Thursday, December 26, 2013

លោក ​អាត់​ ធន់​ ៖កម្មករ​​ជាង​​១០​​ម៉ឺន​​នាក់​ផ្ទុះ​​កូដ​​កម្ម​នៅ​​ថ្ងៃ​​ពុធ​​នេះ​

កម្មករ​ កម្មការនី​រោង​ច​ក្រ​កាត់​ដេរ​ ចូល​រួម​ធ្វើ​បាតុ​កម្ម​នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ​នៅ​ថ្ងៃ​ទី ​២៥​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៣​។​
កម្មករ​ កម្មការនី​រោង​ច​ក្រ​កាត់​ដេរ​ ចូល​រួម​ធ្វើ​បាតុ​កម្ម​នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ​នៅ​ថ្ងៃ​ទី ​២៥​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៣​។​
@RFI/sophal

ដោយ ប៉ែន បូណា
នៅ​ថ្ងៃ​ពុធទី​២៥ខែ​ធ្នូ​នេះក្រុម​កម្មករ​រោងចក្រ​កាត់ដេរ​ រាប់ម៉ឺន​នាក់​បាន​បន្ត​កូដ​កម្ម​នៅ​ច្រើន​កន្លែង​ផ្សេង​គ្នា​ នៅ​តាម​បណ្តា​រោង​ចក្រ​ជា​ច្រើន​នៅ​ភ្នំពេញខេត្ត​កំពង់​ស្ពឺកំពង់​ចាមកំពង់​ ឆ្នាំងខេត្ត​ស្វាយ​រៀងនិង​នៅ​កន្លែង​ផ្សេង​ៗ​ទៀត​។កម្មករតវ៉ា​នៅ​ថ្ងៃ​ នេះដើម្បី​ប្រឆាំង​នឹង​សេច​ក្តី​សម្រេច​តម្លើង​ប្រាក់​ខែ​ត្រឹម​តែ៩៥ដុល្លារ ​នៅ​ឆ្នាំ​២០១៤។ក្រុម​សហជីពនិង​កម្មករអ្នក​តវ៉ាទាម​ទារ​ឲ្យ​មាន​ការ​ចរចា​ ឡើង​វិញប៉ុន្តែ ក្រសួង​ការងារ​បដិ​សេធ​។

មេ​ដឹក​នាំ​សហ​ជីព​កម្មករ លោក អាត់ ធន់ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​ធ្នូ មាន​ផ្ទុះ​បាតុ​កម្ម​និង​កូដ​កម្ម​កម្មករ​រោង​ចក្រ​ជាង ៧០ រោង​ចក្រ​នៅ​ក្នុង ៧​ខេត្ត​រាជ​ធានី។ កម្មករ​ជាង ១០ ម៉ឺន​នាក់ បាន​នាំ​គ្នា​ធ្វើ​កូដ​កម្ម​និង​បាតុកម្ម​ដោយ​អ្នក​ខ្លះ​ធ្វើ​នៅ​នឹង​កន្លែង អ្នក​ខ្លះ​បាន​ដើរ​ហែ​ក្បួន និង​ខ្លះ​ទៀត​បាន​ទៅ​ចូល​រួម​ជា​មួយ​បាតុ​កម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។

បើ​តាម​លោក​អាត់​ធន់ កូដ​កម្ម​និង​បាតុ​កម្ម​ទាំង​នោះ​​បាន​ផ្ទុះឡើង​នៅ​ភ្នំពេញ ខេត្ត​កំពង់ចាម កំពង់ស្ពឺ កំពង់ឆ្នាំង ស្វាយរៀង កណ្តាល និង​ខេត្ត​ព្រៃវែង។ ក្រុម​កម្មករ​បាន​ទាម​ទារ​ឲ្យ​មាន​ការ​ចរចា​ឡើង​វិញ​អំពី​ការ​ដំឡើង​ប្រាក់​ ខែ​ជូន​កម្មករ​រហូត​ដល់ ១៦០ ដុល្លារ​ក្នុង​មួយ​ខែ។

ប៉ុន្តែ លោក វង្ស សុវណ្ណ មន្ត្រី​ក្រសួង​ការងារ​ទទួល​បន្ទុក​ដោះ​ស្រាយ​ជម្លោះ​បាតុ​កម្ម​កូដ​កម្ម អះ​អាង​ថា ក្នុង​ចំណោម​៩០​សហជីព​ទូទាំង​ប្រទេស​មាន​តែ​៤​ឬ​៥​សហជីព​ប៉ុណ្ណោះ​ដែល​មិន​ ទទួល​យក​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ការងារ។ លោក វង្ស សុវណ្ណ អះ​អាង​ថា បាតុ​កម្ម និង​កូដកម្ម​ថ្ងៃ​នេះ​ជា​រឿង​ខុស​ច្បាប់។ មន្ត្រី​រូប​នេះ​បញ្ជាក់​ថា សេចក្តី​សម្រេច​នេះ​នឹង​ចូល​ជា​ធរ​មាន ហើយ​គ្មាន​ការ​ចរចា​ឡើង​វិញ​នោះ​ទេ​។

គួរ​បញ្ជាក់​ថា ការ​ផ្ទុះ​បាតុ​កម្ម និង​កូដកម្ម​កម្មករ​នៅ​ថ្ងៃ​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ ការងារ​បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី​ ២៤ ធ្នូ ដំ​ឡើង​ប្រាក់​ខែ​កម្មករ​ឲ្យ​ដល់ ១៦០ ដុល្លារ ក្នុង​មួយ​ខែ​ប៉ុន្តែ ត្រូវ​រង់ចាំ​រហូត​ដល់​៥​ឆ្នាំ​ទៀត។ ចាប់​ពី​ឆ្នាំ ២០១៤ ត​ទៅ ការ​ដំឡើង​មាន​តែ​ចំនួន​ពី ១៥ ដល់ ១៧ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​។

កាល​ពី​រសៀល​ថ្ងៃ​ទី​២៤​ធ្នូ​ ក្រសួង​ការ​ងារ​បាន​ចេញ​សេចក្តី​អំពាវ​នាវ ដល់​កម្មករ និង​សហ​ជីព​ឲ្យ​រក្សា​ភាព​ស្ងប់​ស្ងាត់ និង​បន្ត​ការ​ងារ​ជា​ធម្មតា ជៀស​វាង​ការ​ធ្វើ​សកម្ម​ភាព​ណា​មួយ ដែល​អាច​ធ្លាក់​ក្នុង​អន្ទាក់​នយោ​បាយ ធ្វើ​ឲ្យ​ខាត​បង់​ប្រយោជន៍​របស់​កម្មករ ក៏ដូច​ជា ប្រទេស​ជាតិ​ទាំង​មូល។ ប៉ុន្តែ មេដឹក​នាំ​សហ​ជីព លោក អាត់ ធន់ បាន​ឆ្លើយ​តប​ថា ការ​ធ្វើ​បាតុ​កម្ម និង​កូដកម្ម​គឺ​ជាសិទ្ធិ​របស់​កម្មករ​៕

No comments: