Tuesday, August 27, 2013

គន្លឹះ​ភាព​ជោគជ័យ​សម្រាប់​និស្សិត

ក្នុង​គោលបំណង​លើក​កម្ពស់​ឆន្ទៈ​ក្នុង​ការ ​ចាប់​ផ្ដើម​អាជីវកម្ម​របស់​និស្សិត ក៏​ដូច​ជា​ការ​រៀបចំ​ឥរិយាបថ ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​រក​ភាព​ជោគជ័យ មាន​តំណាង​ថ្នាក់​ដឹកនាំ​កំពូលៗ មក​ពី​បណ្ដា​ក្រុមហ៊ុន​ធំៗ មួយ​ចំនួន​ចូលរួម​ចែក​រំលែក​បទពិសោធន៍ ក៏​ដូច​ជា​គន្លឹះ​​ល្អៗ​ជា​ច្រើន​ជូន​ដល់​និស្សិត។
និយាយ​នៅ​ក្នុង​សាល​សន្និសីទ នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ កាល​ពី​ព្រឹកមិញ​នេះ ក្នុង​វេទិកា”​ជួប​ជាមួយ​ថ្នាក់​ដឹក​កំពូល​នៃ​ក្រុមហ៊ុន​និង​សហគ្រាស​ ឧស្សាហកម្ម​ជាតិ និង​អន្តរជាតិ” ​លោក បណ្ឌិត ឡី សុភាព នាយក​ក្រុមហ៊ុន Smart Business Group លើក​ឡើង​ថា “មក​ដល់​ពេល​នេះ និស្សិត​ទាំង​អស់​មិន​មែន​ជា​ពេល​ត្រូវ​សប្បាយ​ចិត្ត ឬ​លេង​សើច​នោះ​ទេ តែ​ជា​ពេល​ដែល​គ្រប់​គ្នា​ត្រូវ​សង្វេគ”។
ការ​លើក​ឡើង​បែប​នេះ គឺ​លោក​ចង់​បង្ហាញ​ដល់​យុវវ័យ​ជា​និស្សិត​ថា គួរ​មាន​ការ​ភ្ញាក់​រលឹក​ថា​ “តើ​រយៈ​ពេល​ដែល​ខ្លួន​បាន​សិក្សា​ បាន​ចំណាយ​ប្រាក់​អស់​ប៉ុន្មាន​ហើយ ដឹង​ថា​តើ​ខ្លួន​ចង់​ធ្វើ​អ្វី​មួយ​ពិត​ប្រាកដ​ឬ​នៅ​សម្រាប់​ជីវិត​របស់​ ខ្លួន​នោះ?
” ដោយ​មិន​មិន​បាច់​គិត​ពី​អ្នក​នៅ​មុខ ក្រោយ ខាង​ឆ្វេង ឬ​ខាង​ស្ដាំ​ទេ អ្នក​ទាំង​នោះ​មិន​មែន​ជា​ចាំ​ជួយ​អ្នក​ទេ តែ​គឺ​គិត​តែ​ពី​ខ្លួន​អ្នក​សិន ” នេះ​ជា​ការ​គូស​បញ្ជាក់​របស់ បណ្ឌិត ខាង​លើ ក្នុង​ន័យ​ចង់​លើក​ទឹក​ចិត្ត​យុវវ័យ​ទាំង​អស់​ចាប់​ផ្ដើម​ធ្វើ​អ្វី​មួយ​ដែល ​នាំ​អ្នក​ទៅ​រក​ជីវិត​ដ៏​ជោគជ័យ​មួយ។
នៅ​ចំពោះ​មុខ​និស្សិត ជាង​៣០០ នាក់ លោក ឌៀម សីហា សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ បៀលប្រាយ មាន​ប្រសាសន៍​យ៉ាង​ជឿជាក់​ថា ” គំនិត អាច​ផ្លាស់ប្ដូរ​អ្វីៗ​ទាំង​អស់​បាន តែ​គ្មាន​នរណា​ម្នាក់​មាន​គំនិត​អស្ចារ្យ ហើយ​ភាព​ជោគជ័យ​អាច​សម្រេច​បាន​ដោយ​លំបាក”។
ដើម្បី​សម្រេច​ជោគជ័យ​បាន​នោះ លោក​ចង់​ឲ្យ​និស្សិត​ទាំង​អស់​ ចេះ​ស្រលាញ់ និង​គ្រប់គ្រង​ពេល​វេលា​ឲ្យ​បាន​ល្អ​ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​សិក្សា​ ទទួល​ចំណេះដឹង​ បទពិសោធន៍​ជា​និច្ច “ត្រូវ​ចាំ​ថា​អ្នក​រៀន​រហូត ការ​អនុវត្ត​ក៏​ជា​ការ​រៀន​ដែរ…ដូច​នេះ​សូម​ប្រើ​ការ​គិត​របស់​អ្នក​បង្កើត​ ទម្លាប់​ជាំ​អ្នក​រៀន​ចង់​ចេះ ចង់​ដឹង​គ្រប់​ពេល។

បន្ថែម​អត្ថន័យ​ទាក់ទង​ការ​គិត​នេះ​ដែរ នាយក​ក្រុមហ៊ុន S. United ដែល​មាន​គម្រោង​អាជីវកម្ម​ជាច្រើន​នោះ​ លោក មិន សេដ្ឋា និយាយ​ទៅ​កាន់​និស្សិត​និង​សិក្ខាកាម​ទាំង​អស់​នៅ​ព្រឹក​មិញ​នេះ​ថា
“មុន​នឹង​ធ្វើ​អ្វី​មួយ​ ត្រូវ​ដឹង​ពី​គោលបំណង​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់…តើ​អ្នក​មាន​គំនិត​ចង់​ ធ្វើ​អ្វី ចង់​បាន​អ្វី​ជា​មុន​សិន នោះ​យើង​នឹង​ទទួល​បាន​លទ្ធផល”។
មិន​ត្រឹម​តែ​រៀបរាប់​ពី​ប្រវត្តិ​តស៊ូ​របស់​ខ្លួន​ទេ ប្រធាន​ក្រុមហ៊ុន​រូប​នេះ តែ​ថែម​ទាំង​និយាយ​តាម​ការ​សង្កេត​របស់​ខ្លួន និស្សិត​ខ្មែរ​ភាគច្រើន​សព្វ​ថ្ងៃ​នៅ​មិន​បាន​កំណត់​គោលដៅ​របស់​ខ្លួន​ទេ មុន​ចូលរៀន​ចាប់​យក​ចំណេះដឹង​ ជំនាញ​នៅ​តាម​សាកលវិទ្យាល័យ។ លោក​ថា អ្នក​ទាំង​នោះ ច្រើន​ធ្វើ​ការ​សម្រេច​ចិត្ត​តាម​គ្នា ឬ​ផ្អែក​លើ​កត្តា​ខាង​ក្រៅ​តូចៗ​ជាច្រើន ដោយ​មិន​បាន​គិត​ពី​កត្តា​ខាង​ក្នុង​ ថា​ខ្លួន​ចង់​រៀន​អ្វី​ទេ។
ហ៊ុន មករា មក​ពី​សាកលវិទ្យាល័យ បញ្ញាជា បាន​បង្ហាញ​ចំណាប់អារម្មណ៍​ប្រាប់ Sabay ខណៈ​កំពុង​ស្ដាប់​ការ​ចែករំលែក​បទពិសោធន៍ និង​គំនិត​ល្អ​ពី​ថ្នាក់​ដឹកនាំ​ទាំង​នោះ​ថា ” ថ្ងៃ​នេះ ខ្ញុំ​បាន​ទទួល​ចំណេះដឹង​ល្អៗ ច្រើន​ដែល​អាច​ជួយ​ជា​គំនិត​សម្រាប់​ខ្ញុំ…មាន​អារម្មណ៍​ថា​ប្លែក និង​ជា​លើក​ទី​១ ដែល​ខ្ញុំ​បាន​ស្ដាប់​ពាក្យ​ទាំង​នេះ…”
ដូច​គ្នា​នេះ​ដែរ ម៉ាក សុខជា គិត​ថា​វេទិកា​ព្រឹក​នេះ ពិសេស​សម្រាប់​ខ្លួន​ក្នុង​ការ​កែប្រែ​ផ្នត់​គំនិត​និង​ការ​ដឹកនាំ​ខ្លួន​។ និស្សិត​នេះ​បន្ត​ថា តាម​រយៈ​ការ​ចែករំលែក​របស់​ថ្នាក់ដឹកនាំ ទាំង​អស់​សុទ្ធ​តែ​មាន​ប្រយោជន៍ និង​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន ហើយ​លោក​ជឿ​ជាក់​ថា ប្រសិន​បើ​គ្រប់​គ្នា​ដែល​បាន​ចូលរួម រួម​ទាំង​ខ្លួន​លោក​ផ្ទាល់ ចាប់​យក​និង​ទទួល​យក​គំនិត​ទាំង​នេះ ប្រាកដ​ជា​អាច​ជួយ​ដល់​អភិវឌ្ឍ​ខ្លួន និង​ប្រទេស​ជាតិ​ទាំង​មូល​បាន។
កម្មវិធី​នេះ នឹង​បន្ត​រហូត​ដល់​ម៉ោង​ ៥ ល្ងាច ដោយ​នៅ​មាន​ថ្នាក់​ដឹកនាំ​ជាច្រើន​ផ្សេង​ទៀត​នឹង​បន្ត​មក​ចូលរួម​ចែក​រំលែក​ ដល់​និស្សិត​ដែល​បាន​រួម។ មិត្ត​និស្សិត​ទាំង​អស់ ក៏​អាច​យក​ឱកាស​នេះ បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​តំណាង​ក្រុមហ៊ុន សហគ្រាស ព្រម​ទាំង​​ទទួល​បាន​ព័ត៌មាន​ពី​​ឱកាស​ការងារ​ដ៏​សម្បូរ​បែប​ផង​ដែរ៕

No comments: