ពាក្យថាសិស្សមានអត្ថន័យយ៉ាងទូលាយ នៅក្នុងសង្គមខ្មែរយើងយូរយារណាស់មកហើយ មិនថានៅក្នុងសាលារៀន និងក្នុងសង្គមទេ សិស្សដែលបានបំពេញនូវតួនាទីបានល្អចំពោះគ្រូ គ្រូរមែងលើកតម្កើងនូវគុណសម្បត្ដិរបស់សិស្សខ្លួនអួតប្រាប់គេឯង។ ដើម្បីឱ្យក្លាយខ្លួនទៅជាសិស្សគំរូម្នាក់នៅក្នុងសង្គមជាតិ តើក្នុងនាមជាសិស្សត្រូវបំពេញតួនាទីអ្វីខ្លះចំពោះគ្រូទើបជាការ ប្រសើរ?
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយព្រះភិក្ខុ ហ៊ុំ សុទ្ធា ព្រះគ្រូសូត្រឆ្វេងនៅវត្ដសំពៅមាស ព្រះតេជគុណនឹងធ្វើការបកស្រាយរាល់អំពីតួនាទីរបស់សិស្សចំពោះគ្រូ ដើម្បីឱ្យលោកអ្នកនាងកញ្ញាបានជ្រាបកាន់តែច្បាស់អំពីបញ្ហានេះ។
អ្វីទៅតួនាទីរបស់សិស្សចំពោះគ្រូ?
តួនាទីរបស់សិស្សមានន័យថាជាការបំពេញនូវកាតព្វកិច្ចរបស់ខ្លួន ចំពោះគ្រូ បើជាកូនប្រុសស្រីត្រូវបំពេញតួនាទីក្នុងនាមជាកូនល្អចំពោះមាតាបិតា មិនមែនកូនដើរតួជាមាតាបិតានោះទេ។ ពាក្យថាតួនាទីជារឿងសំខាន់ដែលមនុស្សម្នាក់ត្រូវបំពេញ ឬត្រូវធ្វើ។ ឧបមាថាបើធ្វើការរាជការ ត្រូវបំពេញតួនាទីក្នុងដំណែងណាមួយជាមន្ដ្រីរាជការ ជាប្រធានមន្ទីរ ឬជាអនុប្រធានមន្ទីរជាដើម។
តួនាទី៥យ៉ាងរបស់សិស្សចំពោះគ្រូ
1 . ឧដ្ឋានេន ៖ ជាការក្រោកឡើងទទួលមានន័យថានៅពេលដែលគ្រូឬអ្នកដទៃ(អ្នកមានអាយុច្រើន ជាងសិស្ស)ចូលក្នុងថ្នាក់សិស្សគួរតែក្រោកឈរឡើងដោយសេចក្ដីគោរព បើតាមទំនៀមទម្លាប់ខ្មែរយើងក្រោកឈរឡើង និងសំពះទៀត។
2 . ឧបដ្ឋានេន ៖ ការគាល់បម្រើមានន័យថាការជួយធ្វើនូវកិច្ចការអ្វីដែលគ្រូពឹងពាក់អាស្រ័យ។
3 . សុស្សុសាយ ៖ ការជឿស្ដាប់នូវឱវាទ មានន័យថាអ្វីដែលគ្រូនិយាយអ្វីដែលគ្រូទូន្មានត្រូវតែស្ដាប់ និងធ្វើតាម(សិស្ស អាចធ្វើតាមគ្រូ ឬស្ដាប់ដំបូន្មានគ្រូបាន ប៉ុន្ដែចំពោះគ្រូណាដែលណែនាំឱ្យសិស្សដើរទៅរកផ្លូវល្អទើបសិស្សអាច ទទួលយកនូវការណែនាំនោះបាន។
4 . បារិចរិយា ៖ ការបម្រើលក្ខណៈតូចៗ មានន័យថាជាការគក់ច្របាច់ដៃជើង រែកទឹក ពុះអុសជាដើម។ ដោយនៅសម័យ អតីតកាល(សម័យបុរាណ)ខ្មែរយើង សិស្សដែលទៅបំពេញចំណេះវិជ្ជា(ទៅរៀន)តម្រូវឱ្យសិស្សត្រូវនៅជាមួយគ្រូ វាខុសប្លែកពីសម័យបច្ចុប្បន្ននេះដោយសិស្សទៅរៀនហើយមិននៅជាមួយគ្រូទេ អាចត្រឡប់មកគេហដ្ឋានវិញ។
5 . សក្កច្ចំ សិប្បំ បដិគ្គហនេន ៖ ការរៀននូវសិល្ប៍សាស្ដ្រដោយសេចក្ដីគោរព មានន័យថាអ្វីៗដែលគ្រូបានបង្រៀន និងទូន្មានប្រៀនប្រដៅ សិស្សគួរតែអនុវត្ដន៍ និងធ្វើតាម។ ពីព្រោះអត្ថន័យនៃពាក្យថាគ្រូមានន័យយ៉ាងទូលំទូលាយនៅក្នុងសង្គម ទូទៅបើនិយាយតាមពាក្យចាស់បុរាណ អាចនិយាយបានថា គ្រូឃើញនូវពន្លឺព្រះអាទិត្យមុនសិស្ស ដូច្នេះហើយគ្រូមានបទពិសោធន៍ មានទាំងគំនិត មានទាំងចំណេះដឹង និងចំណេះធ្វើច្រើនជាងសិស្ស។
តួនាទី៥យ៉ាងរបស់គ្រូចំពោះសិស្ស
1 . សុវិនីតំវិនេន្ដិ ៖ ការដឹកនាំល្អ នៅពេលដែលសិស្សធ្វើនូវតួនាទីប្រាំយ៉ាងនេះជូនចំពោះគ្រូ គ្រូរមែងនឹងធ្វើតបនូវតួនាទី ប្រាំយ៉ាងរបស់គ្រូមកលើសិស្សវិញ។ មានន័យថាគ្រូណែនាំឱ្យសិស្សរបស់ខ្លួនដើរតម្រង់ទិសទៅរកផ្លូវដែលល្អ ចៀសវាងនូវអំពើ ឧបាយមុខផ្សេងៗដែលសង្គមជាតិស្អប់ខ្ពើម ដូចជាជាក្មេងទំនើងដើរប្រព្រឹត្ដនូវអំពើឆក់ ប្លន់ លួច និងការប្រើប្រាស់គ្រឿងញៀនជាដើម។
2 . សុគ្គហិតំ គាហាបេន្ដិ ៖ ការបង្រៀនឱ្យបានល្អ មានន័យថាទេពកោសល្យ បទពិសោធន៍ ភាពវៃឆ្លាត គំនិតប្រាជ្ញា ចំណេះដឹងផ្ទេរទៅឱ្យសិស្សគ្រប់ៗគ្នាទាំងអស់ដោយឥតលាក់លៀម។
3 . សព្វសិប្បេសុ តំ សមក្ខាយិនោភវន្ដិ ៖ ការប្រៀនប្រដៅសិស្សឱ្យចេះសព្វគ្រប់ក្នុងសិល្ប៍សាស្ដ្រ មានន័យថាជាការទំនាក់ទំនងរវាងគ្នានឹងគ្នា ជាការផ្ទេរចំណេះដឹងទៅវិញទៅមកដោយមិនប្រកាន់វណ្ណៈ។
4 . មិត្ដាមច្ចេសុដិវេទេន្ដិ ៖ ការលើកតម្កើងសិស្សនៅទីប្រជុំនៅក្នុងមិត្ដអាមាត្រ មានន័យថាគ្រូលើកនូវគុណសម្បត្ដិរបស់សិស្ស អួតប្រាប់គេឯងនៅក្នុងចំណោមមិត្ដអាមាត្រដទៃទៀត(គ្រូ និងគ្រូ)។
5 . មិសាសុបរិត្ដាណំ ៖ ការធ្វើនូវសេចក្ដីការពារឱ្យសិស្សក្នុងទិសទាំងពួង មានន័យថានៅពេលដែលគ្រូដទៃទៀត ឬអ្នកណាក៏ដោយដែលបង្កាប់បង្ខូចកេរ្ដិ៍ឈ្មោះសិស្ស គ្រូតែងតែចេញមកការពារនិងធ្វើការពន្យល់ណែនាំរៀបរាប់ឱ្យអ្នកដទៃ បានយល់ និងស្គាល់នូវឥរិយាបទមាយាទរបស់សិស្សនោះ ព្រោះមានតែគ្រូទេទើបបានដឹង។
សរុបសេចក្ដីមកនៅពេលដែលសិស្សបានបំពេញនូវតួនាទីប្រាំយ៉ាងក្នុងនាម ជាសិស្សជូនចំពោះគ្រូហើយ គ្រូក៏បានបំពេញតួនាទីប្រាំយ៉ាងរបស់ខ្លួនទៅចំពោះសិស្សវិញ ទង្វើទាំងអស់នេះហើយរមែងនាំមកនូវប្រយោជន៍នៅក្នុងសង្គម ក្នុងការរស់នៅរវាងសិស្ស និងគ្រូចៀសវាងនូវវិបត្ដិសេចក្ដីអន្ដរាយនានាដែលមានការអាក់អន់ចិត្ដ នៅក្នុងសង្គមទំនាស់ផ្សេងៗដែលកើតនៅក្នុងសង្គមក៏ដោយសារការមិនគោរព តួនាទី និងភាពមិនចុះសម្រុងនឹងគ្នា។
ទំនាស់តួនាទីរបស់សិស្សនិងគ្រូ
ប្រសិនបើសិស្សមិនបានបំពេញតួនាទីមិនបានល្អ ឬមិនស្ដាប់នូវការទូន្មានការប្រៀនប្រដៅរបស់គ្រូទេ អាចនឹងកើតមាននូវទំនាស់ផ្សេងៗដែលញឹកញាប់កើតមាននៅក្នុងសង្គម។ សិស្សមិនស្ដាប់ការណែនំារបស់គ្រូ គ្រូមិនមានទឹកចិត្ដក្នុងការបង្រៀន គ្រូមិនមានគុណធម៌ល្អចំពោះសិស្ស វានឹងកើតឡើងនូវគម្លាតរវាងគ្រូនិងសិស្សកាន់តែលែងមានទំនាក់ទំនង ជិតស្និទ្ធនឹងគ្នា។ មូលហេតុទាំងអស់នេះហើយ ដែលធ្វើឱ្យសិស្សមានគម្លាតកាន់តែឆ្ងាយពីគ្រូ។ កាលណាសិស្សមានគម្លាតកាន់តែឆ្ងាយពីគ្រូ ការបង្រៀនរបស់គ្រូ ឬការផ្ដល់ចំណេះដឹងរបស់គ្រូទៅសិស្សគឺមិនបានល្អទេ បានន័យថាសិស្សទៅរៀនគោរពតែម៉ោងសាលា ទៅរៀនកុំឱ្យតែអវត្ដមាន។ គ្រូទៅបង្រៀនចេះតែបង្រៀន មិនសូវយកចិត្ដទុកដាក់ក្នុងការបង្រៀន មិនប្រាប់នូវគន្លឹះល្អៗទៅសិស្ស កត្ដាទាំងនេះហើយដែលធ្វើឱ្យមានភាពច្របូកច្របល់នៅក្នុងសង្គម។
No comments:
Post a Comment