Tuesday, August 27, 2013

ស្ដាប់​អ្នក​មាន​បទពិសោធន៍​​និយាយ​អំពី​​ការងារ

មាន​មិត្ត​និស្សិត​ជា​ច្រើន​យល់​ថា​ ទីផ្សារ​ការងារ​នៅ​កម្ពុជា​មិន​ទាន់​ទូលំទូលាយ ​សម្រាប់​ខ្លួន ហើយ​តាម​ភាព​ជាក់ស្ដែង​ក៏​មាន​និស្សិត​ជា​ច្រើន​មិន​ទាន់​មាន​ការងារ​ធ្វើ​ បន្ទាប់​ពី​បាន​បញ្ចប់​បរិញ្ញាបត្រ ។ តើ​កត្តា​នេះ​អាច​បណ្ដាល​មក​ពី​ទីផ្សារ​ដូច​ការ​លើក​ឡើង ឬ​ក៏​មក​ពី​និស្សិត​នៅ​មាន​ចំណុច​ខ្សោយ​ក្នុង​ការ​ស្វែងរក​ការងារ?
ពាក់ព័ន្ធ​នឹង​វិធី​សាស្ត្រ​ក្នុង​ការ​ស្វែង​រក​ការងារ​ធ្វើ​ប្រកប​ដោយ​ ជោគជ័យ​នោះ សូម​តាម​ដាន​បទ​សម្ភាសន៍ របស់​sabay ជាមួយ​កញ្ញា ព្រឹម សំណប់ បច្ចុប្បន្ន​ជា​ប្រធាន​ផ្នែក​ធនធាន​មនុស្ស​នៅ​ស្ថានីយ​ទូរទស្សន៍ CTN។
Sabay៖ សួស្ដី​កញ្ញា!  កញ្ញា​មើល​ឃើញ​យ៉ាង​ណា​អំពី​ជំហរ​របស់​​និស្សិត​ចំពោះ​ការ​​ស្វះស្វែង​រក​ការងារ​បច្ចុប្បន្ន?
ព្រឹម សំណប់៖ ខ្ញុំ​ក៏​​មិនអាច​មើល​ដឹង​ឲ្យ​អស់​ទូលំទូលាយ​ចំពោះ​និស្សិត​ទាំង​អស់​ទេ តែ​យោង​តាម​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ឃើញ ទទួល​បាន​បទពិសោធន៍​នោះ​គឺ​និស្សិត​នៅ​មាន​ការ​រារែក​ចិត្ត គិត​ថា​ខ្លួន​ទាប​មិន​សម​នឹង​​ការងារ​នោះឬ​មិន​អាច​ធ្វើ​ការងារ​ហ្នឹង​បាន។ អ្នក​ខ្លះ​គិត​ថា​ខ្លួន​អត់​មាន​ដើម​ទុន​សម្រាប់​បើក​អាជីវកម្ម​ផ្ទាល់​ ខ្លួន ​និង​មាន​អ្នក​ខ្លះ​យល់​ថា​ខ្លួន​ខ្វះ​ខ្សែ​រយៈ បើ​ទោះបី​ជា​ខ្លួន​មាន​សមត្ថភាព​ ឬ​មាន​សញ្ញាប័ត្រ​ក៏​មិន​អាច​រក​ការងារ​បាន​ធ្វើ​ដែរ។
Sabay៖ និយាយ​អំពី​ទី​ផ្សារ​ការងារ​វិញ​ម្ដង កញ្ញា​អាច​ពន្យល់​បន្តិច​បាន​ទេ ថា​តើ​​ទី​ផ្សារ​ការងារ​នៅ​កម្ពុជា​មាន​លក្ខណៈ​បែប​ណា​ដែរ?
ព្រឹម សំណប់៖ ទីផ្សារ​ការងារ​គឺ​បើក​ចំហ!”។ និស្សិត​គិត​ថា​ទីផ្សារ​មិន​ទាន់​ទូលាយ តែ​ការ​ពិត​អ្នក​រើស​បុគ្គលិក​ក៏​ជួប​បញ្ហា​ដូច​គ្នា គឺ​បញ្ហា​ដែល​គាត់​ត្រូវ​ការ​បុគ្គលិក តែ​មិន​អាច​រក​អ្នក​មាន​សមត្ថភាព​ស័ក្ដិសម​នឹង​ការងារ​ហ្នឹង​បាន។ លើក​ជា​ឧទាហរណ៍ កាល​ពី​២០០៨ ស្ថាប័ន​ដែល​ខ្ញុំ​ធ្លាប់​បម្រើ​ការ​បាន​រៀបចំ ពិព័រណ៍​ការងារ​​មួយ​ហើយ​ពេល​នោះ យើង​ទទួល​បាន​CV ចំនួន​ជាង ១០០០CV ប៉ុន្តែ​​ជាក់ស្ដែង CV ដែល​អាច​ប្រើ​ការ​បាន ​ត្រូវ​តាម​អ្វី​ដែល​យើង​ត្រូវ​ការ​គឺ​មាន​តែ​២​សន្លឹក​ប៉ុណ្ណោះ។ មួយ​វិញ​ទៀត យើង​មើល​តែតាម​​កាសែត ឬ​តាម​គេហទំព័រ​ការងារ​មួយ​ចំនួន ឃើញ​មាន​ការងារ​ប៉ុន្មាន​ដែល​ដាក់​ប្រកាស​ជា​រៀងរាល់​ថ្ងៃ ហើយ​មាន​មុខ​ជំនាញ​ខ្លះ​រើស​ម្ដង​ហើយ ​Closed និង​ដាក់​រើស​ម្ដង ឬ​ពីរ​ដង​ទៀត​ក៏​មាន​ព្រោះ​អត់​មាន​បេក្ខជន​ដែល​គេ​ចង់​បាន​ទៅ​ដាក់​ ខណៈ​ដែល​និស្សិត​គរ​ជើង​អត់​មាន​ការងារ​ធ្វើ។ អីចឹង​មិន​មែន​ទីផ្សារ​ចង្អៀត​ទេ យើង​ត្រូវ​សិក្សា​មើល​ថា​តើ​អ្វី​ជា​បញ្ហា​របស់​និស្សិត​យើង?
Sabay៖ ច៎ា អីចឹង តើ​អ្វី​ខ្លះ​ជា​ចំណុច​ខ្សោយ​របស់​និស្សិត​នោះ​ចា៎?
ព្រឹម សំណប់៖ និយាយ​ពី​សមត្ថភាព​របស់​និស្សិត។ ជា​ទូទៅ​ក្រុមហ៊ុន​គេ​បែងចែក​សមត្ថភាព​បុគ្គលិក​ជា​ពីរ គឺ​អាច​វាស់វែង​បាន​និង​មិន​អាច​វាស់វែង​បាន។ សមត្ថភាព​ដែល​មិន​អាច​វាស់វែង​បាន​គឺ​ជា​អ្វី​ដែល​ក្រុមហ៊ុន​ចង់​បាន​បំផុត​ ដូច​ជា​ភាព​ជា​អ្នក​ដឹង​នាំ សមត្ថភាព​ស្វែងរក​ដំណោះស្រាយ​ការងារ សម្របសម្រួល ដោះស្រាយ​ជាមួយ​អតិថិជន មាន​គោលដៅ​ឬ​ចក្ខុវិស័យ​ក្នុង​ការងារ​ច្បាស់លាស់​ជា​ដើម។ តើ​និស្សិត​មាន​ចំណុច​ទាំង​នេះ​ទេ? ក្រៅ​ពី​សមត្ថភាព​ដែល​អាច​វាស់វែង​បាន តើ​និស្សិត​គាត់​អាច​បង្ហាញ​អ្វី​ខ្លះ​ទៅ​កាន់​អ្នក​ជ្រើសរើស​បុគ្គលិក​តាម​ រយៈ​ការ​រៀបចំ​ពាក្យ​សុំ​ធ្វើ​ការ បទ​បង្ហាញ​ពី​ខ្លួន​ឯង​ក្នុង​ពេល​សម្ភាសន៍​ជា​ដើម។
Sabay៖ តាម​ការ​​បញ្ជាក់​​របស់​កញ្ញានិស្សិត​នៅ​មាន​ចំណុច​ខ្សោយ​ច្រើន​គួរ​សម។ ប៉ុន្តែកញ្ញា​អាច​លើក​ឡើង​ចំណុច​ខ្សោយ​ទាំង​នេះ​ទៀត​បាន​ទេ ដើម្បីឲ្យ​និស្សិត​បាន​ដឹង​កាន់​តែ​ច្បាស់ចា៎?
ព្រឹម សំណប់៖ ចំណុច​ខ្សោយ គឺ​គាត់​មិន​ទាន់​មាន​ទំនុក​ចិត្ត ការ​គិត​នៃ​បុគ្គល​ដែល​ភាសា​អង់គ្លេស​ថា Attitude នេះ​គឺ​មាន​សារៈសំខាន់​អាច​ឆ្លុះ​បញ្ចាំង​ពី​បុគ្គល​ម្នាក់ៗ ។ មួយ​វិញ​ទៀត ការ​រៀបចំ​CV នៅ​មាន​ចំណុច​ខ្វះ​ខាត និង​អត់​ទាន់​ចេះ​បង្ហាញ​ច្បាស់​លាស់។ យើង​ស្រមៃ​មើល​ថា​តើ អ្នក​អាន ​CV របស់​យើង គាត់​ចង់​ដឹង​ពី​អ្វី? អ្វី​ដែល​យើង​បាន​បង្ហាញ​ហ្នឹង​ច្បាស់​ទេ? មាន​គ្រប់​គ្រាន់​ទេ? ដូច​គ្នា​ដែរ ពេល​ចូល​ដល់​បទសម្ភាសន៍ សំខាន់​បំផុត​ការ​បង្ហាញ​ព័ត៌មាន​របស់​ខ្លួន ហើយ​បើ​សូម្បី​តែ​ការ​បង្ហាញ​ខ្លួន​យើង​មិន​អាច​ធ្វើ​បាន តើ​គេ​អាច​ផ្ដល់​ការងារ​ឲ្យ​យើង​ឬ​អត់។​តែ​ត្រង់​ចំណុច​នេះ ដោយសារ​នៅ​ប្រទេស​​យើង អត់​ទាន់​មាន​ទម្លាប់​នៃ​ការ​ធ្វើ​បទ​បង្ហាញ​ផ្សេងៗ និស្សិត​ភាគ​ច្រើន​មិន​ទាន់​មាន​ទំនុក​ចិត្ត។ ចា៎ ទាំង​អស់​​នេះ​ហើយ​ដែល​និស្សិត​ត្រូវ​ដឹង និង​កែប្រែ​ដើម្បី​ភាព​ជោគជ័យ​ក្នុង​ការ​ស្វែងរក​ការងារ។
Sabay៖ ពាក់ព័ន្ធ​នឹង​ការ​ត្រៀម​ខ្លួន​សម្រាប់​បទ​សម្ភាសន៍​វិញ តើ​កញ្ញាមាន​អ្វី​អាច​ចែករំលែក​ចំពោះ​យុវជន​ដែល​កំពុង​ស្វែង​រក​ការងារ​ ធ្វើ?
ព្រឹម សំណប់៖ យើង​ត្រូវ​ចាំ​ថា យើង​មាន​ពេល​វេលា​មិន​ច្រើន ប្រមាណ​២០​នាទី​​ប៉ុណ្ណោះ ដូច​នេះ​ត្រូវ​តែ​ប្រើ​ពេល​វេលា​នេះ​ឲ្យ​បាន​ម៉ត់ចត់ ទាំង​ការ​រៀបចំ​អាកប្បកិរិយា ការ​ស្លៀកពាក់​ ការ​និយាយ​ស្ដី​​ជាដើម។ កត្តា​គួរ​ជៀសវាង​មួយ​ចំនួន គឺ​និស្សិត​មិន​ត្រូវ​ភ័យ​ពេក មាន​ទំនុក​ចិត្ត កុំ​ត្រង់​ពេក អាច​និយាយ​លើក​ពី​ខ្លួន​ឯង ត្រូវ​តែ​ឆ្លើយ​ និង​ឆ្លើយ​ឲ្យ​ចំ​អ្វី​ដែល​គេ​ចង់​បាន ដូច​ជា​ព្យាយាម​ប្រាប់​ពី​ខ្លួន​អ្នក​ឲ្យ​បាន​ច្រើន ហើយ​ចាំ​ថា បើ​អ្នក​ដែល​អង្គុយ​នៅ​មុខ​អ្នក​គឺ​ជា​អ្នក​កំណត់​ថា​អ្នក​ជាប់​ឬ​ធ្លាក់ ដូច​នេះ​ត្រូវ​ផ្ដល់​នូវ​ការ​គោរព​និង​ឲ្យ​តម្លៃ​គាត់។ ជៀសវាង​ការ​បង្វែរ ឬ​មិន​ឆ្លើយ​សំណួរ​ដែល​គេ​សួរ។ ម្យ៉ាង​ទៀត​មុន​ពេល​ចូល​សម្ភាសន៍ ហោច​ណាស់​អ្នក​បាន​ដឹង​ព័ត៌មាន​មួយ​ចំនួន​ពី​ស្ថាប័ន​នោះ ។
រូបពី sauceoff.wordpress.com
Sabay៖ ដោយសារ​កញ្ញា​ធ្លាប់​​មាន​បទ​ពិសោធន៍​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ ឆ្លង​កាត់​ការ​សម្ភាសន៍​ជាច្រើន​បែប​នេះ Sabay ចង់​ឲ្យ​កញ្ញា​លើក​យក​សំណួរ​គោល​មួយ​ចំនួន​ដែល​តែង​តែ​​លើ​ក​មក​ចោទ​ សួរបេក្ខជន?
ព្រឹម សំណប់៖ ការ​ពិត​នីតិវិធី​នៃ​ការ​ធ្វើ​បទ​សម្ភាសន៍​ មាន​ច្រើន​ណាស់​និង​ខុស​គ្នា​តាម​ស្ថាប័ន​និង​កាលៈទេសៈ​ជាក់ស្ដែង​​នៅ​ពេល​ គេ​ឃើញ​អ្នក​ពី​ដំបូង។ ​ពេល​ខ្លះ​គេ​អាច​នឹង​ចង់​ដឹង​ច្រើន​ពី​អ្នក ដូច​ជា​នៅ​ពេល​ឃើញ​ការ​រៀបចំ​ខ្លួន​របស់​អ្នក​ជា​ដើម។ គេ​អាច​​ឲ្យ​អ្នក​បង្ហាញ​ពី​ព័ត៌មាន​ខ្លួន​អ្នក ត្រង់​កន្លែង​ហ្នឹង​មិន​បាច់​រៀបរាប់​ហូរហែ​ពេក​ទេ គឺ​និយាយ​ឲ្យ​ខ្លី​និង​គ្រប់គ្រាន់(ឈ្មោះ​អ្នក ជំនាញ សាលា និង​ស្ថានភាព​បច្ចុប្បន្ន)។ គេ​អាច​សួរ​ពី​ចំណុច​ខ្លាំង​ចំណុច​ខ្សោយ​របស់​អ្នក ដែល​ត្រង់​ចំណុច​នេះ​និស្សិត​ច្រើន​មាន​ចំណុច​ខ្វះ​ខាត​ពេល​លើក​ពី​ចំណុច​ ខ្សោយ​របស់​ខ្លួន (និស្សិត​គួរ​តែ​រក​ចំណុច​ខ្សោយ​ណា​មួយ​ដែល​ក្រុមហ៊ុន​គិត​ថា​ជា​ចំណុច​ ខ្លាំង ដូច​ជា​ “ខ្ញុំ​ជា​មនុស្ស​ឈ្លក់​នឹង​ការងារ​ពេក បើ​ធ្វើ​មិន​ហើយ​ខ្ញុំ​មិន​ទៅ​ផ្ទះ​ជា​ដើម)។ សំណួរ​មួយ​ទៀត​គឺ ហេតុ​អ្វី​អ្នក​ចាប់​អារម្មណ៍​ការងារ​នៅ​ទី​នេះ? និស្សិត​ត្រូវ​ឆ្លើយ​បែប​ណា​កុំ​ឲ្យ​ជាន់​ជើង​ខ្លួន​ឯង និង​ចេះ​បត់បែន។ និស្សិត​ខ្លះ​អាច​ឆ្លើយ​តាម​ចិត្ត​ថា ព្រោះ​នេះ​ជា​ក្រុមហ៊ុន​ក្នុង​ក្ដី​ស្រមៃ ខណៈ​គាត់​មិន​ទាំង​ដឹង​ថា តើ​ផលិតផល​ឬ​សេវាកម្ម​របស់​ក្រុមហ៊ុន​នោះ​មាន​អ្វី​ខ្លះ​ផង?។ អីចឹង​មិន​ថា​គេ​សួរ​អី គឺ​អ្នក​ត្រូវ​តែ​រក​ចម្លើយ​ឲ្យ​បាន និង​ឆ្លើយ​ដោយ​ប្រុងប្រយ័ត្ន។ មាន​និស្សិត​ខ្លះ គិត​ថា​ពេល​ខ្លួន​អត់​ទាន់​មាន​បទពិសោធន៍ ពិបាក​នឹង​ជាប់​ព្រោះ​អត់​មាន​អ្វី​បង្ហាញ​និង​និយាយ តែ​ការពិត ទោះបី​ជា​និស្សិត​មិន​ធ្លាប់​បម្រើការ ក៏​និស្សិត​បាន​ចូលរួម​ក្នុង​សហគមន៍ ក្នុង​គ្រួសារ និង​មាន​ការងារ​ជា​ច្រើន​ដែល​អាច​លើក​យក​មក​បង្ហាញ ថា​អ្នក​មាន​សមត្ថភាព។
Sabay ៖ តើ​ចំណុច​សំខាន់​អ្វី​ខ្លះ ដែល​ធ្វើ​ឲ្យ​និស្សិត​ ឬ​បេក្ខជន​ម្នាក់​ត្រូវ​បាន​គេ​ជ្រើសរើស?
ព្រឹម សំណប់៖ ចំណុច​សំខាន់​មាន ទី ១ ឥរិយាបថ(Attitude) ដែល​អាច​ឆ្លុះ​បញ្ចាំង​បាន​ទាំង​អស់ ទី​២ សំលៀកបំពាក់​សមរម្យ ទី​៣ ការ​ឆ្លើយ​ចំ​គោលដៅ មិន​ចាក​ប្រធាន។
Sabay៖ មាន​និស្សិត​មួយ​ចំនួន​មាន​អារម្មណ៍​ប្លែក ឬ​បារម្ភ​ការ​ប្រតិបត្តិ​ខុស​ឆ្គង​នៅ​ថ្ងៃ​ចូល​ធ្វើ​ការ​ដំបូង។ តើ​នៅ​ថ្ងៃ​ចូល​ធ្វើ​ការ​ដំបូង និស្សិត​ត្រូវ​រៀប​ចំ​ខ្លួន​បែប​ណា​ខ្លះ​ទៅ​ចា៎?
ព្រឹម សំណប់៖ ចា៎! ត្រូវ​ទៅ​ដល់​មុន​ម៉ោង​ជាមួយ​សំលៀកបំពាក់​សមរម្យ​បែប​អ្នក​ធ្វើ​ការ សម​នឹង​មុខ​ដំណែង​របស់​ខ្លួន ដែល​តម្រូវ​ឲ្យ​គាត់​ត្រៀម​រៀបចំ​ទុក​ជា​ស្រេច​ពី​យប់។ ម្យ៉ាង​ធម្មតា នៅ​ថ្ងៃ​ដំបូង​អាច​នឹង​មិន​សូវ​មាន​ការងារ​ធ្វើ​ច្រើន​ទេ ដូច​នេះ​ដើម្បី​កុំ​ឲ្យ​មើល​ទៅ​ទំនេរ អ្នក​អាច​រៀន​ស្គាល់​ពី​របៀបរបប មើល​ឯកសារ​ផ្សេងៗ​ទាក់ទង​នឹង​ក្រុមហ៊ុន ស្គាល់​ទីតាំង​គ្រប់​ផ្នែក ស្គាល់​លេខ​ទំនាក់ទំនង​គ្រប់​ផ្នែក​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ទំនាក់ទំនង​ ។ យើង​ជា​អ្នក​ចំណូល​ថ្មី​អាច​នឹង​មាន​អារម្មណ៍​ប្លែក នឹង​ទិដ្ឋភាព​និង​ទម្លាប់​ផ្សេងៗ​​នៅ​ទី​នោះ តែ​ទោះបី​ជា​យ៉ាង​ណា តាម​យោបល់​ខ្ញុំ​ យើង​ត្រូវ​រក្សា​ឲ្យ​បាន​ភាព​រួសរាយ​រាក់ទាក់ មាន​សុជីវធម៌ ជួយ​យក​អសារ​ ​ស្ដាប់​ច្រើន ធ្វើ​ច្រើន និង​និយាយ​តិច ហើយ​បើ​ឆ្ងល់​សួរ។
Sabay ៖ ចុះ​ដើម្បី​ឲ្យ​អាជីព​ការងារ​មួយ​ទទួល​បាន​ជោគជ័យ តើ​បុគ្គល​ម្នាក់ៗ​ត្រូវ​ប្រកាន់​ខ្ជាប់​ចំណុច​ ឬ​គោលការណ៍​អ្វី​ខ្លះ​ទៅ​ចា៎?
ព្រឹម សំណប់៖
បើ​យើង​មាន​ការងារ យើង​ប្រាក​ជា​ចង់​ឲ្យ​ការ​បំពេញ​ការងារ​នេះ ទទួល​បាន​ជោគជ័យ​ឬ​មាន​ការ​ទទួល​ស្គាល់​ជា​ដើម​នោះ​ជា​អ្វី​ដែល​គ្រប់​គ្នា​ ចង់​បាន​ណាស់។ តាម​បទ​ពិសោធន៍​ផ្ទាល់​របស់​ខ្ញុំ គឺ​អាជីព​ការងារ​មួយ​អាច​ទទួល​ជោគជ័យ តោង​តែ​បុគ្គល​នោះ ចេះ​ស្គាល់​ពី​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់ មាន​ភាព​ទទួល​ស្គាល់​លើ​ការងារ ដោយ​ស្ដាប់​ការណែនាំ​ពី​ថ្នាក់​លើ​ឲ្យ​បាន​ច្បាស់​ កុំ​ធ្វើ​នូវ​អ្វី​ដែល​មិន​ប្រាកដ​នាំ​ឲ្យ​មាន​កំហុស។ ភាព​ឆ្លាតវៃ​ក្នុង​ការងារ គឺ​យើង​ត្រូវ​បែងចែក​កំណត់​ការងារ​ទៅ​តាម​ពេលវេលា និង​ភាព​ចាំបាច់​នៃ​ការងារ​នោះ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ប្រឹងប្រែង​ធ្វើ​ការ​កុំ​គិត​ពី​ការ​នឿយហត់ ឬ​អត្ថប្រយោជន៍​បន្ថែម។ ប្រសិន​បើ​អ្នក​អាច​បំពេញ​ការងារ​របស់​អ្នក​បាន​ល្អ អាច​ជួយ​កិច្ចការ​ផ្សេង​ទៀត​បាន នោះ​អ្នក​ប្រាកដ​ជា​អាច​រៀន​សូត្រ​ពី​ការងារ​ទាំង​នោះ ហើយ​មិន​យូរ​មិន​ឆាប់​ក្រុមហ៊ុន​នឹង​ផ្ដល់​ទំនុក​ចិត្ត ឬ​ទទួល​ស្គាល់​សមត្ថភាព​របស់​អ្នក។ ជា​រួម​ដូច​ខ្ញុំ​បាន​បញ្ជាក់​ក្នុង​សំណួរ​មុន​ដែរ គឺ “ឆ្ងល់​សួរ ស្ដាប់​ឲ្យ​បាន​ច្រើន ធ្វើ​ឲ្យ​បាន​ច្រើន និង​និយាយ​តិច” ជា​ការ​ប្រសើរ។
Sabay៖ ងាក​មក​ចំណុច​ប្រឈម​វិញ តើ​កញ្ញាអាច​កំណត់​បាន​ទេ​ថា តើ​ជា​ទូទៅ​មាន​ចំណុច​អ្វី​ខ្លះ​ដែល​បុគ្គលិក​អនុវត្ត​ខុស​ហើយ​អាច​ប្រឈម​ នឹង​ការ​បញ្ឈប់​ពី​ការងារ?
ព្រឹម សំណប់៖ ទី​មួយ “ធ្វើ​ឲ្យ​មាន​កំហុស​ដដែល” ដែល​ជា​ទូទៅ​ក្រុមហ៊ុន​ពិបាក​នឹង​ទទួល​យក​កំហុស​ដដែលៗ លើស​ពី​បី​ដង​របស់​បុគ្គលិក​ណា​ម្នាក់​នោះ​ទេ។ បើ​ខុស​លើក​ទី​១ អាច​ថា​ថ្មី ទី​ពីរ​អាច​ថា​ភ្លេច…អីចឹង​គេ​សុខ​ចិត្ត​មាន​កំហុស​ថ្មី​ប្រសើរ​ជាង​ការ​ ធ្វើ​ឲ្យ​មាន​កំហុស​ដដែល ដែល​មាន​ន័យ​ថា បុគ្គល​នោះ​មិន​យក​ចិត្ត​ទុកដាក់ និង​ថា​ការ​ណែនាំ​របស់​ថ្នាក់​លើ​មិន​សំខាន់។ ទី​ពីរ គឺ​ការ​ធ្វើ​ការ​ផ្លោះ ដែល​មិន​គោរព​តាម​ឋានានុក្រម រចនា​សម្ព័ន្ធ​របស់​ក្រុមហ៊ុន។ មាន​បុគ្គលិក​ខ្លះ​ចង់​មាន​មុខមាត់ ឬ​ឃើញ​មេ​បន្ទាប់​ខ្លួន​ក្មេង​ជាង​ គិត​ថា​មិន​មាន​សមត្ថភាព​ស្មើ​ខ្លួន ហើយ​ច្រើន​អនុវត្ត​ការងារ​រំលង​បែប​នេះ។ ការ​ធ្វើ​ការ​បែប​នេះ អាច​មាន​ន័យ​ច្រើន ថ្នាក់​លើ​ធំ​របស់​អ្នក​យល់​ថា​ការ​គ្រប់គ្រង​នៃ​ថ្នាក់​បន្ទាប់​មិន​មាន​ ប្រសិទ្ធភាព ឬ​គិត​ថា​អ្នក​មិន​ចេះ​ធ្វើ​ការ។
Sabay៖ មួយ​វិញ​ទៀត ទាក់ទង​នឹង​ការ​ផ្លាស់ប្ដូរ ទី​កន្លែង​ការងារ​ច្រើន​ជា​រឿង​ល្អ​ឬ​យ៉ាង​ណា​ដែរ?
ព្រឹម សំណប់៖ ខ្ញុំ​គិត​ថា​ល្អ ប៉ុន្តែ​ជា​ទូទៅ ​រយៈពេល​សមស្រប​សម្រាប់​ការ​ប្ដូរ​កន្លែង​ការងារគឺ២​ឆ្នាំ។ ២​ឆ្នាំ​ជា​រយៈពេល​មិន​យូរ​ពេក ឬ​លឿន​ពេក​តែ​គ្រប់គ្រាន់​សម្រាប់​ការ​សូត្រ និង​ទទួល​បាន​បទពិសោធន៍​នៃ​មុខ​នាទី​នោះ។ ម្យ៉ាង​ទៀត បុគ្គលិក​ម្នាក់​មិន​គួរ​ធ្វើ​ការ​ក្នុង​មុខ​ដំណែង​ដដែល លើស​ពី​៥ ឆ្នាំ​ទេ ដែល​នេះ​គេ​អាច​វាយ​តម្លៃ​ថា អ្នក​ជា​មនុស្ស​មិន​សូវ​ស្វែងរក​អ្វី​ថ្មី អភិវឌ្ឍ​ខ្លួន ឬ​ថា​អ្នក​មិន​មាន​សមត្ថភាព​ធ្វើ​ការងារ​ផ្សេង​បាន។
Sabay៖ គ្រប់គ្នា​តែង​ប្រាថ្នា​ចង់​ធ្វើ​ការ​នៅ​កន្លែង​ណា ឬ​ស្ថាប័ន​ណា​ដែល​ធំៗ ល្បី​ឈ្មោះ ។ ដើម្បី​សម្រេច​ក្ដី​ប្រាថ្នា​នេះ តើ​កញ្ញាគិត​ថា​ពួក​គេគួរ​ចាប់​ផ្ដើម​បែប​ណា?
ព្រឹម សំណប់៖ ចំណុច​នឹង​អាស្រ័យ​ទៅ​លើ​ឱកាស និង​ភាព​សំខាន់​នៃ​ការងារ​នោះ។ ធម្មតា​ក្រុមហ៊ុន​ដែល​ល្អ​ជា​ជម្រើស​មុន​គេ​ក្នុង​ក្រសែភ្នែក​របស់​អ្នក ដូច​នេះ បើ​សិន​ជា​ជា​មាន​ឱកាស ហើយ​សិក្សា​ថា​តើ​សមត្ថភាព​អ្នក​សមស្រប​ជាមួយ​ការងារ​នោះ​ហើយ ត្រូវ​សាកល្បង​ចាប់​យក​ឱកាស។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ការងារ​ទាមទារ​ខ្ពស់ ប្រកួតប្រជែង​ខ្លាំង ខណៈ​ដែល​អ្នក​ដឹង​ច្បាស់​ថា​មិន​អាច​ទៅ​រួច អ្នក​គួរ​តែ​ចាប់ផ្ដើម​សន្សំ​ពិន្ទុ​នៅ​តាម​ស្ថាប័ន​តូចៗ​ជាមុន​សិន ហើយ​នៅ​ពេល​ណា​អ្នក​មាន​សមត្ថភាព​រឹងមាំ អ្នក​នឹង​ងាយ​ទទួល​បាន​ឱកាស​នេះ​ជាង​គេ។

Sabay៖ ជា​ចុង​ក្រោយ តើ​កញ្ញា​មាន​អ្វី​ចែករំលែក​ទៅ​កាន់​យុវវ័យ មិត្ត​និស្សិត​ដែល​កំពុង​តែ​ព្រួយ​បារម្ភ​ក្នុង​ការ​ស្វែងរក​ការងារ​នេះ​ ខ្លះ​ចា៎?

ព្រឹម សំណប់៖ អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន ក្នុង​នាម​ជា​រៀមច្បង និង​យោង​តាម​អ្វី​​ដែល​ខ្ញុំ​ធ្លាប់​ឆ្លងកាត់​ក្នុង​វិស័យ​ការងារ​រយៈ​ពេល​៦ ​ឆ្នាំ​នេះ គឺ​ខ្ញុំ​ចង់​ប្រាប់​យុវវ័យ​ថា ត្រូវ​សាង​ខ្លួន​ឯង​ជា​បុគ្គល​ម្នាក់​ប្រកាន់​សុទិដ្ឋិនិយម។ ត្រូវ​កំណត់​ឲ្យ​បាន​ច្បាស់​ថា​ខ្លួន​មាន​អ្វី? ចង់​បាន​អ្វី? រៀន​សូត្រ​អភិវឌ្ឍ​​កសាង​សមត្ថភាព​ខ្លួន ចេះ​មើល​ឱកាស ហ៊ាន​បង្ហាញ​គេ​ពី​អ្វី​ដែល​អ្នក​មាន​ ហើយ​ជា​ពិសេស​ត្រូវ​ចំ​ទទួល​ខុសត្រូវ​ចំពោះ​ខ្លួន​ឯង(​កុំ​បន្ទោស​អ្នក​នេះ​ អ្នក​នោះ មក​ពី​រដ្ឋាភិបាល​ មក​ពី​គេ​មិន​ផ្ដល់​ឱកាស​ឲ្យ​អ្នក​គ្មាន​បទ​ពិសោធន៍…)។ ជួយ​ខ្លួន​ឯង​សិន ប្រឹងប្រែង​ធ្វើ​ការ​កុំ​ខ្លាច​នឿយ​ហត់ និង​ចាំ​ជាប់​ក្នុង​ចិត្ត​ថា “ការ​ព្យាយាម នាំ​មក​ភាព​ជោគជ័យ” ជា​ប្រាកដ។ សូម​អរគុណ!

No comments: