លោក កឹម សុខា ឈរនៅលើរថយន្ត តាមក្បួនដង្ហែ នៅរសៀលថ្ងៃពុធនេះ/ញឹម សុខន
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅថ្ងៃពុធនេះ
បានដាក់លក្ខខណ្ឌទៅគណបក្សប្រជាជនកម្ពុជា
មុននឹងឈានដល់ការចរចារវាងភាគីទាំងពីរ។
គណបក្សសង្គ្រោះជាតិ
កំពុងធ្វើមហាបាតុកម្មជារៀងរាល់ថ្ងៃ
ដោយបានដង្ហែជាក្បួនជារៀងរាល់រសៀល ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា
ថ្លែងទៅកាន់បាតុករនៅល្ងាចថ្ងៃពុធនេះថា ការចូលចរចា
អាចធ្វើទៅបានកាលណាគណបក្សប្រជាជនកម្ពុជា
ដែលកំពុងដឹកនាំរដ្ឋាភិបាល
យល់ព្រមក្នុងការដំឡើងប្រាក់ឈ្នួលឲ្យកម្មករដល់ទៅ១៦០ដុល្លារ
និងមន្ត្រីរាជការ២៥០ដុល្លារ។លោកក៏បានដាក់លក្ខខណ្ឌឲ្យគណបក្ស
ប្រជាជនកម្ពុជា យល់ព្រមនឹងគោលនយោបាយមួយចំនួនទៀត
ដែលគណបក្សសង្គ្រោះជាតិ បានសន្យាទៅកាន់អ្នកបោះឆ្នោត។
លោក កឹម សុខា ថ្លែងបែបនេះ
ខណៈនៅថ្ងៃពុធនេះ កម្មកររាប់ម៉ឺននាក់
បានចូលរួមបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ
ដោយទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលដល់កម្មករដល់ទៅ១៦០ដុល្លារ
ខណៈរាជរដ្ឋាភិបាល កាលពីថ្ងៃអង្គារ
ប្រកាសថានឹងដំឡើងប្រាក់ឈ្នួលត្រឹមតែ៩៥ដុល្លារ នៅឆ្នាំ២០១៤។
ការថ្លែងរបស់លោក កឹម សុខា
ជាការឆ្លើយតបទៅនឹងមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច លោក ស ខេង
ដែលបានប្រាប់VODនៅថ្ងៃពុធនេះថា លោក នឹងទាក់ទង
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ រៀបចំការចរចាជាថ្មី នៅពេលឆាប់ៗនេះ
ដើម្បីរកច្រកចេញពីភាពតានតឹងនយោបាយ
ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥។លោក ស ខេង
បន្តថា គណបក្សប្រជាជនកម្ពុជា
នៅតែរក្សាជំហរស្នើឲ្យមានកិច្ចចរចារវាងគណបក្សនយោបាយទាំងពីរ
ដើម្បីកុំឲ្យមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ
ធ្វើឲ្យប្រទេសកម្ពុជាជួបកលយុគ។
គណបក្សសង្គ្រោះជាតិ
បានប្រកាសជំហរចុងក្រោយរបស់ខ្លួន ទាមទារការបោះឆ្នោតឡើងវិញ
និងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង
ដោយដឹកនាំមហាបាតុកម្មជារៀងរាល់ថ្ងៃ មានបាតុករចូលរួមរាប់ម៉ឺននាក់
ដង្ហែក្បួនតាមដងវិថីនានាក្នុងរាជធានីភ្នំពេញ។
ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ប្រកាសនៅថ្ងៃពុធនេះ ឲ្យប្រជាពលរដ្ឋចូលរួមបាតុកម្មនៅថ្ងៃអាទិត្យទី២៩ខែធ្នូ ឲ្យបាន១លាននាក
់។
ក្រសួងការងារ នៅថ្ងៃពុធនេះ
បានប្រកាសឲ្យកម្មករ
គោរពតាមការសម្រេចរបស់គណៈកម្មការប្រឹក្សាការងារកាលពីថ្ងៃទី២៤
ខែធ្នូ ឆ្នាំ២០១៣ ស្ដីពីដំឡើងប្រាក់ឈ្នូលអប្បបរមា
ដែលត្រូវអនុវត្តតាមគោលការណ៍ដូចខាងក្រោម ៖ ពីឆ្នាំ២០១៤ ដល់ ២០១៨
ដំឡើងពី៨០ដុល្លារទៅ១៦០ដុល្លារសម្រាប់កម្មករពេញសិទ្ធិ
និងពី៧៥ដុល្លារទៅ១៥៥ដុល្លារសម្រាប់កម្មករសាកល្បង។ ឆ្នាំ២០១៤
ប្រាក់ឈ្នួលត្រូវបានដំឡើងចំនួន១៥ដុល្លារ ឆ្នាំ២០១៥
ត្រូវដំឡើងចំនួន១៥ដុល្លារ ឆ្នាំ២០១៦ ត្រូវដំឡើងចំនួន១៦ដុល្លារ
ឆ្នាំ២០១៧ ត្រូវដំឡើងចំនួន១៧ដុល្លារ និងឆ្នាំ២០១៨
ត្រូវដំឡើង១៧ដុល្លារ។
គោលនយោបាយសំខាន់ៗរបស់គណបក្សសង្គ្រោះ
ជាតិ ដែលបានសន្យាជាមួយអ្នកបោះឆ្នោត រួមមាន ៖ ចាស់ៗ
ពីអាយុ៦៥ឆ្នាំឡើងទៅ ទទួលបាន៤ម៉ឺនរៀល ក្នុង១ខែ កម្មករ
ទទួលបានប្រាក់ខែទាបបំផុត ៦០ម៉ឺនរៀល ក្នុង១ខែ មន្ត្រីរាជការ
ទទួលបានប្រាក់ខែទាបបំផុត ១លានរៀលក្នុង១ខែ កសិករ
ទទួលបានការធានាតម្លៃកសិផល ( ស្រូវទាបបំផុត ១០០០រ/គីឡូក្រាម)
ប្រជាពលរដ្ឋក្រីក្រ ទទួលបានការព្យាបាលជំងឺ ដោយឥតយកប្រាក់ យុវជន
ទទួលបានឱកាសដូចគ្នាក្នុងការអប់រំ និងការងារត្រឹមត្រូវ
និងការបញ្ចុះតម្លៃប្រេង ជីកសិកម្ម អគ្គិសនី
និងបញ្ចុះអត្រាការប្រាក់៕
សរសេរមកកាន់ លោកញឹម សុខន តាមរយៈsokhorn@vodhotnews.com
Tags: បាតុកម្ម - គណបក្សប្រជាជន - សង្រ្គោះជាតិ - កឹម សុខា
No comments:
Post a Comment