Monday, August 26, 2013

បុគ្គល​តែង​ពោល​ពាក្យ​៣​យ៉ាង

១. ពោល​ពាក្យ​ដូច​ដុំ​លាមកៈ មនុស្ស​តែង​បរិភោគ​អាហារ​ជា​ធម្មតា។ តែ​ការ​បរិភោគ​អាហារ​ខុស​បណ្តាល​ឲ្យ​កើត​ជា​ជំងឺ​រាគ​រុះ លាមក​ធំ​ក្លិន​ស្អុយ។ លុះ​ខ្យល់​បក់​មក​ក៏​នាំ​ក្លិន​ស្អុយ​ទៅ​គ្រប់​ទិស​ទី។ យ៉ាង​ណាម៉ិញ​ពាក្យ​សំដី​ស្មោក​គ្រោក​មាន​ពាក្យ​កុហក ពាក្យ​ញុះ​ញង់​ ពាក្យ​ប្រមាថ​ត្រគោះ​បោះបោក និង​ពាក្យ​ឡេះឡោះ​ឥត​ប្រយោជន៍​ជា​ដើម ជាហេតុ​នាំ​ឲ្យ​ខូត​ប្រយោជន៍​ និង​រង្កៀស​ចិត្ត​អ្នក​ស្តាប់។ កេរ្តិ៍​ឈ្មោះ​អ្នក​និយាយ​​ក៏​ស្អុយ​រលួយ​ដូច​ក្លិន​លាមក​ សព្វ​ទីកន្លែង។
២. ពោល​ពាក្យ​ដូច​ផ្កាៈ ធម្មតា ​ផ្កា​កាលណា​វារីក វា​ចោល​ក្លិន​ក្រអូប​ ហើយ​ខ្យល់​បក់​នាំ​ក្លិន​ក្រអូប​ទៅ​គ្រប់​ទិស​ទី។ អ្នក​ផង​ទាំង​ឡាយ​សប្បាយ​ចូល​ចិត្ត​យក​ផ្កា​នោះ​មក​ធ្វើ​ជា​គ្រឿង​តុបតែង​ លំអ​ខ្លួន។ ទោះ​បី​ផ្កា​នោះ​មាន​ដើម​មិន​ល្អ សំបក​គ្រើម​ ស្លឹក​ជូរ​ចត់​ខា ផ្លែ​អត់​រស​ជាតិ​ក៏​ដោយ ក៏​គេ​នៅ​តែ​ចូល​ចិត្ត។ ដូច​នេះ​ ដើម​ ស្លឹក មែក ផ្លែ និង​ចំណែក​ផ្សេងៗ​ទៀត​នៃ​ដើម មាន​តម្លៃ​ដោយ​សារ​តែ​ផ្កា។ យ៉ាង​ណា​ម៉ិញ​មនុស្ស​ទោះ​បី​មាន​រូប​អាក្រក់​ក៏​ដោយ តែ​ពោល​ពាក្យ​សំដី​ប្រកប​ដោយ​គុណ​ធម៌ សីលធម៌ ដែល​ញ៉ាំង​ប្រយោជន៍​ឲ្យ​អ្នក​ដទៃ​និង​ខ្លួន​ឯង​ហើយ អ្នក​នោះ​ក៏​មាន​ឈ្មោះ​ក្រអូប​ដូច​ជា​ផ្កាអញ្ចឹង​ដែរ ហើយ​អ្នក​ផង​ទាំង​ពួង​ក៏​ចូល​ចិត្ត​គោរព​រាប់​អាន។ បុគ្គល​ពោល​ពាក្យ​យ៉ាង​នេះ​មាន​២​បែបៈ ក) ពោល​ពាក្យ​ល្អ​ទាំង​ទី​កំបាំង​មុខ​និង​ទី​ចំពោះ​មុខៈ នៅ​ចំពោះ​មុខ​ប្រើ​ពាក្យ​ ព្រះ​តេជគុណ​ លោក​ពូ អ្នក​មីង អ្នក​នាង... លុះ​ទីកំបាំង​មុខ​ក៏​ប្រើ​ពាក្យ​ដដែល។ ខ) ពោល​ពាក្យ​ល្អ​តែ​ចំពោះ​មុខៈ នៅ​កំបាំង​មុខ​ប្រែ​ជា​ហៅ​ អ្នក​នេះ​ អ្នក​នោះ អានេះ​ អានោះ​ ទៅ​វិញ។
៣. ពោល​ពាក្យ​ផ្អែម​ដូច​ទឹក​ឃ្មុំៈ ធម្មតា​ទឹក​ឃ្មុំ​សុទ្ធ​រមែង​ផ្អែម​ឆ្ងាញ់​ជាង​ទឹក​ឃ្មុំ​មិនសុទ្ធ​ដែល​លាយ​ ទៅ​ដោយ​ទឹក។ ទឹក​ឃ្មុំ​មិន​សុទ្ធ​ធ្វើ​ឲ្យ​អ្ន​កបរិភោគ​ទ្រលាន់។ យ៉ាង​ណា​ម៉ិញ​អ្នក​ដែល​ពោល​ពាក្យ​ពីរោះ មិន​ប្រាថ្នា​លាភ​សក្ការៈពី​អ្នក​ដទៃ​​ពោល​ចេញ​ពី​ចិត្ត​បរិសុទ្ធ ប្រៀប​ដូច​ជា​ទឹក​ឃ្មុំ​សុទ្ធ​ តម្លៃ​របស់​គេ​នៅ​តែ​មាន​ជា​ដរាប។ ចំណែក​ឯ​អ្នក​ពោល​ពាក្យ​ពីរោះ​ព្រោះតែ​លាភ​សក្ការៈ (ចិត្ត​ជា​ទេវទត្ត មាត់​ជា​ទេវតា) ប្រៀប​ដូច​ជា​ទឹក​ឃ្មុំ​មិន​សុទ្ធ ពេល​គេ​ដឹង​ការ​ពិត​ក៏​រក​តម្លៃ​ប្រើ​ប្រាស់​គ្មាន។
(ស្រង់ចេញ​ពី​ទស្សនាវដ្តីកម្ពុជ​សូរិយា)

No comments: