Tuesday, August 27, 2013

ធ្វើ​ម៉េច​អាច​ធ្វើ​ការ​នៅ​ International NGO​ បាន?

គេហទំព័រ​ស្វែង​រក​ការ​ងារ​នានា​ ទំព័រ​កាសែត​ និង​ក្ដារ​ខៀន​មុខ​អង្គការ​ធំ​ៗ​ពុំ​ដែល​រំលង​ម្ដង​ណា​ឡើយ​សម្រាប់​យុវតី​ យ៉ៃ ផល្លា​ ក្រោយ​ពី​​នាង​ចប់​អាណត្តិ​ការងារ​នៅ​អង្គការ​របស់​ខ្លួន​ នា​ពេល​ថ្មី​ៗ​នេះ។
តាម​រយៈ​ការ​ប្រមាញ់​ការងារ​ផ្សេង ​ៗ​ យុវតី​រូប​នេះ​រំពឹង​ថា​ នឹង​រក​បាន​ការងារ​ដ៏​សមរម្យ​​មួយ​ធ្វើ​ មិន​ថា​ការងារ​នោះ​នៅ​ក្នុង​វិស័យ​អ្វី​នោះ​ទេ។ តែ​បើ​ទោះ​បី​មិន​ប្រកាន់​ការងារ​ក្ដី​ យុវតី​រូប​នេះ​ហាក់​ឲ្យ​តម្លៃ​ និង​ប្រាថ្នា​ចង់​ធ្វើ​ការ​នៅ​ក្នុង​អង្គការ​អន្តរជាតិ​ធំ​ៗ។
ផល្លា​ឲ្យ​ដឹង​ថា៖ “ធ្វើ​ការ​ងារ​នៅ​អង្គការ​ធំ​ៗ​ មិន​ត្រឹម​តែ​​ប្រាក់​ខែ​ច្រើន​នោះ​ទេ​ ថែម​ទាំង​មើល​ទៅ​មាន​កិត្តិយស​ទៀត​ផង។ ម្យ៉ាង​ វា​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ខ្ញុំ​ផង​ ដែល​ចង់​ធ្វើ​ការងារ​ក្នុង​អង្គការ​ដើម្បី​​ជួយ​សង្គម​ឲ្យ​បាន​ច្រើន”។
ប៉ុន្តែ​អតីត​និស្សិត​សាកល​វិទ្យាល័យ​​បាត់​ដំបង​ផ្នែក​គណនេយ្យ​រូប​នេះ​ ពុំ​ទាន់​មាន​សំណាង​នៅ​ឡើយ ពី​ព្រោះ​ច្រក​ចូល​ទៅ​កាន់​កៅអី​ក្នុង​អង្គការ​អន្តរជាតិ​នានា​មាន​ភាព​ ចង្អៀត​ណាស់។
ស្រុក​ខ្មែរ​ជា​ប្រទេស​សម្បូរ​សមាគម​ និង​​អង្គការ​ក្រៅ​រដ្ឋាភិបាល ដោយ​មាន​រហូត​ដល់​ទៅ​៣០០០​ឯណោះ​ ប៉ុន្តែ​ការងារ​ដែល​យុវជន​ចង់​ធ្វើ​ គឺ​មាន​​តែ​អង្គការ​លំដាប់​អន្តរជាតិ​មួយ​ចំនួន​ប៉ុណ្ណោះ​ ដូច​ជា​ UNDP, ​USAID, ​ILO, ​GIZ, ​UNESCO, ​ឬ​អង្គការ​ Oxfam​ ជា​ដើម។
សូម្បី​បុគ្គលិក​ក្រុម​ហ៊ុន​ផលិត​កញ្ចក់​ South East Glass Co,.Ltd​ ព្រាប​ ផៃ​វាសនា​ ដែល​បាន​បម្រើ​ការងារ​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​ចំនួន​៤​មក​ហើយ​ ក្នុង​រយៈពេល​១០​ឆ្នាំ​មក​នេះ​ នៅ​តែ​​ឲ្យ​តម្លៃ​ និង​ចង់​ធ្វើ​ការ​ងារ​នៅ​អង្គការ​អន្តរជាតិ​នានា​ដែរ។
វាសនា​ បញ្ជាក់​ថា៖ “ខ្ញុំ​មិន​ចង់​បម្រើ​ការ​ងារ​ឲ្យ​តែ​ខាង​ក្រុម​ហ៊ុន​ឯក​ជន​នោះ​ទេ។ ខ្ញុំ​ក៏​ចង់​ចូល​រួម​ជួយ​សង្គម​ដែរ​ ប៉ុន្តែ​លុះ​ត្រា​តែ​អង្គការ​ធំ​ៗ​ទើប​ខ្ញុំ​ធ្វើ​ ពី​ព្រោះ​អង្គការ​ធំ​ៗ​អាច​ជួយ​ឲ្យ​យើង​មាន​ភាព​រីក​ចម្រើន​ និង​ផ្ដល់​លក្ខខណ្ឌ​ការងារ​ល្អ​សម្រាប់​យើង​ជា​បុគ្គលិក​ផង”។
យុវជន​ គាំ​ ទិវា ​អាយុ​២៣​ឆ្នាំ​ ដែល​កំពុង​បម្រើ​ការងារ​ឲ្យ​អង្គការ​ពលកម្ម​អន្តរជាតិ​ ILO​ ក្នុង​តួនាទី​ជា​ជំនួយ​ការ​ទំនាក់ទំនង​ បាន​ឲ្យ​ដឹង​ថា​ ការ​ជាប់​បាន​ធ្វើ​ការ​នៅ​អង្គការ​អន្តរជាតិ​សព្វ​ថ្ងៃ​នេះ​ គឺ​ដោយសារ​ខ្លួន​តែង​ប្រឡូក​​ក្នុង​​​ការងារ​សង្គម​នានា​ តាម​អង្គការ​ក្នុង​ស្រុក​ ដោយ​មិន​ពឹង​ផ្អែក​ទៅ​លើ​តែ​ការ​សិក្សា​នៅ​សាលា​មួយ​មុខ​នោះ​ទេ។
អតីត​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ និង​ជា​និស្សិត​អាហារូបករណ៍​ទៅ ​​សិក្សា​នៅ​​ប្រទេស​អ៊ីតាលី​ ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​ទំនាក់​ទំនង​រូប​នេះ​ ឲ្យ​យោបល់​ថា បើ​យុវជន​ណា ​ដែល​ចង់​បាន​ការងារ​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ គួរ​ចាប់​ប្រឡូក​​ក្នុង​ការងារ​សង្គម​តាម​រយៈ​ការ​ស្ម័គ្រ​ចិត្ត​ឲ្យ​អង្គការ​នានា។
ទិវា​​ថា៖ “ដោយសារ​អង្គការ​លំដាប់​អន្តរ​ជាតិ​ទាម​ទា​បទ​ពិសោធន៍​ ដូច្នេះ​បើ​យើង​មិន​សូវ​មាន​​បទ​ពិសោធន៍​ច្រើន​ទេ​ ត្រូវ​មាន​ចំណេះ​ដឹង​ច្រើន​ល្មម​គេ​អាច​ទទួល​យក​បាន​ ទើប​​គេ​ត្រូវ​យក។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ ក៏​យើង​ត្រូវ​ដុះ​ខាត់​ភាសា​បរទេស​របស់​យើង​ដែរ​ ពី​ព្រោះ​ភាសា​នេះ​ហើយ​សំខាន់​​ណាស់​សម្រាប់​ប្រើ​ប្រាស់”។
អ្នក​ស្រី​ ស៊ុយ សុខា ​ប្រធាន​ផ្នែក​ជ្រើស​រើស​បុគ្គលិក​ក្រុមហ៊ុន​ HR Inc. Cambodia ​ដែល​ជួយ​​ស្វែង​រក​​បុគ្គលិក​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​ ឲ្យ​ស្ថានទូត​បរទេស​មួយ​ចំនួន​ប្រចាំ​នៅ​កម្ពុជា​ និង​ឲ្យ​​ក្រុម​ហ៊ុន​ឯក​ជន​នានា​ បាន​ឲ្យ​ដឹង​ថា​ ប្រជាជន​ខ្មែរ​មាន​ការ​ចាប់​អារម្មណ៍​ចង់​​ធ្វើ​ការ​នៅ​​​អង្គការ​លំដាប់​ អន្តរ​ជាតិ​នេះ​ច្រើន​ដែរ។
រាល់​​ការ​ប្រកាស​ជ្រើស​រើស​បុគ្គលិក​បម្រើ​ការងារ​នៅ​អង្គការ​អន្តរជាតិ ​មួយ​តំណែង​ៗ​ គឺ​មាន​អ្នក​ដាក់​ពាក្យ​ប្រហែល​ជា​៥០​ឯណោះ។ អ្នក​ស្រី​បន្ថែម​ថា​ បើ​សេចក្ដី​ប្រកាស​រើស​បុគ្គលិក​នេះ​ មាន​បញ្ជាក់​​ប្រាក់​ខែ​ជាក់​លាក់​ទៀត​ នឹង​មាន​ការ​ដាក់​ពាក្យ​មក​កាន់​តែ​ច្រើន។
ប៉ុន្តែ​សម្រាប់​លក្ខខណ្ឌ​នៃ​ការ​ជ្រើស​រើស​វិញ ​ត្រូវ​បាន​អ្នក​ធ្វើ​ការ​ទាក់​ទង​នឹង​ការ​​ស្វែង​រក​បុគ្គលិក​រូប​នេះ​​ បញ្ជាក់​ថា៖ “បេក្ខជន​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​ ទី​មួយ​គឺ​ភាសា​អង់គ្លេស​ ពី​ព្រោះ​យើង​នឹង​ប្រើប្រាស់​ភាសា​នេះ​​ដើម្បី​ធ្វើ​ការ។ ទី​ពីរ​ គឺ​ដំណើរ​ការ​នៃ​ការ​ជ្រើស​​រើស។ អង្គការ​អន្តរជាតិ​ភាគ​ច្រើន​មិន​ទទួល​ត្រឹម​តែ​ CV និង ​Cover Letter ​ដែល​យើង​ដាក់​ទៅ​ទេ​ គឺ​ទាម​ទា​ឲ្យ​យើង​បំពេញ​ Form ​របស់​គេ​ ដែល​មាន​ដាក់​ចំណុច​ដែល​គេ​ត្រូវ​ការ។ បើ​យើង​មិន​បាន​បំពេញ​ Form ​គេ​ទេ​ គេ​គិត​ថា​ យើង​មិន​ស័ក្ដិសម​នឹង​តួ​នាទី​នោះ​ឡើយ។ អ្នក​ខ្លះ​មិន​យល់​ពី ​Form ​នោះ​ នឹង​ជួប​ការ​លំបាក​ដែរ ដូច្នេះ​ទាម​ទា​ឲ្យ​យើង​ត្រូវ​ចេះ​ស្វែង​យល់​ពី​ដំណើរ​ការ​នៃ​ការ​ជ្រើស​រើស ​បុគ្គលិក ​របស់​អង្គការ​អន្តរ​ជាតិ​ទាំង​នោះ”៕

No comments: