
លោក
អោម សេងបូរ៉ា ស្ថាបនិកសមាគម HOH ប្រធានមជ្ឈមណ្ឌល Aplus School for
Professionals ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Aplus Consulting
និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Phsar Khmer Expert Group
បទពិសោធន៍ក្នុងជីវិតពីអតីតភាព បានធ្វើឱ្យរូបលោកព្យាយាមសិក្សាស្វែងយល់ពីភាពក្រីក្រ ដោយលោកបានមានប្រសាសន៍ថា “ ភាពក្រីក្រ បើមើលឱ្យងាយយល់បំផុតនោះ គឺក្រលុយ ដែលជាការរាំងស្ទះជាក់ស្តែង។ ក្រលុយមកពីក្រប្រភពលុយ តើប្រភពលុយនៅឯណា? ”។ លោកបានបន្តទៀតថា “ ប្រភពលុយមានតែ២ប្រភេទប៉ុណ្ណោះ ដែលខ្ញុំមើលទៅឃើញថា កត្តាទី១ ធ្វើការឱ្យគេ ដើម្បីដូរយកប្រាក់ប្រយោជន៍មកវិញ។ ធ្វើការឱ្យគេ មានដូចជា កម្មករក៏ធ្វើការឱ្យគេ ជាបុគ្គលិកតូចតាច ឬបុគ្គលិកធំដុំ ក៏ធ្វើការឱ្យគេ ប្រការទាំងនេះអាចនិយាយបានថា ជាប្រភព ហិរញ្ញវត្ថុ និងប្រភពទី២ ដែលខ្ញុំឃើញ មានដូចជា ម្ចាស់លើមុខរបរ អាចជាការធ្វើមុខរបរខ្លួនឯង ដោយគ្មានជួលអ្នកដទៃឡើយ ហើយមានអ្នកខ្លះធ្វើមុខរបរខ្លួនឯង ហើយជួលអ្នកដទៃមកជួយទៀត ឬអ្នកខ្លះធ្វើមុខរបរគ្រាន់តែដាក់ទុនវិនិយោគតែប៉ុណ្ណោះ ”។
លោក អោម សេងបូរ៉ា បានសង្កេតឃើញទៀតថា “ ប្រសិនបើយើងក្រលុយ ឬក្រប្រភពលុយ ហើយប្រភពលុយ កើតចេញមកតែពីអា២ចំណុចហ្នឹង តើមូលហេតុអ្វី បានជាមនុស្សយើង មិនមានប្រភពហិរញ្ញវត្ថុទាំង២ចំណុចនេះរឹងមាំ? ”។ ប្រសិនបើយើងក្រឡេកមើលទៅប្រជាជនទូទាំងប្រទេសកម្ពុជា និងរូបលោកផ្ទាល់ រួមទាំងក្រុមគ្រួសារ ក៏ដូចជាបងប្អូនញាតិសណ្តានផ្សេងទៀត នោះនឹងមានចម្ងល់ថា ហេតុអ្វីបានជាយើងមានប្រភពលុយតូចម៉្លេះ? មូលហេតុ គឺដោយសារតែយើងពឹងផ្អែកទៅលើមនុស្សតិច យើងពឹងទៅលើឳពុកម្តាយយើង ដែលពួកគាត់ពឹងតែទៅលើប្រាក់ខែ បានមកពីការធ្វើការឱ្យគេដែរ ដូច្នេះប្រភពលុយតែមួយ។ ចំណែកអ្នកម្តាយ ជាស្ត្រីមេផ្ទះលក់ដូរកំប៉ិកកំប៉ុកតូចតាច អាចរាប់បានថា ជាការរកស៊ីដែរ តែរកស៊ីតូចមែនទែន (សេដ្ឋកិច្ចក្រៅប្រព័ន្ធ ) ម៉្លោះហើយប្រភពលុយទាំង២ហ្នឹងតូចដូចគ្នា ដែលការរកស៊ីក៏តូច ធ្វើការឱ្យគេ ក៏ជាប្រភពលុយដ៏តូចទៀត។ ប៉ុន្តែប្រសិនបើចង់ឱ្យប្រភពលុយនេះខ្លាំង ទាល់តែធ្វើការឱ្យគេនូវការងារធំដុំ ហើយបើរកស៊ីទាល់តែរកស៊ីឱ្យបានធំដុំដូចគ្នា។ ការរកស៊ីមានខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ សរុបសេចក្តីមកប្រសិនបើស្ថានភាពអាជីវកម្មខ្នាតតូច ប្រភពលុយក៏តូចដែរ។ បើនិយាយពីប្រភពហិរញ្ញវត្ថុ ដែលធ្វើការឱ្យគេនៅក្នុងមុខតំណែងធំដុំ ទាមទារឱ្យយើងមានជំនាញច្បាស់លាស់ អត្តចរិតសមសួន ចំណេះដឹងទូលំទូលាយ និងបទពិសោធន៍ការងារយូរឆ្នាំជាដើម ”។
លោកបានព្រលយសម្តីទៀតថា “ ជាក់ស្តែងខ្លួនខ្ញុំផ្ទាល់ ធ្វើការឱ្យគេរហូតបានក្លាយជាអគ្គនាយកហើយ ក៏នៅមិនទាន់មានប្រភពហិរញ្ញវត្ថុធំដុំទៀត គឺបានត្រឹមម៉ាគ្រាន់បើ ព្រោះខ្ញុំតែងសម្លឹងមើលទៅវែងឆ្ងាយទៀតថា បើយើងធ្វើការឱ្យគេបច្ចុប្បន្នជាអគ្គនាយក ពេលចាស់ទៅឈប់ធ្វើការ តើកូនយើងអាចបន្តតំណែងជាអគ្គនាយកបន្តពីយើងបានដែរ ឬទេ? មិនប្រាកដទេ ដូច្នេះយើងមិនបានបន្សល់អ្វីទុកឱ្យកូនយើងឡើយ។ ផ្ទុយទៅវិញ អ្នកជំនួញ គេអាចមាន ឱកាសធ្វើឱ្យប្រភពហិរញ្ញវត្ថុរបស់គេធំទៅៗ បើធៀបទៅនឹងការធ្វើការឱ្យគេជាអគ្គនាយក គឺយើងមានប្រភពហិរញ្ញវត្ថុមួយមានកំណត់។ ការធ្វើមុខជំនួញអាចចាប់ផ្តើមពីតូច ឬអាចជួបប្រទះការលំបាក ប៉ុន្តែបន្តិចម្តងៗ មានការកើនឡើងជាលំដាប់ ហើយប្រភពហិរញ្ញវត្ថុ ក៏កាន់តែធំទៅៗ ពេលនោះយើងនឹងអាចបន្សល់ទុកនូវកេរមករតកដល់កូនចៅយើងជំនាន់ក្រោយទៀត។ ការក្លាយខ្លួនទៅជាម្ចាស់នៃមុខរបរ កូនចៅរបស់យើងក៏អាចរៀនសូត្រពីយើងផ្ទាល់ ដោយគេអាចមានឱកាសមើលលើការអនុវត្តជាក់ស្តែងរបស់យើង ឬគេបានស្តាប់យើងពីបញ្ហានេះនៅពេលយើងទៅដល់ផ្ទះ និងការនិយាយពិភាក្សាអំពីរឿងនេះ ជាមួយប្រពន្ធកូន ហើយគេក៏អាចមានឱកាសចូលរួមសកម្មភាពការងារគ្រប់គ្រង ជាមួយយើងទៀតផង ” ។
ជារួម..! យើងសង្កេតឃើញថា ប្រភពលុយដែលធំបំផុតនោះ ប្រាកដណាស់ គឺចេញមកពីការធ្វើការឱ្យគេ សម្រាប់អ្នកមិនទាន់មានដើមទុន មិនទាន់មានសមត្ថភាពគ្រប់គ្រងមុខរបរនោះ។ ទោះជាយ៉ាងណាការធ្វើការឱ្យគេក្នុងមុខតំណែងធំដុំ ក៏នៅតែមានកម្រិតនៃប្រភពហិរញ្ញវត្ថុដែរ ដូច្នេះទាមទារឱ្យមានការកែប្រែបំផ្លាស់ប្តូរខ្លួនឯង ដើម្បីឱ្យក្លាយទៅជាសហគ្រិន ហើយ សហគ្រិនភាពនេះនឹងអាចធ្វើឱ្យយើងលូតលាស់ ទាំងផ្នែកហិរញ្ញវត្ថុ និងអាចបន្សល់ទុក ឬផ្ទេរនូវបរិបទមុខជំនួញមួយ ឱ្យទៅដល់កូនចៅយើងជំនាន់ក្រោយៗទៀតផងដែរ៕
No comments:
Post a Comment