Tuesday, August 27, 2013

គន្លឹះ ដើម្បីក្លាយជាអ្នកនិពន្ធ



ក.ដើម្បីបានអត្ថបទរឿងមួយ តើយើងត្រូវមានឬត្រូវត្រៀម​លក្ខណៈអ្វីខ្លះ?
ដើម្បីបានបទនិពន្ធខ្លី ឬវែងមួយ យើងត្រូវ៖
១.មានទុននៃគំនិត
២.ទុននៃពេលវេលា
៣.ទុននៃថវិកា
៤.ទុននៃចំណេះដឹង
៥.ទុននៃការជឿជាក់
៦.ទុននៃការព្យាយាម
១.១ អ្វីទៅជាទុននៃគំនិត ?
ជាទូទៅ មិនថាចំពោះតែអ្នកជំនួញ តូចធំ ឬជាកសិករទេ ពួកគេតែងតែធ្វើអ្វីទៅតាមធន ធាន​នៃ​ទុន​ថវិកា របស់ខ្លួន ប៉ុន្តែដោយឡែក ចំពោះអ្នកនិពន្ធវិញ មិនដូច្នេះទេ ពួកគេត្រូវ ការការវិនិយោគមួយ ដោយការ​ប្រើ​ប្រាស់នូវគំនិតជាធំ។វានឹងមិនអាចទៅរួចទេ ប្រសិនបើពួកគេមានតែទុននៃទ្រព្យធនហើយខ្វះខាតនូវ​ទុន​គំនិត​ច្នៃប្រឌិតនោះ។អាចនិយាយ បានថាពួកអ្នកនិពន្ធ គឺត្រូវយកទុននៃគំនិត មកធ្វើជាអាជីវកម្មនិងជំនួញ​។​គឺប្រើទេព កោសល្យនៃការគិតមកធ្វើជាត្រីមុខ។
១.២ អ្វីទៅជាទុននៃពេលវេលា?
បើទោះបី ជាអ្នកនិពន្ធមាន ឬពោរពេញទៅដោយទុននៃគំនិតក៏ដោយ ប៉ុន្តែអ្នកនិពន្ធនឹង មិនអាច​ធ្វើទៅបានទេ ប្រសិនបើទុននៃពេលវេលាមិនអំណោយផល។ទុននៃពេល វេលានៅទីនេះ យើងមិនមែន​និយាយ​សំដៅដល់ការបោះពុម្ពផ្សាយនោះទេ គឺយើង ផ្តោតទៅលើការចាប់ផ្តើម នៃពេលវេលា។មានន័យថា តើយើងប្រាកដទេថា នឹងមាន​ពេលគ្រប់គ្រាន់ក្នុងការធ្វើវា ឬសរសេរវា?។បើសិនជាគ្មានពេលវេលាគ្រប់គ្រាន់ ដើម្បី​​ចាប់ផ្តើមវា ឬដើម្បីបញ្ចប់វាទេ នោះការប្រើទុននៃគំនិតវាក៏នឹងក្លាយទៅជាឥតន័យ​ដែរ។ គឺអ្នក​និពន្ធ​ទាម​ទារឲ្យមានពេលវេលាគ្រប់គ្រាន់ដើម្បីបញ្ចប់រឿងមួយ។
១.៣ អ្វីទៅជាទុននៃថវិកា?
ថ្វីបើមេរៀនខាងលើតម្រូវថា អ្នកនិពន្ធទាមទារឲ្យមានទុននៃគំនិតក៏ដោយ តែនៅទីនេះ មេរៀនេះ អ្នកនិពន្ធ ក៏ទាមទារឲ្យមានគ្រប់គ្រាន់នូវតម្រូវការចាំបាច់ប្រចាំថ្ងៃ ដូចជាថវិកា នេះផងដែរ។ប្រសិន​បើគ្មាន​ថវិកា សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារទេអ្នកនិពន្ធក៏នឹងគ្មានគំនិត គិតនឹកឃើញនូវ ទិដ្ឋភាព និងសច្ចៈភាព​ល្អៗ​ដែរ។ទីនេះដែរ ក៏មិនមែននិយាយសំ ដៅដល់ទុនសម្រាប់បោះពុម្ពផ្សាយនូវកម្រងស្នាដៃដែរ គឺសំដៅតែទៅ​លើ ការទ្រទ្រង់ ភ្នែកជីវភាពប៉ុណ្ណោះ។
១.៤ អ្វីទៅជាទុននៃចំណដឹង?
យើងដឹងហើយថា ពាក្យថាអ្នកនិពន្ធ សូម្បីតែកូនក្មេងក៏គេដឹងដែរថា ជាអ្នកណា? ប៉ុន្តែ កត្តានេះ មិនសំខាន់ និងចាំបាច់ប៉ុន្មាននោះទេ។អ្វីដែលសំខាន់នៅពេលនេះ គឺការផ្តោតទៅលើអ្វីដែលអ្នកនិពន្ធ​មាន​។​ទោះបីវាជាពាក្យស្រួលហៅក៏ដោយ ប៉ុន្តែ ការចង់​ក្លាយខ្លួនជាអ្នកនិពន្ធមិនមែនជាការងាយស្រួល​ប៉ុន្មាននោះ​ទេ​។​អ្នកនិពន្ធ ទោះបីជាគេ ងាយស្រួលក្នុងការហៅ ប៉ុន្តែការធ្វើគឺពិតជាមិនងាយទេ។វាទាមទារឲ្យមានចំណេះ​ដឹងខ្ពស់ ទោះបីជាគ្មានលក្ខ័ណ្ឌណាបញ្ជាក់ថា អ្នកនិពន្ធត្រូវតែមានសញ្ញាប័ត្រ ផ្នែកតែងនិ ពន្ធ មានសញ្ញា​ប័ត្រ​ផ្នែកអក្សរសាស្រ្ត ឬគ្មានក៏ដោយ ឬថា ត្រូវតែជាមនុស្ស​មាន​កំរិត​វប្បធម៌ទាបឬខ្ពស់យ៉ាងណា​ក៏​ដោយ។គ្មានការចែង ឬបែងចែក ឬមានគោលការណ៍​ច្បាស់លាស់អំពីអ្នកនិពន្ធទេ ពីសម័យបុរាណកាលមក។ ប៉ុន្តែ ក្នុងសម័យកាល​សកល​ភាវូបនីយកម្មនេះ អ្នកនិពន្ធ ត្រូវបានគេទាមទារ ឲ្យមានចំណេះដឹងខ្ពង់ខ្ពស់ផងដែរ ដែលយ៉ាងហោចណាស់ក៏អាចត្រឹមតែចេះអាន ចេះសរសេរភាសាខ្មែរបាន​ត្រឹមត្រូវ ទូលំទូលាយ តាម​ក្បួនខ្នាតវេយ្យាករណ៍ខ្មែរដែរ។ឯចំណេះដឹងផ្សងៗទៀត វាទាក់ទងនឹងការ​ចុះ​ស្រាវជ្រាវបន្ថែមរបស់អ្នក​និពន្ធ​។ដូច្នេះ​ទីនេះ ខ្ញុំមិននិយាយលម្អិតទៀតទេ។
១.៥ អ្វីទៅជាទុននៃ ការជឿជាក់?
