Tuesday, August 27, 2013

ពលរដ្ឋល្អក្នុងវិថីជីវិតប្រជាធិបតេយ្យ


ពាក្យថា ពលរដ្ឋ (Citizen)តាមវចនានុក្រមខ្មែរ ប្រែថា ពលរបស់រដ្ឋ, ពលអាស្រ័យនៅក្នុងរដ្ឋ​,ប្រជា​ជន​​​ទាំង​ប្រុស​ទាំង​ស្រី​ដែល​ទុក​ជា​កម្លាំង​​ របស់​ប្រទេស : ពល​រដ្ឋ​ម្នាក់​ៗ គប្បី​ធ្វើពលិ​កម្ម​ផ្សេង​ៗ​ចំពោះ​ប្រទេស​ជាតិ​មាតុ​ភូមិតាម​នាទី​របស់​ ខ្លួន ។
វិថីជីវិត(way of life) បានដល់ ផ្លូវសម្រាប់ទ្រង់ទ្រង់ជីវិត ឬ វិធីសម្របខ្លួនឲ្យរស់នៅបានយ៉ាងសុខសាន្តក្នុងសង្គម
ប្រជាធិបតេយ្យ (Democracy) បានដល់  របបគ្រប់គ្រងដែលប្រកាន់យក​សម្លេងភាគ​ច្រើន​របស់​ពល​រដ្ឋជាអំណាច ពោលគឺ របបគ្រប់គ្រងដោយពលរដ្ឋផ្ទាល់ ឬ ដោយប្រយោលតាមរយៈអ្នក​តំណាង​រាស្រ្ត របស់ពលរដ្ឋនិង ដើម្បីពលរដ្ឋ ។
ពលរដ្ឋល្អ សំដៅដល់ ពលរដ្ឋល្អផ្នែកចំណេះវិជ្ជា ជំនាញ បទពិសោធ និង ផ្នែកសីលធម៌របស់​សាស​នាដែលខ្លួនគោរពបូជាតាម​គោល​ការណ៍សេរីភាពនៃជំនឿសាសនា ដោយប្រកាន់យក​គោលការណ៍ប្រជាធិបតេយ្យក្នុងការទ្រទ្រង់ជីវិត(សម្មាជីវី) គោរព​ច្បាប់​(ធម្មចារី)​ និងប្រព្រឹត្ត​ខ្លួនឲ្យជាប្រយោជន៍ដល់សង្គម(អត្ថចារី) ដូចជា ការជួយជ្រោមជ្រែងគ្នាតាមលទ្ធភាពដែល​ជា​ហេតុនាំ​ ឲ្យមានការអភិវឌ្ឍសង្គមនិងប្រទេសជាតិស្របតាមគោលការណ៍ប្រជាធិបតេយ្យ ។
គោលការណ៍ប្រជាធិបតេយ្យ 6 ចំណុចសំខាន់ គឺ
  1. គោលអំណាចអធិបតេយ្យជារបស់ពលរដ្ឋ(Popular Power) បានដល់ ប្រជាពលរដ្ឋជាម្ចាស់​អំណាចខ្ពង់ខ្ពស់ ក្នុង​ការគ្រប់​គ្រងរដ្ឋ ដែលបច្ចុប្បន្នពលរដ្ឋបានផ្ទេរអំណាច​អធិបតេយ្យនេះ​ទៅ​ឲ្យអ្នកតំណាងរបស់ខ្លួនតាម ​រយៈការ​បោះឆ្នោត ។
  2. គោលសមភាព (Equality)បានដល់   ភាពស្មើមុខគ្នាក្នុងសង្គមប្រជាធិបតេយ្យ ពោលគឺ មនុស្ស​ម្នាក់ ៗដែលកើត​មក​ក្នុងរដ្ឋ​​សុទ្ធតែស្មើភាពគ្នាក្នុងឋានៈជាប្រជានិកររបស់រដ្ឋ មានន័យ​ថា មានសិទ្ធិសេរីភាព មានមុខនាទីស្មើគ្នា គ្មាន​ការ​បែងចែក​វណ្ណៈ ឬការរើសអើងឡើយ គួរ​មាន​ជីវិតរស់នៅរួមគ្នាយ៉ាងសុខដុមរមនា មិនគំរាមកំហែងមនុស្ស​ដែល​ទន់ខ្សោយឬក្រីក្រ​ជាង ។
  3. គោលនីតិរដ្ឋ (Rule of law) បានដល់ ការដែលរដ្ឋយកច្បាប់ជាមូលដ្ឋានក្នុងការសម្រួលការ​រួមរស់ជាមួយគ្នា​ដើម្បី​សេចក្តីសុខ​សាន្ត​ត្រាណរបស់សង្គម ។
  4. គោលហេតុផល(Reason) បានដល់ ការប្រើហេតុផលដែលត្រឹមត្រូវក្នុងការវិនិច្ឆ័យ​ឬដោះ​ស្រាយបញ្ហាក្នុងសង្គម
  5. គោលសម្លេងភាគច្រើន(Majority យេភុយ្យសិកា) បានដល់ ការប្រកាន់​យកសម្លេង​ភាគ​ច្រើនរបស់ពលរដ្ឋ​ជាគោល​ អនុម័តឬសម្រេចកិច្ចការដែលជាប្រយោជន៍រួម ពោលគឺ សង្រ្គោះ បម្រើ ការពារផលប្រយោជន៍សាធារណៈ ។
  6. គោលសម្របសម្រួល(Reconciliationបដិសារាណីយកម្ម) បានដល់ គោលការណ៍ពិសេស​សម្រាប់សម្រប​សម្រួល​ ជម្លោះរវាងទ្វេភាគីឬពហុភាគីដើម្បីកាត់បន្ថយ​ជម្លោះមិនឲ្យអូស​បន្លាយវែងឆ្ងាយ ពោលគឺ ដើម្បីកាត់បន្ថយ​សាមគ្គីភេទ​ក្នុង​ ចំណោម​ប្រជា​ជន​ដោយមិន​ប្រកាន់​យកនីតិវិធីណានីមួយទេប៉ុន្តែប្រកាន់យកគោលសីលធម៌ ដូចជា សូម​ទោស ឲ្យ​អភ័យ​ទោស លែងប្រកាន់ទោសអូសដំណើរតទៅទៀតជាដើម គោលសម្រប​សម្រួល​ប្រកាន់​យក​គោល​របស់​ព្រះពុទ្ធសាសនាត្រង់ចំណុចថា អភយទាន សម្រាប់ផ្សះ​ផ្សា​ជម្លោះ​ក្នុង​ចំណោម​ពលរដ្ឋដែល​ភាគច្រើនជា​ពុទ្ធសាសនិក​ជន ។
ការដែលរដ្ឋទទួលយករបបប្រជាធិបតេយ្យសេរីពហុបក្សនេះចាំបាច់ត្រូវតែមានពលរដ្ឋចូលរួមគិត រួមស្នើ រួមធ្វើ រួមសម្រេច រួមត្រួតពិនិត្យ និង​រួមតាមដានប្រយោជន៍​សាធារណៈដែលខ្លួន​គប្បីទទួល​បានពីរបបគ្រប់គ្រងនេះ ។ក្នុងការរស់នៅរួមគ្នាក្នុងជីវិតប្រចាំថ្ងៃ ពលរដ្ឋក្នុង​សង្គមប្រជាធិប​តេយ្យ​ត្រូវរលឹកជានិ​ច្ចថា ខ្លួនមានតួនាទី ៦ ចំណុចខាងលើ​ដើម្បីចូលរួមកសាងសង្គម​ប្រជាធិបតេយ្យ​ឲ្យ​រីក​ចម្រើន​ជឿនលឿនដូច​យ៉ាងប្រជាជាតិដទៃលើលោកនេះដែរ ។ជោគវាសនារបស់​ប្រទេសជាតិ​អាស្រ័យទៅលើពលរដ្ឋដែលជាម្ចាស់អំណាចក្នុងរដ្ឋមិនមែនអាស្រ័យទៅលើជនដទៃក្រៅរដ្ឋឡើយ ។

No comments: