Thursday, December 26, 2013

ការសិក្សា​បឋម៖ ចំនួន​អាផាតមិន​ថ្មី​នៅ​ភ្នំពេញ កើន​ដល់ ១៧៥​អគារ នៅ​ត្រីមាស​ទី៤

ភ្នំពេញ៖ របាយការណ៍បឋមថ្មីមួយ ដែលបង្ហាញដោយក្រុមហ៊ុន អចលនទ្រព្យ វីត្រាស (VTrust) បានឱ្យដឹងថា ចំនួនអាផាតមិន (apartment) ថ្មីៗ ក្នុងទីក្រុងភ្នំពេញ បានកើនដល់ ១៧៥អគារ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០១៣ ។
របាយការណ៍ដែលបង្ហាញដោយ លោក ឈិត អ៊ុយស្ទីវិកសូ អគ្គនាយកក្រុមហ៊ុន VTrust Appraisal Co.,Ltd នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៣ បានបង្ហាញថា “នៅត្រីមាសទី៤ ឆ្នាំ២០១៣ ការផ្គត់ផ្គង់អគារអាផាតមិនថ្មីៗ បានកើនឡើងដល់ចំនួន១០ បន្ថែមលើការផ្គត់ផ្គង់សរុបថ្មី ឡើងដល់ ១៧៥អគារ ដែលបានផ្តល់ជាបន្ទប់សរុបប្រមាណជា ៣.៤០០បន្ទប់” ។
របាយការណ៍ដដែលបានបញ្ជាក់ថា អគារអាផាតមិនថ្មីៗទាំងនោះ ភាគច្រើនមានទីតាំង នៅតំបន់បឹងកេងកង ខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌដូនពេញ និងខណ្ឌចំការមន ដែលកំណើននៃការផ្គត់ផ្គង់នេះ បានឆ្លើយតបនឹងការរំពឹងទុក នៃកំណើនជនបរទេស ចំណាកស្រុកនៅឆ្នាំក្រោយ។
បើតាមការកត់សម្គាល់របស់ក្រុមហ៊ុន វីត្រាស កាលពីដើមឆ្នាំ២០១៣ ចំនួនប៉ានស្មាននៃអគារអាផាតមិនថ្មី នឹងមានចំនួន៤២អគារ ក្នុងឆ្នាំ២០១៤ បន្ថែមលើការផ្គត់ផ្គង់ ដែលមានស្រាប់ ចំនួន១៥០អគារ ។ ការលេចឡើងថ្មីនេះ ជាធម្មតាជាសេវាកម្មអាផាតមិន ដែលគ្មានឈ្មោះ ហើយគ្រប់គ្រងជាលក្ខណៈគ្រួសារ និងមានប្រមាណតែ ៣០% ប៉ុណ្ណោះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនអចលនាទ្រព្យ ។
ទោះជាយ៉ាងនេះក្តី ការសិក្សាដដែល បានរកឃើញថា តម្រូវការសេវាកម្មជួល អាផាតមិន បានធ្លាក់ចុះបន្តិច នៅក្នុងត្រីមាសទី៤ ឆ្នាំ២០១៣ បើធៀបនឹងត្រីមាសទី១ និងទី២ ដោយសារតែការរាំងស្ទះ មុនពេល អំឡុងពេល និងក្រោយពេលបោះឆ្នោតជាតិ ដែលជាពេលដែល ស្ថានភាពសេដ្ឋកិច្ចចង្អៀត ដូចជាការផ្ញើប្រាក់នៅធនាគារធ្លាក់ចុះ, ការដកលុយពីធនាគារកើនឡើង ការបញ្ចេញប្រាក់កម្ចីពីធនាគារធ្លាក់ចុះ និង លំហូរនៃជនបរទេស ចំណាកស្រុកទាបជាងធម្មតា ។ ប៉ុន្តែ ២ខែចុងក្រោយនៃត្រីមាសទី៤ ឆ្នាំ២០១៣ បានបង្ហាញពីការងើបឡើងវិញ នៃតម្រូវការផងដែរ ៕
 

No comments: