Saturday, August 31, 2013
ទឹកចិត្ដគ្រូបង្រៀន
បើតាមសៀវភៅវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត បានសរសេរថា ទឹកចិត្ដគឺជាទឹករក្សាចិត្ដដែលមាននៅក្នុងបេះដូង។ ពាក្យថាគ្រូគឺជាអ្នកដែលមានចិត្ដ្ដធ្ងន់ អ្នកដែលគួរគោរព អ្នកបង្ហាត់បង្រៀនចំណេះវិជ្ជាសិល្ប៍សាស្ដ្រផ្សេងៗទៅដល់សិស្ស។ ចុះបើពាក្យទាំងពីរនេះរួមបញ្ចូលគ្នា តើមានអត្ថន័យយ៉ាងដូចម្ដេចទៅ?
ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយនឹងព្រះតេជគុណមហាសុវណ្ណប្បជោត កង ណាម៉ានី ចៅអធិការវត្ដសំពៅមាស និងជាវិនយធរអនុគណខ័ណ្ឌ៧មករា ព្រះតេជគុណនឹងធ្វើការបកស្រាយអំពីប្រធានបទទឹកចិត្ដគ្រូបង្រៀន ដើម្បីឱ្យលោកអ្នកនាងកញ្ញា បានជ្រាបអំពីប្រធានបទនេះ។
ទឹកចិត្ដគ្រូបង្រៀនជាអ្វី?
ទឹកចិត្ដគ្រូបង្រៀនគឺជាសន្ដានចិត្ដដ៏ជ្រាលជ្រៅលើកិច្ចការងារ ទាំងឡាយដែលត្រូវបង្រៀនសិស្សដោយសេចក្ដីជ្រះថ្លា ដោយមិនប្រកាន់ពីវណ្ណៈសិស្ស។ ទាក់ទងនឹងសន្ដានចិត្ដនេះ មាតាបិតាឬគ្រូមិនខុសគ្នានោះទេ បើនៅក្នុងសៀវភៅធម៌វិញលោកបានសម្ដែងថា មាតាបិតាជាអាចារ្យទីមួយ ឬជាគ្រូទីមួយជាអ្នកបង្រៀនកូន ឬសិស្សឱ្យចេះនិយាយ ឱ្យចេះដើរ ចេះឈរ ចេះស្លៀកពាក់ គឺមាតា បិតាជាគ្រូដើម។ បន្ទាប់មកគ្រូជាអ្នកផ្ដល់ចំណេះដឹង ចំណេះវិជ្ជាទៅដល់សិស្សគេចាត់ទុកថាជាគ្រូទី២របស់សិស្ស។ ដូចនេះទឹកចិត្ដគ្រូ មិនខុសពីមាតាបិតាប៉ុន្មានទេ ដែលមានសន្ដានចិត្ដទៅលើកូន។ ផ្ដើមពាក្យថាកូនមានន័យថាគ្រូចាត់ទុកកូនសិស្សដូចជាកូនរបស់ខ្លួនដែរ ទឹកចិត្ដរបស់គ្រូមានមេត្ដា ករុណា មានព្រហ្មវិហារធម៌ចំពោះសិស្ស។ បើខ្វះព្រហ្មវិហារធម៌ ករុណាធម៌ ភារៈកិច្ច ឬកាតព្វកិច្ច របស់គ្រូក៏មិនល្អក្នុងការបង្រៀនដែរ។ មានន័យថាគ្រូត្រូវមានករុណាធម៌ចំពោះសិស្សដោយស្មោះស្ម័គ្រ ដោយមិនគិតពីវណ្ណៈរបស់សិស្សឡើយ ដូច្នេះគ្រូត្រូវស្រឡាញ់សិស្សស្មើៗគ្នា នេះជាទឹកចិត្ដរបស់គ្រូ។
តួនាទីគ្រូមានចំពោះសិស្ស
តួនាទីគ្រូមានចំពោះសិស្សមានប្រាំចំណុចគឺ ៖
1 . គ្រូត្រូវប្រៀនប្រដៅ អប់រំ ទូន្មាន ណែនាំសិស្ស ដោយទឹកចិត្ដជ្រះថ្លា និងពន្យល់សិស្សឱ្យចៀសវាងនូវអំពើផ្សេងៗដែលខុសពីច្បាប់សង្គម ច្បាប់សាលា ច្បាប់ប្រទេស។
2 . គ្រូត្រូវផ្ទេរនូវចំណេះដឹង ឬភាពឆ្លាតវៃទាំងឡាយទៅឱ្យសិស្សគ្រប់ៗគ្នា ដោយឥតលាក់លៀម ឬមិនលាក់កំណួច និងលាក់គំនិត។
3 . គ្រូត្រូវបង្រៀនសិស្សឱ្យអស់ពីសមត្ថភាព ឬចំណេះដឹងរបស់ខ្លួនដើម្បីឱ្យសិស្សបានទទួលជាធម្មតាសិស្សមិនអាច ទទួលបាននូវការផ្ទេរទាំងអស់នោះទេ ដូច្នេះគ្រូត្រូវប្រឹងប្រែងយ៉ាងម៉េចឱ្យសិស្សយល់ និងចាប់យកបាន។
4 . គ្រូត្រូវចេះលើកតម្កើង និងសម្ដែងពីគុណសម្បត្ដិរបស់សិស្សនៅចំពោះមុខលោកគ្រូអ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យនានាជាដើម។
5 . គ្រូមានតួនាទីជាអ្នកការពារសិស្សកុំឱ្យកូនសិស្សធ្វើខុសនឹងច្បាប់សង្គម ការពាររឿងខាងក្រៅកុំឱ្យមានបញ្ហាដល់សិស្ស។
នៅពេលដែលគ្រូមានសន្ដានចិត្ដដ៏ល្អបែបនេះ សិស្សរមែងតបស្នងជូនចំពោះគ្រូវិញ។ កាតព្វកិច្ចរបស់សិស្សមានចំពោះគ្រូ រួមមានប្រាំចំណុចដែរ គឺ ៖
1 . ជាសិស្សត្រូវធ្វើជាសិស្សល្អ ជាសិស្សគំរូ មានន័យថាគោរពច្បាប់រដ្ឋ ច្បាប់ចរាចរណ៍ ពេលក្នុងសាលាត្រូវគោរពច្បាប់សាលា វិន័យសាលា ពេលក្នុងថ្នាក់ត្រូវគោរពលោកគ្រូអ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ។ ឧទាហរណ៍ ពេលដែលលោកគ្រូអ្នកគ្រូ ឬអ្នកដទៃចូលមក ជាសិស្សត្រូវក្រោកឈរ នេះជាការសម្ដែងនូវការគោរពរបស់សិស្ស។ បើតាមទំនៀមទម្លាប់ខ្មែរវិញ ពេលក្រោកឈរឡើងតែងតែមានការអមដោយការលើកដៃសំពះទៀតផង។
2 . ជួយធ្វើការងារឱ្យគ្រូ ប្រសិនពីដើមវិញសិស្សភាគច្រើនទៅរៀនគឺទៅនៅជាមួយគ្រូ ប៉ុន្ដែបច្ចុប្បន្ននេះសិស្សទៅរៀនគឺ មិនមែននៅជាមួយគ្រូទេ។ ពីដើមពេលទៅរៀននៅវត្ដសិស្សត្រូវរៀន និងនៅជាមួយលោក ដូចនេះលោកគឺជាគ្រូ សិស្សត្រូវបម្រើ លោកដោយការដាំទឹកក្ដៅ ទឹកត្រជាក់ ធ្វើកិច្ចការគ្រប់បែបយ៉ាង មានន័យថាមករស់នៅជាមួយលោកដូចជាគ្រូដែរ។ ពេលចប់ពីការសិក្សា ឬវិស្សមកាលទើបសិស្សអាចត្រឡប់ទៅលំនៅដ្ឋានវិញ។
3. ត្រូវយកចិត្ដទុកដាក់ក្នុងការរៀនសូត្រ ពេលគ្រូបង្រៀនសិស្សត្រូវស្ដាប់ មិនត្រូវជជែកគ្នា ឬឡូឡាក្នុងថ្នាក់ទេ មិនត្រូវរំខានពេលគ្រូកំពុងពន្យល់នោះទេ។ គ្រូឱ្យកត់អ្វី សិស្សត្រូវយកចិត្ដទុកដាក់ក្នុងការកត់ និងស្ដាប់ ប្រសិនជារៀនមិនយល់ត្រូវចេះសួរ។ អង្គអ្នករៀនមានបួនគឺ សុ ចិ ពុ លិ។
4 . សិស្សត្រូវបម្រើគ្រូជាលក្ខណៈតូចៗ មានដូចជាគក់ច្របាច់ជាដើម។
5 . រៀនចំណេះវិជ្ជាគ្រប់បែបយ៉ាងដោយយកចិត្ដទុកដាក់ពេលគ្រូបង្រៀន សិស្សត្រូវយកចិត្ដទុកដាក់ស្ដាប់។ សិស្សត្រូវចេះគោរពច្បាប់រដ្ឋ ច្បាប់សាលា ច្បាប់សង្គម ច្បាប់គ្រួសារ ជាពិសេសត្រូវចេះឱ្យតម្លៃគ្រូ និងយកចិត្ដទុកដាក់ក្នុងការរៀនសូត្រ ដូចសុភាសិតខ្មែរបានពោលថា ចេះពីរៀន មានពីរក។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment