប​សួរសុខទុក្ខ​កម្លាំង​នគរបាល​ខេត្ត​ដែល​ត្រូវបាន​បញ្ជា​អោយ ​ត្រៀមលក្ខណៈ​ដើម្បី ទទួលបញ្ជា​អន្តរាគមន៍។ ការត្រៀម​លក្ខណៈ​បែបនេះ ដែល​គេ​អាច​យល់បាន ដោយសារតែ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បន្តធ្វើ​រាល់ថ្ងៃ​នៅក្នុង​រាជធានី​ភ្នំពេញ។ ជា​បាតុកម្ម​ដែល​ទាមទារ​អោយមាន​ការបោះឆ្នោត​ឡើងវិញ និង​អោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ចុះ​ចេញពី​ដំណែង។

ទៅ​ឆ្ងាយ​ពី​ពង្រឹង​សន្តិសុខ​ក្នុង​រាជធានី អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ក៏​ស្រាប់តែ​បានប្រកាស​ជូនដំណឹង​ អំពី​សមយុទ្ធ​បាញ់​គ្រាប់​ពិត នៃ​កាំភ្លើង​ប្រតិកម្ម BM 21។ សមយុទ្ធ​បាញ់​សព្វាវុធ​ធុន​ធ្ងន់​ដែល​ត្រូវធ្វើ​រហូតដល់៥ថ្ងៃ ពីថ្ងៃ​ទី២៧ដល់​ថ្ងៃទី៣១ធ្នូ នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ៕

tags: កម្ពុជា - បាតុកម្ម - សន្តិសុខ

No comments: