កន្លងមកនេះ ប្រព័ន្ធបណ្តាញទំនាក់ទំនងក្នុងសង្គមដ៏ល្បីមួយ ដែលយើងគ្រប់គ្នាបានស្គាល់ថា ហ្វេសប៊ុក គឺកំពុងតែមានឥទ្ធិពលយ៉ាងខ្លាំង មកលើជីវិតក្នុងសង្គមមនុស្ស នាពេលបច្ចុប្បន្ននេះ ។ ជាការពិត អ្វីៗក៏ដោយ តែងតែមានគុណសម្បត្តិ និង គុណវិបត្តិរបស់វា តែអ្វីដែលសំខាន់នោះគឺអ្នកត្រូវ ចេះប្រើវាអោយបានត្រឹមត្រូវ នោះអ្នកនឹងទទួលបានតែផលចំណេញពីវាមិនខានឡើយ ។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង ៧យ៉ាង នៃការលេងហ្វេសប៊ុក ៖
១.ធ្វើអោយបេះដូងអ្នកមានសុខភាពល្អ
ការបើកហ្វេសប៊ុក អាចជួយអោយអ្នកមានអារម្មណ៍ធូរស្រាល និង ជួយកាត់បន្ថយស្ត្រេស នេះបើតាមភស្តុតាង ដែលបានរកឃើញមកពីការសិក្សាមួយ ដែលបានធ្វើឡើង ដោយក្រុមអ្នកជំនាញ នៃវិទ្យាស្ថាន ផ្នែកបច្ចេកវិទ្យា នៃសកលវិទ្យាល័យ មីឡែន ( University of Milan)។ ជាការពិតណាស់ វាពិតជាជួយអ្នក បានប្រសិនបើអ្នក មិនលេងវាច្រើនពេកនោះទេ។
២. ជួយខាងវិស័យជំនួញ
មានមនុស្សជាច្រើន បានប្រើប្រព័ន្ធបណ្តាញមួយនេះ ដើម្បីធ្វើការផ្សព្វផ្សាយនូវ មុខជំនួញរបស់ពួកគេ ។ ហ្វេសប៊ុកគឺជា ប្រព័ន្ធផ្សព្វផ្សាយផ្នែកទីផ្សារដែលមានលក្ខណៈងាយស្រួល, មានតម្លៃថោក និង មានប្រសិទ្ធិភាព។
៣.បងើ្កននូវភាពមានទំនុកចិត្តលើខ្លួនឯង
ឆ្លងតាមករណីនៃការសិក្សាមួយ ដែលបានធ្វើឡើងដោយសកលវិទ្យាល័យ ខណែល ( Cornell University) បានបង្ហាញថា អ្នកដែលលេងហ្វេសប៊ុក ច្រើនជាប្រភេទក្រុមមនុស្សដែលមានការជឿជាក់លើខ្លួនឯងខ្ពស់ ។ នេះក៏ដោយសារតែ មនុស្សរាល់គ្នា ដែលលេងហ្វេសប៊ុក ច្រើនធ្វើការផុសនូវ ចំណុចល្អៗ និង ស្នាដៃរបស់ខ្លួន នៅលើវ៉ាល់ និង ប្រូហ្វាល់របស់ខ្លួនឯង ដើម្បីចែករំលែកជាមួយនឹងមិត្តភក្តិ ឬ មនុស្សដទៃទៀតនៅក្នុងសង្គម ។
៤.បង្កើនតម្លៃភាគហ៊ុន
សម្រាប់អ្នកដែល បានធ្វើជំនួញខ្នាតធំរួចមកហើយ នោះការប្រើគណនេយ្យហ្វេសប៊ុក ដ៏សកម្មមួយ គឺនឹងអាចជួយបង្កើន នូវទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន អោយមានការកើនឡើង ។ មនុស្សរាល់គ្នា នឹងចាប់ផ្តើមស្គាល់ និង ចែករំលែកនូវបទពិសោធន៍ផ្សេងៗពី ចំណុចល្អរបស់ក្រុមហ៊ុនអ្នក ទៅកាន់មនុស្សផ្សេងៗទៀត ។
៥. បង្កើនផលិតផលការងារ
តាមការសិក្សាមួយ ដែលបានធ្វើឡើងនៅក្នុងសកលវិទ្យាល័យ មេប៊ន ( Melbourne University) បានអះអាងថា និយោជិក ដែលបានផ្តល់ឱកាសអោយលេងហ្វេសប៊ុក ក្នុងរយៈពេល ១០នាទី ខណៈពេល កំពុងធ្វើការ គឺនឹងអាចបង្កើននូវលទ្ធផលការងារល្អ ៗ សម្រាប់ពួកគេបាន។
៦. ជួយអោយក្មេងៗរៀនបានល្អ
តាមការសិក្សាស្រាវជ្រាវមួយផ្សេងទៀត ពីក្រុមអ្នកជំនាញ ដែលមកពីសកលវិទ្យាល័យ អាប៊ីលេណេ គ្រីស្ទាន (Abilene Christian University) បាននិយាយថា សិស្សមួយចំនួន ដែលមិនមានបណ្តាញទំនាក់ទំនង សង្គមមួយនេះ គឺហាក់នឹង មិនសូវយកចិត្តទុកដាក់នឹងការរៀនសូត្រ ឬ មិនសូវទទួលបានចំណាត់ថ្នាក់ល្អ ក្នុងការសិក្សានោះទេ ។
៧.ជួយអោយអ្នកបង្កើតមិត្តថ្មី និង ស្វែងរកមិត្តចាស់
អត្ថប្រយោជន៍ចុងក្រោយនៃ ការប្រើបណ្តាញទំនាក់ទំនង ក្នុងសង្គមមួយនេះ នោះគឺអ្នកនឹងអាចស្គាល់ នូវមនុស្សជាច្រើន មិនថានៅជិត ឬ នៅឆ្ងាញនោះឡើយ ។លើសពីនេះ ទៅទៀតវាអាចនឹងផ្តល់ឱកាស អោយអ្នកជួបនឹងមិត្តភក្តិចាស់ៗ ដែលអ្នកខានជួបគ្នាយូរមកហើយថែមទៀតផង ៕
No comments:
Post a Comment