ចំណុចនេះ ប្រសិនបើមនុស្សគ្រប់រូបមិនចាប់អារម្មណ៍នោះទេ វាគឺគ្រាន់តែជាចំណុច មួយធម្មតា​ប៉ុណ្ណោះ​។ប៉ុន្តែ បើយើងគិត និង ពិនត្យឲ្យបានដិតដល់ ទើបយើង អាចមើល ឃើញថា វាមាន​លក្ខណៈ​ប្លែក​ពីគេ​បន្តិចត្រង់ថា ការសរសេរ បើគ្មានភាពជឿជាក់ក្នុង ខ្លួនទេ វានឹងមិនអាចទៅរួចទេ វាប្រៀបបានទៅនឹង ការធ្វើអ្វីមួយដោយមិនបាច់យកចិត្ត ទុក​ដាក់អីចឹងដែរ។ភាពជឿជាក់នៅទីនេះ មានន័យថា នៅពេលដែល​យើងចាប់ធ្វើវា យើងត្រូវតែ ឬប្រកដជាបានតាំងចិត្តយ៉ាងជាក់ច្បាស់ថា យើងនឹងអាចធ្វើវាបានដោយ រលូន និង ប្រកបដោយជោគជ័យ។យើងត្រូវតែជឿជាក់លើខ្លួនឯងថា ការងារដែល យើងកំពុងតែធ្វើ ឬចាប់ផ្តើម​ធ្វើនេះមិនមែនជាការរវើរវាយ ដែលគ្មានការតាំងចិត្តដ៏មុះ មុតនោះទេ។វាពិតជាចេញពីបេះដូង នៃការជឿជាក់​របស់​យើងពិតៗ។យើងជឿជាក់ថា វានឹងអាចធ្វើទៅបាន វានឹងជោគជ័យ វានឹងត្រូវបានបញ្ចប់តាមកា​រគ្រោង​ទុក។អ្នកនិពន្ធ ដែលគ្មានភាពជឿជាក់ វានឹងក្លាយទៅជាមនុស្សបរាជ័យ។
១.៦ អ្វីទៅជាទុននៃការព្យាយាម?
ពាក្យថាព្យាយាម យើងតែងតែឮជារឿយៗ តាំងពីយើងនៅជាកុមារ និង កាលយើងរៀន នៅសា​លាបឋមមកម្ល៉េះ។សុភាសិតនេះ ក៏មានសរសេរបិទនៅជញ្ជាំងនៃថ្នាក់​រៀនយើង​ដែរ។ ដូចនេះ នៅក្នុងមេ​រៀន​គន្លឹះ ដើម្បីក្លាយជាអ្នកនិពន្ធ ពេលនេះ យើងក៏ត្រូវការ ប្រើពាក្យនេះជាចាំបាច់ដែរ។អ្នកនិពន្ធបើគ្មាន​ការ​ព្យា​យាម​ទេ  វាមិនអាចធ្វើឲ្យជោគ​ជ័យ​ទេ។តើព្យាយាមទីនេះ យើងសំដៅទៅលើអ្វីដែរ?។នៅទីនេះ យើងចង់​និយាយ​អំពី ការព្យាយាមក្នុងការអាន គឺមានទាំងពីការអានកាសែត អានសៀវភៅ ទស្សនាវដ្តី ការ​ស្វែង​រក​ព័ត៌មាន ការចុះទៅស្រាវជ្រាវដើម្បីចងក្រងព័ត៌មានការវាយតម្លៃព័ត៌មានការកត់ត្រារាល់​ព្រឹតិ​ការណ៍ ដែល​កើត​ឡើង ជាពិសេសការសរសេរនេះតែម្តង។អ្នកនិពន្ធ​មិនអាចខ្ជឹលបានទេ។យើងត្រូវការឲ្យ​សរសេរឲ្យ​បាន​ច្រើន គឺសរសេរហើយ​សរ​សេរទៀតដោយជំហ៊ានដំបូង មិនត្រូវគិតអំពីការខុសឬត្រូវការល្អ​មិន​ល្អ​ដោយគ្មាន​ការ​ធុញទ្រាន់អ្វីឡើយ។
ខ.ក្រោយពីយើងមានទុនទាំង៦ខាងលើហើយ តើគប្បីធ្វើអ្វីទៀត?
ប្រសិនបើយើងគ្រប់រូប មានទុនទាំង៦ ឬអាចច្រើនជាងនេះ ដែលអាចគិតថា នឹងធ្វើជា អ្នកនិពន្ធ​បាន​ហើយ ចូលយើងចងចាំថា អ្នកនិពន្ធ ជាទូទៅប្រៀបបានទៅនឹងអ្នកកា​សែត អ្នកនយោបាយដែរ គឺការប្រឈម​មុខនឹងផលបីដូចគ្នា គឺការលួចធ្វើឃាត ការចាប់ ដាក់គុក និង ការរត់ចោលស្រុកការលើក​ឡើង​បែបបនេះ មិនមែនជាការគំរាម រារាំងមិនចង់ឲ្យមិត្តអ្នកអានក្លាយជាអ្នក និពន្ធនោះទេ តែវាគ្រាន់តែ ជាការត្រៀម​លក្ខណៈ​ជាមុនប៉ុណ្ណោះ។
៧.យើងត្រូវស្គាល់ផងដែរនូវពាក្យថា អ្នកនិពន្ធ។ប៉ុន្តែពាក្យនេះ បើយើងគ្រាន់ស្តាប់ឮ ឬ មើលឃើញនៅ​លើទំព័រសៀវភៅ អ្នកណាម្នាក់ក៏ស្គាល់ដែរថាអ្នកនិពន្ធ តែគ្រាន់តែ​មិនស៊ីជម្រៅ។ពាក្យថាអ្នកនិពន្ធមានន័យ​ថា ជាអ្នកចងក្រងជាអ្នកស្រាវជ្រាវ​ជាអ្នកបង្កើត ឬ ជាអ្នករកឃើញនូវអ្វីដែលថ្មី។ដូច្នេះពាក្យថា អ្នកនិពន្ធមិន​មែនជាមនុស្ស​ដែលចម្លងពីគេទាំងស្រុងនោះទេ។
អ្នកនិពន្ធជាអ្នកទ្រផែនដី អ្នកនិពន្ធជាអ្នកត្រេះផែនដី អ្នកនិពន្ធជាអ្នកបង្វិលផែនដី។​នេះជាទស្សនៈ ដែល​គេតែងតែលើកឡើងចំពោះអ្នកនិពន្ធ។
មុននឹងយើងចាប់ផ្តើមចាប់ដងប៉ាកាសរសេរអ្វីមួយ យើងក៏គួរតែសួរខ្លួនឯងដែរថា យើង ធ្វើជាអ្នកដើម្បីអ្វី? ដើម្បីដឹកនាំមិត្តអ្នកអានរបស់យើងទៅណា?។តើយើងធ្វើជាអ្នកនិពន្ធ ដើម្បីរួមចំណែកជួយអភិវឌ្ឍប្រទេស ឬ​គ្រាន់​តែដើម្បីកម្សាន្តការអផ្សុករបស់ខ្លួន?
យើងក៏ត្រូវសួរខ្លួនឯងទៀតថា តើយើងជាអ្នកណា? មកពីណា ហើយទៅណាដើម្បីអ្វី? នេះជាសំណួរ ដែល​អ្នក​និពន្ធគ្រប់រូបត្រូវតែសួរមកខ្លួនឯងជាដាច់ខាត។យើងមិនអាច និយាយថា យើងគ្មានគោលដៅពិតប្រាកដនោះទេ យ៉ាងហោចណាស់ក៏យើងបានត្រឹម តែជាអ្នកនិពន្ធ ដែលធ្វើឲ្យគេ ឬខ្លួនឯង​សប្បាយចិត្តដែរ។
នៅពេលដែលយើងសួរ និង ឆ្លើយដោយខ្លួនឯងបានគ្រប់សំណួរហើយ នោះយើង ពិតជាអាចសាក​ល្បង​ចាប់ផ្តើមជីវិតអាជីពអ្នកនិពន្ធបានហើយ។
ជាការចាប់ផ្តើម តើយើងគួរតែចាប់ផ្តើមពីអត្ថបទបែបណា? ដោយរបៀបណា?ឬដោយ វិធីណា?
គ្មានការចង្អុលបង្ហាញណាមួយដោយច្បាស់លាស់ ឬពិតប្រាកដថា អ្នកត្រូវតែ​ធ្វើបែប​នេះ ឬត្រូវតែ​ធ្វើ​របៀប​នោះ​ទើបអាចសរសេរបានល្អនោះទេ។

No comments: