Thursday, August 29, 2013

គន្លឹះទាំង៦ នាំអ្នកឱ្យចូលចិត្តអានសៀវភៅ

អានសៀវភៅ សម្រាប់អ្នកខ្លះ វាពិបាកជាងអូសឫស្សីបញ្ជ្រាសចុងទៅទៀត។ អ្នកខ្លះចង់អានដែរ តែមិនដឹងយ៉ាងម៉េច ពេលចាប់ផ្តើមអានម្តងៗ កន្ទេលតែងមកហៅរហូត។ អាស្រ័យហេតុនេះ ដើម្បីឱ្យអ្នកទាំងអស់គ្នា ជក់ចិត្តនឹងការអាន khmer79 សូមនាំគន្លឹះមួយចំនួនមកបង្ហាញដូចតទៅ៖
អានតាមចំណង់ចំណូលចិត្ត៖ ត្រូវចាប់ផ្តើមអាន ទៅតាមផ្នែកអ្វីដែលអ្នកស្រលាញ់ចូលចិត្ត។ អ្នក​ខ្លះចូលចិត្តផ្នែក បច្ចេកវិទ្យា ប្រវត្តិសាស្ត្រ ទស្សនៈវិទ្យា នយោបាយ ឬ កម្សាន្ត។ ជាការល្អ ប្រសិន​បើអ្នកមិនទម្លាប់អានពីមុនមកគួរចាប់ផ្តើមជាមួយនឹងសៀវភៅប្រលោមលោក វានឹង​ធ្វើ​ឱ្យ​អ្នក​ជក់នឹងការអានជាក់ជាពុំខាន។
ដឹងពីប្រភេទសៀវភៅត្រូវអាន៖ ត្រូវដឹងថា តើខ្លួនចង់អានប្រភេទសៀវភៅមួយ ជាប្រភេទ សៀវភៅ ស្រាវជ្រាវ ឬ ប្រលោមលោក។ កុំនិយាយថា ខ្ញុំមិនចូលចិត្តអានដោយសារតែ មិនចូល​ចិត្ត​សៀវ​​ភៅបែបនយោបាយឱ្យសោះ ព្រោះថាបើអ្នកមិនចូលចិត្តនយោបាយ អ្នកអាចអាន សៀវ​ភៅ​បែបប្រលោមបានតើ។
ចង់ដឹង៖ អ្នកជាមនុស្សចូលចិត្តផ្នែក វិទ្យាសាស្ត្រ ឬក៏ចូលចិត្តផ្នែក សេដ្ឋកិច្ចមែនទេ ឬមិនថាផ្នែក​អ្វីនោះ​ទេ អ្នកគួរស្វែងរកចម្លើយតាមផ្នែកដែលចូលចិត្ត។ ឧទាហរណ៍ អ្នកចូលចិត្តផ្នែកសេដ្ឋកិច្ច អ្នកប្រាកដជាឆ្ងល់ថាហេតុអ្វី បានជាគេមិនផលិតលុយឱ្យច្រើន ចែកគ្រប់ទៅ? ពេលអ្នក​មាន​សំណួរ​បែបនេះ អ្នកប្រាកដជាចង់អាន ភ្លាម បើកាលណា ឃើញសៀវភៅនិយាយពីលុយ។
រកកំហុស៖ ពេលអានត្រូវតាមរកកំហុសរបស់សៀវភៅ។ វានឹងធ្វើឱ្យអ្នក ខំអានជាមិនខាន។ ឧបមាថា អ្នកចង់រកកំហុសផ្នែកអក្ខរាវិរុទ្ធ នោះអ្នកប្រាកដជាព្យាយាមអានដើម្បីរកកំហុស​នេះមិន​ខាន​។
រកកន្លែងអាន៖ ត្រូវដឹងថា អ្នកជាអ្នកចូលចិត្តបរិយាកាសបែបណា ស្ងាត់ទើបអានបាន ឬមួយក៏ អាន​កន្លែងណាក៏បានដែរ។ ពេលអានមិនគួរដេកអានឡើយ ព្រោះវានឹងនាំឱ្យអ្នកខ្ជិល ឬដេកបាន​យ៉ាង​ងាយ។
ស្តាប់តន្ត្រី៖ បើអ្នកនិយមតន្រ្តី ពេលអានអ្នកគួរស្តាប់ បទណាដែលពេញចិត្ត ហើយជាប្រភេទ បទបែបរ៉ូមែនទិច ព្រោះវាធ្វើឱ្យអ្នកមានអារម្មណ៏សប្បាយរីករាយ ពេលអ្នកអាន និងកាន់បន្ថយ​ភាព​តាន​តឹង ឬស្រ្តេស។

No comments: