Thursday, December 26, 2013

តើ​រឿង​នយោបាយ​ជា​រឿង​អាក្រក់​មែន​ទេ?

131226_02
ពលរដ្ឋ​ចូលរួម​បាតុកម្មគណបក្សសង្គ្រោះ​ជាតិ​​​​កាលពីថ្ងៃ​អាទិត្យ​។ រូប មិនា
ជា​ទូទៅ​ផ្នត់​គំនិត​របស់​ប្រជា​ពលរដ្ឋ​ដែល​តែង​តែ​មិន​ពេញ​ចិត្ត​ស្អប់​ ខ្ពើម​ចំពោះ​រឿង​នយោបាយ មិន​មែន​តែ​កើត​មាន​នៅ​ក្នុង​ប្រទេស កម្ពុជា ប៉ុណ្ណោះ​ទេ ពោល​គឺ​កើត​មាន​នៅ​លើ​ពិភពលោក​ទាំង​អស់​ជា​ពិសេស​គឺ​នៅ​បណ្តា​ប្រទេស​ដែល​ ក្រីក្រ និង​ពលរដ្ឋ​មិន​សូវ​មាន​ការ​យល់​ដឹង និង​មាន​ចំណេះ​ដឹង​ខ្ពស់។
ពួក​គេ​បាន​ចាត់​ទុក​ការងារ​នយោបាយ​ថា ជា​ការ​បោក​ប្រាស់ ការងារ​ខ្មៅ​កខ្វក់ និង​កាច​សាហាវ​ជា​ទី​បំផុត ហើយ​អ្នក​ដែល​អាច​ធ្វើ​នយោបាយ​បាន​លុះត្រា​តែ​អ្នក​នោះ​ពូកែ​ខាង​បោក​ប្រាស់ ភូត​កុហក ជាដើម។ ពាក្យ​ថា នយោបាយ គឺជា​ការ​បោក​ប្រាស ការងារ​ខ្មៅ​កខ្វក់ ការងារ​ស្មោក​គ្រោក​នោះ បាន​លេច​ឮ​ឡើង​តាំង​ពី​សម័យ​យូរ​លង់​ណាស់​មក​ហើយ​នៅ​លើ​សកលលោក​នេះ មិន​មែន​ទើប​តែ​ឮ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នោះ​ទេ។ សម្រាប់​បរិបទ​ប្រទេស កម្ពុជា ដែល​គេ​មើល​ឃើញ​ថា ជា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍ ហើយ​ធនធាន​មនុស្ស​នៅ​មាន​កម្រិត​នោះ ផ្នត់​គំនិត​ពលរដ្ឋ​មួយ​ចំនួន​ធំ បាន​ឲ្យ​និយមន័យ​នយោបាយ ក្នុង​គោល​ដៅ​ចំអក ឬ​ស្អប់ ចំពោះ​ពាក្យ នយោបាយ​ថា គឺជា​នយោបោក ហើយ​ថែម​ទាំង​យល់​ថា នយោបាយ​គឺជា​ការងារ​មួយ​ថោក​ទាប មិន​ស្មោះ​ត្រង់ និង​ពោរពេញ​ដោយ​ល្បិចកល​ខ្មៅ​ងងឹត គ្រប់​បែប​យ៉ាង ធ្វើ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ក្រុម​បក្ខពួក​របស់​ខ្លួន និង​ដើម្បី​តែ​អំណាច​ប៉ុណ្ណោះ។
ពលរដ្ឋ​ទាំង​នោះ បាន​ធ្វើ​ការ​កំណត់​ថា អ្នក​ដែល​ចូល​ខ្លួន​ប្រឡូក​ក្នុង​ឆាក​នយោបាយ​បាន​នោះ ទាមទារ​ឲ្យ​មាន​សមត្ថភាព​ខាង​និយាយ​កុហក បំផ្លើស​បំភ្លៃ​ការ​ពិត បោក​ប្រាស់ ដោយ​មិន​មែន​ជា​មនុស្ស​ល្អ​ស្មោះ​ត្រង់ សុចរិត​នោះ​ទេ។ ពួក​គេ​បាន​យល់​ឃើញ​ថា សម្រាប់​មនុស្ស​ដែល​ល្អ ដែល​ត្រឹម​ត្រូវ ស្មោះ​ត្រង់ មិន​ត្រូវ​ប្រឡាក់​ប្រឡូក​ក្នុង​រឿង​នយោបាយ​ឡើយ ព្រោះ​បើ​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​គឺជា​មនុស្ស​ចោលម្សៀត​ទាំង​ស្រុង។ ពេល​ខ្លះ​ប្រជា​ពលរដ្ឋ​ខ្មែរ ឲ្យ​តែ​ឮ​គេ​និយាយ​រឿង​នយោបាយ ពួក​គាត់​នាំ​គ្នា​ខ្លាច​ដូច​ខ្មោច​ងាប់ ៧ ថ្ងៃ​អ៊ីចឹង។ ផ្នត់​គំនិត​បែប​នេះ ពួកគេ​បាន​ប្រាប់ ឬ​ទូន្មាន​ប្រៀន​ប្រដៅ​កូន​ចៅ​តៗ​គ្នា ដូច​ជា​ឪពុក​ម្តាយ​ទូន្មាន​កូន​ជាដើម មិន​ឲ្យ​កូន​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ ដោយ​ពួក​គេ​ប្រាប់​ថា បើ​រៀន​គិត​តែ​រឿង​រៀន​ទៅ បើ​ធ្វើ​ស្រែ​ឲ្យ​គិត​តែ​ពី​រឿង​ធ្វើ​ស្រែ​ទៅ បើ​លក់​ដូរ គិត​តែ​ពី​រឿង​លក់​ដូរ​ដើម្បី​បាន​ប្រាក់​ចំណេញ​ទៅ​បាន​ហើយ កុំ​នាំ​គ្នា​ទៅ​រវល់​កិច្ចការ​នយោបាយ​កុំ​ទៅ​ខ្វល់​រឿង​នយោបាយ ប្រយ័ត្ន​គុក! ប្រយ័ត្ន​ងាប់! រស់​នៅ​សម្ងំ​យក​តែ​សុខ​រៀងៗ​ខ្លួន​ទៅ អា​ណា​ងាប់​ងាប់​ទៅ! កុំ​ទៅ​ចំណាយ​ពេល​ឥត​ប្រយោជន៍​គិត​គូរ​វា​ច្រើន​ពេក រឿង​នយោបាយ​ហ្នឹង វា​មិន​មែន​ជា​រឿង​របស់​ពួក​យើង​ទេ។ ព្រោះ​រឿង​ស្រុក​ទេស​រឿង​ជាតិ​អី​ហ្នឹង មាន​គេ​ចាត់​ចែង​ហើយ យើង​ពលរដ្ឋ​មិន​ចាំ​បាច់​ខ្វល់​នោះ​ទេ អា​រឿង​នយោបាយ​ស្អី​ហ្នឹង​នោះ។
ម្យ៉ាង​វិញ​ទៀត រឿង​នយោបាយ​នេះ មិន​ល្អ​សោះ​ឡើយ មិន​ស្រួលៗ​នោះ អាច​បាត់​បង់​អាយុ​ជីវិត​ផង​ក៏​មាន​ដែរ។ បើ​នៅ​ក្នុង​ផ្តត់​គំនិត គិត​តែ​បែប​នេះ​នោះ តើ​យើង​គួរ​ទាត់​ចោល​រឿង​នយោបាយ​ឬ​ទេ? ហើយ​ថា​នយោបាយ​ជា​រឿង​ខ្មៅ​កខ្វក់ អាក្រក់​ឬ​យ៉ាង​ណា? ចម្លើយ​គឺ​យើង​មិន​ត្រូវ​ទាត់​ចោល​នយោបាយ​នោះ​ទេ។
ពាក្យ​ថា នយោបាយ គឺជា​ជន​ទាំង​ប្រុស​ស្រី​ទាំង​ឡាយ ដែល​មាន​គំនិត ឬ​ផ្លូវ​សម្រាប់​ដោះស្រាយ​បញ្ហា ឬ​វិធី​ក្នុង​ការ​ធ្វើ​ឲ្យ​បាន​សម្រេច​គោលដៅ​អ្វី​មួយ​ពិត​ប្រាកដ​។ ដូច​នេះ នយោបាយ គឺជា​របៀប​វិធី ឬ​សិល្បៈ​នៃ​ការ​ធ្វើ​នាំ​ឲ្យ​បាន​សម្រេច​ទៅ​គោល​ដៅ​ហើយ​ដែល​គោលដៅ​នោះ​ ប្រាស​ចាក​ភាព​អាត្មានិយម។ ម៉្យាង​ទៀត នយោបាយ​មិន​មែន​ជា​មុខ​របរ​រក​ស៊ី​នោះ​ទេ ប៉ុន្តែ​នយោបាយ​ជា​ការងារ​សម្រាប់​បុគ្គល​មាន​ចិត្ត​សប្បុរស មាន​បេះដូង​ស្មោះ​ត្រង់​បរិសុទ្ធ​មាន​ទស្សន​វិស័យ ហើយ​ធ្វើ​ការងារ​ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស និង​សង្គម​ជាតិ។ លើស​ពី​នេះ នយោបាយ​គឺជា​តម្រូវការ​របស់​មនុស្ស នយោបាយ​ធ្វើ​ឲ្យ​មាន​ការ​ឯកភាព ហើយ​មាន​តែ​នយោបាយ​មួយ​ទេ ដែល​ជួយ​មនុស្ស​រស់​នៅ​នៅ​ក្នុង​សង្គម​បាន​ពីព្រោះ​ថា គ្មាន​ការ​ធ្វើ​បុណ្យ​ឯ​ណា​ដែល​ល្អ​ប្រសើរ​ថ្លៃ​ថ្លា ជាង​ការ​ធ្វើ​នយោបាយ​ជួយ​ជាតិ​នោះ​ទេ។ បើ​យើង​ពិចារណា​និង​ស្វែង​យល់​តាម​ដាន​យូរ​ទៅ​ចំពោះ​រឿង​នយោបាយ​ឲ្យ​បាន​ ច្បាស់​ទៅ​នោះ យើង​នឹង​យល់​ថា មិន​មែន​នយោបាយ​ជា​ការងារ​ខ្មៅ​កខ្វក់​ទេ តែ​អ្នក​នយោបាយ​មួយ​ចំនួន​ឯ​ណោះ​ទេ ដែល​ធ្វើ​ឲ្យ​នយោបាយ​ក្លាយ​ទៅ​ជា​ការងារ​ខ្មៅ​កខ្វក់​ដោយ​សារ​គំនិត​អាក្រក់ អាត្មា​និយម អវិជ្ជា យក​នយោបាយ​ជា​មុខ​របរ​រក​ស៊ី មក​ចិញ្ចឹម​ជីវិត​ខ្លួន គ្រួសារ​ខ្លួន​ទាំង​នោះ។​
ដូច្នេះ​នយោបាយ​មិន​មាន​កំហុស នយោបាយ​មិន​មែន​ជា​ការងារ​ខ្មៅ​កខ្វក់ នយោបាយ​មិន​មែន​ជា​រឿង​ចោលម្សៀត​នោះ​ទេ តែ​អ្នក​នយោបាយ​ដែល​មាន​គំនិត​ទុច្ចរិត​ទៅ​វិញ​ទេ ដែល​ជា​អ្នក​មាន​កំហុស​ជា​មនុស្ស​ចោលម្សៀត ថោក​ទាប មារយាទ​ថោក​ដែល​ធ្វើ​ឲ្យ នយោបាយ​ក្លាយ​ជា​រឿង​ខ្មៅ​កខ្វក់ បង្ក​ឲ្យ​ពលរដ្ឋ​ស្អប់​ខ្ពើម​នយោបាយ។ តើ​នៅ​ពេល​ណា​ទើប​នយោបាយ​ត្រូវ​បាន​ពលរដ្ឋ​ឲ្យ​តម្លៃ​វិញ? គឺ​នៅ​ពេល​ដែល​ពលរដ្ឋ​យល់​ដឹង​នូវ​វប្បធម៌​នយោបាយ​កាន់​តែ​ច្រើន តាម​ដាន​ស្ថានការណ៍​ព័ត៌មាន​ឲ្យ​បាន​ទៀង​ទាត់ មាន​ចំណេះ​ដឹង​អាច​ធ្វើ​ការ​វិភាគ​ឬ​ពិចារណា​បាន​ចំពោះ​អ្នក​នយោបាយ​ដែល​ កំពុង​ធ្វើ​សកម្មភាព ស្គាល់​ច្បាស់​អំពី​អត្ថ​ប្រយោជន៍​នៃ​នយោបាយ​សម្រាប់​ជាតិ និង​បាន​ដឹង​ច្បាស់​ថា ការ​ចូល​រួម​តាម​ដាន​សកម្មភាព​នយោបាយ គឺជា​កិច្ច​ការងារ​មួយ​ចាំ​បាច់​ធំ​បំផុត និង​ជា​កាតព្វកិច្ច​មួយ​ខាន​មិន​បាន​របស់​ប្រជា​ពលរដ្ឋ​គ្រប់ៗ​រូប ក្រៅ​ពី​នេះ​ទៀត​នោះ ការ​ចូល​រួម​នយោបាយ សំខាន់​ណាស់​ការ​ចូល​រួម​ដោយ​មាន​ការ​យល់​ដឹង ហើយ​ដាច់​ខាត​ទាមទារ​ឲ្យ​អ្នក​ចូល​រួម​ដោយ​មាន​ការ​យល់​ដឹង​នោះ មាន​សីលធម៌ គុណធម៌ និង​គុណភាព របស់​អ្នក​ចូល​រួម​ហើយ​កាល​ណា​ពលរដ្ឋ​មាន​ការ​យល់​ដឹង​ខ្ពស់ នោះ ធ្វើ​ឲ្យ​អ្នក​នយោបាយ​បោក​ប្រាស់ ដែល​អាច​មក​កាន់​តំណែង​បាន​ស្ទើរ​តែ​គ្មាន។
ការ​ចូល​រួម​របស់​ពលរដ្ឋ​ក្នុង កិច្ចការ​នយោបាយ​សំខាន់​ណាស់​ក្នុង​ការ​ជ្រើសរើស​អ្នក​នយោបាយ​ដែល​មាន ទេពកោសល្យ​ខ្ពស់​ក្នុង​ការងារ​នយោបាយ និង​ជា​អ្នក​នយោបាយ​ស្មោះ​ត្រង់ មាន​បេះដូង​បរិសុទ្ធ ហើយ​និង​ជា​មនុស្ស​ពោរពេញ​ទៅ​ដោយ​ទស្សន​វិស័យ គិត​គូរ​ពី​វាសនា​ប្រទេស​ជាតិ​ជា​ធំ មិន​មែន​គិត​តែ​ពី​ផល​ប្រយោជន៍​បក្ខពួក​ខ្លួន គ្រួសារ​ខ្លួន​នោះ​ទេ។
ជា​រួម​មក​នៅ​ក្នុង​សង្គម​ជាតិ​មួយ រឿង​នយោបាយ​គឺជា​រឿង​ដែល​សំខាន់​បំផុត មិន​អាច​ខ្វះ​បាន​នោះ​ទេ ពីព្រោះ​រឿង​នយោបាយ ជា​ឆ្នាំង​បាយ​របស់​ប្រជា​ពលរដ្ឋ ហើយ​នយោបាយ​ជះ​ឥទ្ធិពល​ដល់ ជីវភាព​រស់​នៅ និង​អាយុ​ជីវិត​ពលរដ្ឋ​ប្រចាំ​ថ្ងៃ និង​វាសនា​អនាគត​ប្រទេស​ជាតិ។ តួ​យ៉ាង​ប្រសិន​បើ​ប្រទេស​ជាតិ​មួយ មាន​បញ្ហា​ជាប់​គាំង​នយោបាយ មិន​អាច​ដោះស្រាយ​ចេញ​គេ​កុំ​បាច់​និយាយ​ដល់​ការ​អភិវឌ្ឍ​ធ្វើ​អ្វី។ ពីព្រោះ​ថា បើ​នយោបាយ​ជាប់​គាំង ជាតិ​ច្របូក​ច្របល់ អ្នក​វិនិយោគ​ក្នុង និង​ក្រៅ​ប្រទេស ឈប់​មក​រក​ស៊ី ពលរដ្ឋ​អត់​មាន​ការងារ​ធ្វើ បាតុកម្ម​មាន​ជា​ហូរហែ វិបត្តិ​សេដ្ឋកិច្ច​នឹង​កើត​ឡើង ជាតិ​នឹង​ត្រូវ​មហន្តរាយ​ជាក់​ជា​មិន​ខាន។ ម៉្លោះ​ហើយ​ពលរដ្ឋ​ម្នាក់ៗ ត្រូវ​តែ​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ៕
ដោយ​ប្រុស ស្រស់,ចូល​រួម ផ្ដល់​យោបល់​តាម​អ៊ីមែលៈ Info.soeungsros@gmail.com

No comments: